លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី១៦

ការជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះ

ការជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះ

គោល​ចំណុច​នៃ​ជំពូក​នេះ

ពិចារណា​អំពី​ប្រវត្ដិ​និង​សារៈសំខាន់​នៃ​កិច្ច​ប្រជុំ​ផ្សេង​ៗ​របស់​យើង

១​. ពេល​ដែល​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ជួប​ជុំ​គ្នា តើ​ពួក​គេ​បាន​ទទួល​ជំនួយ​អ្វី ហើយ​ហេតុ​អ្វី​ពួក​គេ​ត្រូវ​ការ​ជំនួយ​នោះ?

 មិន​យូរ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ អ្នក​កាន់​តាម​លោក​បាន​ជួប​ជុំ​គ្នា​ដើម្បី​លើក​ទឹក​ចិត្ត​គ្នា។ ក៏​ប៉ុន្តែ ពួក​គេ​បាន​ចាក់​សោ​ទ្វារ​បន្ទប់ ដោយ​សារ​ខ្លាច​ពួក​សត្រូវ។ ទោះ​ជា​យ៉ាង​នោះ​ក្ដី ពេល​ដែល​លោក​យេស៊ូ​បាន​លេច​មក​ក្នុង​ចំណោម​ពួក​គេ​ហើយ​និយាយ​ថា​៖ ​«​ចូរ​ទទួល​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​ចុះ​»​ នោះ​ច្បាស់​ជា​ធ្វើ​ឲ្យ​ពួក​គេ​លែង​ភ័យ​ខ្លាច​ហើយ។ (​សូម​អាន យ៉ូហាន ២០:១៩​-​២២) ក្រោយ​មក​ទៀត អ្នក​កាន់​តាម​លោក​បាន​ជួប​ជុំ​គ្នា ហើយ​ព្រះ​យេហូវ៉ា​បាន​ចាក់​សកម្មពល​ទៅ​លើ​ពួក​គេ។ នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត​ដើម្បី​បំពេញ​កិច្ច​បម្រើ​ផ្សាយ​នៅ​ពេល​ក្រោយ​មក!—សកម្ម. ២:១​-​៧

២​. (​ក​) តើ​ព្រះ​យេហូវ៉ា​ផ្ដល់​កម្លាំង​ដល់​យើង​តាម​របៀប​ណា ហើយ​ហេតុ​អ្វី​យើង​ត្រូវ​ការ​វា? (​ខ​) ហេតុ​អ្វី​បាន​ជា​របៀប​រៀប​ចំ​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​គឺ​សំខាន់​ម្ល៉េះ? (​សូម​មើល​កំណត់​សម្គាល់​និង​ប្រអប់​«​ ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​»​)

យើង​ជួប​ការ​ពិបាក​ផ្សេង​ៗ​ស្រដៀង​នឹង​បង​ប្អូន​រួម​ជំនឿ​របស់​យើង​ដែល​រស់​នៅ​សតវត្សរ៍​ទី១។ (​១ពេ. ៥:៩​) ជួន​កាល​បង​ប្អូន​ខ្លះ​ប្រហែល​ជា​ខ្លាច​មនុស្ស។ ម្យ៉ាង​ទៀត យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​កម្លាំង​ពី​ព្រះ​យេហូវ៉ា​ដើម្បី​តស៊ូ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ (​អេភ. ៦:១០​) កម្លាំង​ជា​ច្រើន​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង គឺ​មក​តាម​រយៈ​កិច្ច​ប្រជុំ​របស់​យើង។ សព្វ​ថ្ងៃ​នេះ រាល់​សប្ដាហ៍ យើង​មាន​កិច្ច​ប្រជុំ​ពីរ គឺ​កិច្ច​ប្រជុំ​សាធារណៈ​និង​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម ព្រម​ទាំង​កិច្ច​ប្រជុំ​មួយ​ទៀត​ដែល​ហៅថា កិច្ចប​ម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក។ a យើង​ក៏​មាន​កិច្ច​ប្រជុំ​បួន​ប្រចាំ​ឆ្នាំ​ដែរ គឺ​មហា​សន្និបាត​តាម​ភូមិ​ភាគ​មួយ សន្និបាត​ប្រចាំ​មណ្ឌល​ពីរ និង​ពិធី​រំលឹក​មរណភាព​របស់​គ្រិស្ត​មួយ។ ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​ទៅ​កិច្ច​ប្រជុំ​ទាំង​អស់​នោះ? តើ​អ្វី​ជា​ប្រវត្ដិ​នៃ​កិច្ច​ប្រជុំ​ទាំង​អស់​របស់​យើង? តើ​ទស្សនៈ​របស់​យើង​ចំពោះ​កិច្ច​ប្រជុំ​បញ្ជាក់​យ៉ាង​ណា​អំពី​យើង?

ហេតុ​អ្វី​យើង​ចាំ​បាច់​ជួប​ជុំ​គ្នា?

