សំណួរពីយុវវ័យ
តើការតុបតែងខ្លួនរបស់ខ្ញុំយ៉ាងណាដែរ?
ហេតុអ្វីប្អូនគួរយកចិត្តទុកដាក់ចំពោះការស្លៀកពាក់របស់ប្អូន? ព្រោះសម្លៀកបំពាក់អាចឆ្លុះបញ្ចាំងអំពីប្អូន។ តើសម្លៀកបំពាក់របស់ប្អូនបង្ហាញយ៉ាងណាអំពីប្អូន?
កំហុសឆ្គងបីធំៗអំពីម៉ូដសម្លៀកបំពាក់ និងរបៀបដែលយើងអាចជៀសវាងពីកំហុសទាំងនោះ
កំហុសឆ្គងទី១: ឲ្យប្រព័ន្ធផ្សាយព័ត៌មានកាន់កាប់លើការស្លៀកពាក់របស់ប្អូន។
យុវវ័យម្នាក់ឈ្មោះថេរីសារៀបរាប់ថា៖«ជួនកាល ខ្ញុំចាប់អារម្មណ៍ម៉ូដសម្លៀកបំពាក់ដែលពេញនិយមជាខ្លាំង ព្រោះខ្ញុំបានមើលការផ្សាយពាណិជ្ជកម្មជាច្រើន។ ពេលដែលខួរក្បាលរបស់អ្នកដិតដាមដោយរូបភាពរបស់បុគ្គលដែលស្លៀកពាក់សម្លៀកបំពាក់ទាន់សម័យណាមួយ នោះពិបាកឲ្យអ្នកមិនធ្វើតាមណាស់»។
មិនគ្រាន់តែក្មេងស្រីៗប៉ុណ្ណោះទេដែលទទួលឥទ្ធិពលពីការផ្សាយពាណិជ្ជកម្ម។ សៀវភៅមួយរៀបរាប់ថា៖«សូម្បីតែក្មេងប្រុសៗក៏ទទួលឥទ្ធិពលពីម៉ូដសម្លៀកបំពាក់ពេញនិយមដែរ។ ម្យ៉ាងទៀត ពួកអ្នកផ្សាយពាណិជ្ជកម្ម ពួកគេព្យាយាមទាក់ទាញចិត្តក្មេងប្រុសៗផងដែរ»(The Everything Guide to Raising Adolescent Boys)។
វិធីដែលប្រសើរជាង: គម្ពីរចែងថា៖«មនុស្សឆោតជឿគ្រប់ពាក្យទាំងអស់ តែមនុស្សឈ្លាសវៃរមែងគិតពិចារណាជាមុនសិន»។ (សុភាសិត ១៤:១៥) ស្របតាមគោលការណ៍គម្ពីរនេះ សូមពិនិត្យមើលយ៉ាងហ្មត់ចត់ នូវអ្វីដែលប្អូនឃើញក្នុងការផ្សាយពាណិជ្ជកម្ម។ ជាឧទាហរណ៍ ពេលដែលប្អូនឃើញការផ្សាយពាណិជ្ជកម្មអំពីសម្លៀកបំពាក់ ដែលបង្ហាញថាសម្លៀកបំពាក់នោះ«កាលីប» «ឡូយឆាយ» ឬ«ស៊ិចស៊ី» សូមសួរខ្លួនថា៖
‹តើអ្នកណាចំណេញ បើខ្ញុំទិញសម្លៀកបំពាក់នេះ?›។
‹តើការផ្សាយពាណិជ្ជកម្មនេះលើកទឹកចិត្តខ្ញុំឲ្យមានរបៀបរស់នៅបែបណា?›។
‹តើរបៀបរស់នៅនេះឆ្លុះបញ្ចាំងលក្ខណៈពិតរបស់ខ្ញុំនិងខ្នាតតម្រាសីលធម៌របស់ខ្ញុំឬទេ?›។
យោបល់អំពីម៉ូដសម្លៀកបំពាក់: សូមពិនិត្យមើលយ៉ាងយកចិត្តទុកដាក់នូវការផ្សាយពាណិជ្ជកម្មអំពីសម្លៀកបំពាក់និងព័ត៌មានផ្សេងទៀតដែលផ្ដោតទៅលើម៉ូដសម្លៀកបំពាក់។ រួចសូមឆ្លើយសំណួរដូចតទៅ៖ តើពួកគេកំពុងលើកស្ទួយរបៀបរស់នៅបែបណា? តើការផ្សាយពាណិជ្ជកម្មនេះទាក់ទាញខ្ញុំឲ្យមានអារម្មណ៍ថាខ្ញុំត្រូវដេញតាមម៉ូដសម្លៀកបំពាក់នេះឬទេ? យុវវ័យម្នាក់ឈ្មោះខារិនរៀបរាប់ថា៖«មានសំពាធជាខ្លាំងឲ្យយុវវ័យសម្អិតសម្អាងខ្លួននិងស្លៀកសម្លៀកបំពាក់យ៉ាងល្អឥតខ្ចោះ ថែមទាំងបង្ហាញរាងកាយស៊ិចស៊ីរបស់ពួកគេផងដែរ។ ដោយសារពួកអ្នកផ្សាយពាណិជ្ជកម្មដឹងអំពីចំណុចទាំងនេះហើយ បានជាគេទាក់ទាញចិត្តពួកយុវវ័យបានយ៉ាងងាយ»។
កំហុសឆ្គងទី២: តាមម៉ូដពេញនិយមដើម្បីចូលគេចុះ។
