លោតទៅអត្ថបទ

ខ្ញុំចង់ស្លាប់ តើគម្ពីរអាចជួយខ្ញុំពេលដែលខ្ញុំមានគំនិតចង់សម្លាប់ខ្លួនឬទេ?

ខ្ញុំចង់ស្លាប់ តើគម្ពីរអាចជួយខ្ញុំពេលដែលខ្ញុំមានគំនិតចង់សម្លាប់ខ្លួនឬទេ?

ចម្លើយ​ពី​គម្ពីរ

 ពិត​ជា​អាច! ព្រោះ​គម្ពីរ​មក​ពី​«​ព្រះ​ដែល​សម្រាល​ទុក្ខ​អ្នក​ដែល​បាន​ធ្លាក់​ទឹក​ចិត្ត​»។ (​កូរិនថូស​ទី២ ៧:៦​) ទោះ​ជា​គម្ពីរ​មិន​មែន​ជា​សៀវភៅ​ដែល​ទាក់​ទង​ខាង​សុខភាព​ផ្លូវ​ចិត្ត​ក្ដី តែ​គម្ពីរ​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​យក​ឈ្នះ​គំនិត​ចង់​សម្លាប់​ខ្លួន។ ដំបូន្មាន​ដ៏​មាន​ប្រយោជន៍​ក្នុង​គម្ពីរ ក៏​អាច​ជួយ​អ្នក​ដែរ។

 តើ​គម្ពីរ​ផ្ដល់​ដំបូន្មាន​ដ៏​មាន​ប្រយោជន៍​អ្វី​ខ្លះ?

  • ចូរ​រៀប​រាប់​ពី​អារម្មណ៍​របស់​អ្នក។

     គម្ពីរ​រៀប​រាប់​ថា​៖​«​មិត្រ​សំ​ឡាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា ឯ​បង​ប្អូន​ក៏​កើត​មក​សំ​រាប់​គ្រា​លំបាក​ដែរ​»។—សុភាសិត ១៧:១៧

     មាន​ន័យ​ថា: យើង​ត្រូវ​ការ​ការ​គាំ​ទ្រ​ពី​អ្នក​ឯ​ទៀត ពេល​យើង​តាន​តឹង​ចិត្ត។

     បើ​អ្នក​លាក់​ទុក​អារម្មណ៍ នោះ​ប្រៀប​ដូច​ជា​អ្នក​កំពុង​លី​បន្ទុក​ដ៏​ធ្ងន់​មួយ​ដែល​មិន​អាច​រែក​ពុន​បាន។ ប៉ុន្តែ បើ​អ្នក​ប្រាប់​អារម្មណ៍​របស់​អ្នក​ទៅ​អ្នក​ឯ​ទៀត នោះ​អ្នក​អាច​មាន​អារម្មណ៍​ល្អ​ជាង ហើយ​អាច​មាន​ទស្សនៈ​ផ្សេង​ចំពោះ​ស្ថានភាព​របស់​អ្នក។

     សូម​សាក​ធ្វើ​តាម​យោបល់​នេះ: សូម​និយាយ​ប្រាប់​អ្នក​ណា​ម្នាក់​នៅ​ថ្ងៃ​នេះ ប្រហែល​ជា​អ្នក​អាច​ប្រាប់​សមាជិក​គ្រួសារ ឬ​មិត្ត​ភក្ដិ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ a អ្នក​ក៏​អាច​កត់​ទុក​អារម្មណ៍​របស់​អ្នក​នៅ​ក្នុង​សៀវភៅ​ដែរ។

  • ចូរ​ទទួល​ជំនួយ​ពី​គ្រូ​ពេទ្យ​ជំនាញ។

     គម្ពីរ​រៀប​រាប់​ថា​៖​«​មនុស្ស​ដែល​មាន​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ តែ​អ្នក​ដែល​ឈឺ​ទើប​ត្រូវ​ការ​គ្រូ​ពេទ្យ​»។—ម៉ាថាយ ៩:១២