៣, ៤​. តើ​ព្រះ​យេហូវ៉ា​តម្រូវ​អ្វី​ពី​រាស្ត្រ​លោក? សូម​ឲ្យ​ឧទាហរណ៍។

តាំង​ពី​យូរ​យារ​មក​ហើយ ព្រះ​យេហូវ៉ា​បាន​តម្រូវ​ឲ្យ​រាស្ត្រ​របស់​លោក​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​លោក។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​១៥១៣ មុន​គ.ស. ព្រះ​យេហូវ៉ា​បាន​ឲ្យ​ច្បាប់​ទៅ​ប្រជា​ជាតិ​អ៊ីស្រាអែល ហើយ​ក្នុង​ច្បាប់​នោះ​មាន​មាត្រា​ដែល​ឲ្យ​កាន់​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​នីមួយ​ៗ​អាច​គោរព​ប្រណិប័តន៍​ព្រះ ហើយ​ទទួល​ការបង្ហាត់​បង្រៀន​អំពី​ច្បាប់​របស់​លោក។ (​ចោ. ៥:១២; ៦:៤​-​៩​) កាល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​តាម​ច្បាប់​នោះ ក្រុម​គ្រួសារ​នានា​មាន​ភាព​រឹង​មាំ ហើយ​ប្រជា​ជាតិ​ទាំង​មូល​ក៏​មាន​ភាព​រឹង​មាំ​ដែរ ថែម​ទាំង​បាន​គោរព​ប្រណិប័តន៍​តាម​របៀប​ស្អាត​បរិសុទ្ធ​ទៀត​ផង។ ក៏​ប៉ុន្តែ ពេល​ដែល​ពួក​គេ​មិន​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា ដោយ​មិន​អើពើ​នឹង​តម្រូវ​ការ​ផ្សេង​ៗ​ដូច​ជា​ការ​ជួប​ជុំ​គ្នា​ជា​ទៀង​ទាត់​ដើម្បី​គោរព​ប្រណិប័តន៍​លោក នោះ​ព្រះ​លែង​ពេញ​ចិត្ត​ពួក​គេ​ទៀត។—លេវី. ១០:១១; ២៦:៣១​-​៣៥; ២រប. ៣៦:២០, ២១

សូម​ពិចារណា​អំពី​គំរូ​របស់​លោក​យេស៊ូ​ដែរ។ លោក​មាន​ទម្លាប់​ទៅ​សាលា​ប្រជុំ​រៀង​រាល់​សប្ដាហ៍​នៅ​ថ្ងៃ​ឈប់​សម្រាក។ (​លូក. ៤:១៦​) ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ អ្នក​កាន់​តាម​លោក​បន្ត​ទម្លាប់​ជួប​ជុំ​គ្នា​ជា​ទៀង​ទាត់ ទោះ​ជា​ច្បាប់​អំពី​ថ្ងៃ​ឈប់​សម្រាក​លែង​មាន​សុពលភាព​ក៏​ដោយ។ (​សកម្ម. ១:៦, ១២​-​១៤; ២:១​-​៤; រ៉ូម ១៤:៥; កូឡ. ២:១៣, ១៤​) នៅ​កិច្ច​ប្រជុំ​ទាំង​នោះ គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី១​មិន​គ្រាន់​តែ​ទទួល​ការ​បង្ហាត់​បង្រៀន​និង​ការ​លើក​ទឹក​ចិត្ត​ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​ក៏​បាន​សរសើរ​ព្រះ​តាម​រយៈ​សេចក្ដី​អធិដ្ឋាន ចម្លើយ និង​ចម្រៀង​របស់​ពួក​គេ​ដែរ។—កូឡ. ៣:១៦; ហេ. ១៣:១៥

អ្នក​កាន់​តាម​លោក​យេស៊ូ​ធ្លាប់​ជួប​ជុំ​គ្នា​ដើម្បី​លើក​ទឹក​ចិត្ត​គ្នា​និង​ពង្រឹង​កម្លាំង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក

៥​. ហេតុ​អ្វី​បាន​ជា​យើង​ទៅ​កិច្ច​ប្រជុំ​ប្រចាំ​សប្ដាហ៍ សន្និបាត និង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ? (​សូម​មើល​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ធ្វើ​ឲ្យ​រាស្ត្រ​របស់​ព្រះ​មាន​សាមគ្គី​ភាព​»​)

ស្រដៀង​គ្នា​ដែរ ពេល​យើង​ចូល​រួម​កិច្ច​ប្រជុំ​ប្រចាំ​សប្ដាហ៍ ព្រម​ទាំង​សន្និបាត​និង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ នោះ​យើង​បង្ហាញ​ថា​យើង​គាំ​ទ្រ​រាជាណាចក្រ​របស់​ព្រះ ហើយ​យើង​ទទួល​កម្លាំង​ពី​សកម្មពល​បរិសុទ្ធ ថែម​ទាំង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយៈ​សម្ដី​ដែល​បញ្ជាក់​ជំនឿ​របស់​យើង។ សំខាន់​ជាង​នោះ​ទៅ​ទៀត យើង​មាន​ឱកាស​គោរពប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដោយ​អធិដ្ឋាន ឆ្លើយ​សំណួរ និង​ច្រៀង​ចម្រៀង។ របៀប​រៀប​ចំ​នៃ​កិច្ច​ប្រជុំ​របស់​យើង ប្រហែល​ជា​ខុស​គ្នា​ពី​របៀប​រៀប​ចំ​នៃ​កិច្ច​ប្រជុំ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ចូល​រួម​នៅ​សម័យ​បុរាណ និង​កិច្ច​ប្រជុំ​របស់​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី១។ ទោះ​ជា​យ៉ាង​នោះ​ក្ដី ក៏​កិច្ច​ប្រជុំ​របស់​យើង​គឺ​សំខាន់​ដូច​កិច្ច​ប្រជុំ​ទាំង​នោះ​ដែរ។ តើ​អ្វី​ជា​ប្រវត្ដិ​នៃ​កិច្ច​ប្រជុំ​ដែល​យើង​មាន​នៅ​សព្វ​ថ្ងៃ​នេះ?

