លោតទៅអត្ថបទ

តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​បុណ្យ​ណូអែល?

តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​បុណ្យ​ណូអែល?

ចម្លើយ​ពី​គម្ពីរ

 គម្ពីរ​មិន​បាន​ចែង​អំពី​ថ្ងៃ​កំណើត​របស់​លោក​យេស៊ូ​ទេ ហើយ​ក៏​មិន​បាន​ចែង​ថា​យើង​គួរ​ធ្វើ​បុណ្យ​ខួប​កំណើត​របស់​លោក​យេស៊ូ​ដែរ។ សព្វវចនាធិប្បាយ​មួយ​បាន​រៀប​រាប់​ថា​៖​«​ព្រះ​មិន​បាន​បង្គាប់​ឲ្យ​ធ្វើ​បុណ្យ​ណូអែល​ទេ ហើយ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី​ក៏​មិន​បាន​ចែង​អំពី​ការ​ធ្វើ​បុណ្យ​នេះ​ដែរ​»​(​McClintock and Strong’s Cyclopedia​)។

 ផ្ទុយ​ទៅ​វិញ ពេល​ពិនិត្យ​មើល​ប្រវត្តិសាស្ត្រ​នៃ​បុណ្យ​ណូអែល យើង​ឃើញ​ថា​បុណ្យ​នេះ​មាន​ដើម​កំណើត​មក​ពី​ទំនៀម​ទម្លាប់​សាសនា​ផ្សេង​ដែល​មិន​មែន​ជា​គ្រិស្ត​សាសនា។ គម្ពីរ​បង្ហាញ​ថា ព្រះ​មិន​ពេញ​ចិត្ត​ទេ បើ​យើង​ព្យាយាម​គោរព​ប្រណិប័តន៍​លោក​តាម​របៀប​មិន​ត្រឹម​ត្រូវ។—ដំណើរ​ចាក​ចេញ ៣២:៥​-​៧

ប្រវត្តិ​នៃ​ទំនៀម​ទម្លាប់​បុណ្យ​ណូអែល

  1.  ១. ការ​ធ្វើ​ខួប​កំណើត​លោក​យេស៊ូ​៖ សព្វវចនាធិប្បាយ​មួយ​បាន​រៀប​រាប់​ថា​៖​«​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​មិន​បាន​ធ្វើ​ខួប​កំណើត[​លោក​យេស៊ូ​]ទេ ព្រោះ​ពួក​គេ​ចាត់​ទុក​ថា​ការ​ធ្វើ​ខួប​កំណើត​អ្នក​ណា​ម្នាក់ គឺ​ជា​ទំនៀម​ទម្លាប់​របស់​ពួក​អ្នក​ដែល​មិន​កាន់​សាសនា​គ្រិស្ត​»​(​The World Book Encyclopedia​)។

  2.  ២. ថ្ងៃ​ទី​២៥ ខែ​ធ្នូ​៖ តាម​ពិត គ្មាន​ភស្ដុតាង​ណា​ដែល​បញ្ជាក់​ថា លោក​យេស៊ូ​បាន​កើត​នៅ​ថ្ងៃ​នោះ​ទេ។ មេ​ដឹក​នាំ​សាសនា​គ្រិស្ត​ទំនង​ជា​បាន​សម្រេច​យក​ថ្ងៃ​នោះ​ជា​ថ្ងៃ​កំណើត​លោក​យេស៊ូ ដើម្បី​ឲ្យ​ត្រូវ​នឹង​ថ្ងៃ​បុណ្យ​ផ្សេង​ៗ​ដែល​គេ​ធ្វើ​ឡើង​ដើម្បី​អប​អរ​បាតុភូត​វិនធើសូលស្ទីស(​winter solstice​)។

