លោតទៅអត្ថបទ

ហេតុអ្វីសាក្សីព្រះយេហូវ៉ាធ្វើពិធីអាហារល្ងាចរបស់លោកម្ចាស់ខុសពីរបៀបដែលសាសនាឯទៀតធ្វើ?

ហេតុអ្វីសាក្សីព្រះយេហូវ៉ាធ្វើពិធីអាហារល្ងាចរបស់លោកម្ចាស់ខុសពីរបៀបដែលសាសនាឯទៀតធ្វើ?

 យើង​ធ្វើ​តាម​គម្ពីរ​យ៉ាង​ដិត​ដល់​ស្តី​អំពី​ការ​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់។ ពិធី​នេះ​ក៏​ត្រូវ​ហៅ​ថា​អាហារ​ល្ងាច​ចុង​ក្រោយ​ឬ​«​លៀង​បរិសុទ្ធ​នៃ​ព្រះ​អម្ចាស់​»​ និង​ពិធី​រំលឹក​មរណភាព​របស់​លោក​យេស៊ូ​ផង​ដែរ។ (​កូរិនថូស​ទី១ ១១:២០,សមាគម​ព្រះ​គម្ពីរ​កម្ពុជា​) ផ្ទុយ​ទៅ​វិញ ជំនឿ​និង​ការ​ប្រព្រឹត្ត​របស់​និកាយ​សាសនា​ផ្សេង​ៗ​ដែល​ទាក់​ទង​នឹង​ពិធី​នេះ មិន​មាន​មូលដ្ឋាន​លើ​គម្ពីរ​ទេ។

គោល​បំណង

 គោល​បំណង​នៃ​ការ​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់ គឺ​ដើម្បី​រំលឹក​អំពី​លោក​យេស៊ូ និង​បង្ហាញ​ថា​យើង​ដឹង​គុណ​លោក​យេស៊ូ​ដែល​បាន​បូជា​ជីវិត​ដើម្បី​ប្រយោជន៍​យើង​រាល់​គ្នា។ (​ម៉ាថាយ ២០:២៨; កូរិនថូស​ទី១ ១១:២៤​) ការ​ធ្វើ​ពិធី​រំលឹក​នេះ​មិន​មែន​ជា​ពិធី​បុណ្យ​ឬ​ទំនៀម​ទម្លាប់​សាសនា ដែល​ធ្វើ​ឡើង​ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ ឬ​ទទួល​ការ​អភ័យ​ទោស​អំពើ​ខុស​ឆ្គង​នោះ​ទេ។ a គម្ពីរ​បាន​បង្រៀន​ថា​អំពើ​ខុស​ឆ្គង​របស់​យើង​អាច​ត្រូវ​អភ័យ​ទោស​ឲ្យ​បាន លុះ​ត្រា​តែ​ពួក​គេ​បង្ហាញ​ជំនឿ​ទៅ​លើ​លោក​យេស៊ូ មិន​មែន​ដោយ​សារ​ទំនៀម​ទម្លាប់​នៃ​សាសនា​ទេ។—រ៉ូម ៣:២៥; យ៉ូហាន​ទី១ ២:១, ២

តើ​ធ្វើ​ញឹក​ញាប់​ប៉ុន្មាន​ដង?

 លោក​យេស៊ូ​បាន​បង្គាប់​ដល់​អ្នក​កាន់​តាម​លោក​ឲ្យ​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់ តែ​លោក​មិន​បាន​មាន​ប្រសាសន៍​ចំ​ៗ​ថា​ត្រូវ​ធ្វើ​ពិធី​នោះ​ប៉ុន្មាន​ដង​ឡើយ។ (​លូកា ២២:១៩​) អ្នក​ខ្លះ​គិត​ថា​គួរ​តែ​ធ្វើ​ពិធី​នេះ​ជា​រៀង​រាល់​ខែ។ ឯ​អ្នក​ខ្លះ​ទៀត​ធ្វើ​រាល់​សប្ដាហ៍ ឬ​រាល់​ថ្ងៃ។ ចំណែក​អ្នក​ខ្លះ​ទៀត​ធ្វើ​ពីរ​ឬ​បី​ដង​ក្នុង​មួយ​ថ្ងៃ ឬ​ច្រើន​ដង​តាម​តែ​គាត់​គិត​ថា​សមរម្យ។ b ទោះ​បី​ជា​យ៉ាង​នោះ​ក៏​ដោយ មាន​កត្ដា​ខ្លះ​ដែល​យើង​គួរ​ពិចារណា។

