លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី១

មូលហេតុ​ដែល​លោក​យេស៊ូ​ជា​គ្រូ​ដ៏​ល្អ​ប្រសើរ

មូលហេតុ​ដែល​លោក​យេស៊ូ​ជា​គ្រូ​ដ៏​ល្អ​ប្រសើរ

ជាង​ពីរ​ពាន់​ឆ្នាំ​មុន មាន​ក្មេង​ម្នាក់​កើត​មក​ដែល​ប្លែក​ពី​ក្មេង​ឯ​ទៀត ហើយ​ធំ​ឡើង​ទៅ​ជា​បុរស​ដ៏​ល្អ​ប្រសើរ​បំផុត​ដែល​ធ្លាប់​រស់​នៅ។ នៅ​សម័យ​នោះ គ្មាន​យន្តហោះ ឬ​ឡាន​ទេ។ នៅ​ពេល​នោះ ក៏​គ្មាន​ទូរទស្សន៍ កុំព្យូទ័រ និង​អ៊ីនធឺណិត​ដែរ។

ក្មេង​នោះ​មាន​ឈ្មោះ​ថា យេស៊ូ។ ក្រោយ​មក ក្មេង​នោះ​ធំ​ឡើង​ទៅ​ជា​បុរស​ដែល​មាន​ប្រាជ្ញា​ច្រើន​ជាង​គេ​បំផុត​នៅ​ផែន​ដី។ លោក​យេស៊ូ​ក៏​បាន​ក្លាយ​ទៅ​ជា​គ្រូ​ដ៏​ល្អ​ប្រសើរ​បំផុត​ដែរ។ លោក​បាន​ពន្យល់​អ្វី​ដែល​ពិបាក​ឲ្យ​ទៅ​ជា​ងាយ​យល់។

លោក​យេស៊ូ​បាន​បង្រៀន​មនុស្ស​នៅ​គ្រប់​កន្លែង​ដែល​លោក​បាន​ជួប។ លោក​បង្រៀន​ពួក​គេ​នៅ​តាម​មាត់​បឹង និង​នៅ​លើ​ទូក។ លោក​បង្រៀន​ពួក​គេ​នៅ​ផ្ទះ និង​នៅ​ពេល​ធ្វើ​ដំណើរ។ លោក​យេស៊ូ​គ្មាន​ឡាន ហើយ​លោក​ក៏​មិន​បាន​ធ្វើ​ដំណើរ​តាម​រទេះ​ភ្លើង ឬ​ឡាន​ក្រុង​ដែរ។ លោក​យេស៊ូ​ដើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដើម្បី​បង្រៀន​មនុស្ស។

យើង​រៀន​អ្វី​ជា​ច្រើន​ពី​មនុស្ស​ឯ​ទៀត។ ប៉ុន្តែ យើង​អាច​រៀន​អ្វី​ដ៏​សំខាន់​បំផុត​ពី​លោក​យេស៊ូ​ដែល​ជា​គ្រូ​ដ៏​ល្អ​ប្រសើរ។ ពាក្យ​សម្ដី​ដែល​លោក​យេស៊ូ​បាន​និយាយ​គឺ​មាន​នៅ​ក្នុង​គម្ពីរ។ ពេល​យើង​អាន​ពាក្យ​ទាំង​នោះ​ពី​គម្ពីរ គឺ​ហាក់​ដូច​ជា​លោក​យេស៊ូ​កំពុង​និយាយ​មក​កាន់​យើង។

ហេតុ​អ្វី​លោក​យេស៊ូ​ជា​គ្រូ​ដ៏​ល្អ​ប្រសើរ? ហេតុ​មួយ គឺ​មាន​អ្នក​ដែល​បាន​បង្រៀន​លោក​យេស៊ូ ហើយ​លោក​ដឹង​ថា​ការ​ស្តាប់​អ្នក​បង្រៀន​គឺ​សំខាន់​ណាស់។ ប៉ុន្តែ តើ​លោក​យេស៊ូ​បាន​ស្តាប់​អ្នក​ណា? តើ​អ្នក​ណា​បាន​បង្រៀន​លោក?— គឺ​បិតា​របស់​លោក។ តើ​បិតា​របស់​លោក​ជា​អ្នក​ណា? បិតា​របស់​លោក​យេស៊ូ​គឺ​ជា​ព្រះ។