កិច្ច​ប្រជុំ​ប្រចាំ​សប្ដាហ៍​ដែល​លើក​ទឹក​ចិត្ត​«​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ និង​ការ​ប្រព្រឹត្ត​ដែល​ល្អ​ប្រសើរ​»​

៦, ៧​. (​ក​) តើ​យើង​ប្រជុំ​គ្នា​ក្នុង​គោល​បំណង​អ្វី? (​ខ​) ពី​មុន តើ​កិច្ច​ប្រជុំ​របស់​និស្សិត​គម្ពីរ​គឺ​ខុស​គ្នា​យ៉ាង​ណា​ពី​ក្រុម​មួយ​ទៅ​ក្រុម​មួយ?

កាល​ដែល​បង​ឆាល ថេស រ៉ាសិល​ចាប់​ផ្ដើម​ស្វែងរក​សេចក្ដី​ពិត​ពី​បណ្ដាំ​របស់​ព្រះ គាត់​យល់​ថា គាត់​ត្រូវ​ជួប​ជុំ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ដែល​មាន​គោល​ដៅ​ដូច​គាត់​ដែរ។ នៅ​ឆ្នាំ​១៨៧៩ បង​រ៉ាសិល​បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​និង​អ្នក​ឯ​ទៀត​នៅ​ក្រុង​ភិតបឺក​បាន​រៀប​ចំ​វគ្គ​សិក្សា​គម្ពីរ​សម្រាប់​រៀង​រាល់​ថ្ងៃ​អាទិត្យ ដើម្បី​ស្រាវ​ជ្រាវ​ក្នុង​បទ​គម្ពីរ​»។ ទស្សនាវដ្ដី​ប៉ម​យាម បាន​លើក​ទឹក​ចិត្ត​អ្នក​អាន​ឲ្យ​ជួប​ជុំ​គ្នា ហើយ​មក​ដល់​ឆ្នាំ​១៨៨១ មាន​កិច្ច​ប្រជុំ​រាល់​ថ្ងៃ​ពុធ​និង​ថ្ងៃ​អាទិត្យ​នៅ​ក្រុង​ភិតបឺក រដ្ឋ​ប៉ិនស៊ីវ៉ានី។ នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៨៩៥ ទស្សនាវដ្ដី​ប៉ម​យាម បាន​បញ្ជាក់​ថា​គោល​បំណង​នៃ​កិច្ច​ប្រជុំ​ទាំង​នោះ​គឺ​ដើម្បី​«​ជួយ​ជំរុញ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ និង​មាន​ការ​សំណេះសំណាល​ជា​មួយ​នឹង​គ្រិស្ត​សាសនិក​ឯ​ទៀត​»​ ថែម​ទាំង​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ដែល​ចូល​រួម​កិច្ច​ប្រជុំ​នោះ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។—សូម​អាន ហេប្រឺ ១០:២៤, ២៥

អស់​ប៉ុន្មាន​ឆ្នាំ របៀប​រៀប​ចំ​និង​ចំនួន​កិច្ច​ប្រជុំ​របស់​ក្រុម​និស្សិត​គម្ពីរ​នីមួយ​ៗ​គឺ​ខុស​គ្នា។ ជា​ឧទាហរណ៍ សំបុត្រ​មួយ​ពី​និស្សិត​គម្ពីរ​មួយ​ក្រុម​នៅ​សហរដ្ឋ​អាម៉េរិក ដែល​បាន​ត្រូវ​បោះ​ពុម្ព​នៅ​ឆ្នាំ​១៩១១ រៀប​រាប់​ថា​៖ ​«​យើង​ជួប​ជុំ​គ្នា​យ៉ាង​តិច​ប្រាំ​ដង​រៀង​រាល់​សប្ដាហ៍​»។ ពួក​គេ​មាន​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ច័ន្ទ ពុធ សុក្រ និង​ពីរ​ដង​នៅ​ថ្ងៃ​អាទិត្យ។ សំបុត្រ​មួយ​ទៀត ពី​និស្សិត​គម្ពីរ​មួយ​ក្រុម​នៅ​ទ្វីប​អាហ្វ្រិក ដែល​បាន​ត្រូវ​បោះ​ពុម្ព​នៅ​ឆ្នាំ​១៩១៤ រៀប​រាប់​ថា​៖ ​«​យើង​មាន​កិច្ច​ប្រជុំ​ពីរ​ដង​ក្នុង​មួយ​ខែ ចាប់​ផ្ដើម​នៅ​ថ្ងៃ​សុក្រ ហើយ​បន្ត​រហូត​ដល់​ថ្ងៃ​អាទិត្យ​»។ ក៏​ប៉ុន្តែ ក្រោយ​មក របៀប​រៀប​ចំ​នៃ​កិច្ច​ប្រជុំ​ចាប់​ផ្ដើម​មាន​លំនាំ​ដូច​សព្វ​ថ្ងៃ​នេះ។ សូម​ពិចារណា​យ៉ាង​ខ្លី​អំពី​ប្រវត្ដិ​នៃ​កិច្ច​ប្រជុំ​នីមួយ​ៗ។

៨​. តើ​សុន្ទរកថា​សាធារណៈ​សម័យ​មុន​ធ្លាប់​មាន​ប្រធានបទ​អ្វី​ខ្លះ?

