ជំនួយសម្រាប់ក្រុមគ្រួសារ | ឪពុកម្ដាយ
កូនៗនិងទូរស័ព្ទទំនើប ភាគទី២: ចូរបង្រៀនកូនអំពីរបៀបប្រើប្រាស់ទូរស័ព្ទទំនើបដោយឈ្លាសវៃ
ទូរស័ព្ទទំនើបប្រៀបដូចជាឧបករណ៍ដ៏មានឥទ្ធិពល។ វាអាចផ្ដល់អត្ថប្រយោជន៍ឬក៏បង្កគ្រោះថ្នាក់ដល់យើង នេះអាស្រ័យទៅលើរបៀបដែលយើងប្រើប្រាស់វា។ តើតាមរបៀបណាអ្នកអាចបង្រៀនកូនរបស់អ្នកឲ្យប្រើប្រាស់គ្រឿងអេឡិចត្រូនិកនេះតាមរបៀបដ៏ឈ្លាសវៃ? ជាឧទាហរណ៍ តើពួកគេគួរប្រើគ្រឿងអេឡិចត្រូនិកច្រើនប៉ុនណាក្នុងមួយថ្ងៃ? a
អ្វីដែលអ្នកគួរដឹង
ទូរស័ព្ទទំនើបនាំឲ្យអ្នកប្រើប្រាស់មានគ្រោះថ្នាក់។ ដូចបានបង្ហាញក្នុងអត្ថបទដែលមានចំណងជើងថា«កូនៗនិងទូរស័ព្ទទំនើប ភាគទី១: តើកូនខ្ញុំគួរមានទូរស័ព្ទទំនើបឬទេ?» ទូរស័ព្ទទំនើបអាចឲ្យកូនរបស់អ្នកឃើញអ្វីគ្រប់យ៉ាងតាមអ៊ីនធឺណិតទាំងល្អទាំងអាក្រក់។
បងស្រីប្រេនដឺបានរៀបរាប់ថា៖«គឺងាយឲ្យយើងភ្លេចថា ទូរស័ព្ទទំនើបអាចនាំឲ្យកូនរបស់យើងធ្លាក់ទៅក្នុងគ្រោះថ្នាក់ដោយសារទទួលឥទ្ធិពលពីមនុស្សមិនល្អនិងទស្សនៈមិនត្រឹមត្រូវគ្រប់បែបយ៉ាង»។
កូនៗត្រូវការការណែនាំ។ យុវវ័យនៅសព្វថ្ងៃនេះកើតមកនៅក្នុងសង្គមដែលប្រើបច្ចេកវិទ្យា។ សូម្បីតែមនុស្សពេញវ័យជាច្រើននៅសព្វថ្ងៃនេះក៏ចាប់ផ្ដើមប្រើដែរ។ ប៉ុន្តែ នេះមិនមែនមានន័យថាឪពុកម្ដាយទាំងអស់ដឹងគ្រប់យ៉ាងអំពីបច្ចេកវិទ្យានោះទេ ហើយក៏មិនមានន័យថាក្មេងៗដឹងអំពីរបៀបប្រើទូរស័ព្ទទំនើបបានល្អប្រសើរជាង និងដឹងថាពេលណាពួកគេគួរប្រើទូរស័ព្ទទំនើបនោះដែរ។
ពិតមែនថាកូនរបស់អ្នកពូកែប្រើទូរស័ព្ទទំនើបជាងអ្នកមែន តែនោះមិនមែនមានន័យថាពួកគេដឹងអំពីរបៀបប្រើប្រាស់វាប្រកបដោយប្រាជ្ញានោះទេ។ សូម្បីតែកូនដឹងច្រើនអំពីបច្ចេកវិទ្យាក្ដី ក៏ពួកគេត្រូវការឪពុកម្ដាយបង្រៀនពួកគេអំពីរបៀបប្រើប្រាស់ទូរស័ព្ទទំនើបដោយមានទំនួលខុសត្រូវដែរ។
