លោតទៅអត្ថបទ

សំណួរ​ពី​យុវវ័យ

តើ​តាម​របៀប​ណា​ខ្ញុំ​អាច​យក​ឈ្នះ​ការ​ល្បួង?

តើ​តាម​របៀប​ណា​ខ្ញុំ​អាច​យក​ឈ្នះ​ការ​ល្បួង?

 សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖​«​ពេល​ខ្ញុំ​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ នោះ​អ្វី​ដែល​អាក្រក់​នៅ​ជាប់​ជា​មួយ​នឹង​ខ្ញុំ​»។ (​រ៉ូម ៧:២១​) តើ​ប្អូន​ធ្លាប់​មាន​អារម្មណ៍​ដូច​នេះ​ទេ? បើ​មាន​មែន អត្ថបទ​នេះ​អាច​ជួយ​ប្អូន​ឲ្យ​យក​ឈ្នះ​ការ​ល្បួង​ពី​សេចក្ដី​ប៉ង​ប្រាថ្នា​អាក្រក់។

 អ្វី​ដែល​ប្អូន​គួរ​ដឹង

 ជា​ញឹក​ញយ ពេល​អ្នក​ឯ​ទៀត​បង្ខិត​បង្ខំ​ប្អូន គេ​ល្បួង​ប្អូន​ឲ្យ​ធ្វើ​អ្វី​ដែល​អាក្រក់។ តាម​ពិត គម្ពីរ​ចែង​ថា​៖​«​ការ​សេព​គប់​អាក្រក់​បង្ខូច​សីលធម៌​ល្អ​»។ (​កូរិនថូស​ទី​១ ១៥:៣៣, កំណត់​សម្គាល់​) ការ​បង្ខិត​បង្ខំ​ពី​អ្នក​ឯ​ទៀត​ឬ​ពី​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន​អាច​នាំ​ឲ្យ​ប្អូន​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​អាក្រក់​ដែល​ល្បួង​ប្អូន​ឲ្យ​ធ្វើ​អ្វី​ដែល​មិន​ត្រឹម​ត្រូវ ហើយ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ប្អូន​«​ប្រព្រឹត្ត​អាក្រក់​តាម​មនុស្ស​ភាគ​ច្រើន​»​ទៀត​ផង។—ដំណើរ​ចាក​ចេញ ២៣:២

 ប្អូន​យេរេមី​បាន​រៀប​រាប់​ថា​៖​«​ការ​បង្ខិត​បង្ខំ​ឲ្យ​ធ្វើ​ដូច​គេ​និង​ដើម្បី​ចូល​គេ​ចុះ អាច​នាំ​ឲ្យ​យើង​ធ្វើ​អ្វី​តាម​ពួក​គេ ព្រោះ​យើង​ចង់​ឲ្យ​គេ​ពេញ​ចិត្ត​យើង​»។

 សូម​ពិចារណា​៖ ហេតុ​អ្វី​ប្អូន​ប្រហែល​ជា​ពិបាក​យក​ឈ្នះ​ការ​ល្បួង បើ​ប្អូន​ខ្វល់​ច្រើន​ពេក​អំពី​អ្វី​ដែល​អ្នក​ឯ​ទៀត​គិត​មក​លើ​ប្អូន?—សុភាសិត ២៩:២៥

 សរុប​សេចក្ដី​៖ សូម​កុំ​ឲ្យ​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​ស្រករ​ប្អូន ល្បួង​ប្អូន​ឲ្យ​ធ្វើ​ខុស​នឹង​គោល​ការណ៍​របស់​ប្អូន​ឡើយ។

 អ្វី​ដែល​ប្អូន​អាច​ធ្វើ

 ស្គាល់​គោល​ជំហរ​របស់​ខ្លួន។ បើ​ប្អូន​មិន​ស្គាល់​គោល​ជំហរ​របស់​ខ្លួន​ទេ នោះ​ប្អូន​ប្រៀប​ដូច​ជា​តុក្កតា​ដែល​អ្នក​ឯ​ទៀត​ចង់​បញ្ជា​ទៅ​ណា​ក៏​បាន។ ជា​ការ​ល្អ​ដែល​ប្អូន​ធ្វើ​តាម​ការ​ដាស់​តឿន​ក្នុង​គម្ពីរ​ដែល​ថា​៖​«​ចូរ​ពិចារណា​អ្វី​ៗ​ទាំង​អស់​ឲ្យ​ប្រាកដ​ថា​ត្រឹម​ត្រូវ ចូរ​កាន់​ខ្ជាប់​តាម​អ្វី​ៗ​ដែល​ប្រសើរ​»។ (​ថែស្សាឡូនិច​ទី​១ ៥:២១​) ពេល​ប្អូន​មាន​គោល​ជំហរ​ច្បាស់​លាស់​ចំពោះ​អ្វី​ដែល​ត្រឹម​ត្រូវ​និង​ល្អ​ប្រសើរ នោះ​ប្អូន​ស្រួល​កាន់​ខ្ជាប់​តាម ហើយ​ស្រួល​យក​ឈ្នះ​ការ​ល្បួង។

 សូម​ពិចារណា​៖ ហេតុ​អ្វី​ប្អូន​ជឿ​ជាក់​ថា​ខ្នាត​តម្រា​សីលធម៌​របស់​ព្រះ​ផ្ដល់​ប្រយោជន៍​ដល់​ប្អូន?

