តើខ្ញុំគួរអធិដ្ឋានទៅពួកអ្នកបរិសុទ្ធទេ?
ចម្លើយពីគម្ពីរ
មិនគួរទេ។ គម្ពីរបរិសុទ្ធប្រាប់ថាយើងគួរអធិដ្ឋានទៅព្រះតែមួយប៉ុណ្ណោះក្នុងនាមលោកយេស៊ូ។ លោកយេស៊ូប្រាប់អ្នកកាន់តាមលោកថា៖«អ្នករាល់គ្នាត្រូវអធិដ្ឋានតាមរបៀបនេះវិញ៖‹ឱបិតារបស់យើងដែលនៅស្ថានសួគ៌ សូមឲ្យនាមរបស់លោកបានបរិសុទ្ធ›»។ (ម៉ាថាយ ៦:៩) លោកយេស៊ូមិនដែលបង្គាប់អ្នកកាន់តាមលោកឲ្យអធិដ្ឋានទៅពួកអ្នកបរិសុទ្ធ ទេវតា ឬទៅអ្នកណាផ្សេងក្រៅពីព្រះឡើយ។
លោកយេស៊ូក៏បានប្រាប់អ្នកកាន់តាមលោកដែរថា៖«ខ្ញុំជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មានអ្នកណាអាចមកឯបិតានៅស្ថានសួគ៌បានឡើយ លើកលែងតែអ្នកនោះមកតាមខ្ញុំ»។ (យ៉ូហាន ១៤:៦) មានតែលោកយេស៊ូប៉ុណ្ណោះដែលព្រះបានតែងតាំង ឲ្យធ្វើជាអ្នកសម្រុះសម្រួលជំនួសយើង។—ហេប្រឺ ៧:២៥
ចុះយ៉ាងណាបើខ្ញុំអធិដ្ឋានទៅព្រះផងនិងទៅពួកអ្នកបរិសុទ្ធផង?
នៅក្នុងបញ្ញត្តិទាំង១០ប្រការ ព្រះបានមានប្រសាសន៍ថា៖‹ខ្ញុំដែលជាយេហូវ៉ា ជាព្រះនៃអ្នក ខ្ញុំមានសេចក្ដីប្រច័ណ្ឌ›។ (និក្ខមនំ ២០:៥; សមាគមព្រះគម្ពីរកម្ពុជា) តើព្រះ«មានសេចក្ដីប្រច័ណ្ឌ»ក្នុងន័យអ្វី? ក្នុងគម្ពីរមួយទៀត(New American Bible) មានកំណត់សម្គាល់ត្រង់ពាក្យ«ព្រះមានសេចក្ដីប្រច័ណ្ឌ» ដោយពន្យល់ថាព្រះ«តម្រូវឲ្យមានភក្ដីភាពផ្ដាច់មុខ»។ ព្រះចង់ឲ្យយើងស្មោះត្រង់និងគោរពប្រណិប័តន៍លោកតែមួយប៉ុណ្ណោះ នេះរួមបញ្ចូលការអធិដ្ឋានទៅលោកផ្ដាច់មុខ។—អេសាយ ៤៨:១១
បើយើងអធិដ្ឋានទៅបុគ្គលផ្សេងទៀត សូម្បីតែអធិដ្ឋានទៅពួកអ្នកបរិសុទ្ធឬទៅទេវតា នោះព្រះមិនពេញចិត្តយើងទេ។ ពេលសាវ័កយ៉ូហានបម្រុងនឹងគោរពប្រណិប័តន៍ទេវតាមួយរូប ទេវតានោះបានឃាត់គាត់ថា៖«កុំធ្វើដូច្នោះ! ខ្ញុំគ្រាន់តែជាខ្ញុំបម្រើដូចអ្នកនិងដូចបងប្អូនរបស់អ្នក ដែលមានកិច្ចការធ្វើជាសាក្សីអំពីលោកយេស៊ូ។ ចូរគោរពប្រណិប័តន៍ព្រះ»។—ការបើកបង្ហាញ ១៩:១០