 លោក​យេស៊ូ​បាន​ផ្ដើម​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់​នៅ​ថ្ងៃ​ដែល​ជន​ជាតិ​យូដា​ធ្វើ​បុណ្យ​រំលង ហើយ​ក្រោយ​មក​លោក​បាន​ទទួល​មរណភាព​ក្នុង​ថ្ងៃ​ដដែល​នោះ។ (​ម៉ាថាយ ២៦:១, ២​) នេះ​មិន​មែន​ជា​ការ​គាប់​ជួន​នោះ​ទេ។ គម្ពីរ​ប្រៀប​ប្រដូច​គ្រឿង​បូជា​របស់​លោក​យេស៊ូ​ទៅ​នឹង​កូន​ចៀម​បុណ្យ​រំលង។ (​កូរិនថូស​ទី១ ៥:៧, ៨​) បុណ្យ​រំលង​បាន​ត្រូវ​ធ្វើ​ឡើង​ក្នុង​មួយ​ឆ្នាំ​ម្ដង។ (​និក្ខមនំ ១២:១​-​៦; លេវីវិន័យ ២៣:៥​) ដូច​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី១​បាន​ធ្វើ​ពិធី​រំលឹក​មរណភាព​របស់​លោក​យេស៊ូ​មួយ​ឆ្នាំ​ម្ដង c នោះ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ ក៏​ធ្វើ​ពិធី​នេះ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​តាម​គំរូ​របស់​ពួក​គេ​ដែរ។

ថ្ងៃ​ខែ​និង​ពេល​វេលា

 អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​មិន​គ្រាន់​តែ​ជួយ​ឲ្យ​យើង​សម្គាល់​ថា​គួរ​ធ្វើ​ប៉ុន្មាន​ដង​នោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ឲ្យ​ដឹង​ពី​ថ្ងៃ​ខែ​និង​ពេល​វេលា​នៃ​ពិធី​រំលឹក​ដែរ។ លោក​បាន​ចាប់​ផ្ដើម​ធ្វើ​ពិធី​អាហារ​ល្ងាច​បន្ទាប់​ពី​ថ្ងៃ​លិច​នៅ​ថ្ងៃ​ទី​១៤ ខែ​ណែសាន ឆ្នាំ​៣៣ គ.ស. ដោយ​រាប់​តាម​ប្រតិទិន​នៃ​ខែ​ចន្ទ​គតិ​ដែល​មាន​នៅ​ក្នុង​គម្ពីរ។ (​ម៉ាថាយ ២៦:១៨​-​២០, ២៦​) យើង​បន្ត​ធ្វើ​ពិធី​រំលឹក​នៅ​ថ្ងៃ​នោះ​ជា​រៀង​រាល់​ឆ្នាំ និង​ធ្វើ​តាម​គំរូ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី១។ d

 ទោះ​បី​ជា​ថ្ងៃ​ទី​១៤ ខែ​ណែសាន ឆ្នាំ​៣៣ គ.ស. ត្រូវ​នឹង​ថ្ងៃ​សុក្រ​ក៏​ដោយ ខួប​នៃ​ថ្ងៃ​នោះ​ក្នុង​ឆ្នាំ​នីមួយ​ៗ​អាច​ត្រូវ​នឹង​ថ្ងៃ​ផ្សេង។ យើង​អាច​ដឹង​ថា​ថ្ងៃ​ទី​១៤ ខែ​ណែសាន​ក្នុង​ឆ្នាំ​នីមួយ​ៗ​ត្រូវ​នឹង​ថ្ងៃ​ណា​មួយ​ដោយ​ប្រើ​របៀប​ដូច​គ្នា​នឹង​របៀប​ដែល​បាន​ប្រើ​នៅ​សម័យ​លោក​យេស៊ូ ជា​ជាង​ប្រើ​របៀប​ដែល​សាសន៍​យូដា​បាន​ប្រើ​សម្រាប់​ប្រតិទិន​របស់​ពួក​គេ​នៅ​សព្វ​ថ្ងៃ​នេះ។ e

