តើព្រះនៅគ្រប់កន្លែងឬ?
ចម្លើយពីគម្ពីរ
ព្រះអាចមើលឃើញអ្វីៗទាំងអស់ ហើយអាចធ្វើអ្វីៗនៅគ្រប់កន្លែងដែលលោកចង់ធ្វើ។ (សុភាសិត ១៥:៣; ហេប្រឺ ៤:១៣) ទោះជាយ៉ាងនោះក៏ដោយ គម្ពីរមិនបានបង្រៀនថាព្រះនៅគ្រប់កន្លែង ឬមានវត្តមានគ្រប់ពេលនោះទេ។ ផ្ទុយទៅវិញ គម្ពីរបង្ហាញថាព្រះជាបុគ្គលពិតមួយរូប ហើយលោកមានកន្លែងរស់នៅពិតប្រាកដ។
សណ្ឋានរបស់ព្រះ: ព្រះជាបុគ្គលវិញ្ញាណ។ (យ៉ូហាន ៤:២៤) មនុស្សមិនអាចមើលឃើញព្រះទេ។ (យ៉ូហាន ១:១៨) ក្នុងគម្ពីរមានកំណត់ត្រាអំពីព្រះថា លោកបានបើកបង្ហាញឲ្យឃើញកន្លែងរស់នៅជាក់លាក់របស់លោក។ លោកមិនដែលប្រាប់ថាលោកនៅគ្រប់កន្លែងទេ។—អេសាយ ៦:១, ២; ការបើកបង្ហាញ ៤:២, ៣, ៨
កន្លែងរស់នៅរបស់ព្រះ: ព្រះរស់នៅកន្លែងដែលមនុស្សមើលមិនឃើញ ជាកន្លែងដែលខុសគ្នាពីផែនដី។ ព្រះមាន«ស្ថានសួគ៌ ជាទីលំនៅរបស់ទ្រង់»។ (ពង្សាវតារក្សត្រទី១ ៨:៣០) គម្ពីរបានចែងអំពីពេលមួយដែលបុគ្គលវិញ្ញាណ«បានទៅគាល់នៅចំពោះព្រះយេហូវ៉ា»។ a នេះបង្ហាញថាព្រះស្ថិតនៅកន្លែងមួយច្បាស់លាស់។—យ៉ូប ១:៦
បើព្រះមិននៅគ្រប់កន្លែងទេ តើលោកអាចយកចិត្តទុកដាក់ចំពោះខ្ញុំបានទេ?
ពិតជាបាន។ ព្រះយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមនុស្សម្នាក់ៗ។ ទោះជាលោករស់នៅស្ថានសួគ៌ក៏ដោយ លោកតែងកត់សម្គាល់មនុស្សនៅផែនដីដែលពិតជាចង់ធ្វើឲ្យលោកពេញចិត្ត ហើយលោកនឹងរក្សាការពារពួកគេ។ (ពង្សាវតារក្សត្រទី១ ៨:៣៩; របាក្សត្រទី២ ១៦:៩) សូមពិចារណាអំពីរបៀបដែលព្រះយេហូវ៉ាបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកដែលគោរពប្រណិប័តន៍លោកដោយស្មោះ៖
ពេលអ្នកអធិដ្ឋាន: ព្រះយេហូវ៉ាអាចឮភ្លាមៗ ពេលអ្នកអធិដ្ឋាន។—របាក្សត្រទី២ ១៨:៣១
ពេលអ្នកមានទុក្ខព្រួយ: «ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នកដែលមានចិត្តសង្រេង ហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នក ដែលមានវិញ្ញាណទន់ទាប[ឬ«បាក់ទឹកចិត្ត»]»។—ទំនុកតម្កើង ៣៤:១៨; ព.ថ.
ពេលអ្នកត្រូវការការណែនាំ: ព្រះយេហូវ៉ា«នឹងបង្ហាត់បង្រៀន»អ្នក តាមរយៈគម្ពីរដែលជាបណ្ដាំរបស់លោក។—ទំនុកតម្កើង ៣២:៨
ការភាន់ច្រឡំថាព្រះនៅគ្រប់កន្លែង
ការភាន់ច្រឡំ: ព្រះមានវត្តមាននៅគ្រប់កន្លែងក្នុងការបង្កើតរបស់លោក។
ការពិត: ព្រះមិនរស់នៅផែនដីឬក្នុងពិភពលោកនេះទេ។ (ពង្សាវតារក្សត្រទី១ ៨:២៧) ជាការពិតដែលផ្កាយនិងអ្វីៗដែលព្រះបង្កើត«សំដែងពីសិរីល្អនៃព្រះ»។ (ទំនុកតម្កើង ១៩:១) ទោះជាយ៉ាងនោះក្ដី ព្រះមិនរស់នៅក្នុងការបង្កើតរបស់លោកទេ។ ដូចអ្នកគូរគំនូរក៏មិនរស់នៅក្នុងគំនូររបស់គាត់ដែរ តែគំនូរអាចបង្ហាញឲ្យយើងដឹងអំពីលក្ខណៈខ្លះរបស់អ្នកគូរ។ ស្រដៀងគ្នាដែរ ពិភពលោកដែលយើងបានឃើញនេះ ប្រាប់ឲ្យយើងដឹងអំពី«គុណសម្បត្តិ»របស់ព្រះដែលជាអ្នកបង្កើត ដូចជាឫទ្ធានុភាព ប្រាជ្ញា និងសេចក្ដីស្រឡាញ់របស់លោក។—រ៉ូម ១:២០
ការភាន់ច្រឡំ: ព្រះច្បាស់ជាមានវត្តមាននៅគ្រប់កន្លែង ដើម្បីដឹងអំពីអ្វីទាំងអស់ និងដើម្បីក្លាយជាអ្នកដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត។
ការពិត: សកម្មពលបរិសុទ្ធជាថាមពលដែលព្រះប្រើដើម្បីធ្វើអ្វីផ្សេងៗ។ តាមរយៈសកម្មពលបរិសុទ្ធ លោកអាចជ្រាបរឿងគ្រប់យ៉ាង ហើយអាចធ្វើអ្វីក៏បាន អាចធ្វើពេលណាឬកន្លែងណាក៏បាន ដោយមិនចាំបាច់មានវត្តមានលោកទេ។—ទំនុកតម្កើង ១៣៩:៧
ការភាន់ច្រឡំ: ទំនុកតម្កើង ១៣៩:៨ បង្រៀនថាព្រះនៅគ្រប់កន្លែង ដោយចែងថា៖«ទោះបើទូលបង្គំនឹងឡើងទៅឯស្ថានសួគ៌ ក៏មានទ្រង់សណ្ឋិតនៅទីនោះ ទោះបើទូលបង្គំនឹងរៀបដំណេកនៅស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះក៏ឃើញមានទ្រង់សណ្ឋិតនៅដែរ»។
ការពិត: បទគម្ពីរនេះមិនមែនរៀបរាប់អំពីកន្លែងរស់នៅរបស់ព្រះទេ តែជាកំណាព្យដែលបង្រៀនថា ចំពោះព្រះ គ្មានកន្លែងណាឆ្ងាយពេកដែលលោកពិបាកជួយយើងទេ។
a យេហូវ៉ាជាឈ្មោះរបស់ព្រះដែលមាននៅក្នុងគម្ពីរ។