លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​០៩

យើងអាចចូលទៅជិតព្រះតាមរយៈការអធិដ្ឋាន

យើងអាចចូលទៅជិតព្រះតាមរយៈការអធិដ្ឋាន

តើ​អ្នក​ធ្លាប់​គិត​ថា​អ្នក​ត្រូវ​ការ​ការ​ណែនាំ​ក្នុង​ជីវិត​ឬ​ទេ? តើ​អ្នក​ចង់​បាន​ជំនួយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ណា​មួយ​ឬ​ទេ? តើ​អ្នក​ត្រូវ​ការ​ការ​សម្រាល​ទុក្ខ​ឬ​កម្លាំង​ចិត្ត​ទេ? តើ​អ្នក​ចង់​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ឬ​ទេ? សេចក្ដី​អធិដ្ឋាន​អាច​ជួយ​អ្នក​ចំពោះ​រឿង​ទាំង​អស់​នេះ។ តើ​អ្វី​ជា​វិធី​ត្រឹម​ត្រូវ​ដើម្បី​អធិដ្ឋាន? តើ​ព្រះ​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​មនុស្ស​ទាំង​អស់​ឬ? តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ប្រាកដ​ថា​លោក​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​អ្នក? សូម​យើង​ពិភាក្សា​ជា​មួយ​គ្នា។

១. តើ​យើង​គួរ​អធិដ្ឋាន​ទៅ​អ្នក​ណា ហើយ​តើ​យើង​អាច​អធិដ្ឋាន​អំពី​អ្វី?

លោក​យេស៊ូ​បង្រៀន​ថា​យើង​គួរ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ ដែល​ជា​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌។ លោក​យេស៊ូ​ផ្ទាល់​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​អធិដ្ឋាន​តាម​របៀប​នេះ​វិញ​៖ ‹ឱ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌​អើយ . . .›​»។ (​ម៉ាថាយ ៦:៩​) ពេល​យើង​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា យើង​មាន​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​នឹង​លោក។

យើង​អាច​អធិដ្ឋាន​អំពី​រឿង​អ្វី​ក៏​បាន ឲ្យ​តែ​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ យ៉ាង​នោះ លោក​នឹង​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​របស់​យើង។ គម្ពីរ​ចែង​ថា​៖ ​«​អ្វី​ក៏​ដោយ​ដែល​យើង​អធិដ្ឋាន​សុំ ដែល​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ នោះ​ព្រះ​នឹង​ស្ដាប់​យើង​»។ (​យ៉ូហាន​ទី​១ ៥:១៤​) លោក​យេស៊ូ​បាន​លើក​ឡើង​អំពី​អ្វី​មួយ​ចំនួន​ដែល​យើង​គួរ​អធិដ្ឋាន។ (​សូម​អាន ម៉ាថាយ ៦:៩​-​១៣​) ក្រៅ​ពី​អធិដ្ឋាន​អំពី​កង្វល់​ផ្ទាល់​ខ្លួន យើង​ក៏​ត្រូវ​អធិដ្ឋាន​អរគុណ​ព្រះ​សម្រាប់​អ្វី​ដែល​លោក​បាន​ធ្វើ​ចំពោះ​យើង និង​សុំ​លោក​ឲ្យ​ជួយ​អ្នក​ឯ​ទៀត​ដែរ។

២. តើ​យើង​គួរ​អធិដ្ឋាន​យ៉ាង​ដូច​ម្ដេច?

គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​«​ជម្រាប​[​ព្រះ​]​អំពី​អ្វី​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​[​យើង​]​»។ (​ចម្រៀង​សរសើរ​ព្រះ ៦២:៨​) ដូច្នេះ យើង​គួរ​អធិដ្ឋាន​ដោយ​ស្មោះ និង​អស់​ពី​ចិត្ត។ យើង​អាច​អធិដ្ឋាន​ឮ​ៗ ឬ​ស្ងាត់​ៗ ដោយ​ឥរិយាបថ​ណា​ដែល​បង្ហាញ​ការ​គោរព​ចំពោះ​ព្រះ។ យើង​អាច​អធិដ្ឋាន​នៅ​ពេល​ណា និង​នៅ​កន្លែង​ណា​ក៏​បាន។

៣. តើ​ព្រះ​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​យើង​តាម​វិធី​ណា​ខ្លះ?