នំ​ប៉័ង​និង​ស្រា

 សម្រាប់​លើក​ទី​មួយ​នៃ​ពិធី​រំលឹក លោក​យេស៊ូ​បាន​ប្រើ​នំ​ប៉័ង​ឥត​ដំបែ​និង​ស្រា​ទំពាំង​បាយ​ជូរ​ក្រហម​ដែល​បាន​សល់​ពី​ពិធី​អាហារ​ល្ងាច​ពេល​បុណ្យ​រំលង។ (​ម៉ាថាយ ២៦:២៦​-​២៨​) ដោយ​ធ្វើ​តាម​គំរូ​របស់​លោក យើង​ប្រើ​នំ​ប៉័ង​ដែល​ឥត​ដំបែ ឬ​មិន​បន្ថែម​គ្រឿង​ផ្សំ និង​ស្រា​ទំពាំង​បាយ​ជូរ​ក្រហម​សុទ្ធ​ដែល​មិន​មែន​ជា​ទឹក​ទំពាំង​បាយ​ជូរ ឬ​ស្រា​ដែល​មាន​រស​ជាតិ​ផ្អែម រស​ជាតិ​ខ្លាំង​ជាង ឬ​មាន​គ្រឿង​ទេស​ផ្សេង​ៗ​នោះ​ទេ។

 និកាយ​គ្រិស្ត​សាសនា​ខ្លះ​ប្រើ​នំ​ប៉័ង​មាន​មេ ឬ​ដំបែ។ ប៉ុន្តែ ជា​ញឹក​ញយ​នៅ​ក្នុង​គម្ពីរ​ពាក្យ​ដំបែ​បាន​ត្រូវ​ប្រើ​ដើម្បី​តំណាង​ឲ្យ​ភាព​ខុស​ឆ្គង​និង​ការ​ខូច​រលួយ។ (​លូកា ១២:១; កូរិនថូស​ទី១ ៥:៦​-​៨; កាឡាទី ៥:៧​-​៩​) ដូច្នេះ មាន​តែ​នំ​ប៉័ង​ដែល​ឥត​ដំបែ​និង​ធាតុ​ផ្សំ​ផ្សេង​ៗ​ប៉ុណ្ណោះ ដែល​សម​នឹង​តំណាង​ឲ្យ​រូប​កាយ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក​យេស៊ូ។ (​ពេត្រុស​ទី១ ២:២២​) ទម្លាប់​ផ្សេង​ទៀត​ដែល​គម្ពីរ​មិន​បាន​គាំ​ទ្រ គឺ​ការ​យក​ទឹក​ទំពាំង​បាយ​ជូរ​ជំនួស​ឲ្យ​ស្រា។ វិហារ​ខ្លះ​ធ្វើ​ដូច្នេះ​ដោយ​សារ​វិហារ​របស់​ពួក​គេ​ហាម​មិន​ឲ្យ​ផឹក​គ្រឿង​ស្រវឹង ដែល​បម្រាម​នេះ​មិន​សម​ស្រប​តាម​គោល​ការណ៍​គម្ពីរ​ឡើយ។—ធីម៉ូថេ​ទី១ ៥:២៣

វត្ថុ​តំណាង​មិន​មែន​ជា​សាច់​និង​ឈាម​មែន​ទែន​ទេ

 នំ​ប៉័ង​ឥត​ដំបែ​និង​ស្រា​ទំពាំង​បាយ​ជូរ​ក្រហម​ដែល​បាន​ប្រើ​នៅ​ពិធី​រំលឹក​ជា​តំណាង ឬ​ជា​និមិត្តរូប​នៃ​សាច់​និង​ឈាម​របស់​គ្រិស្ត។ នំ​ប៉័ង​ឥត​ដំបែ​និង​ស្រា​ទំពាំង​បាយ​ជូរ​ក្រហម​នោះ​មិន​បាន​ត្រូវ​ផ្លាស់​ប្ដូរ​ដោយ​អព្ភូតហេតុ ឬ​លាយ​ជា​មួយ​សាច់​និង​ឈាម​របស់​លោក​យេស៊ូ​ដូច​ដែល​មនុស្ស​ឯ​ទៀត​គិត​នោះ​ទេ។ ដើម្បី​យល់​ដូច្នេះ សូម​ពិចារណា​គោល​ការណ៍​គម្ពីរ​ខ្លះ។

