សំណួរពីយុវវ័យ
ការស្វែងយល់ចិត្តគ្នា ភាគទី៣: តើគួរបន្តឬបែកគ្នា?
ប្អូនបានស្វែងយល់ចិត្តគ្នាជាមួយនឹងបុគ្គលម្នាក់អស់មួយរយៈ តែប្អូនមានមន្ទិលសង្ស័យនឹងរឿងមួយចំនួន។ តើប្អូនគួរបន្តទាក់ទងគាត់ទៀតឬគួរឈប់? អត្ថបទនេះបានត្រូវរៀបចំឡើងដើម្បីជួយប្អូនធ្វើការសម្រេចចិត្ត។
ក្នុងអត្ថបទនេះ យើងនឹងពិចារណា៖
ពេលមានមន្ទិលសង្ស័យ
ក្រោយពីស្វែងយល់ចិត្តគ្នាអស់មួយរយៈ ប្អូនប្រុសម្នាក់និងប្អូនស្រីម្នាក់ប្រហែលជាឃើញថា ពួកគាត់មិនស៊ីគ្នាដូចដែលពួកគាត់ធ្លាប់គិតពីដំបូងនោះទេ។ ជាឧទាហរណ៍៖
ម្នាក់ចូលចិត្តទៅលេងឆ្នេរសមុទ្រ ម្នាក់ចូលចិត្តដើរភ្នំ។
ម្នាក់រួសរាយ ម្នាក់អៀនប្រៀន។
ម្នាក់ច្រើនតែលាក់កំណួច ម្នាក់តែងតែទៀងត្រង់។
សូមកត់សម្គាល់ថាគូនីមួយៗនេះមានស្ថានភាពខុសគ្នា។ គូទី១ប្រហែលជាមានចំណាប់អារម្មណ៍ខុសគ្នា គូទី២មានលក្ខណៈខុសគ្នា គូទី៣មានខ្នាតតម្រាខុសគ្នា។
សូមពិចារណា៖ ក្នុងចំណុចទាំងបីនេះ តើមួយណាពិបាកដោះស្រាយបំផុត បើគូទាំងពីរបានរៀបការហើយ? បើមានចំណុចណាមួយ តើប្អូនទាំងពីរអាចកែប្រែបានទេ?
ប្ដីនិងប្រពន្ធអាចមានចំណាប់អារម្មណ៍ឬលក្ខណៈខុសគ្នា តែពួកគាត់នៅតែអាចមានសុភមង្គលបាន។ សំខាន់បំផុត ការមានចំណុចដូចគ្នាមិនបានន័យថាពីរនាក់ស៊ីគ្នាទេ។ ក្នុងករណីខ្លះ ប្ដីនិងប្រពន្ធរៀនពីគ្នាទៅវិញទៅមក ទាំងចំណាប់អារម្មណ៍ ទាំងលក្ខណៈដែលពួកគេមាន។ a
ជាការសំខាន់ដែលប្អូនរៀបការជាមួយនឹងបុគ្គលដែលមានខ្នាតតម្រា ជំនឿសាសនា សីលធម៌ និងគោលជំហរដូចប្អូនដែរ។ បើគាត់មិនមានទេ ល្អជាងប្អូនបញ្ចប់ទំនាក់ទំនងជាមួយគាត់។
ជាឧទាហរណ៍ សូមពិចារណាអំពីខ្នាតតម្រាខុសគ្នាខាងសាសនា។ សៀវភៅមួយបានរៀបរាប់ថា៖«តាមការស្រាវជ្រាវបានបង្ហាញថាគូប្ដីប្រពន្ធដែលមានសាសនាខុសគ្នា ច្រើនតែលែងលះគ្នា»(Fighting for Your Marriage)។
គោលការណ៍គម្ពីរ៖ «កុំផ្សំផ្គុំខ្លួនជាមួយនឹងអ្នកដែលមិនជឿឡើយ»។—កូរិនថូសទី២ ៦:១៤
របៀបធ្វើការសម្រេចចិត្ត
គម្ពីរចែងថាអ្នកដែលរៀបការ«នឹងមានការលំបាកផ្សេងៗក្នុងជីវិត»។ (កូរិនថូសទី១ ៧:២៨) ដូច្នេះ គឺមិនចម្លែកឡើយដែលអ្នកមានការពិបាកខ្លះឥឡូវនេះ កាលដែលអ្នកកំពុងស្វែងយល់ចិត្តគ្នា។
ការខ្វែងគំនិតគ្នាបន្តិចបន្តួចមិនបានន័យថាទំនាក់ទំនងរបស់អ្នកទាំងពីរបរាជ័យនោះទេ។ សំណួរគឺថា តើប្អូនអាចដោះស្រាយបញ្ហានោះដោយសន្តិវិធីឬទេ? ដូច្នេះ ទាំងមុនទាំងក្រោយរៀបការ ប្អូនត្រូវចេះដោះស្រាយបញ្ហាដោយសន្តិវិធី។
គោលការណ៍គម្ពីរ៖«ចូរប្រព្រឹត្តដោយសប្បុរសដល់គ្នាទៅវិញទៅមក មានសេចក្ដីអាណិតមេត្តា ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ»។—អេភេសូរ ៤:៣២
ផ្ទុយទៅវិញ បើអ្នកទាំងពីរឧស្សាហ៍ខ្វែងគំនិតគ្នា ឬមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង នោះអាចជាទីសម្គាល់ថាអ្នកទាំងពីរមិនស៊ីគ្នាទេ។ បើមានករណីនោះមែន គឺល្អជាងឲ្យអ្នកទាំងពីរពិចារណានៅឥឡូវនេះ មុនសម្រេចចិត្តរៀបការ។
សរុបសេចក្ដី៖ បើប្អូនមានមន្ទិលសង្ស័យខ្លាំងអំពីទំនាក់ទំនងជាមួយគាត់ឬមិនច្បាស់ក្នុងចិត្តថាប្អូនត្រៀមខ្លួនរួចហើយដើម្បីរៀបការទេ នោះសូមកុំមើលរំលងចំណុចទាំងនេះឡើយ!
