លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៧

មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ!

មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ!

១​-​៣​. តើ​យើង​ទាំង​អស់​គ្នា​កំពុង​ជាប់​គុក​ក្នុង​ន័យ​អ្វី ហើយ​តើ​ព្រះ​យេហូវ៉ា​នឹង​រំដោះ​យើង​យ៉ាង​ដូច​ម្ដេច?

ឧបមា​ថា​អ្នក​បាន​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត​ចំពោះ​បទ​ល្មើស​ដែល​អ្នក​មិន​បាន​ប្រព្រឹត្ដ។ គ្មាន​សង្ឃឹម​ទាល់​តែ​សោះ​ថា​គេ​នឹង​ដោះ​លែង​អ្នក ហើយ​អ្នក​គ្មាន​សមត្ថភាព​ដោះ​ស្រាយ​បញ្ហា​នេះ​ទេ។ ប៉ុន្ដែ ពេល​ដែល​អ្នក​អស់​សង្ឃឹម​ទាំង​ស្រុង ស្រាប់​តែ​មាន​បុគ្គល​ម្នាក់​ដែល​មាន​អំណាច​សន្យា​ថា​នឹង​ជួយ​ដោះ​លែង​អ្នក! តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា?

ក្នុង​ន័យ​ធៀប យើង​ទាំង​អស់​គ្នា​កំពុង​ជាប់​គុក ពោល​គឺ​យើង​ត្រូវ​ស្លាប់។ ទោះ​បី​យើង​ខំ​ព្យាយាម​ខ្លាំង​យ៉ាង​ណា ក៏​យើង​មិន​អាច​គេច​ផុត​បាន​ដែរ។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​មាន​អំណាច​ដោះ​លែង​យើង​ពី​សេចក្ដី​ស្លាប់​បាន។ បន្ថែម​ទៀត លោក​បាន​សន្យា​ថា​៖ ​«​សត្រូវ​ចុង​ក្រោយ​ដែល​នឹង​ត្រូវ​បំផ្លាញ​ឲ្យ​សាប​សូន្យ​គឺ​សេចក្ដី​ស្លាប់​»។—កូរិនថូស​ទី១ ១៥:២៦

នេះ​ច្បាស់​ជា​សម្រាល​ទុក្ខ​អ្នក​ខ្លាំង​ណាស់ ដោយ​សារ​អ្នក​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​អំពី​សេចក្ដី​ស្លាប់​ទៀត! ព្រះ​យេហូវ៉ា​មិន​ត្រឹម​តែ​បំផ្លាញ​ចោល​សេចក្ដី​ស្លាប់​ប៉ុណ្ណោះ​ទេ តែ​លោក​នឹង​ប្រោស​អស់​អ្នក​ដែល​បាន​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ទៀត​ផង។ សូម​គិត​ទៅ​មើល តើ​សេចក្ដី​សង្ឃឹម​នេះ​សំខាន់​យ៉ាង​ណា​ទៅ​ចំពោះ​អ្នក? ព្រះ​សន្យា​ថា​៖ ​«​មនុស្ស​ស្លាប់​»​នឹង​មាន​ជីវិត​ម្ដង​ទៀត។ (​អេសាយ ២៦:១៩​) នេះ​ជា​អ្វី​ដែល​គម្ពីរ​ហៅ​ថា​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។

ពេល​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់

៤​. (​ក​) តើ​អ្វី​អាច​ផ្ដល់​ឲ្យ​យើង​នូវ​ការ​សម្រាល​ទុក្ខ​ពេល​សមាជិក​ក្រុម​គ្រួសារ​ឬ​មិត្ដ​ភក្ដិ​របស់​យើង​ស្លាប់? (​ខ​) តើ​អ្នក​ណា​ខ្លះ​ជា​មិត្ដ​ជិត​ស្និទ្ធ​របស់​លោក​យេស៊ូ?

ពេល​សមាជិក​ក្រុម​គ្រួសារ ឬ​មិត្ដ​ជិត​ស្និទ្ធ​របស់​យើង​ស្លាប់ យើង​មាន​ទុក្ខសោក​និង​ការ​ឈឺ​ចាប់​ខ្លោច​ផ្សា រហូត​ដល់​យើង​គិត​ថា​មិន​អាច​ទ្រាំ​ត​ទៅ​ទៀត​បាន​ឡើយ។ យើង​អស់​សង្ឃឹម​យ៉ាង​ខ្លាំង ដោយ​សារ​យើង​គ្មាន​សមត្ថភាព​ជួយ​គាត់​ឲ្យ​រស់​ឡើង​វិញ។ ក៏​ប៉ុន្ដែ គម្ពីរ​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដ៏​ពិត​ចំពោះ​យើង។ (​សូម​អាន កូរិនថូស​ទី២ ១:៣, ៤) សូម​ឲ្យ​យើង​ពិចារណា​អំពី​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ប្រាកដ​ជា​ចង់​ប្រោស​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ឲ្យ​រស់​ឡើង​វិញ។ ពេល​លោក​យេស៊ូ​នៅ​ផែន​ដី ជា​ញឹក​ញយ​លោក​ទៅ​សួរ​សុខ​ទុក្ខ​ឡាសា​និង​បង​ស្រី​ពីរ​នាក់​របស់​គាត់​ឈ្មោះ​ម៉ាថា​និង​ម៉ារៀ។ ពួក​គាត់​ទាំង​បី​នាក់​ជា​មិត្ដ​ជិត​ស្និទ្ធ​របស់​លោក​យេស៊ូ។ គម្ពីរ​ចែង​ថា​៖ ​«​លោក​យេស៊ូ​ស្រឡាញ់​ម៉ាថា ប្អូន​របស់​នាង និង​ឡាសា​»។—យ៉ូហាន ១១:៣​-​៥

