មេរៀនទី១២
តើអ្វីនឹងជួយអ្នកឲ្យបន្តរៀនគម្ពីរ?
ពេលអ្នករៀនគម្ពីរគឺប្រៀបដូចជាអ្នកកំពុងទទួលរង្វាន់។ ប៉ុន្តែ ការរៀនគម្ពីរមិនតែងតែងាយស្រួលទេ។ ជួនកាល អ្នកប្រហែលជាឆ្ងល់ថា តើអ្នកគួរបន្តរៀនគម្ពីរទៀតឬក៏ឈប់។ បើអ្នកខំបន្តរៀនគម្ពីរ តើអ្នកនឹងទទួលប្រយោជន៍អ្វីខ្លះ? ពេលអ្នកជួបការពិបាក តើអ្វីអាចជួយអ្នកឲ្យបន្តរៀនគម្ពីរ?
១. ហេតុអ្វីការរៀនគម្ពីរគឺមានតម្លៃខ្លាំងម្ល៉េះ?
គម្ពីរចែងថា៖ «បណ្ដាំរបស់ព្រះគឺមានជីវិតរស់នៅ ហើយមានឫទ្ធានុភាព»។ (ហេប្រឺ ៤:១២) គម្ពីរគឺមានតម្លៃខ្លាំងណាស់ ព្រោះគម្ពីរប្រាប់អំពីគំនិតរបស់ព្រះ និងអារម្មណ៍ដែលលោកមានចំពោះអ្នក។ គម្ពីរមិនគ្រាន់តែជួយអ្នកឲ្យមានចំណេះប៉ុណ្ណោះទេ តែក៏ជួយអ្នកឲ្យមានប្រាជ្ញានិងសេចក្ដីសង្ឃឹមពិតប្រាកដដែរ។ សំខាន់បំផុត គម្ពីរជួយអ្នកឲ្យទៅជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ា។ ពេលអ្នករៀនគម្ពីរ អ្នកកំពុងឲ្យឫទ្ធានុភាពនៃបណ្ដាំរបស់ព្រះមានឥទ្ធិពលល្អមកលើជីវិតអ្នក។
២. ហេតុអ្វីជាការសំខាន់ដែលអ្នកទទួលស្គាល់តម្លៃនៃសេចក្ដីពិតក្នុងគម្ពីរ?
សេចក្ដីពិតក្នុងគម្ពីរគឺប្រៀបដូចជាកំណប់ទ្រព្យដ៏មានតម្លៃ។ ហេតុនេះហើយបានជាគម្ពីរលើកទឹកចិត្តយើងឲ្យ«ទិញសេចក្ដីពិត កុំលក់វិញជាដាច់ខាត»។ (សុភាសិត ២៣:២៣) ពេលយើងចាំជានិច្ចអំពីតម្លៃនៃសេចក្ដីពិតក្នុងគម្ពីរ នោះយើងនឹងខំបន្តរៀនគម្ពីរ ទោះជាយើងជួបឧបសគ្គណាក៏ដោយ។—សូមអាន សុភាសិត ២:៤, ៥
៣. តើតាមរបៀបណាព្រះយេហូវ៉ាអាចជួយអ្នកឲ្យបន្តរៀនគម្ពីរ?
