លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៤

តើ​លោក​យេស៊ូ​គ្រិស្ដ​ជា​អ្នក​ណា?

តើ​លោក​យេស៊ូ​គ្រិស្ដ​ជា​អ្នក​ណា?

១, ២​. (​ក​) បើ​អ្នក​គ្រាន់​តែ​ស្គាល់​ឈ្មោះ​របស់​អ្នក​ល្បី​ណា​ម្នាក់ តើ​នេះ​មាន​ន័យ​ថា​អ្នក​ពិត​ជា​ស្គាល់​គាត់​ឬ? សូម​ពន្យល់។ (​ខ​) តើ​មនុស្ស​និយាយ​យ៉ាង​ណា​ខ្លះ​អំពី​លោក​យេស៊ូ?

ក្នុង​ពិភព​លោក​មាន​មនុស្ស​ជា​ច្រើន​ដែល​ល្បី​ឈ្មោះ។ អ្នក​ប្រហែល​ជា​ស្គាល់​ឈ្មោះ​របស់​អ្នក​ល្បី​ណា​ម្នាក់។ ក៏​ប៉ុន្ដែ គ្រាន់​តែ​ស្គាល់​ឈ្មោះ​របស់​អ្នក​ល្បី នេះ​មិន​មាន​ន័យ​ថា​អ្នក​ស្គាល់​បុគ្គល​នោះ​ច្បាស់​ទេ ហើយ​ក៏​មិន​មាន​ន័យ​ថា​អ្នក​ដឹង​ព័ត៌មាន​ល្អិត​ល្អន់​អំពី​ប្រវត្ដិ ឬ​បុគ្គលិក​លក្ខណៈ​ពិត​របស់​គាត់​ដែរ។

អ្នក​ប្រហែល​ជា​ធ្លាប់​ឮ​អំពី​លោក​យេស៊ូ​គ្រិស្ដ ទោះ​ជា​លោក​ធ្លាប់​រស់​នៅ​ផែន​ដី​ប្រហែល​ជា​២.០០០​ឆ្នាំ​មុន​ក៏​ដោយ។ ប៉ុន្ដែ មនុស្ស​ភាគ​ច្រើន​មិន​ដឹង​ថា​លោក​ជា​មនុស្ស​បែប​ណា​នោះ​ទេ។ អ្នក​ខ្លះ​និយាយ​ថា​លោក​ជា​មនុស្ស​ល្អ​ម្នាក់។ អ្នក​ខ្លះ​ទៀត​គិត​ថា​លោក​ជា​អ្នក​ប្រកាស​ទំនាយ​ម្នាក់។ ចំណែក​អ្នក​ឯ​ទៀត​ជឿ​ថា​លោក​យេស៊ូ​ជា​ព្រះ។ តើ​អ្នក​គិត​យ៉ាង​ណា? (​សូម​មើលលេខ​១២​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ​)។

៣​. ហេតុ​អ្វី​គឺ​ជា​ការ​សំខាន់​ដែល​អ្នក​ស្គាល់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ដ?

គឺ​ជា​ការ​សំខាន់​ដែល​អ្នក​ស្គាល់​សេចក្ដី​ពិត​អំពី​លោក​យេស៊ូ។ ហេតុ​អ្វី? ពី​ព្រោះ​គម្ពីរ​ប្រាប់​យើង​ថា​៖ ​«​ដើម្បី​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ពួក​គាត់​ត្រូវ​ស្គាល់​លោក​ដែល​ជា​ព្រះ​ពិត​តែ​មួយ​ឲ្យ​បាន​ច្បាស់ ព្រម​ទាំង​យេស៊ូ​គ្រិស្ដ ដែល​លោក​បាន​ចាត់​ឲ្យ​មក​»។ (​យ៉ូហាន ១៧:៣​) ប្រាកដ​ហើយ បើ​អ្នក​ស្គាល់​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ អ្នក​អាច​រស់​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន​នៅ​ផែន​ដី។ (​យ៉ូហាន ១៤:៦​) មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ស្គាល់​លោក​យេស៊ូ​អាច​ជួយ​អ្នក ពី​ព្រោះ​លោក​ជា​គំរូ​ល្អ​បំផុត​អំពី​របៀប​ដែល​អ្នក​ត្រូវ​ប្រព្រឹត្ដ​ទៅ​លើ​អ្នក​ឯ​ទៀត ហើយ​អំពី​របៀប​រស់​នៅ​ដែល​អ្នក​ត្រូវ​មាន។ (​យ៉ូហាន ១៣:៣៤, ៣៥​) ក្នុងជំពូក​ទី១ យើង​បាន​រៀន​សេចក្ដី​ពិត​អំពី​ព្រះ។ ឥឡូវ​យើង​នឹង​ពិចារណា​នូវ​អ្វី​ដែល​គម្ពីរ​បង្រៀន​អំពី​លោក​យេស៊ូ។

យើង​បាន​រក​ឃើញ​មេស្ស៊ី​ហើយ!

