លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៥០

តើក្រុមគ្រួសាររបស់អ្នកអាចមានសុភមង្គលយ៉ាងដូចម្ដេច? (ភាគទី២)

តើក្រុមគ្រួសាររបស់អ្នកអាចមានសុភមង្គលយ៉ាងដូចម្ដេច? (ភាគទី២)

កូន​ជា​អំណោយ​ពី​ព្រះ​យេហូវ៉ា។ លោក​តម្រូវ​ឲ្យ​ឪពុក​ម្ដាយ​ថែ​រក្សា​អំណោយ​នោះ​ឲ្យ​បាន​ល្អ។ ព្រះ​យេហូវ៉ា​ផ្ដល់​ឱវាទ​ល្អ​ដែល​អាច​ជួយ​ឪពុក​ម្ដាយ​ឲ្យ​ធ្វើ​ដូច្នោះ។ ឱវាទ​របស់​លោក​ក៏​អាច​ជួយ​កូន​ឲ្យ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ក្រុម​គ្រួសារ​មាន​សុភមង្គល​ដែរ។

១. តើ​ព្រះ​យេហូវ៉ា​ផ្ដល់​ឱវាទ​អ្វី​ដល់​ឪពុក​ម្ដាយ?

ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ឪពុក​ម្ដាយ​ស្រឡាញ់​កូន និង​ចំណាយ​ពេល​ជា​មួយ​នឹង​កូន​ឲ្យ​បាន​ច្រើន​បំផុត។ ម្យ៉ាង​ទៀត លោក​ចង់​ឲ្យ​ឪពុក​ម្ដាយ​ការ​ពារ​កូន​ពី​គ្រោះ​ថ្នាក់ និង​បង្ហាត់​បង្រៀន​កូន​ដោយ​ប្រើ​គោល​ការណ៍​គម្ពីរ​ជា​មូលដ្ឋាន។ (​សុភាសិត ១:៨​) លោក​ប្រាប់​ឪពុក​ទាំង​ឡាយ​ថា​៖ ​«​ចូរ​អប់រំ​កូន​ទៅ​តាម . . . ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​»។ (​សូម​អាន អេភេសូរ ៦:៤​) ពេល​ឪពុក​ម្ដាយ​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​ចិញ្ចឹម​អប់រំ​កូន ហើយ​មិន​ប្រគល់​ភារកិច្ច​នេះ​ដល់​អ្នក​ផ្សេង​ទៀត នោះ​ពួក​គេ​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។

២. តើ​ព្រះ​យេហូវ៉ា​ផ្ដល់​ឱវាទ​អ្វី​ដល់​កូន?

ព្រះ​យេហូវ៉ា​ប្រាប់​កូន​ទាំង​ឡាយ​ថា​៖ ​«​ចូរ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​»។ (​សូម​អាន កូឡុស ៣:២០​) ពេល​កូន​គោរព​និង​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ ពួក​គេ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​និង​ឪពុក​ម្ដាយ​សប្បាយ​រីករាយ។ (​សុភាសិត ២៣:២២​-​២៥​) លោក​យេស៊ូ​ទុក​គំរូ​ល្អ​ពេល​លោក​នៅ​ជា​កុមារ។ ទោះ​ជា​លោក​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ លោក​បាន​ស្ដាប់​បង្គាប់​និង​គោរព​ឪពុក​ម្ដាយ​របស់​លោក។​—លូកា ២:៥១, ៥២

៣. តើ​ក្រុម​គ្រួសារ​របស់​អ្នក​អាច​ចូល​ទៅ​ជិត​ព្រះ​យ៉ាង​ដូច​ម្ដេច?