  •   បើ​សិន​ជា​លោក​យេស៊ូ​បាន​បង្គាប់​ឲ្យ​ពួក​សាវ័ក​របស់​លោក​ផឹក​ឈាម​របស់​លោក នេះ​មាន​ន័យ​ថា​លោក​កំពុង​ប្រាប់​ពួក​គេ​ឲ្យ​ធ្វើ​ខុស​ច្បាប់​របស់​ព្រះ​ដែល​ហាម​មិន​ឲ្យ​បរិភោគ​ឈាម។ (​លោកុប្បត្តិ ៩:៤; សកម្មភាព ១៥:២៨, ២៩​) ប៉ុន្តែ នេះ​មិន​អាច​ទៅ​រួច​ទេ​ចំពោះ​លោក​យេស៊ូ លោក​មិន​ដែល​បង្គាប់​អ្នក​ឯ​ទៀត​ឲ្យ​ប្រព្រឹត្ត​ល្មើស​ច្បាប់​របស់​ព្រះ​ចំពោះ​ភាព​ពិសិដ្ឋ​នៃ​ឈាម​ឡើយ។—យ៉ូហាន ៨:២៨, ២៩

  •   បើ​ពួក​សាវ័ក​បាន​ផឹក​ឈាម​របស់​លោក​យេស៊ូ​មែន​ទែន នោះ​លោក​នឹង​មិន​និយាយ​ថា​ឈាម​របស់​លោក​«​ត្រូវ​បង្ហូរ​ចេញ​»​នោះ​ទេ ដោយ​សារ​ការ​ប្រគល់​ខ្លួន​ជា​គ្រឿង​បូជា​លោះ​របស់​លោក​មិន​ទាន់​កើត​ឡើង​នៅ​ឡើយ។—ម៉ាថាយ ២៦:២៨

  •   លោក​យេស៊ូ​បាន​ប្រគល់​ខ្លួន​ជា​គ្រឿង​បូជា​«​មួយ​ដង​ជា​ការ​ស្រេច​»។ (​ហេប្រឺ ៩:២៥, ២៦​) ប៉ុន្តែ បើ​នំ​ប៉័ង​និង​ស្រា​បាន​ត្រូវ​ប្ដូរ​ទៅ​ជា​សាច់​និង​ឈាម​របស់​លោក​យេស៊ូ​មែន​ទែន ក្នុង​អំឡុង​ពេល​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់ នោះ​លោក​យេស៊ូ​ត្រូវ​ផ្ដល់​គ្រឿង​បូជា​នោះ​ម្ដង​ហើយ​ម្ដង​ទៀត​ដើម្បី​ឲ្យ​អ្នក​ដែល​ផឹក​ឬ​បរិភោគ​វត្ថុ​តំណាង​អាច​បរិភោគ​បាន។

  •   លោក​យេស៊ូ​បាន​និយាយ​ថា​៖​«​ចូរ​បន្ត​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​ពី​ខ្ញុំ​»​មិន​មែន​«​ដើម្បី​បូជា​ខ្ញុំ​»​នោះ​ទេ។—កូរិនថូស​ទី១ ១១:២៤

 អស់​អ្នក​ដែល​ជឿ​ទៅ​លើ​សេចក្ដី​បង្រៀន​អភិបូជា​ដែល​ថា នំ​ប៉័ង​និង​ស្រា​ដែល​ជា​វត្ថុ​តំណាង​ក្លាយ​ទៅ​ជា​សាច់​និង​ឈាម​មែន​ទែន​របស់​លោក​យេស៊ូ នោះ​ដោយ​សារ​ពួក​គេ​គិត​អំពី​ពាក្យ​ដែល​មាន​ន័យ​ត្រង់​នៅ​ក្នុង​គម្ពីរ។ ជា​ឧទាហរណ៍ សេចក្ដី​បក​ប្រែ​ក្នុង​គម្ពីរ​ជា​ច្រើន បាន​កត់​ទុក​ប្រសាសន៍​របស់​លោក​យេស៊ូ​អំពី​ស្រា​ថា​៖​«​នេះ​ជា​ឈាម​ខ្ញុំ​»។ (​ម៉ាថាយ ២៦:២៨​) ប៉ុន្តែ ពាក្យ​របស់​លោក​យេស៊ូ​ក៏​អាច​បក​ប្រែ​ដែរ​ថា​៖​«​នេះ​មាន​ន័យ​ថា​ឈាម​របស់​ខ្ញុំ​»​«​នេះ​តំណាង​ឈាម​របស់​ខ្ញុំ​»​ឬ​ក៏​«​នេះ​ជា​និមិត្តរូប នៃ​ឈាម​របស់​ខ្ញុំ​»។ f ដូច​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ជា​ញឹក​ញយ លោក​បាន​បង្រៀន​ដោយ​ប្រើ​ពាក្យ​ប្រៀប​ធៀប។—ម៉ាថាយ ១៣:៣៤, ៣៥