     មាន​ន័យ​ថា: ពេល​យើង​ឈឺ យើង​គួរ​តែ​ស្វែង​រក​ការ​ព្យាបាល។

     គំនិត​ចង់​សម្លាប់​ខ្លួន​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ផ្លូវចិត្ត​ឬ​ជំងឺ​សតិ​អារម្មណ៍។ ដូច​ជំងឺ​ខាង​រាង​កាយ​ដែរ ជំងឺ​នេះ​មិន​មែន​ជា​អ្វី​ដែល​គួរ​ឲ្យ​ខ្មាស​ទេ។ ជំងឺ​ផ្លូវចិត្ត​និង​ជំងឺ​សតិ​អារម្មណ៍ អាច​ព្យាបាល​បាន។

     សូម​សាក​ធ្វើ​តាម​យោបល់​នេះ: សូម​ស្វែង​រក​ជំនួយ​ពី​គ្រូ​ពេទ្យ​ជំនាញ​ឲ្យ​បាន​ឆាប់​បំផុត។

  • ចូរ​ចាំ​ថា​ព្រះ​យក​ចិត្ត​ទុក​ដាក់។

     គម្ពីរ​រៀប​រាប់​ថា​៖​«​គេ​លក់​ចាប​ពូក​ប្រាំ​ក្បាល​ថ្លៃ​ពីរ​សេន មែន​ទេ? ប៉ុន្តែ​ព្រះ​មិន​ភ្លេច​ចាប​ទាំង​នោះ​ឡើយ សូម្បី​តែ​ចាប​មួយ​ក៏​ដោយ។ . . . កុំ​ខ្លាច​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មាន​តម្លៃ​ជាង​ចាប​ពូក​ជា​ច្រើន​ទៅ​ទៀត​»។—លូកា ១២:៦, ៧

     មាន​ន័យ​ថា: អ្នក​មាន​តម្លៃ​ចំពោះ​ព្រះ។

     អ្នក​ប្រហែល​មាន​អារម្មណ៍​ថា​គ្មាន​អ្នក​ណាយក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ទេ តែ​ព្រះ​យល់​ទុក្ខ​វេទនា​របស់​អ្នក។ លោក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក ទោះ​ជា​អ្នក​មាន​អារម្មណ៍​ថា​លែង​ចង់​រស់​ទៀត​ក៏​ដោយ។ ទំនុក​តម្កើង ៥១:១៧ ចែង​ថា​៖​«​ឱ​ព្រះ​អង្គ​អើយ ទ្រង់​មិន​មើល​ងាយ​ចំពោះចិត្ត​ខ្ទេច​ខ្ទាំ ហើយ​ទន់​ទាប​ឡើយ​»។ ព្រះ​ចង់​ឲ្យ​អ្នក​រស់ ព្រោះ​លោក​ស្រឡាញ់​អ្នក។

     សូម​សាក​ធ្វើ​តាម​យោបល់​នេះ: សូម​ពិនិត្យ​មើល​ភ័ស្តុតាង​ពី​គម្ពីរ​ដែល​បញ្ជាក់​ថា ព្រះ​ស្រឡាញ់​អ្នក។ ជា​ឧទាហរណ៍ សូម​មើល​សៀវភៅ​ជំនួយ​សិក្សា​គម្ពីរ ចូរ​ចូល​ទៅ​ជិត​ព្រះយេហូវ៉ា ជំពូក​ទី២៤

  • ចូរ​អធិដ្ឋាន​ទៅ​ព្រះ។

     គម្ពីរ​រៀប​រាប់​ថា​៖​«​ផ្ទេរ​កង្វល់​ទាំង​អស់​ទៅ​ព្រះ ពីព្រោះ​លោក​រមែង​គិត​អំពី​អ្នក​រាល់​គ្នា​»។—ពេត្រុស​ទី១ ៥:៧