មុន​លោក​យេស៊ូ​មក​ផែន​ដី​ជា​មនុស្ស លោក​បាន​រស់​នៅ​ស្ថាន​សួគ៌​ជា​មួយ​ព្រះ។ ដូច្នេះ លោក​យេស៊ូ​គឺ​ខុស​ពី​មនុស្ស​ឯ​ទៀត ពី​ព្រោះ​គ្មាន​មនុស្ស​ណា​ម្នាក់​ដែល​ធ្លាប់​រស់​នៅ​ស្ថាន​សួគ៌​មុនកើត​នៅ​ផែន​ដី​ទេ។ នៅ​ស្ថាន​សួគ៌​លោក​យេស៊ូ​ជា​កូន​ល្អ។ លោក​បាន​ស្តាប់​បង្គាប់​បិតា។ ដូច្នេះ លោក​យេស៊ូ​អាច​បង្រៀន​មនុស្ស​នូវ​អ្វី​ដែល​លោក​បាន​រៀន​ពី​ព្រះ។ កូន​អាច​ធ្វើ​តាម​លោក​យេស៊ូ ដោយ​ស្តាប់​បង្គាប់​ឪពុក​ម្ដាយ។

ហេតុ​មួយ​ទៀត ដែល​លោក​យេស៊ូ​ជា​គ្រូ​ដ៏​ល្អ​ប្រសើរ គឺ​លោក​ស្រឡាញ់​មនុស្ស។ លោក​ចង់​ជួយ​មនុស្ស​ឲ្យ​រៀន​អំពី​ព្រះ។ លោក​យេស៊ូ​ស្រឡាញ់​មនុស្ស​ពេញ​វ័យ ហើយ​ក៏​ស្រឡាញ់​កូន​ក្មេង​ដែរ។ កូន​ក្មេង​ចូល​ចិត្ត​នៅ​ជា​មួយ​លោក​យេស៊ូ ដោយ​សារ​លោក​ធ្លាប់​និយាយ​ជា​មួយ​ពួក​គេ និង​ស្តាប់​ពួក​គេ។

ហេតុ​អ្វី​កូន​ក្មេង​ចូល​ចិត្ត​នៅ​ជា​មួយ​លោក​យេស៊ូ?

នៅ​ថ្ងៃ​មួយ ឪពុក​ម្ដាយ​ខ្លះ​បាន​នាំ​កូន​ៗ​របស់​ខ្លួន​ទៅ​ជួប​លោក​យេស៊ូ។ ក៏​ប៉ុន្តែ មិត្ត​របស់​លោក​យេស៊ូ​គិត​ថា គ្រូ​ដ៏​ល្អ​ប្រសើរ​រវល់​ពេក គ្មាន​ពេល​និយាយ​ជា​មួយ​កូន​ក្មេង​ទេ។ ដូច្នេះ ពួក​គាត់​បាន​ប្រាប់​ឪពុក​ម្ដាយ​និង​កូន​ៗ​ឲ្យ​ចេញ​ទៅ។ ប៉ុន្តែ តើ​លោក​យេស៊ូ​បាន​និយាយ​អ្វី?— លោក​យេស៊ូ​បាន​និយាយ​ថា​៖ ​«​ឲ្យ​កូន​ក្មេង​ទាំង​នោះ​មក​ឯ​ខ្ញុំ កុំ​ឃាត់​ពួក​គេ​ឡើយ​»។ មែន​ហើយ លោក​យេស៊ូ​ចង់​ឲ្យ​កូន​ក្មេង​មក​ជិត​លោក។ ដូច្នេះ ទោះ​ជា​លោក​យេស៊ូ​មាន​ប្រាជ្ញា​ច្រើន​ដល់​ម៉្លេះ ហើយ​ជា​បុរស​សំខាន់​ក្ដី ក៏​លោក​នៅ​តែ​ឆ្លៀត​ពេល​បង្រៀន​កូន​ក្មេង​ដែរ។—ម៉ាកុស ១០:១៣, ១៤

តើ​កូន​ដឹង​មូលហេតុ​ដែល​លោក​យេស៊ូ​បង្រៀន​កូន​ក្មេង និង​ស្តាប់​ពួក​គេ​ទេ? ហេតុ​មួយ គឺ​លោក​ចង់​ធ្វើ​ឲ្យ​ពួក​គេ​សប្បាយ​ចិត្ត ដោយ​ប្រាប់​ពួក​គេ​អំពី​ព្រះ​ដែល​ជា​បិតា​របស់​លោក​នៅ​ស្ថាន​សួគ៌។ តើ​កូន​អាច​ធ្វើ​ឲ្យ​មនុស្ស​ឯ​ទៀត​សប្បាយ​ចិត្ត​យ៉ាង​ដូច​ម្ដេច?— ដោយ​ប្រាប់​ពួក​គេ​នូវ​អ្វី​ដែល​កូន​បាន​រៀន​អំពី​ព្រះ។