៥, ៦​. (​ក​) តើ​លោក​យេស៊ូ​មាន​អារម្មណ៍​យ៉ាង​ណា ពេល​លោក​ឃើញ​ក្រុម​គ្រួសារ​របស់​ឡាសា​និង​មិត្ដ​ភក្ដិ​កំពុង​សោកសង្រេង? (​ខ​) ហេតុ​អ្វី​យើង​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​ដឹង​អំពី​អារម្មណ៍​របស់​លោក​យេស៊ូ​ចំពោះ​សេចក្ដី​ស្លាប់?

នៅ​ថ្ងៃ​មួយ​ឡាសា​បាន​ស្លាប់។ ដូច្នេះ លោក​យេស៊ូ​បាន​ទៅ​សម្រាល​ទុក្ខ​ម៉ាថា​និង​ម៉ារៀ។ ពេល​ម៉ាថា​ឮ​ថា​លោក​យេស៊ូ​កំពុង​ធ្វើ​ដំណើរ​មក នាង​បាន​ចេញ​ទៅ​ក្រៅ​ក្រុង​ដើម្បី​ជួប​លោក។ នាង​សប្បាយ​ចិត្ដ​ដែល​បាន​ជួប​លោក​យេស៊ូ តែ​នាង​និយាយ​ទៅ​លោក​ថា​៖ ​«​ប្រសិន​បើ​លោក​បាន​នៅ​ទី​នេះ ប្អូន​ប្រុស​របស់​ខ្ញុំ​មិន​បាន​ស្លាប់​ទេ​»។ ម៉ាថា​និយាយ​ដូច្នេះ ទំនង​ជា​ដោយ​សារ​នាង​គិត​ថា​លោក​យេស៊ូ​បាន​មក​យឺត​ពេល។ ក្រោយ​មក លោក​យេស៊ូ​ឃើញ​ម៉ារៀ​ដែល​ជា​ប្អូន​ស្រី​នាង​កំពុង​យំ។ ពេល​លោក​ឃើញ​ទុក្ខ​សោក​របស់​ពួក​គេ នោះ​លោក​ក៏​ឈឺ​ចិត្ដ​យ៉ាង​ខ្លាំង ហើយ​ស្រក់​ទឹក​ភ្នែក។ (​យ៉ូហាន ១១:២១, ៣៣, ៣៥​) លោក​ក៏​មាន​អារម្មណ៍​ឈឺ​ចាប់​ខ្លោច​ផ្សា​ដូច​យើង​ដែរ ពេល​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់។

ពេល​យើង​ដឹង​ថា​លោក​យេស៊ូ​មាន​អារម្មណ៍​ដូច​យើង​ដែរ នេះ​ពិត​ជា​សម្រាល​ទុក្ខ​យើង​ណាស់។ លោក​យេស៊ូ​មាន​គុណ​សម្បត្ដិ​ដូច​បិតា​លោក។ (​យ៉ូហាន ១៤:៩​) ព្រះ​យេហូវ៉ា​មាន​ឫទ្ធានុភាព​បំផ្លាញ​ចោល​សេចក្ដី​ស្លាប់​ឲ្យ​សាប​សូន្យ​ទៅ ហើយ​នេះ​ជា​អ្វី​ដែល​លោក​នឹង​ធ្វើ​នៅ​ពេល​បន្ដិច​ទៀត។

«​ឡាសា! ចូរ​ចេញ​មក!​»

៧, ៨​. ហេតុ​អ្វី​ម៉ាថា​មិន​ចង់​ឲ្យ​គេ​យក​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​របស់​ឡាសា? ប៉ុន្ដែ​តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី?

