លោតទៅអត្ថបទ

តើសាក្សីព្រះយេហូវ៉ាមានច្បាប់ចំពោះការស្វែងយល់ចិត្តគ្នាឬទេ?

តើសាក្សីព្រះយេហូវ៉ាមានច្បាប់ចំពោះការស្វែងយល់ចិត្តគ្នាឬទេ?

 សាក្សី​ព្រះ​យេហូវ៉ា​ជឿ​ថា​គោល​ការណ៍​និង​បង្គាប់​ក្នុង​គម្ពីរ អាច​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​ផង និង​មាន​ប្រយោជន៍​សម្រាប់​ខ្លួន​យើង​ផ្ទាល់​ផង​ដែរ។ (អេសាយ ៤៨:១៧, ១៨) យើង​មិន​បាន​បង្កើត​គោល​ការណ៍​និង​បង្គាប់​ទាំង​នោះ​ទេ ប៉ុន្តែ​យើង​រស់​នៅ​ស្រប​តាម​គោល​ការណ៍​និង​បង្គាប់​ទាំង​នោះ។ សូម​ពិចារណា​របៀប​ដែល​គោល​ការណ៍​និង​បង្គាប់​ខ្លះៗ​ជាប់​ទាក់​ទង​នឹង​ការ​ស្វែង​យល់​ចិត្ត​គ្នា។ a

  •   អាពាហ៍​ពិពាហ៍​គឺ​ជា​ចំណង​មួយ​ដែល​នៅ​ជាប់​ជា​រៀង​រហូត។ (ម៉ាថាយ ១៩:៦) ដោយ​សារ​សាក្សី​ព្រះ​យេហូវ៉ា​ចាត់​ទុក​ការ​ស្វែង​យល់​ចិត្ត​គ្នា​ជា​ជំហាន​មួយ​ឈាន​ទៅ​កាន់​អាពាហ៍​ពិពាហ៍ ដូច្នេះ​យើង​មាន​ទស្សនៈ​ថា​ការ​ស្វែង​យល់​ចិត្ត​គ្នា​មិន​មែន​ជា​រឿង​លេង​សើច​ទេ។

  •   ការ​ស្វែង​យល់​ចិត្ត​គ្នា​គឺ​សម្រាប់​តែ​អ្នក​ដែល​មាន​អាយុ​ល្មម​នឹង​រៀប​ការ​តែ​ប៉ុណ្ណោះ។ អ្នក​ទាំង​នោះ​«មិន​ក្មេង​ពេក​» ហើយ​ក៏​បាន​ឆ្លង​ផុត​គ្រា​ដែល​មាន​ចំណង់​ផ្លូវ​ភេទ​ខ្លាំង​ដែរ។—កូរិនថូស​ទី១ ៧:៣៦

  •   អ្នក​ដែល​ស្វែង​យល់​ចិត្ត​គ្នា​គួរ​ជា​អ្នក​ដែល​មាន​សិទ្ធិ​អាច​រៀប​ការ​បាន។ យោង​ទៅ​តាម​ខ្នាត​តម្រា​របស់​ព្រះ ការ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ជា​មូល​ហេតុ​តែ​មួយ​គត់​ក្នុង​ការ​លែង​លះ។ ដូច្នេះ ទោះ​ជា​បុគ្គល​ដែល​បាន​លែង​លះ​គ្នា​តាម​ផ្លូវ​ច្បាប់​ក៏​ដោយ តែ​បើ​គូ​អាពាហ៍​ពិពាហ៍​របស់​គាត់​មិន​បាន​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ទេ តាម​ទស្សនៈ​របស់​ព្រះ​បុគ្គល​នោះ​មិន​អាច​រៀប​ការ​ម្ដង​ទៀត​បាន​ឡើយ។—ម៉ាថាយ ១៩:៩

  •   គ្រិស្ត​សាសនិក​ដែល​ចង់​រៀប​ការ ត្រូវ​ធ្វើ​តាម​បង្គាប់​ឲ្យ​រៀប​ការ​តែ​ជា​មួយ​នឹង​អ្នក​ដែល​ជា​គ្រិស្ត​សាសនិក​ដូច​គ្នា។ (កូរិនថូស​ទី១ ៧:៣៩) សាក្សី​ព្រះ​យេហូវ៉ា​ចាត់​ទុក​បង្គាប់​នេះ មិន​គ្រាន់​តែ​សំដៅ​ទៅ​លើ​បុគ្គល​ដែល​គោរព​ជំនឿ​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សំដៅ​ទៅ​លើ​បុគ្គល​ដែល​ផ្សព្វ​ផ្សាយ និង​ធ្វើ​តាម​ជំនឿ​ទាំង​នោះ​ផង​ដែរ ហើយ​ជា​អ្នក​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់។ (កូរិនថូស​ទី២ ៦:១៤) រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ព្រះ​បាន​បង្គាប់​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក​ឲ្យ​រៀប​ការ​ជា​មួយ​នឹង​អ្នក​ដែល​មាន​ជំនឿ​ដូច​គ្នា​តែ​ប៉ុណ្ណោះ។ (លោកុប្បត្តិ ២៤:៣; ម៉ាឡាគី ២:១១) អ្នក​ស្រាវ​ជ្រាវ​នៅ​សព្វ​ថ្ងៃ​នេះ​បាន​ទទួល​ស្គាល់​ថា បង្គាប់​នេះ​នៅ​តែ​មាន​ប្រយោជន៍។ b