កិច្ច​ប្រជុំ​សាធារណៈ: នៅ​ឆ្នាំ​១៨៨០ ដែល​ជា​ឆ្នាំ​បន្ទាប់​ពី​បង​រ៉ាសិល​ចាប់​ផ្ដើម​បោះ​ពុម្ព​ទស្សនាវដ្ដី​ប៉ម​យាម គាត់​បាន​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ ដោយ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេង​ៗ​ដើម្បី​ផ្សព្វ​ផ្សាយ។ (​លូក. ៤:៤៣​) ពេល​ដែល​បង​រ៉ាសិល​ធ្វើ​ដូច្នេះ គាត់​ទុក​គំរូ​មួយ​ដែល​បាន​ក្លាយ​ទៅ​ជា​របៀប​រៀប​ចំ​នៃ​កិច្ច​ប្រជុំ​សាធារណៈ​ដែល​យើង​មាន​នៅ​សព្វ​ថ្ងៃ​នេះ។ ទស្សនាវដ្ដី​ប៉ម​យាម បាន​ឲ្យ​ក្រុម​ជំនុំ​នានា​ដឹង​ទុក​ជា​មុន​អំពី​ដំណើរ​ផ្សព្វ​ផ្សាយ​នោះ ដោយ​ចែង​ថា​បង​រ៉ាសិល​«​សុខ​ចិត្ត​ថ្លែង​សុន្ទរកថា​នៅកិច្ច​ប្រជុំ​សាធារណៈ​អំពី‹រឿង​ដែល​ទាក់​ទង​នឹង​រាជាណាចក្រ​របស់​ព្រះ›​»។ នៅ​ឆ្នាំ​១៩១១ ក្រោយ​ពី​ក្រុម​ជំនុំ​ផ្សេង​ៗ​បាន​ត្រូវ​រៀប​ចំ​នៅ​ប្រទេស​មួយ​ចំនួន នោះ​ក្រុម​ជំនុំ​នីមួយ​ៗ​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ចាត់​អ្នក​ថ្លែង​ផ្សេង​ៗ​ដែល​មាន​សមត្ថភាព​ឲ្យ​ទៅ​តំបន់​ក្បែរ​ៗ​ដើម្បី​ថ្លែង​សុន្ទរកថា​៦​អំពី​ប្រធានបទ​ដូច​ជា​ថ្លៃ​លោះ​និង​ការ​វិនិច្ឆ័យ​របស់​ព្រះ​ជា​ដើម។ ក្រោយ​ពី​សុន្ទរកថា​នីមួយ​ៗ​ចប់​ហើយ នោះ​ក្រុម​ជំនុំ​បាន​ត្រូវ​ជម្រាប​អំពី​ឈ្មោះ​អ្នក​ថ្លែង​និង​ប្រធានបទ​សុន្ទរកថា​សម្រាប់​សប្ដាហ៍​ក្រោយ។

៩​. តើ​កិច្ច​ប្រជុំ​សាធារណៈ​បាន​ផ្លាស់​ប្ដូរ​យ៉ាង​ណា ហើយ​តើ​អ្នក​អាច​គាំ​ទ្រ​កិច្ច​ប្រជុំ​នេះ​យ៉ាង​ដូច​ម្ដេច?