     មាន​ន័យ​ថា: ព្រះ​អញ្ជើញ​អ្នក​ឲ្យ​ប្រាប់​លោក​ដោយ​ស្មោះ​និង​ឥត​លាក់​លៀម​អំពី​អ្វី​ដែល​អ្នក​គិត​និង​ព្រួយ​បារម្ភ។

     ព្រះ​អាច​ឲ្យ​អ្នក​មាន​សេចក្ដី​សុខ​សាន្ត និង​កម្លាំង​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​របស់​អ្នក។ (​ភីលីព ៤:៦, ៧, ១៣​) នេះ​ជា​របៀប​ដែល​លោក​គាំ​ទ្រ​អស់​អ្នក​ដែល​អធិដ្ឋាន​សុំ​ជំនួយ​ពី​លោក។—ទំនុក​តម្កើង ៥៥:២២

     សូម​សាក​ធ្វើ​តាម​យោបល់​នេះ: សូម​អធិដ្ឋាន​ទៅ​ព្រះ​នៅ​ថ្ងៃ​នេះ។ សូម​ប្រើ​ឈ្មោះ​យេហូវ៉ា​ជា​ឈ្មោះ​របស់​លោក ហើយ​ប្រាប់​លោក​អំពី​អារម្មណ៍​របស់​អ្នក។ (​ទំនុក​តម្កើង ៨៣:១៨​) សូម​សុំ​លោក​ជួយ​អ្នក​ឲ្យ​បន្ត​រស់​ត​ទៅ​ទៀត។

  • ចូរ​រំពឹង​គិត​អំពី​សេចក្ដី​សង្ឃឹម​ក្នុង​គម្ពីរ​នា​ពេល​អនាគត។

     គម្ពីរ​រៀប​រាប់​ថា​៖​«​សេចក្ដី​សង្ឃឹម​នេះ​ជា​យុថ្កា​សម្រាប់​ជីវិត​យើង ក៏​រឹង​មាំ​និង​ពិត​ប្រាកដ​»។—ហេប្រឺ ៦:១៩

     មាន​ន័យ​ថា: ទោះ​ជា​អារម្មណ៍​របស់​អ្នក​អាច​ឡើង​ចុះ ដូច​កប៉ាល់​បើក​កាត់​ព្យុះ​ក៏​ដោយ តែ​សេចក្ដី​សង្ឃឹម​ក្នុង​គម្ពីរ​អាច​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​នឹង​នរ។

     នេះ​មិន​មែន​ជា​សេចក្ដី​សង្ឃឹម​ដែល​មិន​អាច​ទៅ​រួច​ទេ តែ​សេចក្ដី​សង្ឃឹម​នោះ​មាន​មូលដ្ឋាន​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​ដែល​ថា លោក​នឹង​បំបាត់​ដើម​ហេតុ​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់។—ការ​បើក​បង្ហាញ ២១:៤

     សូម​សាក​ធ្វើ​តាម​យោបល់​នេះ: សូម​រៀន​ថែម​ទៀត​អំពី​សេចក្ដី​សង្ឃឹម​ក្នុង​គម្ពីរ​ដោយ​អាន​អត្ថបទ«សេចក្ដី​សង្ឃឹម​ដ៏​ពិត​ប្រាកដ​កំពុង​រង់​ចាំ​អ្នក»។

  • ចូរ​ធ្វើ​អ្វី​ដែល​អ្នក​ចូល​ចិត្ត។

     គម្ពីរ​រៀប​រាប់​ថា​៖​«​ចិត្ត​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស​»។—សុភាសិត ១៧:២២

     មាន​ន័យ​ថា: ពេល​យើង​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​យើង​សប្បាយ នោះ​ផ្លូវ​ចិត្ត​ឬ​អារម្មណ៍​របស់​យើង​នឹង​កាន់​តែ​ល្អ​ប្រសើរ​ឡើង។