តើ​អ្នក​ណា​ជា​អ្នក​ដែល​ផឹក​និង​បរិភោគ​វត្ថុ​តំណាង?

 ពេល​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់ មាន​តែ​មនុស្ស​មួយ​ក្រុម​តូច​ប៉ុណ្ណោះ​ដែល​អាច​បរិភោគ​នំ​ប៉័ង​និង​ស្រា​បាន។ ហេតុ​អ្វី​ដូច្នេះ?

 តាម​រយៈ​ឈាម​របស់​លោក​យេស៊ូ​«​កិច្ច​ព្រម​ព្រៀង​ថ្មី​»​បាន​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ជំនួស​ឲ្យ​កិច្ច​ព្រម​ព្រៀង​រវាង​ព្រះ​យេហូវ៉ា​និង​ប្រជា​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ។ (​ហេប្រឺ ៨:១០​-​១៣​) អស់​អ្នក​ដែល​ជា​ភាគី​នៃ​កិច្ច​ព្រម​ព្រៀង​ថ្មី​នោះ ជា​អ្នក​ដែល​បរិភោគ​វត្ថុ​តំណាង​នៅ​ពិធី​បុណ្យ​រំលឹក។ នេះ​មិន​រួម​បញ្ចូល​គ្រិស្ត​សាសនិក​ទាំង​អស់​នោះ​ទេ។ ប៉ុន្តែ មាន​តែ​«​អ្នក​ដែល​បាន​ត្រូវ​ហៅ​»​តាម​របៀប​ដ៏​ពិសេស​មួយ​របស់​ព្រះ​ប៉ុណ្ណោះ។ (​ហេប្រឺ ៩:១៥; លូកា ២២:២០​) អ្នក​ទាំង​នោះ​នឹង​គ្រប់​គ្រង​ជា​ស្តេច​ជា​មួយ​នឹង​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌ ហើយ​គម្ពីរ​បាន​ចែង​ថា​មាន​តែ​មនុស្ស​ចំនួន​១៤៤.០០០​ប៉ុណ្ណោះ​ដែល​បាន​ទទួល​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​នេះ។—លូកា ២២:២៨​-​៣០; ការ​បើក​បង្ហាញ ៥:៩, ១០; ១៤:១,

 ផ្ទុយ​ពី​«​ហ្វូង​តូច​»​នៃ​អស់​អ្នក​ដែល​បាន​ត្រូវ​ហៅ​ដើម្បី​គ្រប់​គ្រង​ជា​មួយ​នឹង​គ្រិស្ត មនុស្ស​ជា​ច្រើន​រួម​ទាំង​យើង​ក៏​អាច​ទៅ​ជា​ផ្នែក​នៃ​«​មនុស្ស​មួយ​ក្រុម​ធំ​»​ដែល​មាន​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែន​ដី​ផង​ដែរ។ (​លូកា ១២:៣២; ការ​បើក​បង្ហាញ ៧:៩, ១០​) ទោះ​បី​ជា​អស់​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែន​ដី​មិន​បាន​បរិភោគ​វត្ថុ​តំណាង​នៅ​ពិធី​រំលឹក​ក៏​ដោយ ប៉ុន្តែ​យើង​ចូល​រួម​ពិធី​នោះ​ដើម្បី​បង្ហាញ​ចិត្ត​ដឹង​គុណ​ចំពោះ​គ្រឿង​បូជា​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ដើម្បី​ឲ្យ​យើង​រាល់​គ្នា​ទទួល​ប្រយោជន៍។—យ៉ូហាន​ទី១ ២:២

