គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
«ខ្ញុំចាប់ផ្ដើមគិតយ៉ាងជ្រាលជ្រៅថាជីវិតខ្ញុំនឹងទៅជាយ៉ាងណា»
ឆ្នាំកំណើត: ១៩៤១
ប្រទេសកំណើត: អូស្ត្រាលី
ប្រវត្តិ: ជក់បារីនិងប្រមឹកស្រា
អតីតកាលរបស់ខ្ញុំ:
ខ្ញុំធំឡើងនៅជនបទក្នុងភូមិតូចមួយឈ្មោះវ៉ូរេលដា រដ្ឋញូវសោតវេល។ វ៉ូរេលដាជាភូមិដែលធ្វើកសិកម្មដូចជា ធ្វើស្រែ ដាំដំណាំ និងចិញ្ចឹមចៀមឬគោជាដើម។ ភូមិនោះស្អាត ហើយកម្រមានឧក្រិដ្ឋកម្មណាស់។
ឪពុកម្ដាយខ្ញុំមានកូន១០នាក់ ហើយខ្ញុំជាកូនច្បង។ ហេតុនេះហើយ ពេលខ្ញុំអាយុ១៣ឆ្នាំ ខ្ញុំក៏ត្រូវធ្វើការដើម្បីជួយផ្គត់ផ្គង់ក្រុមគ្រួសារ។ ខ្ញុំទៅធ្វើការនៅកសិដ្ឋានមួយ ពីព្រោះខ្ញុំមិនសូវបានរៀនសូត្រច្រើន។ ពេលខ្ញុំអាយុ១៥ឆ្នាំ ខ្ញុំបានធ្វើជាអ្នកបង្ហាត់បង្រៀនសេះព្រៃ។
ការងារនៅកសិដ្ឋានជាអ្វីដែលល្អផងនិងអាក្រក់ផង។ អ្វីដែលល្អគឺ ខ្ញុំពិតជាចូលចិត្តការងារនោះ ព្រមទាំងធម្មជាតិដ៏ស្រស់ស្អាតដែលនៅជុំវិញកសិដ្ឋាន។ នាពេលរាត្រី ខ្ញុំតែងតែអង្គុយអាំងភ្លើង ហើយគយគន់ដួងចន្ទនិងផ្កាយដែលចាំងពន្លឺពាសពេញមេឃ។ ដំណាលគ្នានោះ ខ្យល់បក់ត្រសៀកៗពាំនាំក្លិនក្រអូបភាយពីព្រៃឈើមកជាមួយផង។ ខ្ញុំធ្លាប់គិតក្នុងចិត្តថាច្បាស់ជាមានបុគ្គលមួយរូបដែលបានបង្កើតអ្វីៗដ៏ស្រស់ស្អាតទាំងនេះ។ ប៉ុន្តែអ្វីដែលអាក្រក់គឺ ក្នុងកសិដ្ឋាននោះខ្ញុំទទួលឥទ្ធិពលមិនល្អខ្លាំង។ ខ្ញុំតែងតែឮពាក្យអសុរោះនិងពាក្យជេរប្រមាថ។ លើសពីនេះទៅទៀត ពួកគេចូលចិត្តជក់បារី។ យូរៗទៅ ខ្ញុំក៏មានទម្លាប់ប្រើពាក្យអសុរោះនិងជក់បារីដូចពួកគេដែរ។
ពេលខ្ញុំអាយុ១៨ឆ្នាំ ខ្ញុំបានរើទៅរស់នៅក្រុងស៊ីដនី។ ខ្ញុំខំព្យាយាមចុះឈ្មោះបម្រើក្នុងជួរទាហាន តែត្រូវគេបដិសេធដោយសារខ្ញុំរៀនបានតិចពេក។ ក្រោយមក ខ្ញុំរកបានការងារមួយ រួចបន្តរស់នៅក្រុងស៊ីដនីអស់មួយឆ្នាំ។ ក្នុងអំឡុងពេលនោះ ខ្ញុំបានជួបសាក្សីព្រះយេហូវ៉ាជាលើកដំបូង។ ពួកគាត់បានអញ្ជើញខ្ញុំឲ្យចូលរួមកិច្ចប្រជុំ ហើយខ្ញុំក៏យល់ព្រម។ ពេលខ្ញុំស្ដាប់អ្វីដែលនៅកិច្ចប្រជុំនោះ ខ្ញុំដឹងភ្លាមៗថាសាក្សីព្រះយេហូវ៉ាបង្រៀនសេចក្ដីពិតពីគម្ពីរ។