នៅ​ឆ្នាំ​១៩៤៥ ទស្សនាវដ្ដី​ប៉ម​យាម បាន​ប្រកាស​អំពី​កិច្ច​ប្រជុំ​សាធារណៈ​ទូ​ទាំង​ពិភព​លោក​មួយ ដែល​មាន​សុន្ទរកថា​៨​ដែល​ទាក់​ទង​នឹង​«​បញ្ហា​ដែល​ត្រូវ​ដោះ​ស្រាយ​ជា​បន្ទាន់​នៅ​សម័យ​នេះ​»។ អស់​រាប់​សិប​ឆ្នាំ អ្នក​ថ្លែង​មិន​គ្រាន់​តែ​ថ្លែង​សុន្ទរកថា​តាម​ប្រធានបទ​ដែល​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​បាន​រៀប​ចំ​ទុក​ជា​មុន​ប៉ុណ្ណោះ​ទេ តែ​ក៏​ថ្លែង​សុន្ទរកថា​តាម​ប្រធានបទ​ដែល​ពួក​គេ​បង្កើត​ដោយ​ខ្លួន​ឯង​ដែរ។ ក៏​ប៉ុន្តែ នៅ​ឆ្នាំ​១៩៨១ អ្នក​ថ្លែង​គ្រប់​រូប​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ថ្លែង​ដោយ​ប្រើ​គម្រោង​សុន្ទរកថា​ដែល​ក្រុម​ជំនុំ​បាន​ទទួល​ពី​អង្គ​ការ​យើង។ b រហូត​មក​ដល់​ឆ្នាំ​១៩៩០ គម្រោង​សុន្ទរកថា​សាធារណៈ​ខ្លះ​បាន​រួម​បញ្ចូល​សំណួរ​ចម្លើយ​ឬ​ការ​សម្ដែង។ ប៉ុន្តែ​នៅ​ឆ្នាំ​នោះ មាន​ការ​ណែនាំ​ថ្មី រួច​មក​សុន្ទរកថា​សាធារណៈ​បាន​ត្រូវ​ថ្លែង​ដោយ​គ្មាន​ការ​ចូល​រួម​ពី​អ្នក​ស្ដាប់​ទេ។ នៅ​ខែ​មករា ឆ្នាំ​២០០៨ មាន​ការ​ផ្លាស់​ប្ដូរ​ថែម​ទៀត គឺ​សុន្ទរកថា​សាធារណៈ​បាន​ត្រូវ​កាត់​បន្ថយ​ពី​៤៥​នាទី​មក​៣០​នាទី​វិញ។ ទោះ​ជា​មាន​ការ​ផ្លាស់​ប្ដូរ​ផ្សេង​ៗ​ចំពោះ​សុន្ទរកថា​សាធារណៈ​ក៏​ដោយ ក៏​សុន្ទរកថា​ដែល​បាន​ត្រូវ​រៀប​ចំ​យ៉ាង​ល្អ នៅ​តែ​ពង្រឹង​ជំនឿ​យើង​ទៅ​លើ​បណ្ដាំ​របស់​ព្រះ និង​អប់រំ​យើង​អំពី​លក្ខណៈ​ផ្សេង​ៗ​នៃ​រាជាណាចក្រ​របស់​ព្រះ។ (​១ធី. ៤:១៣, ១៦​) តើ​អ្នក​រំភើប​ចិត្ត​អញ្ជើញ​អ្នក​ចាប់​អារម្មណ៍​និង​អ្នក​ឯ​ទៀត​ដែល​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា ឲ្យ​មក​ស្ដាប់​សុន្ទរកថា​សំខាន់​ៗ​ទាំង​នោះ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ឬ​ទេ?

១០​-​១២​. (​ក​) តើ​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម បាន​ផ្លាស់​ប្ដូរ​យ៉ាង​ណា​ខ្លះ? (​ខ​) តើ​អ្នក​គួរ​ដណ្ដឹង​សួរ​ខ្លួន​នូវ​សំណួរ​អ្វី​ខ្លះ?

១០ ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម: នៅ​ឆ្នាំ​១៩២២ បង​ប្អូន​ដែល​សមាគម​ប៉ម​យាម​បាន​ចាត់​ឲ្យ​ទៅ​ថ្លែង​សុន្ទរកថា​នៅ​ក្រុម​ជំនុំ​ផ្សេង​ៗ​និង​ឲ្យ​នាំ​មុខ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ បាន​ជូន​យោបល់​ដល់​អង្គ​ការ​យើង​ថា គួរ​មាន​កិច្ច​ប្រជុំ​មួយ​ជា​ទៀង​ទាត់​សម្រាប់​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម។ អង្គ​ការ​យើង​បាន​ធ្វើ​តាម​យោបល់​នោះ។ នៅ​ដើម​ដំបូង​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម​បាន​ត្រូវ​ធ្វើ​ឡើង​រវាង​ថ្ងៃ​ច័ន្ទ​និង​ថ្ងៃ​សុក្រ​ឬ​នៅ​ថ្ងៃ​អាទិត្យ។

ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម នៅ​ប្រទេស​ហ្គាណា នា​ឆ្នាំ​១៩៣១

១១ នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៣២ ទស្សនាវដ្ដី​ប៉ម​យាម បាន​ផ្ដល់​ការ​ណែនាំ​ថែម​ទៀត​អំពី​របៀប​ដឹក​នាំ​កិច្ច​ប្រជុំ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម។ អត្ថបទ​នោះ​បាន​រៀប​រាប់​អំពី​របៀប​ដែល​ក្រុម​គ្រួសារ​បេតអែល​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម ដើម្បី​ទុក​ជា​គំរូ​សម្រាប់​ក្រុម​ជំនុំ។ ជា​ឧទាហរណ៍ អត្ថបទ​នោះ​ពន្យល់​ថា​បង​ប្រុស​ម្នាក់​គួរ​ដឹក​នាំ​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម។ បង​ប្រុស​បី​នាក់​អាច​អង្គុយ​នៅ​មុខ​កន្លែង​ប្រជុំ​ហើយ​ប្ដូរ​វេន​គ្នា​អាន​វគ្គ​ក្នុង​អត្ថបទ​នោះ។ នៅ​សម័យ​នោះ អត្ថបទ​ទស្សនាវដ្ដី​ប៉ម​យាម​គ្មាន​សំណួរ​ទេ ដូច្នេះ​អ្នក​ដឹក​នាំ​បាន​ត្រូវ​ណែនាំ​ឲ្យ​សុំ​អ្នក​ស្ដាប់​លើក​សំណួរ​អំពី​ព័ត៌មាន​នោះ។ រួច​មក អ្នក​ដឹក​នាំ​ហៅ​បង​ប្អូន​ផ្សេង​ៗ​ជា​អ្នក​ស្ដាប់​ឲ្យ​ឆ្លើយ​សំណួរ​ទាំង​នោះ។ បើ​ត្រូវ​ការ​ការ​ពន្យល់​ថែម​ទៀត​អំពី​ចំណុច​ណា​មួយ អ្នក​ដឹក​នាំ​បាន​ត្រូវ​ណែនាំ​ឲ្យ​ពន្យល់​«​យ៉ាង​ខ្លី​និង​ចំ​ៗ​»។

