តើសាក្សីព្រះយេហូវ៉ាខំផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយដើម្បីទទួលសេចក្ដីសង្គ្រោះឬ?
មិនមែនទេ។ យើងខំផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយយ៉ាងទៀងទាត់ តែយើងមិនជឿថា ការដែលយើងផ្សព្វផ្សាយនឹងជួយយើងឲ្យទទួលសេចក្ដីសង្គ្រោះឡើយ។ (អេភេសូរ ២:៨) ហេតុអ្វី?
សូមគិតអំពីឧទាហរណ៍នេះ: សូមស្រមៃថា មានបុរសចិត្តល្អម្នាក់បានសន្យាថា ឲ្យអំណោយដ៏ថ្លៃមួយដល់អ្នកណាក៏ដោយដែលមកតាមពេល និងទីកន្លែងដែលគាត់បានប្រាប់។ បើលោកអ្នកជឿពាក្យសន្យារបស់បុរសនោះ តើលោកអ្នកនឹងធ្វើតាមអ្វីដែលគាត់ប្រាប់ទេ? ប្រាកដមែន! លោកអ្នកក៏ទំនងជាប្រាប់មិត្តភក្ដិ និងក្រុមគ្រួសារអំពីឱកាសដ៏ពិសេសនេះ ដើម្បីពួកគេអាចទទួលប្រយោជន៍ដែរ។ ទោះជាយ៉ាងនោះក៏ដោយ លោកអ្នកអាចទទួលអំណោយ មិនមែនដោយសារលោកអ្នកបានធ្វើតាមអ្វីដែលបុរសនោះប្រាប់ទេ ប៉ុន្តែដោយសារបុរសនោះចង់ឲ្យអំណោយដល់លោកអ្នក។
ស្រដៀងគ្នាដែរ សាក្សីព្រះយេហូវ៉ាជឿទៅលើសេចក្ដីសន្យារបស់ព្រះដែលថា លោកនឹងផ្ដល់ជីវិតដែលគ្មានទីបញ្ចប់ដល់អ្នកណាដែលស្ដាប់បង្គាប់លោក។ (រ៉ូម ៦:២៣) យើងខំព្យាយាមប្រាប់អំពីជំនឿរបស់យើងដល់អ្នកឯទៀត ដោយសង្ឃឹមថាពួកគេនឹងទទួលប្រយោជន៍ពីសេចក្ដីសន្យារបស់ព្រះ។ ប៉ុន្តែ យើងមិនជឿថា យើងទទួលសេចក្ដីសង្គ្រោះដោយសាររួមចំណែកក្នុងកិច្ចផ្សព្វផ្សាយនោះទេ។ (រ៉ូម ១:១៧; ៣:២៨) តាមការពិត គ្មានមនុស្សជាតិណាម្នាក់ដែលអាចមានគុណសម្បត្ដិគ្រប់គ្រាន់សមនឹងទទួលពរពីព្រះយេហូវ៉ាឡើយ។ គម្ពីរចែងថា៖«មិនមែនដោយសារការសុចរិតដែលយើងបានប្រព្រឹត្តទេ តែដោយសារសេចក្ដីមេត្ដាករុណារបស់លោក នោះលោកបានសង្គ្រោះយើង»។—ទីតុស ៣:៥,សេចក្ដីបកប្រែពិភពលោកថ្មី