ពេល​លោក​យេស៊ូ​មក​ដល់​ទី​បញ្ចុះ​សព​ឡាសា នោះ​លោក​ឃើញ​មាន​ដុំ​ថ្ម​ធំ​មួយ​បិទ​នៅ​មាត់​ផ្នូរ។ ដូច្នេះ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​យក​ថ្ម​នោះ​ចេញ​»។ ប៉ុន្ដែ ម៉ាថា​មិន​ចង់​ឲ្យ​ពួក​គេ​យក​ចេញ​ទេ ពី​ព្រោះ​សព​ឡាសា​បាន​នៅ​ក្នុង​ផ្នូរ​អស់​«​បួន​ថ្ងៃ​»​ហើយ។ (​យ៉ូហាន ១១:៣៩​) នាង​មិន​ដឹង​នូវ​អ្វី​ដែល​លោក​យេស៊ូ​ហៀបនឹង​ធ្វើ​ដើម្បី​ជួយ​ប្អូន​ប្រុស​របស់​នាង​ឡើយ។

ក្រុម​គ្រួសារ​និង​មិត្ដ​ភក្ដិ​របស់​ឡាសា​ពិត​ជា​ត្រេក​អរ​ពន់​ពេក ពេល​ដែល​ឃើញ​ឡាសា​រស់​ឡើង​វិញ!—យ៉ូហាន ១១:៣៨​-​៤៤

លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ឡាសា​ថា​៖ ​«​ចូរ​ចេញ​មក!​»។ អ្វី​ដែល​ម៉ាថា​និង​ម៉ារៀ​ឃើញ​នៅ​បន្ដិច​ក្រោយ​មក​គឺ​ពិត​ជា​អស្ចារ្យ​ណាស់ គឺ​«​បុរស​ដែល​ស្លាប់​នោះ​បាន​ចេញ​មក​ទាំង​មាន​ក្រណាត់​រុំ​ដៃ ជើង និង​មុខ​របស់​គាត់​»។ (​យ៉ូហាន ១១:៤៣, ៤៤​) ឡាសា​បាន​រស់​ឡើង​វិញ​ហើយ! គាត់​បាន​ជួប​ជុំ​ក្រុម​គ្រួសារ​និង​មិត្ដ​ភក្ដិ​របស់​គាត់​វិញ។ ពួក​គាត់​អាច​ឱប​ឡាសា កាន់​ដៃ​គាត់ ហើយ​និយាយ​ជា​មួយ​នឹង​គាត់​ទៀត​ផង។ នេះ​ពិត​ជា​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ណាស់! លោក​យេស៊ូ​បាន​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ។

​«​នាង​អើយ! ខ្ញុំ​ប្រាប់​ថា ចូរ​ក្រោក​ឡើង!​»​

៩, ១០​. (​ក​) តើ​អ្នក​ណា​បាន​ផ្ដល់​អំណាច​ឲ្យ​លោក​យេស៊ូ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ? (​ខ​) ហេតុ​អ្វី​កំណត់​ហេតុ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មាន​ប្រយោជន៍​ចំពោះ​យើង?