១២ នៅ​ដើម​ដំបូង​ក្រុម​ជំនុំ​នីមួយ​ៗ​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ជ្រើស​រើស​ទស្សនាវដ្ដី​ដែល​បង​ប្អូន​ភាគ​ច្រើន​ចង់​សិក្សា។ ក៏​ប៉ុន្តែ​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​១៩៣៣ បាន​ឲ្យ​យោបល់​ដល់​ក្រុម​ជំនុំ​ទាំង​ឡាយ​ឲ្យ​ប្រើ​ទស្សនាវដ្ដី​លេខ​ថ្មី​បំផុត។ នៅ​ឆ្នាំ​១៩៣៧ បង​ប្អូន​បាន​ត្រូវ​ណែនាំ​ឲ្យ​ធ្វើ​កិច្ច​ប្រជុំ​នោះ​នៅ​ថ្ងៃ​អាទិត្យ។ ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ​១៩៤២ បាន​បញ្ជាក់​នូវ​ការ​កែ​ប្រែ​ថែម​ទៀត ដែល​នាំ​ទៅ​ដល់​កិច្ច​ប្រជុំ​ដែល​យើង​មាន​សព្វ​ថ្ងៃ​នេះ។ ទី១ ទស្សនាវដ្ដី​នោះ​បាន​បញ្ជាក់​ថា​អត្ថបទ​សិក្សា​នីមួយ​ៗ​នឹង​មាន​សំណួរ​នៅ​ខាង​ក្រោម​ទំព័រ ហើយ​បង​ប្អូន​គួរ​ប្រើ​សំណួរ​ទាំង​នោះ។ ទី២ កិច្ច​ប្រជុំ​នោះ​ត្រូវ​មាន​រយៈ​ពេល​មួយ​ម៉ោង។ ទី៣ អត្ថបទ​នោះ​បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​ដែល​ឆ្លើយ​ឲ្យ​«​និយាយ​ចេញ​ពី​ចិត្ត​»​ ជា​ជាង​អាន​ផ្នែក​ផ្សេង​ៗ​ចេញ​ពី​វគ្គ។ ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម បន្ត​មាន​តួនាទី​ជា​កិច្ច​ប្រជុំ​សំខាន់​បំផុត​ដែល​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​ប្រើ​ដើម្បី​ផ្ដល់​សេចក្ដី​បង្រៀន​តាម​ត្រូវ​ពេល។ (​ម៉ាថ. ២៤:៤៥​) យើង​ម្នាក់​ៗ​គួរ​ដណ្ដឹង​សួរ​ខ្លួន​យើង​ថា‹តើ​ខ្ញុំ​រៀប​ចំ​រៀង​រាល់​សប្ដាហ៍​សម្រាប់​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម​ឬ​ទេ? ហើយ​តើ​ខ្ញុំ​ព្យាយាម​ឆ្លើយ​បើ​អាច​ធ្វើ​ទៅ​បាន​ឬ​ទេ?›។

១៣, ១៤​. តើ​ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ​មាន​ប្រវត្ដិ​យ៉ាង​ណា ហើយ​ហេតុ​អ្វី​អ្នក​ចូល​ចិត្ត​កិច្ច​ប្រជុំ​នេះ?