៤​. តើ​ពាក្យ​«​មេស្ស៊ី​»​និង​«​គ្រិស្ដ​»​មាន​ន័យ​អ្វី?

ជា​យូរ​មុន​ដែល​លោក​យេស៊ូ​កើត​មក គម្ពីរ​បាន​ចែង​ទុក​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ថា​លោក​នឹង​ចាត់​មេស្ស៊ី ឬ​គ្រិស្ដ​ឲ្យ​មក។ ពាក្យ​«​មេស្ស៊ី​»​មក​ពី​ភាសា​ហេប្រឺ ហើយ​ពាក្យ​«​គ្រិស្ដ​»​មក​ពី​ភាសា​ក្រិច​មាន​ន័យ​ថា​អ្នក​ដែល​ព្រះ​រើស​តាំង។ ឋានៈ​ទាំង​ពីរ​នេះ​បញ្ជាក់​ថា​ព្រះ​នឹង​ជ្រើស​រើស​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា ហើយ​តែង​តាំង​លោក​ឲ្យ​មាន​តំណែង​ពិសេស។ មេស្ស៊ី​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​ទាំង​អស់​របស់​ព្រះ​បាន​សម្រេច។ លោក​យេស៊ូ​ក៏​អាច​ជួយ​អ្នក​ឲ្យ​ទទួល​ប្រយោជន៍​នៅ​ឥឡូវ​នេះ​ដែរ។ ប៉ុន្ដែ មុន​លោក​យេស៊ូ​បាន​កើត​មក មនុស្ស​ជា​ច្រើន​បាន​ឆ្ងល់​ថា ‹តើ​អ្នក​ណា​នឹង​ក្លាយ​ទៅ​ជា​មេស្ស៊ី?›។

៥​. តើ​អ្នក​កាន់​តាម​លោក​យេស៊ូ​ជឿ​ថា​លោក​គឺ​ជា​មេស្ស៊ី​ឬ​ទេ?

អ្នក​កាន់​តាម​លោក​យេស៊ូ​ជឿ​ជាក់​យ៉ាង​ខ្លាំង​ថា លោក​គឺ​ជា​មេស្ស៊ី​ដែល​បាន​ត្រូវ​សន្យា។ (​យ៉ូហាន ១:៤១​) ជា​ឧទាហរណ៍ ស៊ីម៉ូន​ពេត្រុស​បាន​និយាយ​ទៅ​កាន់​លោក​យេស៊ូ​ថា​៖ ​«​លោក​ជា​គ្រិស្ដ​»។ (​ម៉ាថាយ ១៦:១៦​) ហេតុ​អ្វី​យើង​អាច​ដឹង​ប្រាកដ​ថា​លោក​យេស៊ូ​គឺ​ជា​មេស្ស៊ី?

៦​. តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​បាន​ជួយ​មនុស្ស​ស្មោះ​ត្រង់​ឲ្យ​ដឹង​ថា​អ្នក​ណា​ជា​មេស្ស៊ី?

ជា​យូរ​មុន​ដែល​លោក​យេស៊ូ​បាន​កើត​មក អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​បាន​កត់​ទុក​ព័ត៌មាន​យ៉ាង​ល្អិត​ល្អន់​ជា​ច្រើន​ដែល​នឹង​ជួយ​មនុស្ស​ឲ្យ​ដឹង​ថា​អ្នក​ណា​ជា​មេស្ស៊ី។ តើ​តាម​របៀប​ណា? ឧបមា​ថា​មាន​គេ​ចាត់​អ្នក​ឲ្យ​ទៅ​ទទួល​ភ្ញៀវ​ម្នាក់​ដែល​អ្នក​ពុំ​ស្គាល់​នៅ​ឯ​ចំណត​ឡាន​ក្រុង។ បើ​ពួក​គេ​ពណ៌នា​យ៉ាង​ល្អិត​ល្អន់​អំពី​ភ្ញៀវ​នោះ អ្នក​នឹង​អាច​សម្គាល់​គាត់​បាន មែន​ទេ? ស្រដៀង​គ្នា​ដែរ តាម​រយៈ​អ្នក​ប្រកាស​ទំនាយ ព្រះ​យេហូវ៉ា​បាន​ប្រាប់​យ៉ាង​ល្អិត​ល្អន់​អំពី​អ្វី​ដែល​មេស្ស៊ី​នឹង​ធ្វើ ហើយ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​លោក។ ពេល​ដែល​អ្វី​ៗ​ក្នុង​ទំនាយ​ទាំង​នេះ​បាន​កើត​ឡើង នោះ​បាន​ជួយ​អ្នក​ស្មោះ​ត្រង់​ឲ្យ​ដឹង​យ៉ាង​ច្បាស់​ថា លោក​យេស៊ូ​គឺ​ជា​មេស្ស៊ី។

៧​. តើ​ទំនាយ​ពីរ​យ៉ាង​ដែល​បង្ហាញ​ថា​លោក​យេស៊ូ​គឺ​ជា​មេស្ស៊ី គឺ​ជា​អ្វី?