បងសេតរៀបរាប់ថា៖«ការឲ្យទូរស័ព្ទទំនើបដល់កូនដោយមិនបានបង្ហាត់បង្រៀនជាមុន ប្រៀបដូចជាប្រគល់សោឡានឲ្យគាត់ទាំងមិនបានបង្រៀនគាត់អំពីរបៀបបើកបរ ហើយឲ្យគាត់បញ្ឆេះឡាន រួចបើកតែម្ដង ដោយគ្រាន់តែនិយាយថា‹ប្រយ័ត្នប្រយែងណា៎›»។
អ្វីដែលអ្នកអាចធ្វើ
ស្វែងយល់ថាទូរស័ព្ទរបស់កូនអ្នកមានកម្មវិធីអ្វីខ្លះនៅក្នុងនោះ។ ពេលដែលអ្នកស្គាល់ច្បាស់អំពីទូរស័ព្ទរបស់កូនអ្នក នោះអ្នកអាចជួយកូនឲ្យប្រើប្រាស់ទូរស័ព្ទដោយមានទំនួលខុសត្រូវ។ ជាឧទាហរណ៍៖
ពេលដែលឪពុកម្ដាយដឹងថាទូរស័ព្ទរបស់កូនមានកម្មវិធីអ្វីខ្លះ ពួកគាត់អាចដាក់កម្រិតទៅលើពេលវេលាដែលកូនអាចប្រើប្រាស់ និងគេហទំព័រណាខ្លះដែលកូនអាចចូលមើលបាន។
តើអ្នកដឹងទេថាកម្មវិធីសម្រាប់រារាំងកុំឲ្យអ្វីមិនល្អចូលក្នុងទូរស័ព្ទ មិនតែងតែទប់ស្កាត់បានទាំងស្រុងទេ?
ពេលដែលអ្នកកាន់តែស្គាល់ច្បាស់អំពីទូរស័ព្ទរបស់កូន នោះអ្នកកាន់តែអាចជួយកូនឲ្យប្រើប្រាស់វាដោយឈ្លាសវៃ។
គោលការណ៍គម្ពីរ៖ «មនុស្សដែលមានចំណេះក៏បង្កើនអំណាចរបស់ខ្លួនដែរ»។—សុភាសិត ២៤:៥
ដាក់កម្រិតក្នុងការប្រើប្រាស់។ សូមសម្រេចថាអ្វីដែលអ្នកអនុញ្ញាតនិងអ្វីដែលអ្នកមិនអនុញ្ញាត។ ជាឧទាហរណ៍៖
តើអ្នកនឹងអនុញ្ញាតឲ្យកូនយកទូរស័ព្ទមកតុបាយ ឬប្រើប្រាស់វាពេលទៅលេងសាច់ញាតិឬមិត្តភក្តិឬទេ?
តើកូនរបស់អ្នកគួរមានទូរស័ព្ទរបស់គាត់នៅបន្ទប់គេងពេញមួយយប់ទេ?
តើកម្មវិធីអ្វីខ្លះដែលអ្នកនឹងអនុញ្ញាតឲ្យគាត់ប្រើប្រាស់?
តើពេលវេលាមើលគ្រឿងអេឡិចត្រូនិកប៉ុនណា គឺច្រើនពេក?
តើអ្នកនឹងដាក់កម្រិតពេលវេលាក្នុងការប្រើប្រាស់ជារៀងរាល់ថ្ងៃទេ?