  3.  ៣. ពិធី​ជប់​លៀង​អប​អរ និង​ការ​ជូន​អំណោយ​គ្នា​៖ សព្វវចនាធិប្បាយ​មួយ​បាន​រៀប​រាប់​ថា​៖​«​ទំនៀម​ទម្លាប់​ផ្សេង​ៗ​នៃ​បុណ្យ​ណូអែល​បាន​កើត​ចេញ​ពី​ពិធី​បុណ្យ​មួយ​ឈ្មោះ​ថា​សាត់ធើនណាលា(​Saturnalia​) ដែល​ជា​ពិធី​បុណ្យ​របស់​ជន​ជាតិ​រ៉ូម ហើយ​គេ​ប្រារព្ធ​ឡើង​នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ។ ក្នុង​បុណ្យ​នេះ គេ​មាន​ទម្លាប់​ធ្វើ​ពិធី​ជប់​លៀង​អប​អរ ជូន​អំណោយ​គ្នា និង​មាន​ការ​ដុត​ទៀន​ផង​ដែរ​»​(​Encyclopedia Americana​)។ សព្វវចនាធិប្បាយ​មួយ​ទៀត​បាន​រៀប​រាប់​ថា​៖​«​ក្នុង​អំឡុង​ពេល​បុណ្យ​នេះ កន្លែង​ធ្វើ​ការ​និង​កន្លែង​លក់​ដូរ​ត្រូវ​បិទ​ទាំង​អស់​»​(​Encyclopædia Britannica​)។

  4.  ៤. ភ្លើង​បុណ្យ​ណូអែល​៖ សព្វវចនាធិប្បាយ​មួយ​បាន​រៀប​រាប់​ថា​៖​«​ជន​ជាតិ​អឺរ៉ុប​បាន​តុបតែង​លម្អ​ផ្ទះ​របស់​ពួក​គេ​ដោយ​អំពូល​ភ្លើង​ផ្សេង​ៗ​និង​ដើម​ឈើ​ពណ៌​បៃតង ដើម្បី​អប​អរ​បាតុភូត​វិនធើសូលស្ទីស និង​ដើម្បី​បណ្ដេញ​ពួក​វិញ្ញាណ​អាក្រក់​»​(​The Encyclopedia of Religion​)។

  5.  ៥. ដើម​មិស័លថូ(​Mistletoe​) និង​ដើម​ហូលី(​holly​)​៖ ដើម​ទាំង​នេះ​គេ​និយម​យក​មក​តុបតែង​លម្អ​នៅ​ថ្ងៃ​បុណ្យ​ណូអែល។ សព្វវចនាធិប្បាយ​មួយ​បាន​រៀប​រាប់​ថា​៖​«​គ្រូ​វេទមន្ត​ជឿ​ថា​ដើម​មិស័លថូ​ជា​អ្វី​ដែល​ស័ក្តិ​សិទ្ធិ ហើយ​ផ្លែ​ហូលី​ជា​និមិត្ត​សញ្ញា​នៃ​ការ​មាន​ពន្លឺ​ព្រះ​អាទិត្យ​ឡើង​វិញ​»​(​The Encyclopedia Americana​)។

  6.  ៦. ដើម​ឈើ​ណូអែល​៖ សព្វវចនាធិប្បាយ​មួយ​បាន​រៀប​រាប់​ថា​៖​«​ការ​គោរព​បូជា​ដើម​ឈើ ច្រើន​តែ​និយម​ធ្វើ​ដោយ​ជន​ជាតិ​អឺរ៉ុប។ ទោះ​ជា​ក្រោយ​ពី​ពួក​គេ​ប្ដូរ​មក​កាន់​សាសនា​គ្រិស្ត​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​បន្ត​គោរព​បូជា​ដើម​ឈើ​ដែរ​»។ គេ​ធ្វើ​ទំនៀម​ទម្លាប់​នោះ​«​នៅ​ពាក់​កណ្ដាល​រដូវ​រងា ដោយ​កាត់​ដើម​យូល(​Yule​)ដាក់​តាំង​នៅ​ច្រក​ចូល​ផ្ទះ​ឬ​ក្នុង​ផ្ទះ​តែ​ម្ដង​»​(​Encyclopædia Britannica​)។