មិនយូរក្រោយមក ខ្ញុំបានសម្រេចចិត្តរស់នៅតាមរបៀបអ្នកស្រែចម្ការវិញ គឺខ្ញុំបានទៅរស់នៅក្រុងកុនឌីវីនឌី រដ្ឋឃ្វីនស្លែន។ នៅទីនោះ ខ្ញុំរកបានការងារមួយ ហើយក៏បានរៀបការដែរ។ ប៉ុន្តែគួរឲ្យស្ដាយ ខ្ញុំចាប់ផ្ដើមចេះផឹកស្រា។
ខ្ញុំនិងប្រពន្ធមានកូនពីរនាក់។ ក្រោយពីកូនៗកើតមក ខ្ញុំចាប់ផ្ដើមគិតយ៉ាងជ្រាលជ្រៅថាជីវិតខ្ញុំនឹងទៅជាយ៉ាងណា។ រួចមក ខ្ញុំនឹកចាំអំពីអ្វីដែលខ្ញុំបានឮនៅកិច្ចប្រជុំរបស់សាក្សីព្រះយេហូវ៉ានៅក្រុងស៊ីដនី ដូច្នេះខ្ញុំក៏សម្រេចចិត្តធ្វើរឿងខ្លះ។
ខ្ញុំបានទៅរកទស្សនាវដ្ដីប៉មយាម លេខចាស់ៗ ដែលមានអាសយដ្ឋានការិយាល័យសាខារបស់សាក្សីព្រះយេហូវ៉ានៅអូស្ត្រាលី ហើយខ្ញុំក៏បានឃើញ។ រួចមក ខ្ញុំបានផ្ញើសំបុត្រដើម្បីសុំជំនួយ។ ការិយាល័យសាខាបានចាត់សាក្សីម្នាក់មកជួបខ្ញុំ។ គាត់ជាមនុស្សសប្បុរសនិងពេញទៅដោយសេចក្ដីស្រឡាញ់។ មិនយូរប៉ុន្មាន គាត់ចាប់ផ្ដើមបង្រៀនគម្ពីរដល់ខ្ញុំ។
វិធីដែលគម្ពីរបានជួយខ្ញុំឲ្យកែប្រែជីវិត:
ក្រោយពេលរៀនគម្ពីរ ខ្ញុំយល់ឃើញថាខ្ញុំត្រូវធ្វើការផ្លាស់ប្ដូរដ៏ធំក្នុងជីវិត។ ជាពិសេស ខគម្ពីរនៅកូរិនថូសទី២ ៧:១ បានជំរុញចិត្តខ្ញុំយ៉ាងខ្លាំង។ ខនោះចែងថា៖«ចូរយើងសម្អាតចិត្តនិងកាយរបស់យើងឲ្យស្អាតពីអ្វីៗទាំងអស់ដែលនាំឲ្យស្មោកគ្រោក»។
ខ្ញុំសម្រេចចិត្តថាខ្ញុំឈប់ជក់បារី ហើយឈប់ផឹកស្រា។ ប៉ុន្តែ ខ្ញុំពិបាកផ្ដាច់ទម្លាប់ទាំងនោះណាស់ ព្រោះខ្ញុំដុះស្នឹមយូរឆ្នាំហើយ។ ទោះជាយ៉ាងនោះក្ដី ខ្ញុំបានប្ដេជ្ញាចិត្តមានរបៀបរស់នៅដែលព្រះពេញចិត្ត។ អ្វីដែលជួយខ្ញុំខ្លាំងបំផុត គឺគោលការណ៍ក្នុងសៀវភៅរ៉ូម ១២:២ ដែលថា៖«ចូរឈប់យកតម្រាប់របៀបរបបពិភពលោកនេះ តែចូរទទួលការកែប្រែទាំងស្រុង ដោយផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់អ្នករាល់គ្នា»។ ខ្ញុំដឹងថាដើម្បីកែប្រែទម្លាប់មិនល្អដែលខ្ញុំមាន ខ្ញុំត្រូវកែប្រែផ្នត់គំនិតរបស់ខ្ញុំជាមុនសិន ហើយទទួលយកទស្សនៈរបស់ព្រះដែលថាអ្វីទាំងនេះនាំឲ្យមានគ្រោះថ្នាក់។ នៅទីបំផុត ដោយមានជំនួយពីព្រះ ខ្ញុំអាចផ្ដាច់បារីនិងស្រាបានទាំងស្រុង។
«ខ្ញុំដឹងថាដើម្បីកែប្រែទម្លាប់មិនល្អដែលខ្លួនមាន ខ្ញុំត្រូវកែប្រែផ្នត់គំនិតរបស់ខ្ញុំជាមុនសិន»