     សូម​សាក​ធ្វើ​តាម​យោបល់​នេះ: សូម​ធ្វើ​អ្វី​ដែល​ធម្មតា​អ្នក​ចូល​ចិត្ត។ ជា​ឧទាហរណ៍ សូម​ស្ដាប់​ចម្រៀង​និង​អាន​អ្វី​ដែល​លើក​ទឹក​ចិត្ត ឬ​ចំណាយ​ពេល​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ដែល​អ្នក​ចូល​ចិត្ត។ អ្នក​នឹង​មាន​សុភមង្គល​ថែម​ទៀត បើ​អ្នក​ជួយ​អ្នក​ឯ​ទៀត ទោះ​ជា​នោះ​តូច​តាច​ក្ដី។—សកម្មភាព ២០:៣៥

  • ចូរ​ថែ​រក្សា​សុខភាព​របស់​អ្នក

     គម្ពីរ​រៀប​រាប់​ថា​៖​«​ការ​ហ្វឹកហាត់​ខ្លួន​ប្រាណ​មាន​ប្រយោជន៍​»។—ធីម៉ូថេ​ទី១ ៤:៨

     មាន​ន័យ​ថា: យើង​ទទួល​ប្រយោជន៍​ពេល​យើង​ហាត់​ប្រាណ គេង​គ្រប់​គ្រាន់ និង​បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ។

     សូម​សាក​ធ្វើ​តាម​យោបល់​នេះ: សូម​ដើរ​ហាត់​ប្រាណ​លឿន​ៗ ទោះ​ជា​១៥​នាទី​ក្ដី។

  • ចូរ​ចាំ​ថា​អារម្មណ៍​និង​អ្វី​ដែល​មាន​ក្នុង​ជីវិត​អាច​ផ្លាស់​ប្ដូរ​បាន។

     គម្ពីរ​រៀប​រាប់​ថា​៖​«​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ជីវិត​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​យ៉ាង​ណា​ទេ​នៅ​ថ្ងៃ​ស្អែក​»។—យ៉ាកុប ៤:១៤

     មាន​ន័យ​ថា: ទោះ​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​អ្នក​តាន​តឹង​ចិត្ត មើល​ទៅ​ដូច​ជា​គ្មាន​ដំណោះ​ស្រាយ​ក៏​ដោយ តែ​បញ្ហា​នោះ​គ្រាន់​តែ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ។

     ទោះ​ជា​ស្ថានភាព​របស់​អ្នក​តាន​តឹង​នៅ​ថ្ងៃ​នេះ​ក៏​ដោយ តែ​វា​អាច​ផ្លាស់​ប្ដូរ​នៅ​ថ្ងៃ​ស្អែក។ ដូច្នេះ សូម​រក​វិធី​ដោះ​ស្រាយ។ (​កូរិនថូស​ទី២ ៤:៨​) ស្ថានភាព​ដែល​ធ្វើ​ឲ្យ​អ្នក​តាន​តឹង​ចិត្ត ទំនង​ជា​អាច​ផ្លាស់​ប្ដូរ​នៅ​ពេល​ក្រោយ តែ​បើ​អ្នក​សម្លាប់​ខ្លួន អ្នក​មិន​អាច​បក​ក្រោយ​បាន​ទេ។

     សូម​សាក​ធ្វើ​តាម​យោបល់​នេះ: សូម​អាន​កំណត់​ហេតុ​ក្នុង​គម្ពីរ​អំពី​មនុស្ស​ដែល​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​រហូត​ដល់​ចង់​សម្លាប់​ខ្លួន ហើយ​សូម​មើល​នូវ​របៀប​ដែល​ជីវិត​របស់​ពួក​គេ​បាន​ផ្លាស់​ប្ដូរ​ទៅ​ជា​ប្រសើរ​ជាង​នៅ​ក្រោយ​មក គឺ​តាម​របៀប​ដែល​ពួក​គេ​មិន​អាច​ដឹង​ទុក​ជា​មុន។ សូម​ពិចារណា​ឧទាហរណ៍​ខ្លះ។

 តើ​គម្ពីរ​ប្រាប់​យើង​អំពី​មនុស្ស​ដែល​ចង់​ស្លាប់​ឬ​ទេ?