ប្រសិន​បើ​អ្នក​ជា​ឪពុក​ម្ដាយ អ្នក​ច្បាស់​ជា​ចង់​ឲ្យ​កូន​ស្រឡាញ់​ព្រះ​យេហូវ៉ា​ខ្លាំង​ដូច​អ្នក​ដែរ។ តើ​អ្នក​អាច​ធ្វើ​ដូច្នេះ​តាម​របៀប​ណា? គឺ​ដោយ​ធ្វើ​តាម​ឱវាទ​ពី​គម្ពីរ។ គម្ពីរ​ចែង​ថា​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​បង្ហាត់​បង្រៀន​[​បណ្ដាំ​ព្រះ​យេហូវ៉ា​]​ដល់​កូន​ចៅ​របស់​ខ្លួន ដោយ​និយាយ​ប្រាប់​ពួក​គេ​ក្នុង​កាល​ដែល​អង្គុយ​នៅ​ក្នុង​ផ្ទះ ក្នុង​កាល​ដែល​ដើរ​តាម​ផ្លូវ​»។ (​ការ​បំភ្លឺ​ច្បាប់ ៦:៧​) ពាក្យ​«​បង្ហាត់​បង្រៀន​»​មាន​ន័យ​ថា ប្រាប់​អ្វី​មួយ​ម្ដង​ហើយ​ម្ដង​ទៀត។ អ្នក​ទំនង​ជា​ដឹង​ហើយ​ថា ជា​រឿយ​ៗ​អ្នក​ត្រូវ​ប្រាប់​កូន​ម្ដង​ហើយ​ម្ដង​ទៀត​ដើម្បី​ឲ្យ​កូន​ចង​ចាំ។ ដូច​បទ​គម្ពីរ​នេះ​ចែង អ្នក​គួរ​រក​ឱកាស​និយាយ​ជា​មួយ​នឹង​កូន​ជា​ទៀង​ទាត់​អំពី​ព្រះ​យេហូវ៉ា។ ជា​ការ​ល្អ​ដែល​ក្រុម​គ្រួសារ​ទាំង​មូល​លៃ​ទុក​ពេល​ជា​រៀង​រាល់​សប្ដាហ៍ ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​ជា​មួយ​គ្នា។ ប្រសិន​បើ​អ្នក​មិន​មាន​កូន​ទេ អ្នក​នៅ​តែ​ទទួល​ប្រយោជន៍​ដោយ​លៃ​ទុក​ពេល​ជា​រៀង​រាល់​សប្ដាហ៍​ដើម្បី​សិក្សា​បណ្ដាំ​របស់​ព្រះ។

បង្កើន​ចំណេះ

សូម​ពិចារណា​យោបល់​ល្អ​ៗ​ដែល​ជួយ​ក្រុម​គ្រួសារ​ឲ្យ​មាន​សុភមង្គល​និង​សេចក្ដី​សុខ​សាន្ត។

៤. ចូរ​បង្ហាត់​បង្រៀន​កូន​របស់​អ្នក​ដោយ​សេចក្ដី​ស្រឡាញ់

ការ​បង្ហាត់​បង្រៀន​កូន​គឺ​មិន​ងាយ​ស្រួល​ទេ។ ប៉ុន្តែ គម្ពីរ​អាច​ជួយ​បាន។ តើ​តាម​របៀប​ណា? សូម​អាន យ៉ាកុប ១:១៩, ២០ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ពេល​ឪពុក​ម្ដាយ​និយាយ​ជា​មួយ​នឹង​កូន តើ​ពួក​គាត់​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​យ៉ាង​ដូច​ម្ដេច?

  • ហេតុ​អ្វី​ឪពុក​ឬ​ម្ដាយ​មិន​គួរ​ប្រៀន​ប្រដៅ​កូន​ពេល​ដែល​ខ្លួន​ខឹង? a

៥. ចូរ​ការ​ពារ​កូន​របស់​អ្នក

ដើម្បី​ការ​ពារ​កូន​ៗ​របស់​អ្នក ជា​ការ​សំខាន់​ណាស់​ដែល​អ្នក​និយាយ​អប់រំ​កូន​ម្នាក់​ៗ​អំពី​ការ​រួម​ភេទ។ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ខ្មាស​និយាយ​ជា​មួយ​កូន​អំពី​រឿង​នេះ។ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ហេតុ​អ្វី​ឪពុក​ម្ដាយ​ពិបាក​និយាយ​អប់រំ​កូន​ៗ​អំពី​ការ​រួម​ភេទ?

  • តើ​ឪពុក​ម្ដាយ​ខ្លះ​បាន​ពន្យល់​កូន​យ៉ាង​ណា​អំពី​ការ​រួម​ភេទ?

ដូច​គម្ពីរ​បាន​ប្រាប់​ទុក​ជា​មុន ពិភព​លោក​សាថាន​កាន់​តែ​អាក្រក់​ខ្លាំង​ឡើង​ៗ។ សូម​អាន ធីម៉ូថេ​ទី​២ ៣:​១, ១៣ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • មនុស្ស​ទុច្ចរិត​ខ្លះ​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​ខ​១៣ គឺ​សំដៅ​លើ​មនុស្ស​ដែល​បៀត​បៀន​កេរ្តិ៍​ខ្មាស​កុមារ។ ដូច្នេះ ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​ឪពុក​ម្ដាយ​ពន្យល់​កូន​អំពី​ការ​រួម​ភេទ និង​បង្រៀន​កូន​ឲ្យ​ចេះ​ការ​ពារ​ខ្លួន​ពី​អ្នក​ដែល​បៀត​បៀន​កេរ្តិ៍​ខ្មាស?