យុវវ័យម្នាក់ឈ្មោះមេនវេលរៀបរាប់ថា៖«បើគេពេញនិយមសម្លៀកបំពាក់ណាមួយ នោះយុវវ័យទាំងអស់នឹងស្លៀកម៉ូដនោះ។ បើអ្នកមិនស្លៀកម៉ូដនោះ មនុស្សនឹងមើលលើមើលក្រោមដាក់អ្នក»។ យុវវ័យម្នាក់ទៀតឈ្មោះអាណាយល់ស្រប ហើយរៀបរាប់ថា៖«តាមពិតម៉ូដណាមិនសូវសំខាន់ទេ តែសំខាន់គឺចូលគេចុះ»។
វិធីដែលប្រសើរជាង: គម្ពីរចែងថា៖«ចូរឈប់យកតម្រាប់របៀបរបបពិភពលោកនេះ»។ (រ៉ូម ១២:២) ស្របតាមដំបូន្មាននេះ សូមមើលទូសម្លៀកបំពាក់របស់ប្អូន ហើយសួរខ្លួនថា៖
‹តើអ្វីជំរុញចិត្តខ្ញុំឲ្យជ្រើសរើសម៉ូដសម្លៀកបំពាក់នេះ?›។
‹តើម៉ាកថ្លៃៗសំខាន់ចំពោះខ្ញុំទេ?›។
‹តើខ្ញុំព្យាយាមធ្វើឲ្យមនុស្សកោតស្ងើចតាមរយៈសម្លៀកបំពាក់របស់ខ្ញុំឬ?›។
យោបល់អំពីម៉ូដសម្លៀកបំពាក់: ស្ដីអំពីម៉ូដសម្លៀកបំពាក់ មិនគ្រាន់តែមានជម្រើសពីរប៉ុណ្ណោះទេ ពោលគឺអ្វីដែលគេពេញនិយម និងអ្វីដែលហួសសម័យ។ ប៉ុន្តែ មានជម្រើសមួយទៀតដែលធ្វើឲ្យប្អូនមានអារម្មណ៍ស្រួលនិងមានទំនុកចិត្ត។ បើប្អូនកាន់តែមានអារម្មណ៍ស្រួលចំពោះខ្លួនឯង នោះប្អូនមិនសូវខ្វល់ខ្វាយអំពីការចូលចំណោមគេចុះទេ។
កំហុសឆ្គងទី៣: គិតថា‹កាន់តែស៊ិចស៊ី កាន់តែឡូយ›
ប្អូនស្រីម្នាក់ឈ្មោះជេនអេហ្វឺរៀបរាប់ថា៖«និយាយឲ្យត្រង់ទៅ ពេលខ្លះខ្ញុំក៏ចង់ស្លៀកសម្លៀកបំពាក់មិនសមរម្យដែរ ដូចជាខ្លីជាង តឹងជាង និងរឹបជាង»។
វិធីដែលប្រសើរជាង: គម្ពីរចែងថា៖«កុំឲ្យសម្រស់របស់អ្នករាល់គ្នាជាសម្រស់ខាងក្រៅឡើយ . . . តែចូរឲ្យសម្រស់របស់អ្នករាល់គ្នាជាអ្វីក្នុងចិត្តវិញ»។ (ពេត្រុសទី១ ៣:៣, ៤) ស្របតាមដំបូន្មាននេះ តើសម្លៀកបំពាក់របស់ប្អូនបង្ហាញថាអ្វីសំខាន់ជាង សម្បកក្រៅឬគុណសម្បត្តិដែលប្អូនមាន។
យោបល់អំពីម៉ូដសម្លៀកបំពាក់: ការស្លៀកពាក់សម្អិតសម្អាងខ្លួនដ៏ប្រសើរបំផុត គឺសមរម្យ។ មែនហើយ នោះមិនពេញនិយមនៅសព្វថ្ងៃនេះទេ តែសូមគិតអំពីចំណុចនេះ:
តើប្អូនធ្លាប់និយាយជាមួយអ្នកណាម្នាក់ដែលនិយាយច្រើនតែអំពីខ្លួនគាត់ឬទេ? គួរឲ្យស្ដាយណាស់ បុគ្គលនោះប្រហែលជាមិនដឹងខ្លួនទេ ថាគាត់ធ្វើឲ្យប្អូនពិបាកចូលទៅជិតគាត់។
ពេលដែលប្អូនស្លៀកសម្លៀកបំពាក់មិនសមរម្យ ប្អូននឹងដូចជាបុគ្គលនោះ។ ដូច្នេះ សម្លៀកបំពាក់របស់ប្អូនប្រៀបដូចជាផ្សាយថា‹នែ សូមមើលមកខ្ញុំ›។ ហើយនោះបង្ហាញថាប្អូនជាមនុស្សដែលខ្វះទំនុកចិត្ត និងគិតតែអំពីខ្លួនឯង។ បន្ថែមទៅទៀត សម្លៀកបំពាក់របស់ប្អូនបង្ហាញថា ប្អូនចូលចិត្តឲ្យគេផ្ដោតអារម្មណ៍មកលើខ្លួន មិនថាមនុស្សល្អឬមនុស្សអាក្រក់ក្ដី។
ម្ល៉ោះហើយ សូមកុំស្លៀកពាក់និងសម្អិតសម្អាងខ្លួនដែលខុសពីធាតុពិតរបស់ប្អូន។ ផ្ទុយទៅវិញ សូមព្យាយាមស្លៀកពាក់សមរម្យ។ យុវវ័យម្នាក់ឈ្មោះម៉ូនីការៀបរាប់ថា៖«ការស្លៀកពាក់សមរម្យមិនមានន័យថាអ្នកត្រូវស្លៀកពាក់ដូចយាយៗនោះឡើយ។ ប៉ុន្តែ នេះមានន័យថាអ្នកឲ្យតម្លៃចំពោះខ្លួននិងគោរពអ្នកឯទៀត»។