សូម​ពិចារណា​ឧទាហរណ៍​ពីរ។ ឧទាហរណ៍​ទី១ មីកា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ប្រាប់​ទុក​៧០០​ឆ្នាំ​មុន​ដែល​លោក​យេស៊ូ​បាន​កើត​មក​ថា មេស្ស៊ី​នឹង​កើត​មកនៅ​ភូមិ​តូច​មួយ​ហៅ​ថា​បេថ្លេហិម។ (​មីកា ៥:១​) លោក​យេស៊ូ​បាន​កើត​មក​នៅ​ភូមិ​នោះ​មែន! (​ម៉ាថាយ ២:១, ៣​-​៩​) ឧទាហរណ៍​ទី២ ដានីយ៉ែល​បាន​ប្រកាស​ទុក​ជា​មុន​ថា​មេស្ស៊ី​នឹង​លេច​មក​នៅ​ឆ្នាំ​២៩ គ.ស.។ (​ដានីយ៉ែល ៩:២៥​) នេះ​គ្រាន់​តែ​ទំនាយ​ពីរ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ទំនាយ​ជា​ច្រើន​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​យេស៊ូ​គឺ​ជា​មេស្ស៊ី​ដែល​ព្រះ​បាន​សន្យា (​សូម​មើលលេខ​១៣​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ​)។

នៅ​ពេល​ដែល​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក លោក​ក្លាយ​ទៅ​ជា​មេស្ស៊ី​ឬ​គ្រិស្ដ

៨, ៩​. តើ​អ្វី​បាន​កើត​ឡើង​នៅ​ពេល​ដែល​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក​ដែល​បង្ហាញ​ថា​លោក​គឺ​ជា​មេស្ស៊ី?

ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​លោក​យេស៊ូ​គឺ​ជា​មេស្ស៊ី។ ព្រះ​បាន​សន្យា​ថា​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​នឹង​ឃើញ​សញ្ញា​មួយ​ដើម្បី​ដឹង​ថា​អ្នក​ណា​ជា​មេស្ស៊ី។ ពេល​ដែល​លោក​យេស៊ូ​ទៅ​ឯ​យ៉ូហាន​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ទន្លេ​យ៉ូដាន់​ក្នុង​ឆ្នាំ​២៩ គ.ស. យ៉ូហាន​បាន​ឃើញ​សញ្ញា​នោះ​មែន។ គម្ពីរ​ប្រាប់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ថា​៖ ​«​ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ជ្រមុជ​ទឹក​ហើយ លោក​បាន​ងើប​ឡើង​ពី​ទឹក​មក​ភ្លាម ហើយ​មេឃ​បាន​បើក​ចំហ រួច​គាត់​ឃើញ​សកម្មពល​របស់​ព្រះ​ចុះ​មក​ដូច​ជា​សត្វ​ព្រាប ហើយ​សណ្ឋិត​លើ​លោក។ ខណៈ​នោះ ក៏​មាន​សំឡេង​មួយ​ពី​លើ​មេឃ​ថា​៖ ‹នេះ​ជា​បុត្រ​ដែល​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ជា​ទី​ពេញ​ចិត្ដ​ខ្ញុំ​ណាស់›​»។ (​ម៉ាថាយ ៣:១៦, ១៧​) កាល​ដែល​យ៉ូហាន​បាន​ឮ​ហើយ​ឃើញ​សញ្ញា​សម្គាល់​នោះ គាត់​ដឹង​ថា​លោក​យេស៊ូ​គឺ​ជា​មេស្ស៊ី។ (​យ៉ូហាន ១:៣២​-​៣៤​) នៅ​ថ្ងៃ​នោះ ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​ចាក់​សកម្មពល​របស់​លោក​មក​លើ​លោក​យេស៊ូ នោះ​លោក​យេស៊ូ​បាន​ក្លាយ​ទៅ​ជា​មេស្ស៊ី។ លោក​គឺ​ជា​អ្នក​ដែល​ព្រះ​បាន​តែង​តាំង​ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​និង​ជា​ស្ដេច។—អេសាយ ៥៥:៤

ទំនាយ​ក្នុង​គម្ពីរ និង​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ផ្ទាល់ ថែម​ទាំង​សញ្ញា​សម្គាល់​ដែល​ព្រះ​ផ្ដល់​ឲ្យ​នៅ​ពេល​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក បង្ហាញ​យ៉ាង​ជាក់​ច្បាស់​ថា លោក​យេស៊ូ​គឺ​ជា​មេស្ស៊ី។ ប៉ុន្ដែ តើ​លោក​យេស៊ូ​មក​ពី​ណា ហើយ​តើ​លោក​ជា​បុគ្គល​បែប​ណា? សូម​ឲ្យ​យើង​ពិចារណា​អំពី​អ្វី​ដែល​គម្ពីរ​ប្រាប់។

តើ​លោក​យេស៊ូ​មក​ពី​ណា?

