តើគម្ពីរចែងយ៉ាងណាស្ដីអំពីការមើលថែឪពុកម្ដាយវ័យចាស់?
ចម្លើយពីគម្ពីរ
កូនពេញវ័យមានភារកិច្ចសំខាន់ណាស់ក្នុងការថែទាំឪពុកម្ដាយវ័យចាស់របស់ពួកគេ។ គម្ពីរចែងថាកូនពេញវ័យគួរតែ«បង្ហាញភក្ដីភាពចំពោះព្រះក្នុងក្រុមគ្រួសាររបស់ខ្លួនមុនសិន ហើយបន្តសងគុណឪពុកម្ដាយ . . . ព្រោះព្រះពេញចិត្តនឹងការនោះ»។ (ធីម៉ូថេទី១ ៥:៤) ពេលកូនពេញវ័យធ្វើឲ្យប្រាកដថាឪពុកម្ដាយវ័យចាស់របស់ពួកគេបានទទួលការមើលថែយ៉ាងយកចិត្តទុកដាក់ នោះពួកគេកំពុងធ្វើតាមការណែនាំក្នុងគម្ពីរដែលឲ្យគោរពឪពុកម្ដាយរបស់ខ្លួន។—អេភេសូរ ៦:២, ៣
គម្ពីរមិនបានផ្ដល់ការណែនាំយ៉ាងជាក់លាក់ស្ដីអំពីរបៀបថែទាំឪពុកម្ដាយវ័យចាស់នោះទេ។ យ៉ាងណាក៏ដោយ គម្ពីរប្រាប់អំពីគំរូផ្សេងៗរបស់បុរសនិងស្ត្រីនៅសម័យបុរាណដែលបានធ្វើដូច្នេះ។ គម្ពីរក៏ប្រាប់អំពីយោបល់ដែលអាចជួយអ្នកដែលថែទាំឪពុកម្ដាយដែរ។
តើតាមរបៀបណាដែលសមាជិកគ្រួសារនៅសម័យគម្ពីរបានថែទាំឪពុកម្ដាយវ័យចាស់របស់ពួកគេ?
ពួកគេធ្វើដូច្នេះតាមវិធីផ្សេងៗអាស្រ័យលើស្ថានភាពរបស់ពួកគេ។
យ៉ូសែប រស់នៅឆ្ងាយពីយ៉ាកុបដែលជាឪពុកវ័យចាស់របស់គាត់។ ពេលដែលកាលៈទេសៈអនុញ្ញាត យ៉ូសែបបានរៀបចំឲ្យឪពុកគាត់មករស់នៅជិតគាត់ ដើម្បីចិញ្ចឹមនិងថែរក្សាឪពុក។—ដើមកំណើត ៤៥:៩-១១; ៤៧:១១, ១២
រូថ ចាកចេញពីស្រុកកំណើតរបស់ខ្លួនទៅរស់នៅស្រុកកំណើតរបស់ម្ដាយក្មេកគាត់ ហើយធ្វើការយ៉ាងនឿយហត់ដើម្បីថែរក្សាម្ដាយក្មេក។—រូថ ១:១៦; ២:២, ១៧, ១៨, ២៣
លោកយេស៊ូ នៅបន្តិចមុនលោកស្លាប់ លោកបានរៀបចំឲ្យមានអ្នកថែរក្សាម្ដាយរបស់លោកគឺម៉ារៀដែលជាស្ត្រីមេម៉ាយ។—យ៉ូហាន ១៩:២៦, ២៧ a
តើមានយោបល់ណាខ្លះពីគម្ពីរដែលអាចជួយដល់អ្នកដែលថែទាំឪពុកម្ដាយ?
គម្ពីរមានគោលការណ៍ដែលអាចជួយដល់អ្នកដែលថែទាំឪពុកម្ដាយនៅពេលដែលពួកគេមានអារម្មណ៍នឿយហត់ផ្លូវកាយឬផ្លូវចិត្តក្នុងអំឡុងពេលថែទាំឪពុកម្ដាយវ័យចាស់។
គោរពឪពុកម្ដាយរបស់អ្នក។
អ្វីដែលគម្ពីរចែង: «ចូរអ្នករាល់គ្នាគោរពឪពុកម្ដាយ»។—ដំណើរចាកចេញ ២០:១២។
តើយើងអាចធ្វើតាមគោលការណ៍នេះយ៉ាងដូចម្ដេច? បង្ហាញការគោរពចំពោះឪពុកម្ដាយអ្នកដោយគាំទ្រការសម្រេចចិត្តរបស់ពួកគាត់។ បើអាចធ្វើបានសូមធ្វើតាមការសម្រេចចិត្តរបស់ពួកគាត់អំពីរបៀបដែលពួកគាត់ចង់ឲ្យអ្នកថែរក្សាពួកគាត់ ហើយសូមបង្ហាញការគោរពចំពោះឪពុកម្ដាយអ្នកដោយជួយពួកគាត់។
បង្ហាញការយោគយល់និងការអភ័យទោស។
អ្វីដែលគម្ពីរចែង: «មនុស្សដែលយល់ធ្លុះជ្រៅមិនឆាប់ខឹង ហើយគាត់នឹងទទួលការសរសើរ បើគាត់មិនប្រកាន់ទោស»។—សុភាសិត ១៩:១១
តើយើងអាចធ្វើតាមគោលការណ៍នេះយ៉ាងដូចម្ដេច? បើឪពុកម្ដាយវ័យចាស់របស់អ្នកនិយាយអ្វីដែលមិនសប្បុរសឬអ្វីដែលមិនបង្ហាញការដឹងគុណចំពោះការថែទាំរបស់អ្នក សូមសួរខ្លួនអ្នកថា តើខ្ញុំនឹងមានអារម្មណ៍យ៉ាងណាបើខ្ញុំស្ថិតក្នុងស្ថានភាពដូចគាត់? ពេលអ្នកបង្ហាញការយោគយល់និងអភ័យទោស អ្នកប្រហែលជាអាចជៀសវាងការធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ជាង។