តើ​លោក​យេស៊ូ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ដោយ​អំណាច​ផ្ទាល់​របស់​លោក​ឬ? មិន​មែន​ទេ។ មុន​ពេល​លោក​យេស៊ូ​ប្រោស​ឡាសា លោក​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ហើយ​ព្រះ​បាន​ឲ្យ​អំណាច​លោក​យេស៊ូ​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ។ (​សូម​អាន យ៉ូហាន ១១:៤១, ៤២) មិន​គ្រាន់​តែ​ឡាសា​ប៉ុណ្ណោះ​ទេ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ តែ​ក៏​មាន​មនុស្ស​ឯ​ទៀត​ដែរ។ ជា​ឧទាហរណ៍ គម្ពីរ​ប្រាប់​អំពី​ក្មេង​ស្រី​ម្នាក់​អាយុ​១២​ឆ្នាំ​ដែល​មាន​ជំងឺ​ធ្ងន់ ហើយ​ឪ​ពុក​របស់​នាង​ឈ្មោះ​យ៉ែរ៉ូស​បាន​ក្រៀម​ក្រំ​ចិត្ដ​យ៉ាង​ខ្លាំង។ ដូច្នេះ គាត់​បាន​អង្វរ​លោក​យេស៊ូ​ឲ្យ​ជួយ​នាង​ផង ពី​ព្រោះ​នាង​ជា​កូន​តែ​មួយ​គត់​របស់​គាត់។ ពេល​ដែល​គាត់​កំពុង​និយាយ​ជា​មួយ​នឹង​លោក​យេស៊ូ​នៅ​ឡើយ មាន​បុរស​ខ្លះ​បាន​មក​ប្រាប់​គាត់​ថា​៖ ​«​កូន​ស្រី​របស់​អ្នក​ស្លាប់​ហើយ! មិន​ចាំបាច់​រំខាន​លោក​គ្រូ​ទៀត​ឡើយ​»។ ប៉ុន្ដែ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​យ៉ែរ៉ូស​ថា​៖ ​«​កុំ​ខ្លាច​ឡើយ គ្រាន់​តែ​មាន​ជំនឿ​ប៉ុណ្ណោះ នោះ​នាង​នឹង​ត្រូវ​សង្គ្រោះ​»។ រួច​មក លោក​ធ្វើ​ដំណើរ​ជា​មួយ​នឹង​យ៉ែរ៉ូស​ទៅ​ផ្ទះ​របស់​គាត់។ កាល​ដែល​ពួក​គាត់​ជិត​មក​ដល់​ផ្ទះ លោក​យេស៊ូ​ឃើញ​មនុស្ស​កំពុង​យំ​សោក។ ដូច្នេះ លោក​ប្រាប់​ពួក​គេ​ថា​៖ ​«​ឈប់​យំ​ទៅ ព្រោះ​នាង​មិន​បាន​ស្លាប់​ឡើយ តែ​កំពុង​ដេក​លក់​»។ ពេល​ឮ​លោក​យេស៊ូ​មាន​ប្រសាសន៍​ដូច្នេះ ឪ​ពុក​ម្ដាយ​របស់​នាង​ឆ្ងល់​យ៉ាង​ខ្លាំង។ រួច​លោក​សុំ​ឲ្យ​មនុស្ស​ទាំង​អស់​ចេញ​ទៅ​ខាង​ក្រៅ​សិន តែ​លោក​នាំ​ឪ​ពុក​ម្ដាយ​របស់​ក្មេង​ស្រី​នោះ​ចូល​ទៅ​កន្លែង​ដែល​គេ​ដាក់​នាង។ បន្ទាប់​មក លោក​យេស៊ូ​ចាប់​ដៃ​នាង​ឡើង ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​នាង​អើយ! ខ្ញុំ​ប្រាប់​ថា ចូរ​ក្រោក​ឡើង!​»។ ភ្លាម​នោះ​នាង​ក៏​ក្រោក​ឡើង ហើយ​ចាប់​ផ្ដើម​ដើរ! ឃើញ​ដូច​នោះ ឪ​ពុក​ម្ដាយ​របស់​នាង​ត្រេក​អរ​ពន់​ពេក។ លោក​យេស៊ូ​បាន​ប្រោស​កូន​ស្រី​របស់​ពួក​គាត់​ឲ្យ​រស់​ឡើង​វិញ! (​ម៉ាកុស ៥:២២​-​២៤, ៣៥​-​៤២; លូកា ៨:៤៩​-​៥៦​) តាំង​ពី​ថ្ងៃ​នោះ​មក ពេល​ឪ​ពុក​ម្ដាយ​ឃើញ​កូន​ស្រី​របស់​ខ្លួន ពួក​គាត់​នឹក​ឃើញ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ចំពោះ​ពួក​គាត់​តាម​រយៈ​លោក​យេស៊ូ។ *

១០ យើង​ដឹង​ហើយ​ថា មនុស្ស​ទាំង​ប៉ុន្មាន​ដែល​លោក​យេស៊ូ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ​នឹង​ស្លាប់​ម្ដង​ទៀត​នៅ​ថ្ងៃ​ក្រោយ។ ប៉ុន្ដែ ពេល​យើង​អាន​កំណត់​ហេតុ​ទាំង​នេះ គឺ​មាន​ប្រយោជន៍​ខ្លាំង​ណាស់ ព្រោះ​នេះ​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម​ពិត។ ព្រះ​យេហូវ៉ា​ចង់​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ហើយ​លោក​នឹង​ធ្វើ​ដូច្នេះ​មែន។

អ្វី​ដែល​យើង​រៀន​ពី​កំណត់​ហេតុ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ

សាវ័ក​ពេត្រុស​បាន​ប្រោស​ស្ដ្រី​គ្រិស្ដ​សាសនិក​ម្នាក់​ឈ្មោះ​ដ័រកាស​ឲ្យ​រស់​ឡើង​វិញ។—សកម្មភាព ៩:៣៦​-​៤២

អេលីយ៉ា​បាន​ប្រោស​កូន​ប្រុស​ស្ដ្រី​មេ​ម៉ាយ​ឲ្យ​រស់​ឡើង​វិញ។—ពង្សាវតារ​ក្សត្រ​ទី១ ១៧:១៧​-​២៤

១១​. តើ​សាស្តា ៩:៥ បង្រៀន​យើង​យ៉ាង​ណា​អំពី​ឡាសា?

១១ គម្ពីរ​ប្រាប់​យ៉ាង​ច្បាស់​ថា​៖ ​«​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ​»។ កំណត់​ហេតុ​អំពី​ឡាសា​បញ្ជាក់​សេចក្ដី​ពិត​នេះ។ (​សាស្តា ៩:៥​) ដូច​ដែល​លោក​យេស៊ូ​បាន​មានប្រសាសន៍ ឡាសា​ហាក់​ដូច​ជា​កំពុង​ដេក​លក់។ (​យ៉ូហាន ១១:១១​) ពេល​ឡាសា​នៅ​ក្នុង​ទី​បញ្ចុះ​សព គាត់​«​ឥត​ដឹង​អ្វី​ឡើយ​»។

១២​. តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ការ​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ​គឺ​ជា​រឿង​ពិត?