ក៏ប៉ុន្តែ អ្វីដែលពិបាកបំផុតសម្រាប់ខ្ញុំ គឺការឈប់និយាយពាក្យអសុរោះនិងពាក្យជេរប្រមាថ។ ខ្ញុំដឹងអេភេសូរ ៤:២៩ ប្រាប់ថា៖«កុំឲ្យពាក្យអាក្រក់ណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ» ប៉ុន្តែខ្ញុំនៅតែមិនអាចឈប់និយាយពាក្យអសុរោះបានភ្លាមៗនោះទេ។ ខ្ញុំទទួលស្គាល់ថាការរំពឹងគិតអំពីពាក្យនៅអេសាយ ៤០:២៦ ពិតជាបានជួយខ្ញុំច្រើនណាស់។ ខនោះរៀបរាប់អំពីផ្កាយថា៖«ចូរងើយទៅលើមេឃ ហើយសម្លឹងមើលចុះ តើអ្នកណាបានបង្កើតអ្វីៗទាំងនោះ? គឺជាលោកដែលបាននាំអ្វីទាំងនោះចេញមកតាមចំនួនដូចជាកងទ័ព លោកហៅអ្វីទាំងនោះតាមឈ្មោះនីមួយៗ។ ដោយសារថាមពលដែលគ្មានកម្រិត និងដោយសារឫទ្ធានុភាពដ៏ខ្លាំងក្លា និងគួរឲ្យស្ញប់ស្ញែងរបស់លោក គឺគ្មានណាមួយបាត់ឡើយ»។ ខ្ញុំបានវែកញែកថា បើព្រះដែលប្រកបដោយឫទ្ធានុភាពអាចបង្កើតសកលលោកដ៏ធំដែលខ្ញុំចូលចិត្តមើល នោះលោកក៏អាចផ្ដល់កម្លាំងឲ្យខ្ញុំកែប្រែ ដើម្បីធ្វើឲ្យលោកពេញចិត្តដែរ។ ខ្ញុំបានព្យាយាមអធិដ្ឋានអស់ពីដួងចិត្តម្ដងហើយម្ដងទៀត ទីបំផុតខ្ញុំអាចឈប់និយាយពាក្យអសុរោះបាន។
ផលប្រយោជន៍ដែលខ្ញុំទទួល:
ដោយសារខ្ញុំធ្វើការនៅកសិដ្ឋាន ខ្ញុំកម្រជួបនិយាយជាមួយអ្នកណាក្រៅពីកម្មករពីរបីនាក់ដែលធ្វើការជាមួយគ្នា។ ប៉ុន្តែ តាមរយៈការបង្ហាត់បង្រៀននៅឯកិច្ចប្រជុំរបស់សាក្សីព្រះយេហូវ៉ា ខ្ញុំបានរៀនពីរបៀបដែលខ្ញុំអាចប្រាស្រ័យទាក់ទងជាមួយអ្នកឯទៀត។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានជួយខ្ញុំឲ្យចេះផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះដែរ។—ម៉ាថាយ ៦:៩, ១០; ២៤:១៤
អស់ជាច្រើនឆ្នាំខ្ញុំមានឯកសិទ្ធិបម្រើជាអ្នកចាស់ទុំក្នុងក្រុមជំនុំ។ ខ្ញុំមានកិត្តិយសណាស់ដែលខ្ញុំអាចរួមចំណែកក្នុងការជួយបងប្អូនរួមជំនឿ។ ពរដ៏ធំបំផុតរបស់ខ្ញុំ គឺការបម្រើព្រះយេហូវ៉ាជាមួយប្រពន្ធនិងកូនៗដ៏ស្មោះត្រង់និងជាទីស្រឡាញ់របស់ខ្ញុំ។
ខ្ញុំអរគុណព្រះយេហូវ៉ាខ្លាំងណាស់ ដែលអនុញ្ញាតឲ្យមនុស្សដែលមានការអប់រំតិចតួចដូចជាខ្ញុំ បានទទួលការបង្ហាត់បង្រៀនពីលោក។ (អេសាយ ៥៤:១៣) ខ្ញុំយល់ស្របនឹងពាក្យនៅសុភាសិត ១០:២២ ដែលថា៖«ពរពីព្រះយេហូវ៉ាធ្វើឲ្យមានស្ដុកស្ដម្ភ ហើយមិននាំឲ្យឈឺចាប់ឡើយ»។ ខ្ញុំនិងក្រុមគ្រួសារទន្ទឹងរង់ចាំស្វែងយល់ថែមទៀតអំពីព្រះយេហូវ៉ា ហើយបម្រើលោកជារៀងរហូត។