 ប្អូន​ឃីមបឺលី​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​ឃើញ​ថា​ពេល​ដែល​ខ្ញុំ​កាន់​ខ្ជាប់​តាម​ជំនឿ​របស់​ខ្ញុំ ហើយ​មិន​ព្រម​ចុះ​ចាញ់​ការ​ល្បួង នោះ​អ្នក​ឯ​ទៀត​គោរព​ខ្ញុំ​ច្រើន​ជាង​»។

 គំរូ​ក្នុង​គម្ពីរ​៖ ដានីយ៉ែល។ តាម​មើល​ទៅ តាំង​ពី​ដានីយ៉ែល​នៅ​វ័យ​ជំទង់ គាត់​«​បាន​តាំង​ចិត្ត​»​ធ្វើ​តាម​ច្បាប់​របស់​ព្រះ។—ដានីយ៉ែល ១:៨

បើ​ប្អូន​មិន​ស្គាល់​គោល​ជំហរ​របស់​ខ្លួន​ទេ នោះ​ប្អូន​ប្រៀប​ដូច​ជា​តុក្កតា​ដែល​អ្នក​ឯ​ទៀត​ចង់​បញ្ជា​ទៅ​ណា​ក៏​បាន

 ស្គាល់​ចំណុច​ខ្សោយ​របស់​ប្អូន។ គម្ពីរ​ចែង​អំពី​«​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​កើត​មាន​ក្នុង​គ្រា​យុវវ័យ​»​គឺ​ខ្លាំង​ដល់​ម្ល៉េះ ជា​ពិសេស​ពេល​ដែល​ប្អូន​ដល់​វ័យ​នោះ។ (​ធីម៉ូថេ​ទី​២ ២:២២​) សេចក្ដី​ប៉ង​ប្រាថ្នា​នោះ​មិន​គ្រាន់​តែ​ជា​ចំណង់​ផ្លូវ​ភេទ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​ចង់​ចូល​គេ​ចុះ​និង​ការ​ចង់​ឯករាជ្យ​លើ​ខ្លួន​ឯង​ទាំង​ដែល​ប្អូន​មិន​ទាន់​ម្ចាស់​ការ​លើ​ខ្លួន​ផង។

 សូម​ពិចារណា​៖ គម្ពីរ​ចែង​ថា​«​មនុស្ស​ម្នាក់​ៗ​ត្រូវ​ល្បង​ល​ដោយ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ទាក់​ទាញ​និង​ល្បួង​លួង​លោម​»។ (​យ៉ាកុប ១:១៤​) តើ​សេចក្ដី​ប៉ង​ប្រាថ្នា​មួយ​ណា​ដែល​ទាក់​ទាញ​ចិត្ត​ប្អូន​ខ្លាំង​បំផុត?

 ប្អូន​ស៊ីលវីអា​បាន​រៀប​រាប់​ថា​៖​«​យើង​ត្រូវ​ស្គាល់​ចំណុច​ខ្សោយ​របស់​ខ្លួន ថា​ការ​ល្បួង​មួយ​ណា​ដែល​យើង​ងាយ​រង​គ្រោះ​បំផុត។ បន្ទាប់​មក សូម​ស្រាវ​ជ្រាវ​អំពី​របៀប​យក​ឈ្នះ​ការ​ល្បួង​ទាំង​នោះ ហើយ​កត់​ទុក​ចំណុច​ដែល​យើង​អាច​អនុវត្ត។ យ៉ាង​នេះ​ពេល​ជួប​ការ​ល្បួង​លើក​ក្រោយ យើង​នឹង​ដឹង​អំពី​របៀប​ដែល​យើង​អាច​យក​ឈ្នះ​បាន​»។