មាន​ពេល​មួយ លោក​យេស៊ូ​បាន​យក​កូន​ក្មេង​ម្នាក់​មក ដើម្បី​បង្រៀន​មិត្ត​របស់​លោក​អំពី​មេរៀន​ដ៏​សំខាន់​មួយ។ លោក​បាន​ដាក់​កូន​ក្មេង​ឲ្យ​ឈរ​នៅ​កណ្ដាល​អ្នក​កាន់​តាម​លោក។ បន្ទាប់​មក​លោក​យេស៊ូ​បាន​ប្រាប់​បុរស​ពេញ​វ័យ​ទាំង​នេះ​ឲ្យ​កែ​ខ្លួន និង​ឲ្យ​មាន​លក្ខណៈ​ដូច​ជា​ក្មេង​នេះ​វិញ។

តើ​ក្មេង​ដែល​ធំ​បន្តិច​និង​មនុស្ស​ពេញ​វ័យ​អាច​រៀន​អ្វី​ពី​កូន​ក្មេង?

ពេល​លោក​យេស៊ូ​និយាយ​ដូច​នេះ តើ​លោក​ចង់​មាន​ន័យ​អ្វី? តើ​មនុស្ស​ពេញ​វ័យ ឬ​សូម្បី​តែ​ក្មេង​ធំ​ជាង​កូន​បន្តិច អាច​ក្លាយ​ទៅ​ជា​កូន​ក្មេង​យ៉ាង​ដូច​ម្ដេច​បាន? តើ​កូន​ដឹង​ទេ?— កូន​ក្មេង​មិន​យល់​ដឹង​ច្រើន​ដូច​មនុស្ស​ចាស់​ទេ ប៉ុន្តែ​ពួក​គេ​ចង់​រៀន។ ដូច្នេះ លោក​យេស៊ូ​ចង់​និយាយ​ថា អ្នក​កាន់​តាម​លោក​ត្រូវ​មាន​ចិត្ត​ចង់​រៀន​ដូច​កូន​ក្មេង។ មែន​ហើយ យើង​ទាំង​អស់​គ្នា​អាច​រៀន​អ្វី​ៗ​ជា​ច្រើន​ពី​អ្នក​ឯ​ទៀត។ ម្យ៉ាង​ទៀត យើង​ទាំង​អស់​គ្នា​គួរ​ទទួល​ស្គាល់​ថា សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​គឺ​ប្រសើរ​ជាង​គំនិត​របស់​យើង។—ម៉ាថាយ ១៨:១​-​៥

ហេតុ​មួយ​ទៀត ដែល​លោក​យេស៊ូ​ជា​គ្រូ​ដ៏​ល្អ​ប្រសើរ គឺ​វិធី​ដែល​លោក​បង្រៀន​ធ្វើ​ឲ្យ​មនុស្ស​ចាប់​អារម្មណ៍។ លោក​ចេះ​ពន្យល់​តាម​របៀប​ដ៏​ស្រួល​យល់ ហើយ​ច្បាស់។ លោក​បាន​និយាយ​អំពី​សត្វ​ចាប អំពី​ផ្កា និង​អំពី​អ្វី​ដែល​មនុស្ស​ស្គាល់​ជា​ទូទៅ​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​យល់​អំពី​ព្រះ។

ថ្ងៃ​មួយ ពេល​លោក​យេស៊ូ​នៅ​ជម្រាល​ភ្នំ មានមនុស្ស​ជា​ច្រើន​បាន​មក​ឯ​លោក។ លោក​យេស៊ូ​អង្គុយ ហើយ​ថ្លែង​សុន្ទរកថា​ឲ្យ​ពួក​គេ​ស្តាប់ ដូច​ដែល​កូន​ឃើញ​ក្នុង​រូប​ភាព​នេះ។ សុន្ទរកថា​នេះ ហៅ​ថា​សុន្ទរកថា​នៅ​លើ​ភ្នំ។ លោក​និយាយ​ថា​៖ ‹មើល​សត្វ​ស្លាប​នៅ​លើ​មេឃ។ វា​មិន​សាប​ព្រោះ ហើយ​មិន​ប្រមូល​ចំណី​ទុក​ក្នុង​ជង្រុក​ឡើយ។ តែ​ព្រះ​ដែល​នៅ​ស្ថាន​សួគ៌​ផ្ដល់​ចំណី​ឲ្យ​វា។ តើ​កូន​មិន​មាន​តម្លៃ​ជាង​សត្វ​ស្លាប​ទាំង​នោះ​ទៅ​ទៀត​ទេ​ឬ?›។