១០​. តើ​គម្ពីរ​បង្រៀន​យ៉ាង​ណា​អំពី​ជីវិត​របស់​លោក​យេស៊ូ​មុន​ពេល​ដែល​លោក​មក​ផែន​ដី?

១០ គម្ពីរ​បង្រៀន​ថា​លោក​យេស៊ូ​ធ្លាប់​រស់​នៅ​ឯ​ស្ថាន​សួគ៌​យ៉ាង​យូរ មុន​លោក​មកផែន​ដី។ មីកា​បាន​និយាយ​ថា​មេស្ស៊ី​មាន​ដើម​កំណើត​«​ចាប់​តាំង​ពី​បុរាណ​»​មក។ (​មីកា ៥:១​) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ជា​ច្រើន​ដង​ថា​លោក​ធ្លាប់​រស់​នៅ​ឯ​ស្ថាន​សួគ៌​មុន​លោក​កើត​មក​ជា​មនុស្ស។ (​សូម​អាន យ៉ូហាន ៣:១៣; ៦:៣៨, ៦២; ១៧:៤, ៥) មុន​ពេល​ដែល​លោក​យេស៊ូ​មក​ផែន​ដី លោក​មាន​ចំណង​មិត្ដភាព​ពិសេស​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។

១១​. ហេតុ​អ្វី​លោក​យេស៊ូ​ជា​បុគ្គល​ពិសេស​ខ្លាំង​ណាស់​ចំពោះ​ព្រះ?

១១ លោក​យេស៊ូ​ជា​បុគ្គល​ដែល​ព្រះ​ស្រឡាញ់​ខ្លាំង​ណាស់។ ហេតុ​អ្វី? ពី​ព្រោះ​ព្រះ​យេហូវ៉ា​បាន​បង្កើត​លោក​មុន​អ្វី​ៗ​ទាំង​អស់។ ដូច្នេះ លោក​យេស៊ូ​បាន​ត្រូវ​ហៅ​ថា​ជា​«​បុត្រ​ច្បង​ក្នុង​ចំណោម​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​បាន​បង្កើត​»។ * (​កូឡុស ១:១៥​) ម្យ៉ាង​ទៀត លោក​យេស៊ូ​ជា​បុគ្គល​ពិសេស​ណាស់​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​សារ​លោក​យេស៊ូ​គឺ​ជា​បុគ្គល​តែ​ម្នាក់​គត់​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​ដោយ​ផ្ទាល់។ នេះ​ជា​មូលហេតុ​ដែល​លោក​យេស៊ូ​បាន​ត្រូវ​ហៅ​ថា​«​បុត្រ​តែ​មួយ​»​របស់​ព្រះ។ (​យ៉ូហាន ៣:១៦​) លោក​យេស៊ូ​ក៏​ជា​បុគ្គល​តែ​ម្នាក់​គត់​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រើ​ដើម្បី​បង្កើត​អ្វី​ៗ​ទាំង​អស់។ (​កូឡុស ១:១៦​) បន្ថែម​ទៅ​ទៀត មាន​តែ​លោក​យេស៊ូ​ប៉ុណ្ណោះ​ដែល​បាន​ត្រូវ​ហៅ​ថា​«​បណ្ដាំ​»​ ពី​ព្រោះ​ព្រះ​យេហូវ៉ា​បាន​ប្រើ​លោក​ដើម្បី​ប្រាប់​បណ្ដា​ទេវតា​និង​មនុស្សជាតិ​អំពី​ដំណឹង​និង​ការ​ណែនាំ​របស់​ព្រះ។—យ៉ូហាន ១:១៤

១២​. តើ​តាម​របៀប​ណា​យើង​ដឹង​ថា​លោក​យេស៊ូ​និង​ព្រះ​មិន​មែន​ជា​បុគ្គល​តែ​មួយ?

១២ មនុស្ស​ខ្លះ​ជឿ​ថា​លោក​យេស៊ូ​និង​ព្រះ​គឺ​ជា​បុគ្គល​តែ​មួយ។ ប៉ុន្ដែ គម្ពីរ​មិន​បង្រៀន​ដូច្នេះ​ឡើយ។ គម្ពីរ​ប្រាប់​ថា​លោក​យេស៊ូ​បាន​ត្រូវ​បង្កើត ដូច្នេះ​នេះ​មាន​ន័យ​ថា​លោក​មាន​ទី​ចាប់​ផ្ដើម។ ចំណែក​ឯ​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​អ្វី​ៗ​ទាំង​អស់ លោក​គ្មាន​ទី​ចាប់​ផ្ដើម​ទេ។ (​ទំនុក​តម្កើង ៩០:២​) ក្នុង​នាម​ជា​បុត្រ​ព្រះ លោក​យេស៊ូ​មិន​ដែល​ព្យាយាម​ធ្វើ​ជា​ព្រះ​សោះ​ឡើយ។ គម្ពីរ​បង្រៀន​យ៉ាង​ច្បាស់​ថា​បិតា​គឺ​ធំ​ជាង​បុត្រ​លោក។ (​សូម​អាន យ៉ូហាន ១៤:២៨; កូរិនថូស​ទី១ ១១:៣​) មាន​តែព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​ជា​«​ព្រះ​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​»។ (​ការ​បើក​បង្ហាញ ១៥:៣​) លោក​គឺ​ជា​បុគ្គល​ដ៏​អស្ចារ្យ​និង​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​ក្នុង​សកល​លោក (​សូម​មើលលេខ​១៤​ក្នុង​កំណត់​នៅ​ចុង​សៀវភៅ​)។