 មែន! ការ​ពិត គម្ពីរ​ប្រាប់​យើង​អំពី​បុគ្គល​ខ្លះ​ដែល​និយាយ​ថា​៖​«​ខ្ញុំ​ចង់​ស្លាប់​»។ ព្រះ​មិន​បាន​ស្ដី​បន្ទោស​ពួក​គេ​ទេ តែ​លោក​បាន​ជួយ​ពួក​គេ។ លោក​ក៏​ធ្វើ​បែប​នោះ​ចំពោះ​អ្នក​ដែរ។

អេលីយ៉ា

  •   តើ​គាត់​ជា​អ្នក​ណា? អេលីយ៉ា​ជា​អ្នក​ប្រកាស​ទំនាយ​ដ៏​ក្លាហាន។ ប៉ុន្តែ ពេល​ខ្លះ​គាត់​បាន​ធ្លាក់​ទឹក​ចិត្ត។ យ៉ាកុប ៥:១៧​ចែង​ថា​៖​«​អេលីយ៉ា​ចេះ​មាន​អារម្មណ៍​ដូច​យើង​ដែរ​»។

  •   ហេតុ​អ្វី​បាន​ជា​គាត់​ចង់​ស្លាប់? នៅ​ពេល​មួយ អេលីយ៉ា​មាន​អារម្មណ៍​ឯកោ ភ័យ​ខ្លាច និង​គិត​ថា​ខ្លួន​គ្មាន​តម្លៃ។ ដូច្នេះ គាត់​បាន​សុំ​ថា​៖​«​ឱ​ព្រះយេហូវ៉ា​អើយ សូម​យក​ព្រលឹង​ទូល​បង្គំ​ទៅ​ឥឡូវ​ចុះ​»។—ពង្សាវតារ​ក្សត្រ​ទី១ ១៩:៤

  •   តើ​អ្វី​បាន​ជួយ​គាត់? អេលីយ៉ា​បាន​ប្រាប់​ព្រះយេហូវ៉ា​នូវ​អារម្មណ៍​ពិត​របស់​គាត់។ តើ​ព្រះ​បាន​លើក​ទឹក​ចិត្ត​គាត់​តាម​របៀប​ណា? ព្រះ​បាន​បង្ហាញ​ការយក​ចិត្ត​ទុក​ដាក់ ហើយ​ឲ្យ​គាត់​ឃើញ​ការ​អស្ចារ្យ​ដែល​បង្ហាញ​អំពី​ឫទ្ធានុភាព​របស់​លោក។ លោក​ក៏​បាន​ផ្ដល់​ការ​ធានា​ដល់​អេលីយ៉ា​ថា​គាត់​នៅ​តែ​មាន​តម្លៃ ហើយ​លោក​បាន​ផ្ដល់​ជំនួយ​និង​ការយក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​អេលីយ៉ា។

  •   សូម​អាន​អំពី​អេលីយ៉ា: ពង្សាវតារក្សត្រ​ទី១ ១៩:២​-​១៨

យ៉ូប

  •   តើ​គាត់​ជា​អ្នក​ណា? យ៉ូប​ជា​អ្នក​មាន​ស្ដុកស្តម្ភ និង​មាន​ក្រុម​គ្រួសារ​ធំ ហើយ​គាត់​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​ពិត​យ៉ាង​ស្មោះ​ត្រង់។