តើ​អ្នក​ដឹង​ទេ?

សាក្សី​ព្រះ​យេហូវ៉ា​មាន​សៀវ​ភៅ​និង​វីដេអូ​ជា​ច្រើន​ដែល​ជួយ​ឪពុក​ម្ដាយ​ឲ្យ​អប់រំ​កូន​អំពី​ការ​រួម​ភេទ និង​ជួយ​ការ​ពារ​កូន​ពី​អ្នក​ដែល​បៀត​បៀន​កេរ្តិ៍​ខ្មាស។ ជា​ឧទាហរណ៍ សូម​មើល​៖

៦. ចូរ​គោរព​ឪពុក​ម្ដាយ​របស់​អ្នក

កុមារ​និង​ក្មេង​ជំទង់​អាច​និយាយ​ទៅ​កាន់​ឪពុក​ម្ដាយ​តាម​របៀប​ដែល​បង្ហាញ​ការ​គោរព​ចំពោះ​ពួក​គាត់។ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ពេល​មនុស្ស​វ័យ​ក្មេង​និយាយ​ដោយ​គោរព​ចំពោះ​ឪពុក​ម្ដាយ តើ​នេះ​មាន​ប្រយោជន៍​អ្វី​សម្រាប់​គាត់?

  • តើ​មនុស្ស​វ័យ​ក្មេង​អាច​និយាយ​ទៅ​កាន់​ឪពុក​ម្ដាយ​តាម​របៀប​ដែល​បង្ហាញ​ការ​គោរព​យ៉ាង​ដូច​ម្ដេច?

សូម​អាន សុភាសិត ១:៨ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​មនុស្ស​វ័យ​ក្មេង​គួរ​មាន​ប្រតិកម្ម​យ៉ាង​ណា ពេល​ឪពុក​ម្ដាយ​ប្រាប់​គាត់​ឲ្យ​ធ្វើ​អ្វី​មួយ?

៧. ចូរ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​ក្រុម​គ្រួសារ

ជា​រៀង​រាល់​សប្ដាហ៍ ក្រុម​គ្រួសារ​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​លៃ​ទុក​ពេល​ជាក់​លាក់​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​ជា​មួយ​គ្នា។ តើ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​អាច​ធ្វើ​ឡើង​តាម​របៀប​ណា​ខ្លះ? លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​ក្រុម​គ្រួសារ​អាច​ធ្វើ​អ្វី​ដើម្បី​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​យ៉ាង​ទៀង​ទាត់?

  • តើ​ឪពុក​ម្ដាយ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​មាន​ប្រយោជន៍​និង​សប្បាយ​រីករាយ? (​សូម​មើល​រូប​ភាព​នៅ​ទំព័រ​ដំបូង​ក្នុង​មេ​រៀន​នេះ​)

  • តើ​អ្វី​ប្រហែល​ជា​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​អ្នក​ពិបាក​គោរព​ប្រណិប័តន៍​ព្រះ​ជា​មួយ​គ្នា?

នៅ​សម័យ​បុរាណ ព្រះ​យេហូវ៉ា​បង្គាប់​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​និយាយ​ជា​មួយ​ក្រុម​គ្រួសារ​របស់​ខ្លួន​ជា​ទៀង​ទាត់​អំពី​បទ​គម្ពីរ។ សូម​អាន ការ​បំភ្លឺ​ច្បាប់ ៦:​៦, ៧ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​អ្នក​អាច​ធ្វើ​តាម​គោល​ការណ៍​នេះ​យ៉ាង​ដូច​ម្ដេច?

យោបល់​ខ្លះ​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​៖

  • រៀបចំ​កិច្ច​ប្រជុំ​មុន​ចូល​រួម​ជា​មួយ​ក្រុម​ជំនុំ។

  • អាន​និង​ពិគ្រោះ​អំពី​កំណត់​ហេតុ​មួយ​ក្នុង​គម្ពីរ​ដែល​ជួយ​ឲ្យ​ក្រុម​គ្រួសារ​សប្បាយ​រីករាយ។