១៣​. ហេតុ​អ្វី​គម្ពីរ​ចែង​ថា​៖ ​«​លោក[​យេស៊ូ​]និង​ព្រះ​ដែល​យើង​មើល​មិន​ឃើញ មាន​លក្ខណៈ​ដូច​គ្នា​ទាំង​ស្រុង​»​?

១៣ ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ដែល​ជា​បុត្រ​លោក បាន​ធ្វើ​ការ​ជា​មួយ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​អស់​រាប់​ពាន់​លាន​ឆ្នាំ​មុន​ដែល​សកលលោក​បាន​ត្រូវ​បង្កើត​មក។ លោក​ទាំង​ពីរ​ប្រាកដ​ជា​ស្រឡាញ់​គ្នា​ខ្លាំង​ណាស់! (​យ៉ូហាន ៣:៣៥; ១៤:៣១​) លោក​យេស៊ូ​បាន​បង្ហាញ​គុណ​សម្បត្ដិ​ដូច​បិតា​របស់​លោក​បេះ​បិទ ដូច្នេះ​គម្ពីរ​ចែង​ថា​៖ ​«​លោក​និង​ព្រះ​ដែល​យើង​មើល​មិន​ឃើញ មាន​លក្ខណៈ​ដូច​គ្នា​ទាំង​ស្រុង​»។—កូឡុស ១:១៥

១៤​. តើ​តាម​របៀប​ណា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​អាច​កើត​មក​ជា​មនុស្ស​ម្នាក់​បាន?

១៤ បុត្រ​ជា​ទី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​សុខ​ចិត្ដ​ចាក​ចេញ​ពី​ស្ថាន​សួគ៌​មក​កើត​ជា​មនុស្ស​នៅ​ផែន​ដី។ តើ​បុគ្គល​វិញ្ញាណ​អាច​កើត​មក​ជា​មនុស្ស​ម្នាក់​យ៉ាង​ដូច​ម្ដេច​បាន? ព្រះ​យេហូវ៉ា​បាន​ធ្វើ​អព្ភូតហេតុ​មួយ​ដោយ​ផ្ទេរ​ជីវិត​បុត្រ​លោក​ទៅ​ក្នុង​ផ្ទៃ​របស់​ស្រី​ក្រមុំ​បរិសុទ្ធ​ម្នាក់​ឈ្មោះ​ម៉ារៀ។ ហេតុ​នេះ លោក​យេស៊ូ​មិន​ចាំ​បាច់​មាន​ឪ​ពុក​ជា​មនុស្ស​នោះ​ឡើយ។ ជា​លទ្ធផល ម៉ារៀ​បាន​សម្រាល​កូន​ប្រុស​មួយ​ដែល​ល្អ​ឥត​ខ្ចោះ ហើយ​នាង​បាន​ដាក់​ឈ្មោះ​កូន​ប្រុស​នោះ​ថា​យេស៊ូ។—លូកា ១:៣០​-​៣៥

តើ​លោក​យេស៊ូ​ជា​បុគ្គល​បែប​ណា?

១៥​. តើ​អ្នក​អាច​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់​ជាង​យ៉ាង​ដូច​ម្ដេច?

១៥ អ្នក​អាច​រៀន​ច្រើន​អំពី​ជីវិត​និង​គុណ​សម្បត្ដិ​របស់​លោក​យេស៊ូ​ដោយ​អាន​គម្ពីរ​នៅ​សៀវភៅ​ម៉ាថាយ ម៉ាកុស លូកា និង​យ៉ូហាន។ សៀវភៅ​ទាំង​នោះ​បាន​ត្រូវ​ហៅ​ថា​សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន។ ដោយ​សារ​លោក​យេស៊ូ​មាន​គុណ​សម្បត្ដិ​ដូច​បិតា​លោក​បេះ​បិទ នោះ​អ្វី​ដែល​អ្នក​អាន​នឹង​ជួយ​អ្នក​ឲ្យ​កាន់​តែ​ស្គាល់​ព្រះ​យេហូវ៉ា។ ហេតុ​នេះ​ហើយ លោក​យេស៊ូ​អាច​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​បាន​ឃើញ​ខ្ញុំ អ្នក​នោះ​បាន​ឃើញ​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ហើយ​»។—យ៉ូហាន ១៤:៩

១៦​. តើ​លោក​យេស៊ូ​បាន​បង្រៀន​អំពី​អ្វី? តើ​អ្វី​ៗ​ដែល​លោក​យេស៊ូ​បង្រៀន​មក​ពី​ណា?