គោលការណ៍គម្ពីរ៖ «មនុស្សឈ្លាសវៃឃើញអន្តរាយមកក៏ពួនខ្លួន តែមនុស្សខ្វះបទពិសោធន៍បន្តដើរទៅទៀត ហើយរងផលពិបាក»។—សុភាសិត ២២:៣
បើប្អូនសម្រេចចិត្តបែកគ្នា
ការបែកគ្នាអាចធ្វើឲ្យឈឺចិត្តណាស់។ ប៉ុន្តែ បើម្ខាងឬទាំងសងខាងនៅតែមានមន្ទិលសង្ស័យចំពោះទំនាក់ទំនងរបស់ខ្លួន នោះល្អជាងឲ្យពួកគេបែកគ្នា។
តើប្អូនគួរធ្វើដូច្នោះយ៉ាងដូចម្ដេច? លុះត្រាតែមានមូលហេតុត្រឹមត្រូវឲ្យប្អូនបែកគ្នា។ គឺមិនល្អទេដែលយើងសុំបែកគ្នាតាមការផ្ញើសារឬអ៊ីម៉ែល។ ផ្ទុយទៅវិញ សូមជ្រើសរើសពេលនិងកន្លែងសមរម្យមួយដើម្បីនិយាយគ្នាអំពីរឿងនេះ។
គោលការណ៍គម្ពីរ៖ «ចូរនិយាយពាក្យពិតចំពោះគ្នា»។—សាការី ៨:១៦
តើការបែកគ្នាមានន័យថាប្អូនជាមនុស្សបរាជ័យឬ? មិនមែនទេ។ សូមចាំថាការស្វែងយល់ចិត្តគ្នាជាឱកាសដែលជួយប្អូនអាចសម្រេចចិត្តថាគួររៀបការជាមួយបុគ្គលនោះឬមិនគួរ។ សូម្បីតែទំនាក់ទំនងរបស់អ្នកទាំងពីរត្រូវបញ្ចប់ក្ដី ប្អូននៅតែអាចទាញមេរៀនពីបទពិសោធន៍នោះ។
សូមសួរខ្លួនឯងថា៖ ‹តើខ្ញុំបានស្គាល់ខ្លួនច្បាស់ជាងយ៉ាងណាពីទំនាក់ទំនងនេះ? តើបទពិសោធន៍នេះបង្ហាញឲ្យឃើញចំណុចអ្វីខ្លះដែលខ្ញុំគួររីកចម្រើន? បើខ្ញុំសម្រេចចិត្តស្វែងយល់ចិត្តគ្នាលើកក្រោយ តើខ្ញុំនឹងធ្វើយ៉ាងណា?›។
a ដើម្បីស្វែងយល់ថែមទៀតអំពីរបៀបដែលការពិបាកទាំងនេះអាចមានឥទ្ធិពលទៅលើប្ដីនិងប្រពន្ធ សូមមើលអត្ថបទដែលមានចំណងជើងថា«ជំនួយសម្រាប់ក្រុមគ្រួសារ បើមានលក្ខណៈខុសគ្នា តើគូប្ដីប្រពន្ធគួរធ្វើយ៉ាងណា?» និងអត្ថបទដែលមានចំណងជើងថា«ជំនួយសម្រាប់ក្រុមគ្រួសារ របៀបកែប្រែទស្សនៈចំពោះលក្ខណៈរបស់គូដែលអ្នកទើសចិត្ត»។