ដោយសារព្រះយេហូវ៉ាជាអ្នកបង្កើតអ្នក និងជាមិត្តរបស់អ្នក នោះលោកចង់ជួយអ្នកឲ្យរៀនថែមទៀតអំពីលោកដើម្បីស្គាល់លោកច្បាស់ជាង ដោយធ្វើឲ្យអ្នក«មានបំណងប្រាថ្នា»ចង់រៀនអំពីលោក។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏អាចជួយអ្នកឲ្យ«មានការប្រព្រឹត្ត»ស្របតាមបំណងប្រាថ្នានោះដែរ។ (សូមអាន ភីលីព ២:១៣) ពេលខ្លះ បើអ្នកត្រូវការការលើកទឹកចិត្តថែមទៀតដើម្បីរៀនគម្ពីរ ឬធ្វើតាមអ្វីដែលអ្នកកំពុងរៀន នោះលោកអាចជួយអ្នកបាន។ ម្យ៉ាងទៀត បើអ្នកត្រូវការកម្លាំងបន្ថែមដើម្បីយកឈ្នះឧបសគ្គឬការប្រឆាំង នោះលោកអាចផ្ដល់កម្លាំងឲ្យអ្នក។ សូមអធិដ្ឋានជាទៀងទាត់ទៅព្រះយេហូវ៉ាដើម្បីឲ្យលោកជួយអ្នកបន្តរៀនគម្ពីរ។—ថែស្សាឡូនិចទី១ ៥:១៧
បង្កើនចំណេះ
សូមរៀនអំពីរបៀបដែលអ្នកអាចបន្តរៀនគម្ពីរ ទោះជាអ្នករវល់ឬមានការប្រឆាំងពីអ្នកឯទៀតក៏ដោយ។ រួចមក សូមពិចារណាអំពីរបៀបដែលព្រះយេហូវ៉ានឹងជួយអ្នកឲ្យតស៊ូរៀនគម្ពីរ។
៤. សូមបង្ហាញថាការរៀនគម្ពីរជាអ្វីដែលសំខាន់ណាស់ចំពោះអ្នក
ជួនកាលជីវិតយើងគឺរវល់ខ្លាំងណាស់ រហូតដល់យើងគ្មានពេលដើម្បីរៀនគម្ពីរទេ។ ប៉ុន្តែ តើអ្វីអាចជួយយើងបាន? សូមអាន ភីលីព ១:១០ រួចពិភាក្សាសំណួរដូចតទៅ៖
-
តើអ្នកគិតថា‹ការអ្វីខ្លះសំខាន់ជាង›ក្នុងជីវិត?
-
តើអ្នកអាចធ្វើអ្វីដើម្បីបង្ហាញថាការរៀនគម្ពីរគឺសំខាន់ណាស់ចំពោះអ្នក?
-
ក. បើអ្នកដាក់ខ្សាច់ក្នុងធុងមុន នោះអ្នកមិនអាចដាក់ថ្មទាំងអស់ចូលក្នុងធុងបានទេ
-
ខ. បើអ្នកដាក់ថ្មក្នុងធុងមុន នោះអ្នកអាចដាក់ខ្សាច់ស្ទើរតែទាំងអស់ចូលក្នុងធុងបាន។ ស្រដៀងគ្នាដែរ បើអ្នកចាត់ចែង«ធ្វើអ្វីដែលសំខាន់ជាង»ជាមុនសិន នោះអ្នកនឹងអាចសម្រេចអ្វីៗទាំងនោះបាន ហើយអ្នកមានពេលសម្រាប់ធ្វើអ្វីផ្សេងទៀត
មនុស្សទាំងអស់មានសេចក្ដីត្រូវការមួយ គឺត្រូវការស្គាល់ព្រះនិងគោរពប្រណិប័តន៍លោក។ ការសិក្សាគម្ពីរគឺជារបៀបបំពេញសេចក្ដីត្រូវការនោះ។ សូមអាន ម៉ាថាយ ៥:៣ រួចពិភាក្សាសំណួរនេះ៖
-
ពេលយើងចាត់ទុកការរៀនគម្ពីរជាអ្វីមួយដ៏សំខាន់ តើយើងទទួលប្រយោជន៍អ្វីខ្លះ?
៥. ចូរតស៊ូពេលប្រឈមមុខនឹងការប្រឆាំង
ពេលខ្លះអ្នកឯទៀតប្រហែលជាព្យាយាមបំបាក់ទឹកចិត្តអ្នកមិនឲ្យរៀនគម្ពីរ។ សូមមើលបទពិសោធន៍របស់ហ្វ្រានឆេស្កូ។ លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
-
ក្នុងវីដេអូនេះ តើមិត្តភក្តិនិងក្រុមគ្រួសាររបស់ហ្វ្រានឆេស្កូមានប្រតិកម្មយ៉ាងណា ពេលគាត់ប្រាប់ពួកគេអំពីអ្វីដែលគាត់កំពុងរៀន?
-
តើការតស៊ូរបស់គាត់នាំឲ្យគាត់ទទួលពរអ្វីខ្លះ?
សូមអាន ធីម៉ូថេទី២ ២:២៤, ២៥ រួចពិភាក្សាសំណួរដូចតទៅ៖
-
តើក្រុមគ្រួសារនិងមិត្តភក្តិរបស់អ្នក មានអារម្មណ៍យ៉ាងណាអំពីអ្វីដែលអ្នកកំពុងរៀន?