១៦ មនុស្ស​ជា​ច្រើន​ហៅ​លោក​យេស៊ូ​ថា​«​លោក​គ្រូ​»។ (​យ៉ូហាន ១:៣៨; ១៣:១៣​) ក្នុង​ចំណោម​អ្វី​ដ៏​សំខាន់​បំផុត​ដែល​លោក​យេស៊ូ​បាន​បង្រៀន​គឺ​«​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​»។ តើ​រាជាណាចក្រ​នោះ​ជា​អ្វី? គឺ​ជា​រដ្ឋាភិបាល​របស់​ព្រះ​ដែល​នឹង​គ្រប់​គ្រង​ពី​ស្ថាន​សួគ៌​មក​លើ​ផែន​ដី​ទាំង​មូល ហើយ​នឹង​ផ្ដល់​ពរ​ជា​ច្រើន​ដល់​មនុស្ស​ដែល​ស្តាប់​បង្គាប់​ព្រះ។ (​ម៉ាថាយ ៤:២៣​) អ្វី​ៗ​ទាំង​អស់​ដែល​លោក​យេស៊ូ​បង្រៀន​គឺ​មក​ពី​ព្រះ​យេហូវ៉ា។ ដូច្នេះ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្វី​ដែល​ខ្ញុំ​បង្រៀន មិន​មែន​ជា​សេចក្ដី​បង្រៀន​របស់​ខ្ញុំ​ទេ តែ​ជា​សេចក្ដី​បង្រៀន​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​»។ (​យ៉ូហាន ៧:១៦​) លោក​យេស៊ូ​ជ្រាប​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មនុស្ស​ឮ​ដំណឹង​ល្អ​ដែល​ថា រាជាណាចក្រ​ព្រះ​នឹង​គ្រប់​គ្រង​មក​លើ​ផែន​ដី​ទាំង​មូល។

១៧​. តើ​លោក​យេស៊ូ​បង្រៀន​មនុស្ស​នៅ​កន្លែង​ណា​ខ្លះ? ហេតុ​អ្វី​លោក​បាន​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្រៀន​អ្នក​ឯ​ទៀត?

១៧ តើ​លោក​យេស៊ូ​បាន​បង្រៀន​មនុស្ស​នៅ​កន្លែង​ណា​ខ្លះ? គឺ​នៅ​គ្រប់​ទី​កន្លែង​ដែល​មាន​មនុស្ស។ លោក​បាន​បង្រៀន​នៅ​ជនបទ ក្រុង ភូមិ ផ្សារ នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ និង​នៅ​កន្លែង​គោរព​ប្រណិប័តន៍​ព្រះ។ លោក​មិន​បាន​រង់​ចាំ​មនុស្ស​ឲ្យ​មក​ឯ​លោក​ឡើយ។ ជា​ញឹក​ញយ លោក​បាន​ទៅ​ជួប​ពួក​គេ។ (​ម៉ាកុស ៦:៥៦; លូកា ១៩:៥, ៦​) លោក​យេស៊ូ​បាន​ព្យាយាម​យ៉ាង​ខ្លាំង ហើយ​ចំណាយ​កម្លាំង​និង​ពេល​វេលា​ជា​ច្រើន​ក្នុង​ការ​បង្រៀន​បណ្ដា​ជន។ ហេតុ​អ្វី? ពី​ព្រោះ​លោក​បាន​ដឹង​ថា​ព្រះ​ចង់​ឲ្យ​លោក​ធ្វើ​ដូច្នេះ ហើយ​លោក​យេស៊ូ​តែង​តែ​ស្តាប់​បង្គាប់​បិតា​លោក។ (​យ៉ូហាន ៨:២៨, ២៩​) ម្យ៉ាង​ទៀត លោក​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​ដោយ​សារ​លោក​មាន​សេចក្ដី​អាណិត​អាសូរ​ចំពោះ​មនុស្ស។ (​សូម​អាន ម៉ាថាយ ៩:៣៥, ៣៦) លោក​អាច​ឃើញ​ថា​អ្នក​ដឹក​នាំ​សាសនា​មិន​បាន​បង្រៀន​សេចក្ដី​ពិត​អំពី​ព្រះ និង​អំពី​រាជាណាចក្រ​របស់​លោក​ទេ។ ដូច្នេះ លោក​ចង់​ជួយ​មនុស្ស​ច្រើន​បំផុត​ឲ្យ​ឮ​ដំណឹង​ល្អ។

១៨​. តើ​គុណ​សម្បត្ដិ​អ្វី​ខ្លះ​របស់​លោក​យេស៊ូ​ដែល​ទាក់​ទាញ​ចិត្ដ​អ្នក​ខ្លាំង​បំផុត?

