ជំពូកទី១៦
តើអ្វីពិតជាសំខាន់?
នៅថ្ងៃមួយមានបុរសម្នាក់មកជួបលោកយេស៊ូ។ គាត់ដឹងថាលោកយេស៊ូជាមនុស្សដែលមានប្រាជ្ញា ដូច្នេះហើយគាត់បាននិយាយទៅលោកថា៖ ‹លោកគ្រូ សូមប្រាប់បងប្រុសខ្ញុំចែកទ្រព្យសម្បត្តិខ្លះដែលគាត់មានឲ្យខ្ញុំផង›។ បុរសនោះគិតថា គាត់គួរតែទទួលទ្រព្យសម្បត្តិខ្លះពីបងប្រុសគាត់។
បើកូនជាលោកយេស៊ូ តើកូននឹងនិយាយអ្វី?— លោកយេស៊ូឃើញថា បុរសនោះមានបញ្ហាមួយ។ ប៉ុន្តែ បញ្ហានោះមិនមែនដោយសារគាត់ត្រូវការទ្រព្យសម្បត្តិដែលបងប្រុសគាត់មានទេ។ ផ្ទុយទៅវិញ គាត់មិនដឹងថាអ្វីគឺពិតជាសំខាន់ក្នុងជីវិត។
សូមគិតអំពីរឿងនេះ។ តើអ្វីគួរតែសំខាន់បំផុតចំពោះយើង? តើគួរជាប្រដាប់ប្រដាលេងល្អៗ សម្លៀកបំពាក់ថ្មីៗ ឬរបស់របរផ្សេងៗទេ?— អត់ទេ។ តាមពិតមានអ្វីផ្សេងទៀតដែលសំខាន់ជាងនោះឆ្ងាយណាស់ ហើយនេះជាមេរៀនដែលលោកយេស៊ូបានបង្រៀន។ ហេតុនេះហើយ បានជាលោកប្រាប់រឿងមួយស្ដីអំពីបុរសម្នាក់ដែលភ្លេចព្រះ។ តើកូនចង់ស្តាប់ទេ?—
បុរសនេះជាអ្នកមានណាស់។ គាត់មានដីស្រែនិងជង្រុកជាច្រើន។ ស្រែចំការរបស់គាត់ផ្ដល់ភោគផលដ៏ច្រើនរហូតដល់ជង្រុករបស់គាត់លែងមានកន្លែងដាក់ទៀត។ ដូច្នេះ តើគាត់នឹងធ្វើអ្វី? គាត់និយាយខ្លួនឯងថា ‹ខ្ញុំនឹងរុះជង្រុកទាំងអស់របស់ខ្ញុំ ហើយធ្វើជង្រុកធំៗជាង។ រួចមក ខ្ញុំនឹងទុកផលដំណាំនិងរបស់ល្អទាំងអស់របស់ខ្ញុំនៅក្នុងជង្រុកថ្មីនោះ›។
បុរសអ្នកមាននោះគិតថា ការធ្វើដូច្នោះគឺជាគំនិតល្អណាស់។ គាត់គិតថាខ្លួនមានប្រាជ្ញាដែលចេះប្រមូលទុករបស់របរជាច្រើន។ គាត់ប្រាប់ខ្លួន
ឯងថា ‹ខ្ញុំបានប្រមូលទុករបស់ល្អច្រើន ល្មមសម្រាប់យូរឆ្នាំទៀត។ ដូច្នេះ ឥឡូវខ្ញុំអាចសម្រាកបាន។ ខ្ញុំនឹងផឹក បរិភោគ ហើយសប្បាយផង›។ ប៉ុន្តែ អ្វីដែលបុរសអ្នកមាននោះគិត គឺមិនត្រឹមត្រូវឡើយ។ តើកូនដឹងថាគាត់គិតអ្វីទេ?— គឺគាត់គិតតែពីខ្លួនគាត់ និងការសប្បាយផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយគាត់បានភ្លេចព្រះ។ដូច្នេះ ព្រះបាននិយាយទៅកាន់បុរសអ្នកមាននោះថា៖ ‹មនុស្សឥតចេះពិចារណាអើយ! អ្នកនឹងស្លាប់នៅយប់នេះ។ ដូច្នេះ តើអ្នកណានឹងទទួលអ្វីៗដែលអ្នកបានប្រមូលទុក?›។ តើបុរសអ្នកមាននោះអាចប្រើប្រាស់ទ្រព្យសម្បត្តិរបស់ខ្លួនក្រោយពីគាត់ស្លាប់ឬទេ?— មិនបានទេ។ អ្នកផ្សេងទៀតនឹងយកទ្រព្យសម្បត្តិរបស់គាត់។ លោកយេស៊ូនិយាយថា៖ «អ្នកណាដែលប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួន តែមិនមែនជាអ្នកមានចំពោះព្រះ អ្នកនោះក៏ដូច្នោះដែរ»។—លូកា ១២:១៣-២១