 គំរូ​ក្នុង​គម្ពីរ​៖ ដាវីឌ។ ពេល​ខ្លះ ដាវីឌ​បាន​ធ្វើ​តាម​ការ​បង្ខិត​បង្ខំ​ពី​អ្នក​ឯ​ទៀត ហើយ​គាត់​ក៏​ធ្វើ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ដែរ។ ប៉ុន្តែ គាត់​បាន​រៀន​ពី​កំហុស​ទាំង​នោះ ហើយ​ព្យាយាម​កែ​ប្រែ​និង​ធ្វើ​ល្អ​ឡើង​វិញ។ គាត់​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា​៖​«​សូម​លោក​ជួយ​ខ្ញុំ​ឲ្យ​មាន​ចិត្ត​បរិសុទ្ធ ហើយ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​គំនិត​ថ្មី​ដែល​មិន​ប្រែ​ប្រួល​រហូត​ត​ទៅ​»។—ចម្រៀង​សរសើរ​ព្រះ ៥១:១០

 ចេះ​គ្រប់​គ្រង​ខ្លួន។ គម្ពីរ​ចែង​ថា​៖​«​កុំ​ឲ្យ​សេចក្ដី​អាក្រក់​ឈ្នះ​អ្នក​ឡើយ​»។ (​រ៉ូម ១២:២១​) ប្អូន​អាច​យក​ឈ្នះ​ការ​ល្បួង​បាន។ ប្អូន​អាច​សម្រេច​ចិត្ត​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។

 សូម​ពិចារណា​៖ តើ​តាម​របៀប​ណា​ប្អូន​អាច​គ្រប់​គ្រង​ខ្លួន​និង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ពេល​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ប្រហែល​ជា​ល្បួង​ប្អូន​ឲ្យ​ធ្វើ​ខុស?

 ប្អូន​សូហ្វៀ​បាន​រៀប​រាប់​ថា​៖​«​ខ្ញុំ​គិត​ថា​បើ​ខ្ញុំ​ព្រម​ចុះ​ចាញ់​ការ​ល្បួង តើ​ខ្ញុំ​នឹង​មាន​អារម្មណ៍​យ៉ាង​ណា? ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ជាង​ទេ? ប្រហែល! តែ​មួយ​ភ្លែត​ប៉ុណ្ណោះ។ ចុះ​មួយ​រយៈ​ក្រោយ​មក? ខ្ញុំ​នឹង​មាន​អារម្មណ៍​ពិបាក​ជាង។ តើ​សម​ឲ្យ​ខ្ញុំ​ធ្វើ​អ៊ីចឹង​ទេ? អត់​ទេ!​»។

 គំរូ​ពី​គម្ពីរ​៖ ប៉ូល។ ទោះ​ជា​គាត់​បាន​សារភាព​ថា​គាត់​មាន​ទំនោរ​ចិត្ត​មិន​ត្រឹម​ត្រូវ​ក្ដី គាត់​បាន​គ្រប់​គ្រង​ទំនោរ​ចិត្ត​នោះ។ គាត់​បាន​សរសេរ​ថា​៖​«​ខ្ញុំ​ដាក់​ទោស​រូប​កាយ​របស់​ខ្ញុំ ហើយ​បង្ខំ​ឲ្យ​ចុះ​ចូល​ដូច​ខ្ញុំ​បម្រើ​»។—កូរិនថូស​ទី​១ ៩:២៧, កំណត់​សម្គាល់

 សរុប​សេចក្ដី​៖ ប្អូន​ជា​អ្នក​សម្រេច​ចិត្ត​ថា​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ការ​ល្បួង។

 សូម​ចាំ​ថា សេចក្ដី​ល្បួង​គឺ​មាន​តែ​មួយ​រយៈ​ពេល​ប៉ុណ្ណោះ។ ប្អូន​មេលីសា​ដែល​មាន​អាយុ​២០​ឆ្នាំ បាន​រៀប​រាប់​ថា​៖​«​ពេល​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ ខ្ញុំ​ធ្លាប់​ជួប​ការ​ល្បួង​ជា​ច្រើន​ដែល​ខ្ញុំ​គិត​ថា​វា​ធំ​ណាស់ តែ​បើ​ប្រៀប​នឹង​ឥឡូវ វា​គឺ​ជា​រឿង​តូច​តាច​ប៉ុណ្ណោះ។ ពេល​គិត​ឡើង​វិញ​អំពី​រឿង​នោះ ជួយ​ពង្រឹង​ទំនុក​ចិត្ត​ខ្ញុំ​ថា​ការ​ល្បួង​នៅ​ឥឡូវ​នេះ​នឹង​កន្លង​ផុត​ទៅ​ដែរ ហើយ​ខ្ញុំ​ទទួល​ស្គាល់​ថា​ជីវិត​ខ្ញុំ​គឺ​ប្រសើរ​ជាង​ឆ្ងាយ​ណាស់​ដោយ​សារ​ខ្ញុំ​បាន​យក​ឈ្នះ​ការ​ល្បួង​ទាំង​នោះ​»។