ព្រះ​យេហូវ៉ា​ឆ្លើយ​តប​តាម​វិធី​ផ្សេង​ៗ។ លោក​ផ្ដល់​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក ហើយ​តាម​រយៈ​គម្ពីរ យើង​ច្រើន​តែ​រក​ឃើញ​ចម្លើយ​ចំពោះ​ចម្ងល់​របស់​យើង។ ការ​អាន​គម្ពីរ​អាច​«​ធ្វើ​ឲ្យ​អ្នក​ដែល​ខ្វះ​បទ​ពិសោធន៍​មាន​ប្រាជ្ញា​»។ (​ចម្រៀង​សរសើរ​ព្រះ ១៩:៧; សូម​អាន យ៉ាកុប ១:៥​) ពេល​យើង​ជួប​ការ​ពិបាក លោក​អាច​ជួយ​យើង​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​នៅ​ក្នុង​ចិត្ត។ ម្យ៉ាង​ទៀត លោក​អាច​ជំរុញ​ចិត្ត​អ្នក​គោរព​ប្រណិប័តន៍​លោក​ឲ្យ​ជួយ​យើង ពេល​យើង​ត្រូវ​ការ​ជំនួយ។

បង្កើន​ចំណេះ

សូម​ពិនិត្យ​មើល​ថា តើ​អ្នក​អាច​អធិដ្ឋាន​យ៉ាង​ដូច​ម្ដេច​ដើម្បី​ឲ្យ​ព្រះ​ពេញ​ចិត្ត? ហើយ​សូម​ស្វែង​យល់​ថា តើ​សេចក្ដី​អធិដ្ឋាន​អាច​ជួយ​អ្នក​យ៉ាង​ណា​ខ្លះ?

៤. តើ​ព្រះ​ចង់​ឲ្យ​អ្នក​ដែល​អធិដ្ឋាន​ទៅ​លោក​ធ្វើ​អ្វី​ខ្លះ?

តើ​មាន​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ព្រះ​ស្ដាប់​ឬ​មិន​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង? លេង​វីដេអូ

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​អធិដ្ឋាន​ទៅ​លោក។ សូម​អាន ចម្រៀង​សរសើរ​ព្រះ ៦៥:២ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​អ្នក​គិត​ថា​«​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិដ្ឋាន​»​ចង់​ឲ្យ​អ្នក​ផ្ទាល់​អធិដ្ឋាន​ទៅ​លោក​ឬ​ទេ? ហេតុ​អ្វី?

បើ​យើង​ចង់​ឲ្យ​ព្រះ​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង នោះ​យើង​ត្រូវ​ខំ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​លោក។ សូម​អាន មីកា ៣:៤ និង​ពេត្រុស​ទី​១ ៣:១២ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង?

ក្នុង​អំឡុង​ពេល​ធ្វើ​សង្គ្រាម ភាគី​ទាំង​សង​ខាង​ប្រហែល​ជា​អធិដ្ឋាន​ទៅ​ព្រះ​សុំ​ជ័យ​ជម្នះ តើ​ជា​ការ​សម​ហេតុ​សម​ផល​ទេ​ដែល​ពួក​គេ​រំពឹង​ថា​ព្រះ​នឹង​ឲ្យ​ពួក​គេ​ឈ្នះ?

៥. យើង​គួរ​អធិដ្ឋាន​ប្រាប់​ពី​អារម្មណ៍​ពិត​របស់​យើង

មនុស្ស​ខ្លះ​បាន​ត្រូវ​បង្រៀន​ឲ្យ​អធិដ្ឋាន​ដោយ​សូត្រ​ពាក្យ​ដដែល​ៗ​ម្ដង​ហើយ​ម្ដង​ទៀត។ ប៉ុន្តែ តើ​ព្រះ​ចង់​ឲ្យ​យើង​អធិដ្ឋាន​ដូច្នោះ​ទៅ​លោក​ឬ? សូម​អាន ម៉ាថាយ ៦:៧ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​តាម​របៀប​ណា​អ្នក​អាច​អធិដ្ឋាន​ដោយ​មិន​«​ពោល​ពាក្យ​ដដែល​ៗ​»​?

ក្នុង​មួយ​ថ្ងៃ អ្នក​អាច​គិត​អំពី​អ្វី​ពិសេស​មួយ​ដើម្បី​អធិដ្ឋាន​អរគុណ​ព្រះ។ បើ​អ្នក​ធ្វើ​ដូច្នេះ​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ នោះ​អ្នក​នឹង​មាន​អ្វី​ពិសេស​៧​យ៉ាង​ដែល​អ្នក​បាន​អធិដ្ឋាន​អរគុណ​ព្រះ។ ដោយ​ធ្វើ​ដូច្នេះ អ្នក​នឹង​មិន​និយាយ​អ្វី​ដដែល​ៗ​ទេ។

ឪពុក​ល្អ​ចង់​ឲ្យ​កូន​ប្រាប់​គាត់​អំពី​អារម្មណ៍​ពិត។ ដូច​គ្នា​ដែរ ព្រះ​យេហូវ៉ា​ក៏​ចង់​ឲ្យ​យើង​អធិដ្ឋាន​ប្រាប់​លោក​អំពី​អារម្មណ៍​ពិត​ដែរ។

៦. សេចក្ដី​អធិដ្ឋាន​ជា​ការ​អញ្ជើញ​ដ៏​ពិសេស​ពី​ព្រះ

តើ​សេចក្ដី​អធិដ្ឋាន​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច ជា​ពិសេស​ពេល​យើង​ជួប​ការ​លំបាក​ក្នុង​ជីវិត? លេង​វីដេអូ

គម្ពីរ​សន្យា​ថា​សេចក្ដី​អធិដ្ឋាន​អាច​ជួយ​យើង​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត។ សូម​អាន ភីលីព ៤:​៦, ៧ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​សេចក្ដី​អធិដ្ឋាន​អាច​ជួយ​យើង​អ្វី​ខ្លះ ទោះ​ជា​បញ្ហា​របស់​យើង​មិន​បាត់​ភ្លាម​ៗ​ក៏​ដោយ?