សូមប្រាប់កូនៗអំពីវិន័យដែលអ្នកបានដាក់ឲ្យគាត់ បើគាត់មិនគោរពវិន័យនោះទេ អ្នកអាចប្រៀនប្រដៅគាត់។
គោលការណ៍គម្ពីរ៖ ‹កុំស្ទាក់ស្ទើរប្រៀនប្រដៅកូនឡើយ›។—សុភាសិត ២៣:១៣
ពិនិត្យមើលទូរស័ព្ទកូនរបស់អ្នក។ អ្នកត្រូវស្គាល់លេខសម្ងាត់ទូរស័ព្ទកូនរបស់អ្នក ហើយឆែកមើលអ្វីៗក្នុងទូរស័ព្ទរបស់គាត់ដែលពិតជាចាំបាច់ រួមបញ្ចូលសារ កម្មវិធីផ្សេងៗ រូបភាព និងគេហទំព័រនានា។
ម្ដាយម្នាក់ឈ្មោះឡរេន បានរៀបរាប់ថា៖«យើងបានប្រាប់កូនស្រីរបស់យើងថា យូរៗម្ដងយើងនឹងឆែកមើលទូរស័ព្ទរបស់គាត់ដោយមិនប្រាប់គាត់ជាមុន។ បើយើងរកឃើញថាគាត់ប្រើប្រាស់ទូរស័ព្ទមិនត្រឹមត្រូវទេ នោះយើងដាក់កម្រិតក្នុងការប្រើប្រាស់របស់គាត់»។
ក្នុងនាមជាឪពុកម្ដាយ អ្នកមានសិទ្ធិដឹងថាកូនរបស់អ្នកកំពុងប្រើប្រាស់ទូរស័ព្ទតាមរបៀបណា។
គោលការណ៍គម្ពីរ៖ «សូម្បីតែការប្រព្រឹត្តរបស់កូនក្មេងក៏បង្ហាញឲ្យដឹងដែរថា គាត់ជាក្មេងបរិសុទ្ធហើយត្រឹមត្រូវឬយ៉ាងណា»។—សុភាសិត ២០:១១
បង្រៀនខ្នាតតម្រា។ សូមជួយកូនរបស់អ្នកឲ្យចង់ធ្វើអ្វីដែលត្រឹមត្រូវ។ ហេតុអ្វីនេះសំខាន់? ពីព្រោះបើកូនពិតជាចង់លាក់បាំងអ្វីមួយពីឪពុកម្ដាយ នោះគាត់នឹងព្យាយាមរកវិធីបិទបាំង មិនថាឪពុកម្ដាយរបស់គាត់ធ្វើបែបណាក៏ដោយ។ b
ដូច្នេះ សូមជួយកូនរបស់អ្នកឲ្យបណ្ដុះគុណសម្បត្តិល្អៗ ដូចជា ភាពស្មោះត្រង់ ការចេះទប់ចិត្ត និងទំនួលខុសត្រូវចំពោះការប្រព្រឹត្តរបស់គាត់។ កូនដែលមានគោលការណ៍សីលធម៌ទំនងជាប្រើប្រាស់ទូរស័ព្ទដោយឈ្លាសវៃជាង។
គោលការណ៍គម្ពីរ៖«មនុស្សពេញវ័យ . . . បង្វឹកបង្ហាត់សមត្ថភាពវែកញែករបស់ខ្លួន ដើម្បីសម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវ»។—ហេប្រឺ ៥:១៤
a ក្នុងអត្ថបទនេះ ពាក្យ«ទូរស័ព្ទទំនើប»សំដៅទៅលើទូរស័ព្ទដៃដែលអាចភ្ជាប់អ៊ីនធឺណិតបាន។ ជាពិសេសគឺកុំព្យូទ័រតូច។
b ជាឧទាហរណ៍ អ្នកខ្លះប្រើកម្មវិធីបន្លំភ្នែក ដែលមើលទៅជាកម្មវិធីធម្មតា ដូចជាកម្មវិធីគិតលេខជាដើម។ ប៉ុន្តែ តាមពិតក្នុងកម្មវិធីនោះមានសារឬរូបភាពមិនល្អដែលពួកគេចង់បិទបាំងមិនឲ្យឪពុកម្ដាយពួកគេឃើញ។