១២ មនុស្ស​ជា​ច្រើន​បាន​ឃើញ​លោក​យេស៊ូ​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ។ សូម្បី​តែ​សត្រូវ​របស់​លោក​យេស៊ូ​ក៏​ដឹង​ដែរ​ថា​លោក​បាន​ធ្វើ​អព្ភូត​ដ៏​អស្ចារ្យ​នេះ។ កាល​ដែល​ឡាសា​បាន​រស់​ឡើង​វិញ​នោះ ជា​ភ័ស្ដុតាង​ដែល​បញ្ជាក់​ថា​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​គឺ​ពិត​ជា​បាន​កើត​ឡើង​មែន។ (​យ៉ូហាន ១១:៤៧​) ម្យ៉ាង​ទៀត មនុស្ស​ជា​ច្រើន​បាន​ទៅ​លេង​ឡាសា ហើយ​ជា​លទ្ធផល​ពួក​គេ​ចាប់​ផ្ដើម​ជឿ​ថា​ព្រះ​បាន​ចាត់​លោក​យេស៊ូ​ឲ្យ​មក​ផែន​ដី។ ប៉ុន្ដែ សត្រូវ​របស់​លោក​យេស៊ូ​មិន​ពេញ​ចិត្ដ​ទេ ដូច្នេះ​ពួក​គេ​រៀប​គម្រោង​សម្លាប់​ទាំង​លោក​យេស៊ូ​ទាំង​ឡាសា។—យ៉ូហាន ១១:៥៣; ១២:៩​-​១១

១៣​. ហេតុ​អ្វី​យើង​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ?

១៣ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​អស់​អ្នក​នៅ​ក្នុង​ផ្នូរ​ដែល​សម្រាប់​ជា​ទី​រំលឹក​»​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ (​យ៉ូហាន ៥:២៨​) នេះ​មាន​ន័យ​ថា​អស់​អ្នក​ដែល​នៅ​ក្នុង​ការ​ចង​ចាំ​របស់​ព្រះ​យេហូវ៉ា​នឹង​មាន​ជីវិត​ម្ដង​ទៀត។ ប៉ុន្ដែ ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​ប្រោស​អ្នក​ណា​ម្នាក់​ឲ្យ​រស់​ឡើង​វិញ លោក​ត្រូវ​ចង​ចាំ​អ្វី​ៗ​ទាំង​អស់​អំពី​គាត់។ តើ​ព្រះ​ពិត​ជា​អាច​ចាំ​ព័ត៌មាន​ទាំង​អស់​អំពី​មនុស្ស​ដែល​បាន​ស្លាប់​ឬ​ទេ? ក្នុង​សកល​លោក​មាន​រាប់​ពាន់​លាន​ផ្កាយ។ គម្ពីរ​ប្រាប់​ថា​ព្រះ​យេហូវ៉ា​បាន​ស្គាល់​ឈ្មោះ​ផ្កាយ​នីមួយ​ៗ។ (​សូម​អាន អេសាយ ៤០:២៦) បើ​ព្រះ​អាច​ចាំ​ឈ្មោះ​ផ្កាយ​នីមួយ​ៗ​បាន លោក​ប្រាកដ​ជា​អាច​ចាំ​ព័ត៌មាន​ទាំង​អស់​អំពី​ពួក​អ្នក​ដែល​លោក​នឹង​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ សំខាន់​ជាង​នោះ​ទៅ​ទៀត ព្រះ​យេហូវ៉ា​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់ ដូច្នេះ​យើង​ដឹង​ថា​លោក​មាន​ឫទ្ធានុភាព​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។

១៤, ១៥​. តើ​ពាក្យ​សម្ដី​របស់​យ៉ូប​បង្រៀន​យើង​យ៉ាង​ណា​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

១៤ នៅ​សម័យ​បុរាណ មាន​បុរស​ស្មោះ​ត្រង់​ម្នាក់​ឈ្មោះ​យ៉ូប​បាន​ជឿ​ទៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ គាត់​ឆ្ងល់​ថា​៖ ​«​បើ​មនុស្ស​ស្លាប់​ទៅ តើ​នឹង​មាន​ជីវិត​រស់​ឡើង​ទៀត​ឬ?​»។ រួច​មក គាត់​និយាយ​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ទ្រង់​នឹង​ហៅ ហើយ​ទូល​បង្គំ​នឹង​ទូល​តប ហើយ​ទ្រង់​នឹង​មាន​បំណង​ព្រះ​ហឫទ័យ​ដល់​ស្នា​ដៃ​ដែល​ទ្រង់​បាន​ធ្វើ​»។ យ៉ូប​ដឹង​ថា​ព្រះ​យេហូវ៉ា​ទន្ទឹង​រង់​ចាំ​គ្រា​នោះ ពេល​ដែល​លោក​នឹង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។—យ៉ូប ១៤:១៣​-​១៥