កូនមិនចង់ធ្វើដូចបុរសអ្នកមាននោះទេ មែនទេ?— អ្វីសំខាន់បំផុតក្នុងជីវិតរបស់គាត់ គឺប្រមូលទ្រព្យសម្បត្តិឲ្យបានច្រើន។ ប៉ុន្តែ គាត់មិនគួរធ្វើដូច្នោះឡើយ។ គាត់ចេះតែចង់បានថែមទៀត តែគាត់មិនមែនជា«អ្នកមានចំពោះព្រះ»ទេ។
មនុស្សជាច្រើនក៏ដូចបុរសអ្នកមាននោះដែរ។ ពួកគេចេះតែចង់បានថែមទៀត។ ប៉ុន្តែ នេះអាចនាំឲ្យមានបញ្ហាធំ។ ឧទាហរណ៍ កូនមានប្រដាប់ប្រដាលេង មែនទេ?— តើកូនមានអ្វីខ្លះ?— ចុះបើមិត្តម្នាក់របស់កូនមានបាល់ តុក្ដតា ឬប្រដាប់ប្រដាលេងផ្សេងទៀតដែលកូនអត់មាន តើកូននឹងធ្វើយ៉ាងណា? បើកូនរំអុកឪពុកម្ដាយឲ្យទិញរបស់នោះឲ្យកូនទាល់តែបាន តើនោះជាការត្រឹមត្រូវទេ?—
ពេលខ្លះគ្រឿងលេងមួយប្រហែលជាមើលទៅសំខាន់ណាស់ចំពោះកូន។ ប៉ុន្តែ តើអ្វីនឹងកើតឡើងបន្ទាប់ពីកូនបានលេងមួយរយៈ?— វានឹងចាស់ ប្រហែលជាខូច ហើយក្រោយមកកូនក៏លែងចង់លេងវាទៀតដែរ។ តាមពិត កូនមានអ្វីមួយដែលពិសេសជាងគ្រឿងលេងនោះទៅទៀត។ តើកូនដឹងថានោះជាអ្វីទេ?—
នោះជាជីវិតរបស់កូន។ ជីវិតកូនគឺមានតម្លៃណាស់។ បើគ្មានជីវិត កូនមិនអាចធ្វើអ្វីបានទេ។ ប៉ុន្តែ ជីវិតរបស់កូនគឺអាស្រ័យទៅលើការធ្វើអ្វីដែលព្រះពេញចិត្ត មែនទេ?— ដូច្នេះ សូមកុំធ្វើដូចបុរសអ្នកមានដែលមិនចេះពិចារណាហើយបានភ្លេចព្រះ។
មិនមែនតែកូនក្មេងទេដែលអាចធ្វើអ្វីៗដោយឥតចេះពិចារណាដូចបុរសអ្នកមាននោះ។
មនុស្សធំជាច្រើនក៏ធ្វើដូច្នោះដែរ។ ពួកគេខ្លះតែងតែចង់បានច្រើនជាងអ្វីដែលពួកគេមានហើយ។ ប្រហែលជាពួកគេមានចំណីអាហារសម្រាប់រាល់ថ្ងៃ សម្លៀកបំពាក់ និងកន្លែងរស់នៅ។ ប៉ុន្តែ ពួកគេចង់បានថែមទៀត។ ពួកគេចង់បានសម្លៀកបំពាក់ច្រើន និងចង់បានផ្ទះធំជាង។ អ្វីៗទាំងនេះត្រូវចំណាយលុយច្រើន។ ដូច្នេះ ពួកគេត្រូវធ្វើការនឿយហត់ថែមទៀតដើម្បីបានលុយច្រើន។ បើពួកគេមានលុយកាន់តែច្រើន ពួកគេក៏កាន់តែចង់បានថែមទៀតដែរ។មនុស្សធំខ្លះជាប់រវល់យ៉ាងខ្លាំងក្នុងការរកលុយ រហូតដល់ពួកគេគ្មានពេលនៅជាមួយក្រុមគ្រួសារ។ ពួកគេក៏គ្មានពេលសម្រាប់ព្រះដែរ។ ប៉ុន្តែ តើលុយអាចជួយពួកគេឲ្យរស់ជារៀងរហូតបានទេ?— មិនអាចទេ។ តើពួកគេអាចចាយលុយក្រោយពីស្លាប់បានទេ?— មិនបានទេ។ នេះដោយសារមនុស្សស្លាប់មិនអាចធ្វើអ្វីបានទាំងអស់។—សាស្តា ៩:៥, ១០