-
យោងតាមខគម្ពីរទាំងនេះ តើអ្នកគួរធ្វើយ៉ាងណាពេលអ្នកណាម្នាក់មិនសប្បាយចិត្តដោយសារអ្នករៀនគម្ពីរ? ហេតុអ្វី?
៦. សូមពឹងផ្អែកលើព្រះយេហូវ៉ាដើម្បីឲ្យលោកជួយអ្នក
កាលដែលយើងចូលទៅជិតព្រះយេហូវ៉ា នោះយើងកាន់តែចង់ធ្វើឲ្យលោកពេញចិត្ត។ ក៏ប៉ុន្តែ យើងប្រហែលជាពិបាកកែប្រែរបៀបរស់នៅឲ្យស្របតាមខ្នាតតម្រារបស់លោក។ ប្រសិនបើអ្នកមានអារម្មណ៍ដូច្នោះ សូមកុំឈប់ព្យាយាមឡើយ ព្រោះព្រះយេហូវ៉ានឹងជួយអ្នក។ លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
-
ក្នុងវីដេអូនេះ តើជីមបានកែប្រែអ្វីខ្លះដើម្បីឲ្យព្រះយេហូវ៉ាពេញចិត្ត?
-
តើអ្វីធ្វើឲ្យអ្នកស្ងើចសរសើរអំពីគំរូរបស់គាត់?
សូមអាន ហេប្រឺ ១១:៦ រួចពិភាក្សាសំណួរដូចតទៅ៖
-
តើព្រះយេហូវ៉ានឹងធ្វើអ្វីចំពោះអស់អ្នកដែល«ខំស្វែងរកលោកអស់ពីចិត្ត» គឺអស់អ្នកដែលខំប្រឹងស្គាល់លោកនិងខំធ្វើឲ្យលោកពេញចិត្ត?
-
តើនេះប្រាប់អ្នកយ៉ាងណាអំពីអារម្មណ៍របស់ព្រះយេហូវ៉ា ពេលលោកឃើញអ្នកខំព្យាយាមរៀនគម្ពីរ?
មនុស្សខ្លះប្រហែលជាសួរថា៖ «តើរៀនគម្ពីរមានប្រយោជន៍អ្វី?»។
-
តើអ្នកនឹងឆ្លើយយ៉ាងណា?
សេចក្ដីសង្ខេប
ទោះជាការរៀនគម្ពីរមិនតែងតែងាយស្រួលក៏ដោយ តែអាចជួយអ្នកឲ្យសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! សូមបន្តពឹងផ្អែកលើព្រះយេហូវ៉ា នោះលោកនឹងផ្ដល់ពរដល់អ្នក។
រៀនសាឡើងវិញ
-
ហេតុអ្វីសេចក្ដីពិតក្នុងគម្ពីរមានតម្លៃចំពោះអ្នក?
-
តើតាមរបៀបណាអ្នកអាច«ដឹងប្រាកដថាការអ្វីដែលសំខាន់ជាង»?
-
ហេតុអ្វីអ្នកគួរសុំជំនួយពីព្រះយេហូវ៉ាដើម្បីជួយអ្នកឲ្យបន្តរៀនគម្ពីរ?
ស្វែងយល់ថែមទៀត
សូមពិចារណាវិធីបួនយ៉ាងដែលបានជួយមនុស្សជាច្រើនឲ្យប្រើពេលវេលាដោយឈ្លាសវៃ។
«របៀបប្រើពេលវេលាដ៏ឈ្លាសវៃ» (ទស្សនាវដ្ដីភ្ញាក់រឭក! ខែកុម្ភៈ ឆ្នាំ២០១៤)
សូមកត់សម្គាល់អំពីរបៀបដែលព្រះយេហូវ៉ាបានជួយស្ត្រីម្នាក់ ពេលប្ដីនាងមិនយល់អំពីមូលហេតុដែលនាងខំព្យាយាមធ្វើឲ្យព្រះពេញចិត្ត។
សូមមើលរបៀបដែលបុរសម្នាក់បានកែប្រែការប្រព្រឹត្តដោយសារការតស៊ូរបស់ប្រពន្ធគាត់។
ពេលខ្លះសាក្សីព្រះយេហូវ៉ាបានត្រូវគេចោទប្រកាន់ថាជាអ្នកបំបែកបំបាក់ក្រុមគ្រួសារ។ ប៉ុន្តែ តើនេះជាការពិតទេ?