ពេល​ដែល​លោក​និយាយ​អំពី​សត្វ​ស្លាប​និង​ផ្កា តើ​លោក​យេស៊ូ​បាន​បង្រៀន​មេរៀន​អ្វី?

លោក​យេស៊ូ​ក៏​បាន​និយាយ​ដែរ​ថា​៖ ‹សូម​គិត​អំពី​ផ្កា​នៅ​ឯ​វាល។ វា​ដុះ​ឡើង​ដោយ​មិន​ធ្វើ​ការ​នឿយ​ហត់ ហើយ​ស្អាត​ទាំង​អស់! សូម្បី​តែ​ស្ដេច​សាឡូម៉ូន​ដែល​ជា​អ្នក​មាន​មិន​បាន​តែង​ខ្លួន​ស្អាត​ជាង​ផ្កា​នៅ​ឯ​វាល​នោះ​ផង។ ដូច្នេះ បើ​ព្រះ​ថែ​ផ្កា​ទាំង​នោះ​ឲ្យ​ដុះ​ឡើង តើ​លោក​នឹង​មិន​ថែ​កូន​ជាង​ផ្កា​ទាំង​នោះ​ទេ​ឬ?›។—ម៉ាថាយ ៦:២៥​-​៣៣

តើ​កូន​យល់​មេរៀន​ដែល​លោក​យេស៊ូ​បង្រៀន​ទេ?— លោក​មិន​ចង់​ឲ្យ​យើង​បារម្ភ​ថា នឹង​បាន​ចំណី​អាហារ​មក​ពី​ណា ឬ​បាន​អ្វី​ស្លៀក​ពាក់​ទេ។ ព្រះ​ដឹង​ថា យើង​ត្រូវ​ការ​របស់​ទាំង​អស់នោះ។ លោក​យេស៊ូ​មិន​ចង់​និយាយ​ថា យើង​មិន​គួរ​ធ្វើ​ការ​ដើម្បី​ឲ្យ​បាន​ចំណី​អាហារ​ឬ​សម្លៀក​បំពាក់​នោះ​ទេ។ ប៉ុន្តែ លោក​ចង់​ឲ្យ​យើង​គិត​អំពី​ព្រះ​ជា​មុន​សិន។ បើ​យើង​ធ្វើ​ដូច្នោះ ព្រះ​ពិត​ជា​នឹង​ផ្ដល់​ចំណី​អាហារ​និង​សម្លៀក​បំពាក់​ដល់​យើង​ជា​មិន​ខាន។ តើ​កូន​ជឿ​ដូច្នោះ​ដែរ​ទេ?—

ពេល​លោក​យេស៊ូ​និយាយ​ចប់​ហើយ តើ​មនុស្ស​មាន​អារម្មណ៍​យ៉ាង​ណា?— គម្ពីរ​ចែង​ថា ពួក​គេ​កោត​ស្ងើច​នឹង​របៀប​ដែល​លោក​បង្រៀន។ របៀប​ដែល​លោក​បង្រៀន​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន។ សេចក្ដី​បង្រៀន​របស់​លោក​បាន​ជួយ​មនុស្ស​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។—ម៉ាថាយ ៧:២៨

ដូច្នេះ​ជា​ការ​សំខាន់​ដែល​យើង​រៀន​ពី​លោក​យេស៊ូ។ តើ​យើង​អាច​រៀន​យ៉ាង​ដូច​ម្ដេច? តើ​កូន​ដឹង​ទេ?— ការ​បង្រៀន​របស់​លោក​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​មួយ។ តើ​កូន​ដឹង​ថា​សៀវភៅ​នោះ​ជា​អ្វី​ទេ?— គឺ​គម្ពីរ​បរិសុទ្ធ។ នេះ​មាន​ន័យ​ថា យើង​អាច​ស្តាប់​លោក​យេស៊ូ ដោយ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្វី​ដែល​យើង​អាន​ពី​គម្ពីរ។ តាម​ពិត គម្ពីរ​មាន​រឿង​មួយ​ស្ដី​អំពី​ពេល​ដែល​ព្រះ​ប្រាប់​យើង​ដោយ​ផ្ទាល់​ឲ្យ​ស្តាប់​លោក​យេស៊ូ។ រឿង​នោះ​អស្ចារ្យ​ណាស់! សូម​ស្តាប់​អ្វី​ដែល​បាន​កើត​ឡើង។