  •   ហេតុ​អ្វី​បាន​ជា​គាត់​ចង់​ស្លាប់? មាន​រឿង​អាក្រក់​ជា​ច្រើន បាន​កើត​ឡើង​ចំពោះ​យ៉ូប​ភ្លាម​មួយ​រំពេច។ គាត់​បាត់​បង់​ទ្រព្យ​សម្បត្តិ​ទាំង​អស់។ កូន​ៗ​របស់​គាត់​ទាំង​អស់​បាន​ស្លាប់​ដោយ​សារមហន្តរាយ។ គាត់​មាន​ជំងឺ​ដ៏​ឈឺ​ចាប់​បំផុត។ ហើយ​ចុង​ក្រោយ គាត់​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​អាក្រក់​ៗ​និង​មិន​ពិត អំពី​ដើម​ហេតុ​នៃ​បញ្ហា​របស់​គាត់។ យ៉ូប​និយាយ​ថា​៖​«​ទូល​បង្គំ​ខ្ពើម​ជីវិត​ណាស់ ទូល​បង្គំ​នឹង​មិន​រស់​ជា​ដរាប​ទេ​»។—យ៉ូប ៧:១៦

  •   តើ​អ្វី​បាន​ជួយ​គាត់? យ៉ូប​បាន​អធិដ្ឋាន​ទៅ​ព្រះ ហើយ​និយាយ​ទៅ​កាន់​អ្នក​ឯ​ទៀត។ (​យ៉ូប ១០:១​-​៣​) គាត់​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​អេលីហ៊ូវ​ជា​មិត្ត​ដែល​មាន​ចិត្ត​អាណិត​អាសូរ។ អេលីហ៊ូវ​បាន​ជួយ​គាត់​ឲ្យ​មាន​ទស្សនៈ​ផ្សេង​អំពី​ស្ថានភាព​របស់​គាត់។ សំខាន់​បំផុត យ៉ូប​ពេញ​ចិត្ត​ទទួល​ការ​ណែនាំ​និង​ជំនួយ​ពី​ព្រះ។

  •   សូម​អាន​អំពី​យ៉ូប: យ៉ូប ១:១​-​៣, ១៣​-​២២; ២:៧; ៣:១​-​១៣; ៣៦:១​-​៧; ៣៨:១​-​៣; ៤២:១, ២, ១០​-​១៣

ម៉ូសេ

  •   តើ​គាត់​ជា​អ្នក​ណា? ម៉ូសេ​ជា​អ្នក​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល និង​ជា​អ្នក​ប្រកាស​ទំនាយ​ដ៏​ស្មោះ​ត្រង់។

  •   ហេតុ​អ្វី​បាន​ជា​គាត់​ចង់​ស្លាប់? ម៉ូសេ​មាន​ភារកិច្ច​ដ៏​ធំ ហើយ​បាន​ទទួល​ការ​រិះ​គន់​ជា​ញឹក​ញយ និង​អស់​កម្លាំង​ជា​ខ្លាំង។ ដូច្នេះ គាត់​បាន​ស្រែក​អង្វរ​ព្រះ​ថា​៖​«​សូម​សម្លាប់​ទូល​បង្គំ​ទៅ​វិញ​ចុះ​»។—ជន​គណនា ១១:១១, ១៥

  •   តើ​អ្វី​បាន​ជួយ​គាត់? ម៉ូសេ​បាន​ប្រាប់​អារម្មណ៍​របស់​គាត់​ដល់​ព្រះ។ ព្រះ​បាន​ជួយ​សម្រាល​កិច្ច​ការ​របស់​គាត់​ដើម្បី​ឲ្យ​គាត់​មាន​អារម្មណ៍​ធូរ​ស្រាល។

  •   សូម​អាន​អំពី​ម៉ូសេ: ជន​គណនា ១១:៤​-​៦, ១០​-​១៧

a បើ​អ្នក​មាន​អារម្មណ៍​ចង់​សម្លាប់​ខ្លួន​យ៉ាង​ខ្លាំង ហើយ​បុគ្គល​ដែល​អ្នក​អាច​ទុក​ចិត្ត​មិន​នៅ​ក្បែរ សូម​ទូរស័ព្ទ​ទៅ​មណ្ឌល​សម្រាប់​អ្នក​ដែល​មាន​វិបត្ដិ ឬ​ទូរស័ព្ទ​ទៅ​លេខ​សង្គ្រោះ​បន្ទាន់។