គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
សូមមើលថា តើអ្វីបានជំរុញចិត្តបុរសម្នាក់ដែលធ្លាប់ជាអ្នកញៀនល្បែងស៊ីសងនិងជាចោរឲ្យកែខ្លួនឡើងវិញ? សូមអានពាក្យសម្ដីរបស់គាត់។
«ខ្ញុំជាមនុស្សងប់ងុលនឹងការប្រណាំងសេះ»។—រៀបរាប់ដោយ រីឆឺដ ស្ទូអាត
ឆ្នាំកំណើត: ១៩៦៥
ប្រទេសកំណើត: ហ្សាម៉ាអ៊ីក
ប្រវត្តិ: ជាអ្នកលេងល្បែងនិងជាឧក្រិដ្ឋជន
អតីតកាលរបស់ខ្ញុំ: ខ្ញុំបានធំឡើងនៅរាជធានីឃីងស្តូននៃប្រទេសហ្សាម៉ាអ៊ីក ក្នុងតំបន់ក្រីក្រមួយដែលមានមនុស្សរស់នៅណែនណាន់តាន់តាប់។ នៅតំបន់នោះ មនុស្សគ្មានការងារធ្វើ ហើយមានអំពើឧក្រិដ្ឋកម្មជាច្រើន។ ក្រុមបងធំដែលរស់នៅទីនោះ ធ្វើឲ្យមនុស្សនៅតំបន់នោះភ័យខ្លាច។ ខ្ញុំឮសំឡេងកាំភ្លើងសឹងតែរាល់ថ្ងៃ។
ម្ដាយរបស់ខ្ញុំខំធ្វើការនឿយហត់ដើម្បីផ្គត់ផ្គង់ខ្ញុំនិងប្អូនៗខ្ញុំ។ ម្ដាយខ្ញុំព្យាយាមធ្វើឲ្យប្រាកដថាពួកខ្ញុំបានទទួលការអប់រំល្អ។ ខ្ញុំមិនសូវចូលចិត្តរៀនទេ តែខ្ញុំចូលចិត្តការប្រណាំងសេះណាស់។ ខ្ញុំបានគេចសាលា ហើយទៅកន្លែងប្រណាំងសេះ។ ខ្ញុំថែមទាំងបានជិះសេះទៀតផង។
មិនយូរក្រោយមក ខ្ញុំងប់ងុលនឹងការប្រណាំងសេះ។ ខ្ញុំបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ជាមួយស្រីៗជាច្រើន។ ខ្ញុំបានជក់កញ្ឆា ហើយក៏បានលួចប្លន់គេដើម្បីបំពេញអំពើអបាយមុខរបស់ខ្ញុំ។ ខ្ញុំមានកាំភ្លើងជាច្រើន ហើយក៏បានលួចប្លន់រាប់មិនអស់។ ខ្ញុំសប្បាយដែលគ្មានអ្នកណាម្នាក់ស្លាប់ក្នុងពេលដែលខ្ញុំធ្វើសកម្មភាពប្លន់។
ទីបំផុត ខ្ញុំត្រូវប៉ូលិសចាប់ខ្លួន ហើយបញ្ជូនទៅគុកដោយសារតែបទល្មើសរបស់ខ្ញុំ។ ក្រោយពីខ្ញុំចេញពីគុក ខ្ញុំមានការប្រព្រឹត្ត និងមានរបៀបរស់នៅដូចពីមុនដដែល។ មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំកាន់តែប្រព្រឹត្តអាក្រក់ជាងមុនទៅទៀត។ ទោះបីខ្ញុំមានមុខស្លូតក្ដី តែធាតុពិតខ្ញុំគឺជាមនុស្សចិត្តដាច់ ឆាប់ខឹង និងឃោរឃៅ។ ខ្ញុំមិនខ្វល់នឹងអ្នកណាទាំងអស់ ក្រៅពីខ្លួនខ្ញុំ។