១៣ ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ: រវាង​ឆ្នាំ​១៨៩៤​និង​ឆ្នាំ​១៨៩៦ ក្រោយ​ពី​សៀវភៅ​ការ​ចាប់​ផ្ដើម​នៃ​រាជ្យ​មួយ​ពាន់​ឆ្នាំ​បាន​ចេញ​ច្រើន​ក្បាល​ហើយ នោះ​បង​ប្រុស​ហ. ណ. រ៉ាន ដែល​ជា​និស្សិត​គម្ពីរ​នៅ​ក្រុង​បលតាម័រ រដ្ឋ​មែរីឡាន់ សហរដ្ឋ​អាម៉េរិក បាន​ជូន​យោបល់​ដល់​អង្គ​ការ​យើង​ឲ្យ​មាន​«​ក្រុម​សិក្សា​សៀវភៅ​ការ​ចាប់​ផ្ដើម​»​ សម្រាប់​សិក្សា​គម្ពីរ។ នៅ​ដើម​ដំបូង កិច្ច​ប្រជុំ​ទាំង​នេះ ដែល​ច្រើន​តែ​ធ្វើ​នៅ​តាម​ផ្ទះ គឺ​ជា​ការ​សាកល្បង​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ នៅ​ខែ​កញ្ញា ឆ្នាំ​១៨៩៥ ក្រុម​សិក្សា​ទាំង​នោះ​បាន​ទទួល​លទ្ធផល​ល្អ​នៅ​ក្រុង​ជា​ច្រើន​នៅ​សហរដ្ឋ​អាម៉េរិក។ ដូច្នេះ ទស្សនាវដ្ដី​ប៉ម​យាម សម្រាប់​ខែ​នោះ បាន​លើក​ទឹក​អស់​អ្នក​ដែល​កំពុង​សិក្សា​សេចក្ដី​ពិត ឲ្យ​រៀប​ចំ​កិច្ច​ប្រជុំ​មួយ​បែប​នោះ។ អត្ថបទ​ប៉ម​យាម​នោះ​ក៏​បាន​បញ្ជាក់​ដែរ​ថា អ្នក​ដឹក​នាំ​កិច្ច​ប្រជុំ​នោះ​ត្រូវ​ចេះ​អាន​ស្ទាត់។ គាត់​ត្រូវ​អាន​មួយ​ឃ្លា រួច​ចាំ​ឲ្យ​អ្នក​ស្ដាប់​លើក​ដៃ​បញ្ជាក់​អំពី​អត្ថន័យ​ឃ្លា​នោះ។ ក្រោយ​ពី​អាន​និង​ពិភាក្សា​ឃ្លា​នីមួយ​ៗ​ក្នុង​វគ្គ​មួយ អ្នក​ដឹក​នាំ​ត្រូវ​បើក​បទ​គម្ពីរ​នានា​ហើយ​អាន។ ពេល​ដែល​រៀន​ជំពូក​នីមួយ​ៗ​ចប់ នោះ​អ្នក​ចូល​រួម​ម្នាក់​ៗ​ត្រូវ​សង្ខេប​យ៉ាង​ខ្លី​នូវ​ព័ត៌មាន​ក្នុង​ជំពូក​នោះ។

១៤ ឈ្មោះ​កិច្ច​ប្រជុំ​«​ក្រុម​សិក្សា​សៀវភៅ​ការ​ចាប់​ផ្ដើម​»​ បាន​ត្រូវ​ផ្លាស់​ប្ដូរ​ជា​ច្រើនដង។ ក្រោយ​មក​កិច្ច​ប្រជុំ​នោះ​បាន​ត្រូវ​ហៅ​ថា​ក្រុម​បេរៀ​សម្រាប់​សិក្សា​គម្ពីរ ដោយ​សំដៅ​លើ​ពួក​អ្នក​ក្រុង​បេរៀ​នៅ​សតវត្សរ៍​ទី១​ដែល​បាន​ពិនិត្យ​មើល​បទ​គម្ពីរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ (​សកម្ម. ១៧:១១​) ក្រោយ​មក​ទៀត ឈ្មោះ​កិច្ច​ប្រជុំ​នោះ​បាន​ត្រូវ​ប្ដូរ​ទៅ​ជា​ការ​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ​វិញ។ ឥឡូវ​យើង​ហៅ​ថា ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ ហើយ​ក្រុម​ជំនុំ​ទាំង​មូល​ជួប​ជុំ​គ្នា​នៅ​សាល​ប្រជុំ ជា​ជាង​នៅ​ផ្ទះ​ផ្សេង​ៗ​ជា​ក្រុម​តូច​ៗ។ តាំង​ពី​មាន​កិច្ច​ប្រជុំ​នោះ សៀវភៅ​ផ្សេង​ៗ សៀវភៅ​ស្តើង និង​សូម្បី​តែ​អត្ថបទ​ទស្សនាវដ្ដី​ប៉ម​យាម ក៏​បាន​ត្រូវ​ប្រើ​ដើម្បី​សិក្សា​ដែរ។ ចាប់​តាំង​ពី​សម័យ​ដំបូង អស់​អ្នក​ដែល​ទៅ​កិច្ច​ប្រជុំ​នោះ​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​លើក​ដៃ​ឆ្លើយ។ កិច្ច​ប្រជុំ​នោះ​បាន​ជួយ​យ៉ាង​ច្រើន​ក្នុង​ការ​ផ្ដល់​ចំណេះ​ជ្រាល​ជ្រៅ​អំពី​គម្ពីរ។ តើ​អ្នក​រៀប​ចំ​និង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ​ជា​ទៀង​ទាត់​តាម​លទ្ធភាព​របស់​អ្នក​ឬ​ទេ?

១៥​. តើ​សាលា​កិច្ច​បម្រើ​ផ្សាយ​បាន​ត្រូវ​រៀប​ចំ​ដើម្បី​អ្វី?