សុំយោបល់ពីអ្នកឯទៀត។
អ្វីដែលគម្ពីរចែង: «បើគ្មានការប្រឹក្សាទេ នោះគម្រោងនឹងបរាជ័យ តែបើមានការប្រឹក្សាច្រើន នោះគម្រោងនឹងបានជោគជ័យវិញ»។—សុភាសិត ១៥:២២
តើយើងអាចធ្វើតាមគោលការណ៍នេះយ៉ាងដូចម្ដេច? សូមស្រាវជ្រាវអំពីរបៀបព្យាបាលជំងឺឪពុកម្ដាយរបស់អ្នក។ សូមស្វែងរកកន្លែងព្យាបាលដែលអាចទុកចិត្តបាននៅក្នុងតំបន់របស់អ្នក និងពិភាក្សាជាមួយអ្នកដែលធ្លាប់ថែទាំឪពុកម្ដាយវ័យចាស់។ បើអ្នកមានបងប្អូនបង្កើត សូមពិភាក្សាគ្នាអំពីសេចក្ដីត្រូវការរបស់ឪពុកម្ដាយអ្នក របៀបថែទាំពួកគាត់ និងអំពីអ្នកដែលទទួលខុសត្រូវក្នុងការមើលថែពួកគាត់។
ចូរមានចិត្តសុភាព។
អ្វីដែលគម្ពីរចែង: «មនុស្សដែលមានចិត្តសុភាពបង្ហាញថាខ្លួនមានប្រាជ្ញា»។—សុភាសិត ១១:២
តើយើងអាចធ្វើតាមគោលការណ៍នេះយ៉ាងដូចម្ដេច? ចូរទទួលស្គាល់សមត្ថភាពរបស់ខ្លួន។ ជាឧទាហរណ៍ ពេលវេលានិងកម្លាំងរបស់មនុស្សម្នាក់ៗមានកម្រិត។ ដូច្នេះ នេះអាចមានឥទ្ធិពលទៅលើរបៀបដែលអ្នកអាចថែទាំឪពុកម្ដាយវ័យចាស់របស់អ្នក។ បើអ្នកមានអារម្មណ៍ថានឿយហត់ក្នុងការថែទាំពួកគាត់ សូមសុំជំនួយពីសមាជិកក្រុមគ្រួសារឯទៀតឬពីអ្នកជំនាញ។
ថែរក្សាសុខភាពផ្ទាល់ខ្លួន។
អ្វីដែលគម្ពីរចែង: «ព្រោះគ្មានអ្នកណាស្អប់រូបកាយរបស់ខ្លួនទេ មានតែចិញ្ចឹមហើយស្រឡាញ់ថ្នាក់ថ្នម»។—អេភេសូរ ៥:២៩
តើយើងអាចធ្វើតាមគោលការណ៍នេះយ៉ាងដូចម្ដេច? ទោះជាអ្នកមានភារកិច្ចមើលថែឪពុកម្ដាយវ័យចាស់របស់អ្នកក្ដី អ្នកក៏ត្រូវយកចិត្តទុកដាក់ចំពោះខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នកដែរ បើអ្នករៀបការហើយ។ អ្នកត្រូវញ៉ាំអាហារដែលមានជីវជាតិ សម្រាក និងគេងឲ្យបានគ្រប់គ្រាន់។ (អ្នកទូន្មាន ៤:៦) ។ ពេលដែលអ្នកធ្វើអ្វីទាំងនេះ អ្នកនឹងអាចមើលថែឪពុកម្ដាយរបស់អ្នកបានល្អជាង។
តើគម្ពីរចែងថាឪពុកម្ដាយវ័យចាស់ត្រូវតែទទួលការថែទាំនៅផ្ទះប៉ុណ្ណោះឬ?
គម្ពីរមិនមានការណែនាំជាក់លាក់អំពីរឿងនេះទេ។ ក្រុមគ្រួសារខ្លះជ្រើសរើសថែទាំឪពុកម្ដាយវ័យចាស់របស់ពួកគេនៅផ្ទះឲ្យបានយូរបំផុតតាមដែលអាចធ្វើបាន។ ប៉ុន្តែ ក្រោយមកពួកគេប្រហែលជាយល់ថាការថែទាំនៅកន្លែងថែទាំមនុស្សវ័យចាស់គឺល្អជាង។ សមាជិកក្រុមគ្រួសារទាំងអស់គួរពិភាក្សាគ្នាថា តើជម្រើសមួយណាគឺល្អបំផុត។—កាឡាទី ៦:៤, ៥
a យោងតាមកំណត់ហេតុនេះ ការពន្យល់មួយពីគម្ពីរបានប្រាប់ថា៖«បន្ទាប់ពីយ៉ូសែបដែលជាប្ដីរបស់ម៉ារៀបានស្លាប់លោកយេស៊ូប្រហែលជាអ្នកផ្គត់ផ្គង់ម្ដាយរបស់លោក ប៉ុន្តែបើលោកយេស៊ូស្លាប់ តើអ្នកណានឹងមើលថែម្ដាយរបស់លោក? . . . លោកយេស៊ូបានបង្រៀនកូនៗឲ្យថែរក្សាម្ដាយវ័យចាស់របស់ពួកគេ» (The NIV Matthew Henry Commentary in One Volume ទំព័រ ៤២៨-៤២៩) ។