តើសាក្សីព្រះយេហូវ៉ាជួយអ្នករងគ្រោះដោយសារមហន្តរាយធម្មជាតិទេ?
ពិតមែន ជារឿយៗយើងជួយជនរងគ្រោះពេលមានមហន្តរាយកើតឡើង។ យើងផ្ដល់ជំនួយដល់អ្នកដែលជាសាក្សីនិងមិនមែនជាសាក្សី ស្របតាមការណែនាំក្នុងគម្ពីរនៅកាឡាទី ៦:១០ដែលថា៖«ចូរយើងធ្វើល្អដល់មនុស្សទាំងអស់ ជាពិសេសដល់បងប្អូនរួមជំនឿរបស់យើង»។ នៅគ្រាបែបនោះ ជនរងគ្រោះត្រូវការជំនួយជាចាំបាច់ខាងផ្លូវចិត្តនិងខាងចំណងមិត្តភាពជាមួយព្រះ ដូច្នេះយើងព្យាយាមជួយពួកគេ។—កូរិនថូសទី២ ១:៣, ៤
អង្គការ
បន្ទាប់ពីគ្រោះមហន្តរាយ អ្នកចាស់ទុំក្នុងក្រុមជំនុំនៃតំបន់ដែលទទួលរងគ្រោះ ព្យាយាមទាក់ទងអស់អ្នកដែលចូលរួមក្នុងក្រុមជំនុំដើម្បីដឹងថាពួកគេមានសុវត្ថិភាព និងដើម្បីដឹងនូវអ្វីដែលពួកគេប្រហែលជាត្រូវការ។ រួចមក អ្នកចាស់ទុំជម្រាបទៅការិយាល័យសាខានៃសាក្សីព្រះយេហូវ៉ាក្នុងតំបន់អំពីលទ្ធផលនៃការស្ទង់មតិនិងអ្វីដែលអ្នករងគ្រោះត្រូវការជាបន្ទាន់។
បើមានសេចក្ដីត្រូវការលើសពីអ្វីដែលក្រុមជំនុំក្នុងតំបន់មាន នោះគណៈអភិបាលនៃសាក្សីព្រះយេហូវ៉ារៀបចំដើម្បីផ្ដល់ជំនួយតាមអ្វីដែលត្រូវការ។ នេះដូចគ្នានឹងអ្វីដែលគ្រិស្តសាសនិកនៅដើមដំបូងបានជួយគ្នាទៅវិញទៅមកក្នុងអំឡុងពេលដែលមានទុរ្ភិក្ស។ (កូរិនថូសទី១ ១៦:១-៤) ការិយាល័យសាខាក្នុងតំបន់ចាត់តាំងឲ្យមានគណៈកម្មាធិការផ្នែកមហន្តរាយធម្មជាតិដើម្បីរៀបចំនិងចាត់ចែងកិច្ចការនោះ។ សាក្សីពីតំបន់ផ្សេងទៀតស្ម័គ្រចិត្តចំណាយធនធាននិងពេលវេលារបស់ពួកគេដើម្បីជួយគ្នា។—សុភាសិត ១៧:១៧
ថវិកាជំនួយ
ប្រាក់វិភាគទានដែលបានផ្ញើទៅការិយាល័យសាខានៃសាក្សីព្រះយេហូវ៉ាក៏ត្រូវប្រើដើម្បីជួយដល់ជនរងគ្រោះដោយមហន្តរាយធម្មជាតិដែរ។ (សកម្មភាព ១១:២៧-៣០; កូរិនថូសទី២ ៨:១៣-១៥) ដោយហេតុថាកិច្ចការនេះបានធ្វើឡើងដោយអ្នកស្ម័គ្រចិត្ត នោះថវិកាគឺត្រូវប្រើដើម្បីជួយដល់ជនរងគ្រោះ មិនចំណាយទៅលើការចាត់ចែងទេ។ យើងប្រុងប្រយ័ត្នដោយជៀសវាងពីការប្រើប្រាក់វិភាគទានខុសទិសដៅ។—កូរិនថូសទី២ ៨:២០