១៨ លោក​យេស៊ូ​គឺ​ជា​បុរស​ម្នាក់​ដែល​មាន​សេចក្ដី​ស្រឡាញ់ និង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត។ លោក​មាន​ចិត្ដ​សប្បុរស ហើយ​ស្រួល​ទាក់​ទង។ សូម្បី​តែ​កូន​ក្មេងក៏​ចូល​ចិត្ដ​នៅ​ជា​មួយ​នឹង​លោក​ដែរ។ (​ម៉ាកុស ១០:១៣​-​១៦​) លោក​យេស៊ូ​មិន​រើស​មុខ​អ្នក​ណា​ឡើយ។ លោក​ស្អប់​អំពើ​ពុក​រលួយ​និង​អំពើ​អយុត្ដិធម៌។ (​ម៉ាថាយ ២១:១២, ១៣​) លោក​បាន​រស់​នៅ​សម័យ​មួយ​ដែល​គេ​មិន​ប្រព្រឹត្ដ​ទៅ​លើ​ស្ដ្រី​ដោយ​ការ​គោរព​ទេ ហើយ​គេ​ក៏​មិន​សូវ​ផ្ដល់​សិទ្ធិ​ឲ្យ​ពួក​គេ​ដែរ។ ក៏​ប៉ុន្ដែ លោក​យេស៊ូ​តែង​តែ​ប្រព្រឹត្ដ​ទៅ​លើ​ស្ដ្រី​ដោយ​ការ​គោរព​និង​សេចក្ដី​ថ្លៃ​ថ្នូរ។ (​យ៉ូហាន ៤:៩, ២៧​) បន្ថែម​ទៅ​ទៀត លោក​យេស៊ូ​មាន​ចិត្ដ​រាប​ទាប​ពិត​ប្រាកដ​មែន។ ជា​ឧទាហរណ៍ នៅ​ពេល​ល្ងាច​មួយ​លោក​បាន​លាង​ជើង​របស់​ពួក​សាវ័ក​លោក ទោះ​ជា​ធម្មតា​នោះ​ជា​កិច្ច​ការ​របស់​អ្នក​បម្រើ​ក៏​ដោយ។—យ៉ូហាន ១៣:២​-​៥, ១២​-​១៧

លោក​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ណា​ដែល​មាន​មនុស្ស

១៩​. តើ​មាន​ឧទាហរណ៍​អ្វី​ដែល​បង្ហាញ​ថា​លោក​យេស៊ូ​បាន​ជ្រាប​អំពី​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត ហើយ​ចង់​ជួយ​ពួក​គេ?

១៩ លោក​យេស៊ូ​បាន​ជ្រាប​អំពី​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត ហើយ​លោក​ចង់​ជួយ​ពួក​គេ។ នេះ​បាន​ត្រូវ​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ពេល​ដែល​លោក​បាន​ប្រើ​ឫទ្ធានុភាព​របស់​ព្រះ​ដើម្បី​ធ្វើ​ឲ្យ​បណ្ដា​ជន​ជា​សះ​ស្បើយ។ (​ម៉ាថាយ ១៤:១៤​) ជា​ឧទាហរណ៍ បុរស​ម្នាក់​ដែល​មាន​ជំងឺ​ឃ្លង់​បាន​មក​ឯ​លោក​យេស៊ូ ហើយ​និយាយ​ថា​៖ ​«​បើ​លោក​ចង់​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ស្អាត លោក​អាច​ធ្វើ​បាន​»។ ពេល​លោក​យេស៊ូ​បាន​ឃើញ​ការ​ឈឺ​ចាប់​និង​ទុក្ខ​វេទនា​របស់​បុរស​នេះ លោក​ក្ដួល​អាណិត​ហើយ​ចង់​ជួយ​គាត់។ ដូច្នេះ លោក​យេស៊ូ​លូក​ដៃ​ទៅ​ពាល់​បុរស​នោះ ហើយ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​អ្នក​ជា​ស្អាត​មែន។ សូម​ឲ្យ​ជា​ស្អាត​ចុះ​»។ រំពេច​នោះ​គាត់​បាន​ជា​សះ​ស្បើយ! (​ម៉ាកុស ១:៤០​-​៤២​) តើ​អ្នក​អាច​ស្រមៃ​គិត​ដល់​អារម្មណ៍​របស់​បុរស​នោះ​បាន​ទេ?

លោក​តែង​តែ​ស្មោះ​ត្រង់​នឹង​បិតា

២០, ២១​. ហេតុ​អ្វី​លោក​យេស៊ូ​ជា​គំរូ​ដ៏​ល្អ​បំផុត​ស្ដី​អំពី​ការ​ស្តាប់​បង្គាប់​ព្រះ?