តើនេះមានន័យថា មានលុយខុសឬ?— មិនមែនទេ។ បើមានលុយ យើងអាចទិញចំណីអាហារ និងសម្លៀកបំពាក់។ គម្ពីរចែងថាលុយជាគ្រឿងការពារខ្លួន។ (សាស្តា ៧:១២) ប៉ុន្តែ បើយើងស្រឡាញ់លុយ នោះយើងនឹងមានបញ្ហាធំមែន។ យើងនឹងដូចជាបុរសអ្នកមានដែលឥតចេះពិចារណាដែលបានប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួន តែមិនមែនជាអ្នកមានចំពោះព្រះទេ។
តើជាអ្នកមានចំពោះព្រះមានន័យដូចម្ដេច?— មានន័យថាយើងចាត់ទុកព្រះជាបុគ្គលសំខាន់បំផុតក្នុងជីវិតរបស់យើង។ មនុស្សខ្លះនិយាយថាពួកគេជឿទៅលើព្រះ។ ពួកគេគិតថាបើគ្រាន់តែជឿប៉ុណ្ណោះ នោះគឺល្មមហើយ។ ប៉ុន្តែ តើពួកគេពិតជាអ្នកមានចំពោះព្រះឬ?— មិនមែនទេ។ ពួកគេដូចជាបុរសអ្នកមានដែលភ្លេចព្រះ។
លោកយេស៊ូមិនដែលភ្លេចបិតានៅស្ថានសួគ៌របស់លោកទេ។ លោកមិនបានខំប្រឹងរកលុយឲ្យបានច្រើនឡើយ។ ណាមួយទៀត លោកក៏គ្មានទ្រព្យសម្បត្តិអ្វីច្រើនដែរ។ លោកយេស៊ូដឹងនូវអ្វីដែលពិតជាសំខាន់ក្នុងជីវិត។ តើកូនដឹងថានោះជាអ្វីទេ?— គឺការធ្វើជាអ្នកមានចំពោះព្រះ។
សូមប្រាប់ខ្ញុំ តើយើងអាចធ្វើជាអ្នកមានចំពោះព្រះយ៉ាងដូចម្ដេច?— យើងអាចធ្វើជាអ្នកមានចំពោះព្រះដោយធ្វើអ្វីដែលលោកពេញចិត្ត។ លោកយេស៊ូនិយាយថា៖ «ខ្ញុំតែងតែធ្វើអ្វីដែលលោកពេញចិត្ត»។ (យ៉ូហាន ៨:២៩) ព្រះពេញចិត្តពេលយើងធ្វើអ្វីដែលលោកចង់ឲ្យ យើងធ្វើ។ ឥឡូវសូមប្រាប់មើល តើកូនអាចធ្វើអ្វីខ្លះដើម្បីឲ្យព្រះពេញចិត្ត?— ត្រូវហើយ។ កូនអាចអានគម្ពីរ ចូលរួមកិច្ចប្រជុំគ្រិស្ដសាសនិក អធិដ្ឋានទៅព្រះ និងជួយមនុស្សឯទៀតឲ្យរៀនអំពីលោក។ អ្វីទាំងនោះពិតជាសំខាន់បំផុតក្នុងជីវិត។
ដោយសារលោកយេស៊ូជាអ្នកមានចំពោះព្រះយេហូវ៉ា នោះព្រះយេហូវ៉ាបានថែរក្សាលោក។ ព្រះបានឲ្យរង្វាន់ជាជីវិតជារៀងរហូតដល់លោកយេស៊ូ។ បើយើងធ្វើដូចលោកយេស៊ូ នោះព្រះយេហូវ៉ានឹងស្រឡាញ់ ហើយថែរក្សាយើងដែរ។ ដូច្នេះ សូមយើងធ្វើដូចលោកយេស៊ូ ហើយកុំធ្វើដូចបុរសអ្នកមានដែលភ្លេចព្រះឡើយ។
ដើម្បីមានទស្សនៈត្រឹមត្រូវចំពោះវត្ថុទ្រព្យ មានបទគម្ពីរខ្លះៗដូចជា សុភាសិត ២៣:៤; ២៨:២០ ធីម៉ូថេទី១ ៦:៦-១០ និងហេប្រឺ ១៣:៥។