ថ្ងៃ​មួយ​លោក​យេស៊ូ​បាន​នាំ​មិត្ត​បី​នាក់​របស់​លោក​ឡើង​ភ្នំ។ ពួក​គាត់​ឈ្មោះ​យ៉ាកុប យ៉ូហាន និង​ពេត្រុស។ ពេល​ក្រោយ​យើង​នឹង​រៀន​ថែម​ទៀត​អំពី​បុរស​ទាំង​នេះ ដោយ​សារ​ពួក​គាត់​ទាំង​បី​នាក់​ជា​មិត្ត​សម្លាញ់​របស់​លោក​យេស៊ូ។ តែ​ក្នុង​ឱកាស​ដ៏​ពិសេស​នោះ មុខ​របស់​លោក​យេស៊ូ​ចាប់​ផ្ដើម​បញ្ចេញ​រស្មី​ភ្លឺ​ច្បាស់។ សម្លៀក​បំពាក់​របស់​លោក​ភ្លឺ​ត្រចះ​ដូច​ពន្លឺ ដូច​កូន​ឃើញ​ក្នុង​រូប​ភាព​នេះ។

‹នេះ​ជា​បុត្រ​របស់​ខ្ញុំ ចូរ​ស្តាប់​តាម​លោក›

ក្រោយ​មក លោក​យេស៊ូ​និង​មិត្ត​របស់​លោក​បាន​ឮ​សំឡេង​មួយ​ពី​ស្ថាន​សួគ៌​ថា​៖ ​«​នេះ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​ខ្ញុំ​ពេញ​ចិត្ត។ ចូរ​ស្តាប់​តាម​លោក​»។ (​ម៉ាថាយ ១៧:១​-​៥​) តើ​កូន​ដឹង​ទេ​ថា នោះ​ជា​សំឡេង​អ្នក​ណា?— ជា​សំឡេង​របស់​ព្រះ! មែន​ហើយ ព្រះ​បាន​និយាយ​ថា ពួក​គាត់​គួរ​ស្តាប់​បុត្រ​របស់​លោក។

ចុះ​យ៉ាង​ណា​យើង​សព្វ​ថ្ងៃ​នេះ? តើ​យើង​នឹង​ធ្វើ​តាម​បង្គាប់​របស់​ព្រះ ហើយ​ស្តាប់​បុត្រ​របស់​លោក​ដែល​ជា​គ្រូ​ដ៏​ល្អ​ប្រសើរ​ទេ?— នោះ​ជា​អ្វី​ដែល​យើង​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ។ តើ​កូន​ចាំ​វិធី​ដែល​យើង​អាច​ធ្វើ​ដូច​នោះ​ទេ?—

មែន​ហើយ យើង​អាច​ស្តាប់​បុត្រ​របស់​ព្រះ ដោយ​អាន​កំណត់​ហេតុ​ក្នុង​គម្ពីរ​ស្ដី​អំពី​ជីវិត​របស់​លោក។ មាន​រឿង​ល្អ​ជា​ច្រើន​ដែល​គ្រូ​ដ៏​ល្អ​ប្រសើរ​បាន​ប្រាប់​យើង។ កូន​នឹង​សប្បាយ​ចិត្ត​រៀន​អំពី​រឿង​ទាំង​នេះ​ដែល​បាន​សរសេរ​ទុក​ក្នុង​គម្ពីរ។ កូន​នឹង​មាន​ចិត្ត​រីក​រាយ បើ​កូន​ប្រាប់​ពួកម៉ាក​អំពី​អ្វី​ដ៏​ល្អ​ដែល​កូន​បាន​រៀន។

ដើម្បី​រៀន​ថែម​ទៀត​អំពី​រឿង​ដ៏​ល្អ​ដែល​មក​ពី​ការ​ស្តាប់​លោក​យេស៊ូ សូម​បើក​គម្ពីរ​របស់​អ្នក ហើយ​អាន​នៅ យ៉ូហាន ៣:១៦; ៨:២៨​-​៣០ និង​សកម្មភាព ៤:១២