វិធីដែលគម្ពីរបានជួយខ្ញុំឲ្យកែប្រែជីវិត: អំឡុងពេលដែលខ្ញុំមានបញ្ហានោះ ម្ដាយខ្ញុំបានរៀនគម្ពីរ ហើយបានក្លាយជាសាក្សីព្រះយេហូវ៉ា។ ខ្ញុំបានឃើញថាម្ដាយខ្ញុំមានលក្ខណៈល្អជាងមុន នោះធ្វើឲ្យខ្ញុំងឿងឆ្ងល់ចង់ដឹងយ៉ាងខ្លាំង ថាតើអ្វីនាំឲ្យម្ដាយខ្ញុំផ្លាស់ប្ដូរបែបនេះ។ ដូច្នេះ ខ្ញុំក៏ចាប់ផ្ដើមរៀនគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា។
ខ្ញុំឃើញថាសេចក្ដីបង្រៀនរបស់សាក្សីព្រះយេហូវ៉ាខុសពីសាសនាឯទៀត ហើយឃើញថាសាក្សីព្រះយេហូវ៉ាតែងតែធ្វើតាមអ្វីដែលពួកគេបានរៀនពីគម្ពីរ។ ពួកគេជាក្រុមតែមួយគត់ដែលផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ដូចគ្រិស្តសាសនិកនៅសម័យបុរាណ។ (ម៉ាថាយ ២៨:១៩; សកម្មភាព ២០:២០) ខ្ញុំជឿជាក់ថានេះជាសាសនាពិត ពេលដែលខ្ញុំឃើញសេចក្ដីស្រឡាញ់ដែលពួកគេបង្ហាញចំពោះគ្នាទៅវិញទៅមក។—យ៉ូហាន ១៣:៣៥
អ្វីដែលខ្ញុំរៀនពីគម្ពីរ បានជួយខ្ញុំឲ្យឃើញថាខ្ញុំត្រូវកែប្រែរបៀបរស់នៅរបស់ខ្ញុំ។ ខ្ញុំបានដឹងថាព្រះយេហូវ៉ាស្អប់អំពើប្រាសចាកសីលធម៌ ហើយដឹងថាបើខ្ញុំចង់ឲ្យព្រះយេហូវ៉ាពេញចិត្តខ្ញុំត្រូវលះចោលការប្រព្រឹត្តណាដែលនាំឲ្យរូបកាយរបស់ខ្ញុំស្មោកគ្រោក។ (កូរិនថូសទី២ ៧:១; ហេប្រឺ ១៣:៤) ខ្ញុំរំជួលចិត្ត ពេលខ្ញុំដឹងថាព្រះក៏ចេះមានអារម្មណ៍ដែរ ហើយដឹងថាការប្រព្រឹត្តរបស់ខ្ញុំអាចធ្វើឲ្យព្រះយេហូវ៉ាឈឺចិត្តឬសប្បាយចិត្ត។ (សុភាសិត ២៧:១១) ដូច្នេះ ខ្ញុំបានតាំងចិត្តឈប់ជក់កញ្ឆា និងឈប់ប្រើកាំភ្លើងទៀត ហើយខំព្យាយាមមានគុណសម្បត្តិកាន់តែប្រសើរឡើង។ ក្នុងចំណោមការកែប្រែទាំងអស់ មានតែការឈប់ប្រព្រឹត្តអំពើប្រាសចាកសីលធម៌និងលេងល្បែងស៊ីសងទេ ដែលពិបាកកែប្រែបំផុតសម្រាប់ខ្ញុំ។
មុនដំបូង ខ្ញុំមិនចង់ឲ្យមិត្តភក្តិរបស់ខ្ញុំដឹងថាខ្ញុំរៀនគម្ពីរជាមួយសាក្សីព្រះយេហូវ៉ាទេ។ ប៉ុន្តែ ខ្ញុំបានផ្លាស់ប្ដូរគំនិត ក្រោយពីខ្ញុំបានអានម៉ាថាយ ១០:៣៣។ ក្នុងខនោះលោកយេស៊ូបានរៀបរាប់ថា៖«អ្នកណាដែលមិនទទួលស្គាល់ខ្ញុំនៅមុខមនុស្ស ខ្ញុំក៏នឹងមិនទទួលស្គាល់អ្នកនោះនៅមុខបិតារបស់ខ្ញុំដែលនៅស្ថានសួគ៌ដែរ»។ ឃ្លានោះបានជំរុញចិត្តខ្ញុំឲ្យប្រាប់មិត្តភក្តិខ្ញុំថាខ្ញុំកំពុងរៀនគម្ពីរជាមួយនឹងសាក្សីព្រះយេហូវ៉ា។ ពួកគេភ្ញាក់ផ្អើលជាខ្លាំង។ ពួកគេពិបាកជឿថាមនុស្សដូចខ្ញុំអាចក្លាយជាគ្រិស្តសាសនិក។ ប៉ុន្តែ ខ្ញុំបានប្រាប់ពួកគេថា ខ្ញុំមិនចង់មានរបៀបរស់នៅដូចកាលពីមុនទេ។