  • បើ​អ្នក​មាន​កូន​តូច សូម​ថត​ចម្លង​ឬ​បោះ​ពុម្ព​លំហាត់​ណា​មួយ​ពី​jw.org។

  • បើ​អ្នក​មាន​កូន​ជំទង់ សូម​ពិគ្រោះ​អំពី​អត្ថបទ​ណា​មួយ​សម្រាប់​យុវវ័យ​ក្នុង​jw.org។

  • ធ្វើ​ការ​សម្ដែង​អំពី​កំណត់​ហេតុ​ណា​មួយ​ក្នុង​គម្ពីរ​ជា​មួយ​នឹង​កូន​របស់​អ្នក។

  • មើល​និង​ពិគ្រោះ​អំពី​វីដេអូ​ណា​មួយ​ក្នុង​jw.org

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​គម្ពីរ​ជា​សៀវ​ភៅ​ដែល​ជ្រៅ​ពេក​សម្រាប់​កូន​ក្មេង​»។

  • តើ​អ្នក​នឹង​និយាយ​យ៉ាង​ណា?

សេចក្ដី​សង្ខេប

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ឪពុក​ម្ដាយ​ស្រឡាញ់​កូន ហើយ​បង្ហាត់​បង្រៀន​កូន និង​ការ​ពារ​កូន​របស់​ពួក​គេ។ លោក​ចង់​ឲ្យ​កូន​គោរព​និង​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ ហើយ​លោក​ក៏​ចង់​ឲ្យ​ក្រុម​គ្រួសារ​គោរព​ប្រណិប័តន៍​លោក​ជា​មួយ​គ្នា​ដែរ។

រៀន​សា​ឡើង​វិញ

  • តើ​ឪពុក​ម្ដាយ​អាច​បង្ហាត់​បង្រៀន​កូន​និង​ការ​ពារ​កូន​យ៉ាង​ដូច​ម្ដេច?

  • តើ​កូន​អាច​បង្ហាញ​ការ​គោរព​ចំពោះ​ឪពុក​ម្ដាយ​តាម​របៀប​ណា​ខ្លះ?

  • បើ​ក្រុម​គ្រួសារ​លៃ​ទុក​ពេល​រាល់​សប្ដាហ៍​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​ជា​មួយ​គ្នា តើ​ពួក​គេ​ទទួល​ប្រយោជន៍​អ្វី​ខ្លះ?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

តើ​មេ​រៀន​អ្វី​ខ្លះ​ដែល​នឹង​ជួយ​កូន​របស់​អ្នក​ឲ្យ​ទៅ​ជា​មនុស្ស​ពេញ​វ័យ​ដ៏​ល្អ​ម្នាក់?

«​មេ​រៀន​សំខាន់​ៗ​៦​យ៉ាង​សម្រាប់​កូន​ក្មេង​»​ ​(​ទស្សនាវដ្ដី​ភ្ញាក់​រឭក! លេខ​២ ឆ្នាំ​២០១៩​)

សូម​រៀន​យោបល់​ល្អ​ៗ​ពី​គម្ពីរ​សម្រាប់​អស់​អ្នក​ដែល​មើល​ថែ​ឪពុក​ម្ដាយ​វ័យ​ចាស់។

«​តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​មើល​ថែ​ឪពុក​ម្ដាយ​វ័យ​ចាស់?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

សូម​មើល​បុរស​ម្នាក់​ដែល​គ្មាន​បទ​ពិសោធន៍​ចិញ្ចឹម​អប់រំ​កូន តែ​ក្រោយ​មក​គាត់​ទៅ​ជា​ឪពុក​ដ៏​ល្អ​ម្នាក់។

ព្រះ​យេហូវ៉ា​បាន​បង្រៀន​យើង​ឲ្យ​ចេះ​ចិញ្ចឹម​អប់រំ​កូន (៥:៥៨)

សូម​ពិចារណា​អំពី​របៀប​ដែល​ឪពុក​អាច​ជិត​ស្និទ្ធ​ជា​មួយ​នឹង​កូន​ប្រុស​របស់​ខ្លួន។

«​តើ​ឪពុក​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​កូន​ប្រុស?​»​ ​(​brwp​១១១១០១​)

a ក្នុង​គម្ពីរ ពាក្យ​«​ប្រៀន​ប្រដៅ​»​សំដៅ​លើ​ការ​ណែនាំ ការ​ទូន្មាន និង​ការ​កែ​តម្រង់។ ប៉ុន្តែ ពាក្យ​នេះ​មិន​សំដៅ​លើ​ការ​ប្រើ​អំពើ​ហិង្សា​ឬ​ពាក្យ​ជេរ​ប្រមាថ​ទេ។​—សុភាសិត ៤:១