  •   កូន​គួរ​តែ​ស្ដាប់​បង្គាប់​ឪ​ពុក​ម្ដាយ។ (សុភាសិត ១:៨; កូឡុស ៣:២០) ចំពោះ​កូន​ដែល​រស់​នៅ​ជា​មួយ​ឪ​ពុក​ម្ដាយ បង្គាប់​នេះ​ក៏​រួម​បញ្ចូល​ការ​គោរព​តាម​ការ​សម្រេច​ចិត្ត​របស់​ឪ​ពុក​ម្ដាយ ចំពោះ​ការ​ស្វែង​យល់​ចិត្ត​គ្នា​ផង​ដែរ។ ជា​ឧទាហរណ៍ ឪ​ពុក​ម្ដាយ​នឹង​សម្រេច​ថា​កូន​របស់​គាត់​មាន​អាយុ​ប៉ុន្មាន​ទើប​អាច​ស្វែង​យល់​ចិត្ត​គ្នា​ជា​មួយ​នឹង​អ្នក​ណា​ម្នាក់ ហើយ​ថា​សកម្មភាព​បែប​ណា​ដែល​ពួក​គាត់​អនុញ្ញាត​ឲ្យ​កូន​ធ្វើ​ជា​មួយ​នឹង​បុគ្គល​ម្នាក់​ទៀត។

  •   ដោយ​មាន​ការ​ណែនាំ​ពី​បទ​គម្ពីរ សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់ៗ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ថា ‹តើ​ខ្ញុំ​អាច​ចាប់​ផ្ដើម​ស្វែង​យល់​ចិត្ត​អ្នក​ណា​ម្នាក់​បាន​ហើយ​ឬ​នៅ? ហើយ​តើ​ខ្ញុំ​គួរ​ស្វែង​យល់​ចិត្ត​ជា​មួយ​នឹង​បុគ្គល​បែប​ណា?›។ នេះ​សម​ស្រប​ទៅ​នឹង​គោល​ការណ៍​គម្ពីរ​ដែល​ថា​៖«ម្នាក់ៗ​ត្រូវ​ទទួល​ភារៈ​របស់​ខ្លួន»។ (កាឡាទី ៦:៥) ប៉ុន្តែ ស្តី​អំពី​ការ​ស្វែង​យល់​ចិត្ត​គ្នា សាក្សី​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​ដែល​មាន​ភាព​ឈ្លាស​វៃ ស្វែង​រក​ការ​ណែនាំ​ពី​សាក្សី​ព្រះ​យេហូវ៉ា​ដែល​មាន​ភាព​ចាស់​ទុំ និង​ដែល​ចង់​ឲ្យ​ពួក​គេ​ទទួល​ប្រយោជន៍​ច្រើន​បំផុត។—សុភាសិត ១:៥

  •   ជា​ទូ​ទៅ​ក្នុង​អំឡុង​ពេល​ស្វែង​យល់​ចិត្ត​គ្នា គូ​សង្សារ​មាន​ការ​ប្រព្រឹត្ត​ដែល​គម្ពីរ​ចាត់​ទុក​ថា​ជា​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។ ជា​ឧទាហរណ៍ គម្ពីរ​បង្គាប់​ឲ្យ​យើង​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​គ្រប់​បែប​យ៉ាង​ក្រៅ​ពី​គូ​អាពាហ៍​ពិពាហ៍។ អំពើ​ប្រាស​ចាក​សីលធម៌​ទាំង​នោះ​រួម​បញ្ចូល​ការ​រួម​ភេទ ដូច​ជា​ការ​រួម​ភេទ​តាម​មាត់ តាម​ផ្លូវ​បាត ឬ​ការ​ស្ទាប​អង្អែល​អវយវៈ​ភេទ​របស់​បុគ្គល​ដែល​មិន​មែន​ជា​គូ​អាពាហ៍​ពិពាហ៍​របស់​ខ្លួន។ (កូរិនថូស​ទី១ ៦:៩​-​១១) សូម្បី​តែ​ការ​ប្រព្រឹត្ត​ដែល​នាំ​ឲ្យ​ស្រើប​ស្រាល​មុន​ពេល​រៀប​ការ ក៏​ជា«អំពើ​ស្មោក​គ្រោក»​ដែល​ព្រះ​មិន​ពេញ​ចិត្ត​ដែរ ទោះ​ជា​ការ​ប្រព្រឹត្ត​នោះ​មិន​ទាន់​ឈាន​ដល់​ការ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ក៏​ដោយ។ (កាឡាទី ៥:១៩​-​២១) ការ​និយាយ​«ពាក្យ​អាស​អាភាស» ក៏​គម្ពីរ​ផ្ដន្ទា​ទោស​ដែរ។—កូឡុស ៣:៨