ផលប្រយោជន៍ដែលខ្ញុំទទួល: ម្ដាយរបស់ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ពេលគាត់ឃើញថាខ្ញុំចាប់ផ្ដើមមានរបៀបរស់នៅស្របតាមគោលការណ៍គម្ពីរ។ ឥឡូវម្ដាយខ្ញុំលែងព្រួយបារម្ភថាខ្ញុំប្រព្រឹត្តអាក្រក់ទៀតហើយ។ យើងទាំងពីរនាក់តែងតែនិយាយគ្នាអំពីសេចក្ដីស្រឡាញ់ដែលយើងមានចំពោះព្រះយេហូវ៉ា។ យូរៗម្ដង ពេលខ្ញុំគិតអំពីរបៀបរស់នៅរបស់ខ្ញុំពីមុន ខ្ញុំជឿថាខ្ញុំមិនអាចកែប្រែបានទេ បើគ្មានជំនួយពីព្រះយេហូវ៉ា។ ខ្ញុំលែងងប់ងុលនឹងអំពើប្រាសចាកសីលធម៌និងលែងដេញតាមសម្ភារនិយមទៀតហើយ។
បើខ្ញុំមិនបានធ្វើតាមអ្វីដែលខ្ញុំបានរៀនពីគម្ពីរទេ ខ្ញុំប្រហែលជាស្លាប់បាត់ទៅហើយ ឬក៏កំពុងជាប់គុកក៏មិនដឹង។ ប៉ុន្តែ ឥឡូវខ្ញុំនិងក្រុមគ្រួសាររបស់ខ្ញុំមានសុភមង្គលខ្លាំងណាស់។ ខ្ញុំមានអំណរជាខ្លាំងដែលបានបម្រើព្រះយេហូវ៉ាជាមួយនឹងប្រពន្ធដែលគាំទ្រខ្ញុំ និងកូនស្រីដែលចេះស្ដាប់បង្គាប់។ ខ្ញុំមានអំណរគុណចំពោះព្រះយេហូវ៉ា ដែលលោកអនុញ្ញាតឲ្យខ្ញុំនៅក្នុងចំណោមបងប្អូនរួមជំនឿទូទាំងពិភពលោកដែលពោរពេញដោយសេចក្ដីស្រឡាញ់។ ខ្ញុំពិតជាដឹងគុណខ្លាំងណាស់ដែលមានបុគ្គលម្នាក់បានខំព្យាយាមបង្រៀនខ្ញុំអំពីសេចក្ដីពិតក្នុងគម្ពីរ។ ខ្ញុំឆ្លៀតគ្រប់ឱកាសបង្រៀនអ្នកឯទៀតអំពីអ្វីដែលគម្ពីរបង្រៀន។ ខ្ញុំពិតជាមានចិត្តកតញ្ញូជាខ្លាំងចំពោះព្រះយេហូវ៉ា ដែលលោកបានបង្ហាញសេចក្ដីស្រឡាញ់និងចិត្តសប្បុរសដោយទាញនាំខ្ញុំចូលមកជិតលោក។
[ឃ្លាអក្សរធំ]
«ខ្ញុំរំជួលចិត្ត ពេលខ្ញុំដឹងថាព្រះក៏ចេះមានអារម្មណ៍ដែរ ហើយដឹងថាការប្រព្រឹត្តរបស់ខ្ញុំអាចធ្វើឲ្យព្រះយេហូវ៉ាឈឺចិត្តឬសប្បាយចិត្ត»។
[រូបភាព]
ខ្ញុំបានឃើញម្ដាយខ្ញុំមានលក្ខណៈល្អជាងមុន
[រូបភាព]
ជាមួយប្រពន្ធនិងកូនស្រីខ្ញុំ