១៥ តើ​សេចក្ដី​សង្ឃឹម​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា? ប្រហែល​ជា​អ្នក​ចង់​ដឹង​ថា ‹តើ​ក្រុម​គ្រួសារ​និង​មិត្ដ​ភក្ដិ​ខ្ញុំ​ដែល​ស្លាប់​ទៅ នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឬ​ទេ?›។ ពេល​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​ចង់​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ពិត​ជា​សម្រាល​ទុក្ខ​យើង​ណាស់។ សូម​យើង​ពិចារណា​នូវ​អ្វី​ដែល​គម្ពីរ​ប្រាប់​អំពី​អ្នក​ណា​ខ្លះ​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​អំពី​កន្លែង​ដែល​ពួក​គេ​នឹង​រស់​នៅ។

ពួក​គេ​«​នឹង​ឮ​សំឡេង​របស់​លោក ហើយ​ចេញ​មក​»​

១៦​. តើ​មនុស្ស​ស្លាប់​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​មាន​ជីវិត​បែប​ណា?

១៦ នៅ​អតីតកាល មនុស្ស​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បាន​ជួប​ជុំ​ក្រុម​គ្រួសារ​និង​មិត្ដ​ភក្ដិ​របស់​ពួក​គេ​នៅ​ផែន​ដី។ នេះ​ក៏​នឹង​កើត​ឡើង​នៅ​អនាគត​ដែរ ប៉ុន្ដែ​គឺ​ល្អ​ជាង​មុន​ឆ្ងាយ​ណាស់។ ហេតុ​អ្វី? ពី​ព្រោះ​ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែន​ដី នឹង​មាន​ឱកាស​រស់​ជា​រៀង​រហូត ហើយ​មិន​ស្លាប់​ទៅ​វិញ​ទេ។ បន្ថែម​ទៀត ពួក​គេ​នឹង​រស់​ក្នុង​ពិភព​លោក​ដែល​មាន​ស្ថានភាព​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​សព្វ​ថ្ងៃ​នេះ។ ពេល​នោះ​នឹង​លែង​មាន​សង្គ្រាម ឧក្រិដ្ឋកម្ម និង​ជំងឺ​ទៀត។

១៧​. តើ​អ្នក​ណា​ខ្លះ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

១៧ តើ​អ្នក​ណា​ខ្លះ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ? លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​អស់​អ្នក​នៅ​ក្នុង​ផ្នូរ​ដែល​សម្រាប់​ជា​ទី​រំលឹក នឹង​ឮ​សំឡេង​របស់​លោក ហើយ​ចេញ​មក​»។ (​យ៉ូហាន ៥:២៨, ២៩​) នៅ​ការ​បើក​បង្ហាញ ២០:១៣ ចែង​ថា​៖ ​«​សមុទ្រ​បាន​ប្រគល់​មនុស្ស​ស្លាប់​នៅ​ក្នុង​នោះ​មក​វិញ ហើយ​សេចក្ដី​ស្លាប់​និង​ផ្នូរ​បាន​ប្រគល់​មនុស្ស​ស្លាប់​នៅ​ក្នុង​នោះ​មក​វិញ​ដែរ​»។ ពិត​ណាស់ មនុស្ស​រាប់​ពាន់​លាន​នាក់​នឹង​រស់​ឡើង​វិញ។ ម្យ៉ាង​ទៀត សាវ័ក​ប៉ូល​បាន​និយាយ​ថា​៖ ​«​មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត​»​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ (​សូម​អាន សកម្មភាព ២៤:១៥) តើ​នេះ​មាន​ន័យ​យ៉ាង​ណា?

ក្នុង​សួន​ឧទ្យាន មនុស្ស​ស្លាប់​នឹង​ត្រូវ ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​ជួប​ជុំ​មនុស្ស ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​ម្ដង​ទៀត

១៨​. តើ​អ្នក​ណា​ខ្លះ​ជា​«​មនុស្ស​សុចរិត​»​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

១៨ ​«​មនុស្ស​សុចរិត​»​រួម​បញ្ចូល​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​រស់មុន​លោក​យេស៊ូ​កើត​មក​នៅ​ផែន​ដី​ដូច​ជា ណូអេ អាប្រាហាំ សារ៉ា ម៉ូសេ នាង​រូថ នាង​អេសធើរ​ជា​ដើម។ ពួក​គាត់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែន​ដី។ អ្នក​អាច​អាន​កំណត់​ហេតុ​អំពី​បុរស​ស្ដ្រី​ទាំង​នេះ​ក្នុង​សៀវភៅ​ហេប្រឺ ជំពូក​ទី​១១។ ចុះ​យ៉ាង​ណា​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​ស្លាប់​នៅ​សម័យ​នេះ? ពួក​គាត់​ក៏​ជា​«​មនុស្ស​សុចរិត​»​ដែរ ដូច្នេះ​ពួក​គាត់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។

១៩​. តើ​អ្នក​ណា​ជា​«​មនុស្ស​មិន​សុចរិត​»​? តើ​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ឱកាស​អ្វី​ដល់​ពួក​គេ?