  • តើ​អ្នក​ចង់​អធិដ្ឋាន​អំពី​រឿង​អ្វី​ខ្លះ?

តើ​អ្នក​ដឹង​ទេ?

ពាក្យ​«​អាមេន​»​ មាន​ន័យ​ថា​«​សូម​ឲ្យ​កើត​ឡើង​»​ ឬ​«​ពិត​ប្រាកដ​»។ តាំង​ពី​សម័យ​គម្ពីរ គេ​និយាយ​ពាក្យ​«​អាមេន​»​ ពេល​អធិដ្ឋាន​ចប់។​—ប្រវត្តិ​ហេតុ​ទី​១ ១៦:៣៦

៧. សូម​លៃ​ទុក​ពេល​អធិដ្ឋាន

ជួន​កាល យើង​ប្រហែល​ជា​រវល់​ពេក​រហូត​ដល់​ភ្លេច​អធិដ្ឋាន។ ចុះ​លោក​យេស៊ូ​ចាត់​ទុក​សេចក្ដី​អធិដ្ឋាន​ថា​សំខាន់​យ៉ាង​ណា? សូម​អាន ម៉ាថាយ ១៤:២៣ និង​ម៉ាកុស ១:៣៥ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី​ដើម្បី​លៃ​ទុក​ពេល​អធិដ្ឋាន?

  • តើ​អ្នក​អាច​លៃ​ទុក​ពេល​អធិដ្ឋាន​នៅ​ពេល​ណា?

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​ការ​អធិដ្ឋាន​គ្មាន​ប្រយោជន៍​ទេ ព្រោះ​ព្រះ​មិន​ដែល​ធ្វើ​តាម​អ្វី​ដែល​យើង​សុំ​ឡើយ​»។

  • តើ​អ្នក​នឹង​និយាយ​យ៉ាង​ណា?

សេចក្ដី​សង្ខេប

ពេល​យើង​អធិដ្ឋាន​ស្មោះ​អស់​ពី​ចិត្ត នោះ​ជួយ​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ ធ្វើ​ឲ្យ​យើង​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត និង​ជួយ​យើង​ឲ្យ​មាន​កម្លាំង​ដែល​យើង​ត្រូវ​ការ​ដើម្បី​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។

រៀន​សា​ឡើង​វិញ

  • តើ​យើង​គួរ​អធិដ្ឋាន​ទៅ​អ្នក​ណា?

  • តើ​យើង​គួរ​អធិដ្ឋាន​តាម​របៀប​ណា?

  • តើ​សេចក្ដី​អធិដ្ឋាន​មាន​ប្រយោជន៍​អ្វី​ខ្លះ?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​រក​ចម្លើយ​ចំពោះ​សំណួរ​ដែល​មនុស្ស​ទូទៅ​ឆ្ងល់​អំពី​សេចក្ដី​អធិដ្ឋាន។

«​ចំណុច​៧​យ៉ាង​ដែល​លោក​អ្នក​ត្រូវ​ដឹង​ស្ដី​អំពី​ការ​អធិដ្ឋាន​» ​(​brwp​១៣០៧០១​)

សូម​រៀន​អំពី​មូលហេតុ​សំខាន់​ដែល​អ្នក​គួរ​អធិដ្ឋាន និង​អំពី​វិធី​ដែល​អាច​ជួយ​អ្នក​ឲ្យ​ចេះ​អធិដ្ឋាន​ល្អ​ជាង។

«​ហេតុ​អ្វី​ខ្ញុំ​គួរ​អធិដ្ឋាន?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

សូម​ពិនិត្យ​មើល​ថា តើ​គម្ពីរ​បង្រៀន​យើង​ឲ្យ​អធិដ្ឋាន​ទៅ​អ្នក​ណា?

«​តើ​ខ្ញុំ​គួរ​អធិដ្ឋាន​ទៅ​ពួក​អ្នក​បរិសុទ្ធទេ?​» (​អត្ថបទ​ក្នុង​គេហទំព័រ​)

ក្នុងចម្រៀងវីដេអូនេះ សូមកត់សម្គាល់ថា ទោះជានៅកន្លែងណា ឬនៅពេលណាក៏ដោយ យើងអាច

អធិដ្ឋាន​គ្រប់​ពេល (​១:២២​)