២០ លោក​យេស៊ូ​គឺ​ជា​គំរូ​ដ៏​ល្អ​បំផុត​ស្ដី​អំពី​ការ​ស្តាប់​បង្គាប់​ព្រះ។ ទោះ​ជា​មាន​អ្វី​កើត​ឡើង​ឬ​ទោះ​ជា​សត្រូវ​បាន​ធ្វើ​អ្វី​ចំពោះ​លោក​ក៏​ដោយ លោក​នៅ​តែ​បង្ហាញ​ភាព​ស្មោះ​ត្រង់​ចំពោះ​បិតា​លោក​ជា​និច្ច។ ជា​ឧទាហរណ៍ ពេល​ដែល​សាថាន​ព្យាយាម​ល្បួង​លោក​យេស៊ូ លោក​មិន​បាន​ធ្វើ​តាម​ការ​ល្បួង​របស់​វា​ឡើយ។ (​ម៉ាថាយ ៤:១​-​១១​) សូម្បី​តែ​សាច់​ញាតិ​ខ្លះ​របស់​លោក​យេស៊ូ​ក៏​មិន​បាន​ជឿ​ថា​លោក​ជា​មេស្ស៊ី​ដែរ ហើយពួក​គេ​ថែម​ទាំង​និយាយ​ថា​លោក​«​វង្វេង​ស្មារតី​ហើយ​»។ យ៉ាង​ណា​ក្ដី លោក​យេស៊ូ​បន្ដ​ធ្វើ​កិច្ច​ការ​របស់​ព្រះ។ (​ម៉ាកុស ៣:២១​) កាល​ដែល​សត្រូវ​របស់​លោក​យេស៊ូ​បាន​ប្រព្រឹត្ដ​យ៉ាង​សាហាវ​ឃោរ​ឃៅ​ចំពោះ​លោក លោក​បាន​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ ហើយ​មិន​ដែល​ព្យាយាម​ធ្វើ​បាប​ពួក​គេ​វិញ​ឡើយ។—ពេត្រុស​ទី១ ២:២១​-​២៣

២១ សូម្បី​តែ​នៅ​ពេល​ដែល​លោក​យេស៊ូ​ទទួល​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ហើយ​ស្លាប់​ដោយ​វេទនា ក៏​លោក​បន្ដ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​ដែរ។ (​សូម​អាន ភីលីព ២:៨) សូម​ស្រមៃ​គិត​ថា​លោក​ត្រូវ​ស៊ូ​ទ្រាំ​ខ្លាំង​យ៉ាង​ណា​ទៅ​នៅ​ថ្ងៃ​ដែល​លោក​បាន​ស្លាប់។ លោក​ត្រូវ​គេ​ចាប់ ត្រូវ​គេ​ចោទ​ប្រកាន់​ដោយ​សាក្សី​ក្លែង​ក្លាយ ត្រូវ​គេ​កាត់​ទោស​ដោយ​ចៅ​ក្រម​ពុក​រលួយ ហើយ​ត្រូវ​បណ្ដា​ជន​ចំអក​ឡកឡឺយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​បាន​ទទួល​ទារុណកម្ម​ក្នុង​កណ្ដាប់​ដៃ​ពួក​ទាហាន ហើយ​បាន​ត្រូវ​គេ​បោះ​ដែក​គោល​ព្យួរ​លើ​បង្គោល។ ពេល​ដែល​លោក​ជិត​ស្លាប់ លោក​បាន​ស្រែក​ឡើងថា​៖ ​«​ការ​ទាំង​អស់​បាន​សម្រេច​ហើយ!​»។ (​យ៉ូហាន ១៩:៣០​) បី​ថ្ងៃ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ស្លាប់ ព្រះ​យេហូវ៉ា​បាន​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ។ (​ពេត្រុស​ទី១ ៣:១៨​) ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក លោក​យេស៊ូ​បាន​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ ហើយ​«​បាន​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះ​»​ រង់​ចាំ​ទទួល​អំណាច​ជា​ស្ដេច។—ហេប្រឺ ១០:១២, ១៣

២២​. តើ​យើង​នឹង​មាន​ឱកាស​អ្វី​ដោយ​សារ​លោក​យេស៊ូ​បាន​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​បិតា​លោក?

២២ ដោយ​សារ​លោក​យេស៊ូ​បាន​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​បិតា​លោក នោះ​យើង​នឹង​មាន​ឱកាស​រស់​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន​នៅ​ផែន​ដី ស្រប​តាម​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។ នៅ​ជំពូក​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​សេចក្ដី​ស្លាប់​របស់​លោក​យេស៊ូ​អាច​ផ្ដល់​ឱកាស​ឲ្យ​យើង​មាន​ជីវិត​បែប​នេះ។

^ វគ្គ 11 ព្រះ​យេហូវ៉ា​គឺ​ជា​បិតា​ដោយ​សារ​លោក​គឺ​ជា​អ្នក​បង្កើត។ (​អេសាយ ៦៤:៨​) លោក​យេស៊ូ​បាន​ត្រូវ​ហៅ​ថា​ជា​បុត្រ​ព្រះ ពី​ព្រោះ​ព្រះ​យេហូវ៉ា​បាន​បង្កើត​លោក​ដោយ​ផ្ទាល់។ បណ្ដា​ទេវតា​និង​អាដាម​ក៏​បាន​ត្រូវ​ហៅ​ថា​ជា​កូន​របស់​ព្រះ​ដែរ។—យ៉ូប ១:៦; លូកា ៣:៣៨