១៩ ​«​មនុស្ស​មិន​សុចរិត​»​រួម​បញ្ចូល​មនុស្ស​រាប់​ពាន់​លាន​នាក់​ដែល​គ្មាន​ឱកាស​ស្គាល់​ព្រះ​យេហូវ៉ា។ ទោះ​ជា​ពួក​គេ​ស្លាប់​ហើយ​ក្ដី ព្រះ​យេហូវ៉ា​មិន​បាន​ភ្លេច​ពួក​គេ​ទេ។ លោក​នឹង​ប្រោស​ពួក​គេ​ឲ្យ​រស់​ឡើង​វិញ ហើយ​ពួក​គេ​នឹង​មាន​ឱកាស​រៀន​អំពី​លោក រួច​បម្រើ​លោក។

២០​. ហេតុ​អ្វី​មិន​មែន​មនុស្ស​គ្រប់​រូប​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

២០ តើ​នេះ​មាន​ន័យ​ថា​មនុស្ស​គ្រប់​រូប​ដែល​បាន​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឬ? មិន​មែន​ទេ។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​មនុស្ស​ខ្លះ​នឹង​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឡើយ។ (​លូកា ១២:៥​) តើ​អ្នក​ណា​ជា​អ្នក​សម្រេច​ចិត្ដ​ថា​មនុស្ស​ណា​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ឬ​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ? គឺ​ព្រះ​យេហូវ៉ា​ជា​ចៅ​ក្រម​ដែល​មាន​អំណាច​ខ្ពស់​បំផុត ហើយ​លោក​ក៏​បាន​ប្រគល់​អំណាច​ឲ្យ​លោក​យេស៊ូ​«​ធ្វើ​ជា​ចៅ​ក្រម​នៃ​មនុស្ស​រស់​និង​មនុស្ស​ស្លាប់​»​ដែរ។ (​សកម្មភាព ១០:៤២​) អ្នក​ដែល​នឹង​ត្រូវ​វិនិច្ឆ័យ​ថា​ជា​មនុស្ស​ទុច្ចរិត​ដែល​មិន​ព្រម​កែ​ប្រែ នោះ​នឹង​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឡើយ (​សូម​មើលលេខ​១៩​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ​)។

ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌

២១, ២២​. (​ក​) តើ​ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌​នឹង​មាន​រូប​កាយ​បែប​ណា? (​ខ​) តើ​អ្នក​ណា​ជា​បុគ្គល​ដំបូង​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​នៅ​ស្ថាន​សួគ៌?

២១ ម្យ៉ាង​ទៀត គម្ពីរ​ក៏​ប្រាប់​ដែរ​ថា​មនុស្ស​ខ្លះ​នឹង​រស់​នៅ​ស្ថាន​សួគ៌។ ពេល​បុគ្គល​ណា​ម្នាក់​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌ គាត់​នឹង​មិន​មាន​រូប​កាយ​ជា​សាច់​ឈាម​ទេ តែ​គាត់​នឹង​មាន​រូប​កាយ​ជា​វិញ្ញាណ​វិញ។

២២ លោក​យេស៊ូ​ជា​បុគ្គល​ដំបូង​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​បែប​នេះ។ (​យ៉ូហាន ៣:១៣​) បី​ថ្ងៃ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​គេ​សម្លាប់ ព្រះ​យេហូវ៉ា​បាន​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ។ (​ទំនុក​តម្កើង ១៦:១០; សកម្មភាព ១៣:៣៤, ៣៥​) លោក​យេស៊ូ​មិន​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដោយ​មាន​រូប​កាយ​ជា​សាច់​ឈាម​ឡើយ។ សាវ័ក​ពេត្រុស​បាន​ពន្យល់​ថា​ពេល​គេ‹សម្លាប់​លោក​យេស៊ូ លោក​ជាមនុស្ស តែ​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ​ជា​វិញ្ញាណ›។ (​ពេត្រុស​ទី១ ៣:១៨​) លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ​ដ៏​ខ្លាំង​ក្លា! (​កូរិនថូស​ទី១ ១៥:៣​-​៦​) ប៉ុន្ដែ មិន​គ្រាន់​តែ​លោក​យេស៊ូ​ប៉ុណ្ណោះ​ទេ គម្ពីរ​ប្រាប់​ថា​ក៏​មាន​អ្នក​ឯ​ទៀត​ដែរ។

២៣, ២៤​. តើ​អ្នក​ណា​ជា​«​ហ្វូង​តូច​»​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍ ហើយ​តើ​ពួក​គាត់​មាន​ចំនួន​ប៉ុន្មាន​នាក់?