  •   ចិត្ត​និង​គំនិត​របស់​យើង​អាច​បញ្ឆោត​យើង​បាន។ (យេរេមា ១៧:៩) ចិត្ត​របស់​បុគ្គល​ម្នាក់​អាច​បណ្ដាល​ឲ្យ​គាត់​ប្រព្រឹត្ត​អ្វី​ដែល​គាត់​ដឹង​ថា​ខុស។ ដើម្បី​ការពារ​ចិត្ត​កុំ​ឲ្យ​នាំ​ពួក​គេ​ធ្វើ​អ្វី​ដែល​ខុស គូ​ដែល​កំពុង​ស្វែង​យល់​ចិត្ត​គ្នា​អាច​ជៀស​វាង​ពី​ការ​នៅ​តែ​ពីរ​នាក់​ក្នុង​ស្ថានភាព​ដែល​អាច​ល្បួង​ពួក​គេ​ឲ្យ​ធ្វើ​ខុស។ ពួក​គេ​អាច​ជ្រើស​រើស​វិធី​ល្អៗ​ជា​ច្រើន​ដែល​អាច​ការពារ​ពួក​គេ ដូច​ជា​ការ​ដើរ​ជា​ក្រុម​ជា​មួយ​នឹង​មនុស្ស​ដែល​មាន​ការ​ប្រព្រឹត្ត​ល្អ ឬ​សុំ​អ្នក​ណា​ម្នាក់​ឲ្យ​ទៅ​កំដរ​ដើម្បី​ជួយ​មើល​ការ​ខុស​ត្រូវ​ពួក​គេ។ (សុភាសិត ២៨:២៦) គ្រិស្ត​សាសនិក​នៅ​លីវ​ដែល​កំពុង​ស្វែង​រក​គូ​អាពាហ៍​ពិពាហ៍ ទទួល​ស្គាល់​ថា​ការ​ស្វែង​រក​គូ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​គឺ​គ្រោះ​ថ្នាក់​ណាស់ ជា​ពិសេស​ការ​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​នឹង​បុគ្គល​ដែល​ពួក​គេ​មិន​សូវ​ស្គាល់។—ទំនុក​តម្កើង ២៦:៤

a ការ​ស្វែង​យល់​ចិត្ត​គ្នា​គឺ​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​ខ្លះ ប៉ុន្តែ​វប្បធម៌​ខ្លះ​ទៀត​មិន​ធ្វើ​ដូច្នេះ​ទេ។ គម្ពីរ​មិន​បាន​ចែង​ថា​យើង​ត្រូវ​តែ​ស្វែង​យល់​ចិត្ត​គ្នា ឬ​ថា​ការ​ស្វែង​យល់​ចិត្ត​គ្នា​ជា​វិធី​តែ​មួយ​គត់​ដែល​នាំ​ទៅ​ដល់​ការ​រៀប​អាពាហ៍​ពិពាហ៍​នោះ​ទេ។

b ជា​ឧទាហរណ៍ ក្នុង​ទស្សនាវដ្ដី​Marriage & Family Review លេខ​១ ក្បាល​ទី​៣៨ ទំព័រ​៨៨ ឆ្នាំ​២០០៥ មាន​អត្ថបទ​មួយ​បាន​រៀប​រាប់​ថា​៖«តាម​រយៈ​ការ​សិក្សា​ស្រាវ​ជ្រាវ​បី​ស្តី​អំពី​ចំណង​អាពាហ៍​ពិពាហ៍​យូរ​អង្វែង បាន​បង្ហាញ​ថា​ការ​មាន​ការ​គោរព​ប្រណិប័តន៍​ព្រះ​និង​ជំនឿ​សាសនា​ស្រដៀង​គ្នា គឺ​ជា​កត្ដា​សំខាន់​ដែល​នាំ​ឲ្យ​មាន​ចំណង​អាពាហ៍​ពិពាហ៍​យូរ​អង្វែង (អាពាហ៍​ពិពាហ៍​អស់​រយៈ​ពេល​២៥​-​៥០​ឆ្នាំ​ឬ​ច្រើន​ជាង)»។