a សៀវភៅ​មួយ​បង្ហាញ​ថា​«​ពាក្យ​ពិធី​បុណ្យ​សាសនា មិន​បាន​ត្រូវ​រក​ឃើញ​ទាំង​នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី​និង​ទាំង​ក្នុង​ពាក្យ​ជា​ភាសា​ក្រិច μυστήριον [​មីស្ទីរៀន​]។ ពាក្យ​ភាសា​ក្រិច​នេះ​ជា​ទូ​ទៅ​បាន​ត្រូវ​ប្រើ​ទាំង​សម្រាប់​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់ និង​ការ​ជ្រមុជ​ទឹក ឬ​ពិធី​ដែល​ទាក់​ទង​ស្រដៀង​ៗ​គ្នា​នោះ​»​(​McClintock and Strong’s Cyclopedia, Volume IX, page 212​)។

b សេចក្ដី​បក​ប្រែ​គម្ពីរ​ខ្លះ​បាន​ប្រើ​ពាក្យ​«​រាល់​វេលា​»​ជា​អំណះអំណាង​ចំពោះ​ការ​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់ ហើយ​ឃ្លា​នេះ​បាន​ត្រូវ​បក​ប្រែ​ដើម្បី​បញ្ជាក់​ថា​អាហារ​ល្ងាច​របស់​លោក​ម្ចាស់​គួរ​តែ​ត្រូវ​ធ្វើ​ញឹក​ញាប់​យ៉ាង​ណា។ ប៉ុន្តែ ការ​យល់​ត្រឹម​ត្រូវ​នៃ​ពាក្យ​ភាសា​ដើម​ដែល​នៅ​ក្នុង​បរិបទ​នេះ​គឺ​«​រាល់​ដង​»។—កូរិនថូស​ទី១ ១១:២៥, ២៦; New International Version; Good News Translation

c សូម​មើល​The New Schaff-Herzog Encyclopedia of Religious Knowledge, Volume IV, pages 43-​44, និង​McClintock and Strong’s Cyclopedia, Volume VIII, page 836។

d សូម​មើល​The New Cambridge History of the Bible, Volume 1, page 841។

e ប្រតិទិន​សព្វ​ថ្ងៃ​នៃ​សាសន៍​យូដា​កំណត់​ដើម​ខែ​នៃ​ខែ​ណែសាន​តាម​តារា​សាស្ត្រ ប៉ុន្តែ​វិធី​នេះ​មិន​បាន​ត្រូវ​ប្រើ​នៅ​សតវត្សរ៍​ទី១​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ដើម​ខែ​នៃ​ខែ​ណែសាន​ចាប់​ផ្ដើម​នៅ​ពេល​ដើម​ខ្នើត​នៅ​ក្រុង​យេរូសាឡិម ដែល​អាច​ជា​មួយ​ថ្ងៃ​ឬ​ច្រើន​ថ្ងៃ​ជាង​បន្ទាប់​ពី​ដំណើរ​របស់​ព្រះ​ចន្ទ​ដែល​បាន​ត្រូវ​សិក្សា​តាម​បែប​តារា​សាស្ត្រ។ ភាព​ខុស​គ្នា​នេះ​ជា​មូលហេតុ​មួយ​ដែល​ថ្ងៃ​ខែ​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ធ្វើ​ពិធី​រំលឹក មិន​តែង​តែ​ត្រូវ​គ្នា​នឹង​ថ្ងៃ​ខែ​ដែល​សាសន៍​យូដា​សព្វ​ថ្ងៃ​ធ្វើ​ពិធី​បុណ្យ​រំលង​នោះ​ទេ។

f សូម​មើល​សេចក្ដី​បក​ប្រែ​គម្ពីរ​ថ្មី ដោយ​ជែម ម៉ូហ្វាត និង​សេចក្ដី​បក​ប្រែ​សញ្ញា​ថ្មី​ដែល​ជា​ភាសា​ដែល​មនុស្ស​ទូ​ទៅ​ប្រើ ដោយ​ឆាល ប៊ី វីល​លៀម និង​សញ្ញា​ថ្មី​ជា​ភាសា​ដើម ដោយ​ហុគ ចេ ស្កុន​ហ្វៀល (​A New Translation of the Bible, by James Moffatt; The New Testament​—A Translation in the Language of the People, by Charles B. Williams; and The Original New Testament, by Hugh J. Schonfield​)។