២៣ បន្ដិច​មុន​លោក​យេស៊ូ​ស្លាប់ លោក​ប្រាប់​ពួក​អ្នក​កាន់​តាម​ស្មោះ​ត្រង់​ថា​៖ ​«​ខ្ញុំ​នឹង​ទៅ​ដើម្បី​រៀប​ចំ​កន្លែង​មួយ​ឲ្យ​អ្នក​រាល់​គ្នា​»។ (​យ៉ូហាន ១៤:២​) នេះ​មាន​ន័យ​ថា​អ្នក​កាន់​តាម​ខ្លះ​នឹង​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​នៅ​ស្ថាន​សួគ៌​ជា​មួយ​នឹង​លោក​យេស៊ូ។ តើ​មាន​ចំនួន​ប៉ុន្មាន​នាក់? លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​មាន​តែ​មនុស្ស​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​ហៅ​ថា​«​ហ្វូង​តូច​»។ (​លូកា ១២:៣២​) សាវ័ក​យ៉ូហាន​បាន​ប្រាប់​ចំនួន​ជាក់​លាក់ ពេល​គាត់​ឃើញ​លោក​យេស៊ូ​«​កំពុង​ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន[​ស្ថាន​សួគ៌​] ហើយ​មាន​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់​ឈរ​ជា​មួយ​នឹង​លោក​ដែរ​»។—ការ​បើក​បង្ហាញ ១៤:១

២៤ តើ​នៅ​ពេល​ណា​ដែល​គ្រិស្ដ​សាសនិក​១៤៤.០០០​នាក់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ? គម្ពីរ​ប្រាប់​ថា នេះ​នឹង​កើត​ឡើង​ក្រោយ​ពី​គ្រិស្ដ​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌។ (​កូរិនថូស​ទី១ ១៥:២៣​) នៅ​សព្វ​ថ្ងៃ​នេះ យើង​កំពុង​រស់​នៅ​គ្រា​នោះ ហើយ​មនុស្ស​ភាគ​ច្រើន​ក្នុង​ចំណោម​១៤៤.០០០​នាក់​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌​រួច​ហើយ។ ប៉ុន្ដែ​មាន​ពួក​គាត់​ខ្លះ​រស់​នៅ​ផែន​ដី​នៅ​ឡើយ ហើយ​ពេល​ពួក​គាត់​ស្លាប់​ពួក​គាត់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ភ្លាម​ៗ​នៅ​ស្ថាន​សួគ៌។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មនុស្ស​ភាគ​ច្រើន​នឹង​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​នៅ​ផែន​ដី​ដែល​ជា​សួន​ឧទ្យាន

២៥​. តើ​យើង​នឹង​រៀន​អ្វី​នៅ​ជំពូក​បន្ទាប់?

២៥ មិន​យូរ​ទៀត ព្រះ​យេហូវ៉ា​នឹង​រំដោះ​មនុស្ស​ទាំង​អស់​ពី​សេចក្ដី​ស្លាប់ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ជា​រៀង​រហូត! (​សូម​អាន អេសាយ ២៥:៨) ប៉ុន្ដែ តើ​ពួក​អ្នក​ដែល​ទៅ​ស្ថាន​សួគ៌​នឹង​ធ្វើ​អ្វី​នៅ​ទី​នោះ? គម្ពីរ​ពន្យល់​ថា​ពួក​គាត់​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ​ក្នុង​រាជាណាចក្រ​ដែល​ជា​រដ្ឋាភិបាល​របស់​ព្រះ។ យើង​នឹង​រៀន​ថែម​ទៀត​អំពី​រដ្ឋាភិបាល​នេះ​ក្នុង​ជំពូក​បន្ទាប់។

^ វគ្គ 9 គម្ពីរ​ប្រាប់​យើង​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មួយ​ចំនួន​ទៀត ដែល​រួម​មាន​ទាំង​ចាស់​ទាំង​ក្មេង ទាំង​ប្រុស​ទាំង​ស្រី ហើយ​ក៏​មាន​ជន​ជាតិ​អ៊ីស្រាអែល​និង​ជន​ជាតិ​ដទៃ​ផង​ដែរ។ អ្នក​អាច​អាន​កំណត់​ហេតុ​ទាំង​នោះ​នៅ ពង្សាវតារ​ក្សត្រ​ទី១ ១៧:១៧​-​២៤; ពង្សាវតារ​ក្សត្រ​ទី២ ៤:៣២​-​៣៧; ១៣:២០, ២១; ម៉ាថាយ ២៨:៥​-​៧; លូកា ៧:១១​-​១៧; ៨:៤០​-​៥៦; សកម្មភាព ៩:៣៦​-​៤២; ២០:៧​-​១២