១៥ សាលា​កិច្ច​បម្រើ​ផ្សាយ: បង​ខេរី បាបឺ ដែល​បាន​បម្រើ​នៅ​មន្ទីរ​ចាត់​ការ​ពិភពលោក​នា​ក្រុង​ប៊្រុគ្លីន រដ្ឋ​ញូវយ៉ក រៀប​រាប់​ថា​៖ ​«​នៅ​យប់​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​១៩៤២ បង​ប្អូន​ប្រុស​ៗ​ទាំង​អស់​ដែល​ជា​សមាជិក​ក្រុម​គ្រួសារ​បេតអែល​នៅ​ក្រុង​ប៊្រុគ្លីន បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​កម្ម​វិធី​មួយ​ដែល​ក្រោយ​មក​ហៅ​ថា​សាលា​កិច្ច​បម្រើ​ផ្សាយ​»។ បង​បាបឺ ដែល​ក្រោយ​មក​បាន​ក្លាយ​ទៅ​ជា​សមាជិក​គណៈ​អភិបាល​ប្រាប់​ថា សាលា​នោះ​«​គឺ​ជា​របៀប​រៀប​ចំ​អស្ចារ្យ​បំផុត​មួយ ក្នុង​ចំណោម​របៀប​រៀប​ចំ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​រាស្ត្រ​របស់​លោក​នៅ​សម័យ​នេះ​»។ វគ្គ​សិក្សា​នោះ​បាន​ទទួល​លទ្ធផល​ល្អ​ក្រៃ​លែង​ក្នុង​ការ​ជួយ​បង​ប្រុស​ៗ​ឲ្យ​បង្កើន​សមត្ថភាព​បង្រៀន​និង​ផ្សព្វ​ផ្សាយ។ ដូច្នេះ បន្ដិច​ម្ដង​ៗ ចាប់​ពី​ឆ្នាំ​១៩៤៣ កូន​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា វគ្គ​សិក្សា​អំពី​កិច្ច​បម្រើ​ព្រះ (​Course in Theocratic Ministry​) បាន​ត្រូវ​ផ្ដល់​ឲ្យ​ក្រុម​ជំនុំ​ទូ​ទាំង​ពិភព​លោក។ ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ​១៩៤៣ បាន​ចែង​ថា សាលា​កិច្ច​បម្រើ​ផ្សាយ​បាន​ត្រូវ​រៀប​ចំ​ឡើង​ដើម្បី​ជួយ​រាស្ត្រ​របស់​ព្រះ​ឲ្យ​«​បង្ហាត់​បង្រៀន​ខ្លួន​ឲ្យ​ចេះ​បញ្ជាក់​ប្រសើរ​ជាង​អំពី​រាជាណាចក្រ​»។—២ធី. ២:១៥

១៦, ១៧​. តើ​សាលា​កិច្ច​បម្រើ​ផ្សាយ​បង្រៀន​តែ​របៀប​ថ្លែង​សុន្ទរកថា​ប៉ុណ្ណោះ​ឬ? សូម​ពន្យល់។

១៦ នៅ​ដើម​ដំបូង បង​ប្អូន​ជា​ច្រើន​ភ័យ​ណាស់ ពេល​ត្រូវ​និយាយ​នៅ​មុខ​អ្នក​ស្ដាប់​ជា​ច្រើន​នាក់។ បង​ប្រុស​ខ្លេថិន វូដវឺត ដែល​ឪពុក​របស់​គាត់​បាន​ជាប់​គុក​ដោយ​អយុត្ដិធម៌​ជា​មួយ​នឹង​បង​រ៉ូធើហ្វឺត​នៅ​ឆ្នាំ​១៩១៨ បាន​រៀប​រាប់​អំពី​អារម្មណ៍​ដែល​គាត់​មាន ពេល​ដែល​ចុះ​ឈ្មោះ​ក្នុង​សាលា​នោះ​នៅ​ឆ្នាំ​១៩៤៣។ គាត់​ប្រាប់​ថា​៖ ​«​ខ្ញុំ​ពិបាក​ថ្លែង​សុន្ទរកថា​ណាស់។ ខ្ញុំ​មាន​អារម្មណ៍​ថា​អណ្ដាត​ខ្ញុំ​លូត​វែង​ជាង ហើយ​មាត់​ខ្ញុំ​ស្ងួត​ខ្លាំង​ណាស់។ ពេល​ខ្លះ​សំឡេង​ខ្ញុំ​គ្រលរ ពេល​ខ្លះ​សំឡេង​ខ្ញុំ​គ្រលួច​»។ ក៏​ប៉ុន្តែ កាល​ដែល​បង​ខ្លេថិន​មាន​សមត្ថភាព​កាន់​តែ​ច្រើន​ឡើង​ក្នុង​ការ​ថ្លែង គាត់​បាន​ទទួល​ឯកសិទ្ធិ​ថ្លែង​សុន្ទរកថា​សាធារណៈ​ជា​ច្រើន។ ពី​សាលា​នោះ គាត់​មិន​ត្រឹម​តែ​រៀន​ឲ្យ​ចេះ​ថ្លែង​សុន្ទរកថា​ប្រសើរ​ជាង​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​បាន​រៀន​អំពី​តម្លៃ​នៃ​ចិត្ត​រាប​ទាប​និង​អំពី​សារៈសំខាន់​នៃ​ការ​ពឹង​ព្រះ​យេហូវ៉ា​ដែរ។ គាត់​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​រៀន​ថា អ្នក​ថ្លែង​គឺ​មិន​សំខាន់​ទេ។ អ្វី​ដែល​សំខាន់​គឺ​គាត់​ត្រូវ​រៀប​ចំ​ឲ្យ​បាន​ល្អ ហើយ​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា។ បើ​អ្នក​ថ្លែង​ធ្វើ​ដូច្នេះ អ្នក​ស្ដាប់​នឹង​ពេញ​ចិត្ត​ស្ដាប់​គាត់ ហើយ​នឹង​រៀន​ពី​សុន្ទរកថា​របស់​គាត់​»។

១៧ នៅ​ឆ្នាំ​១៩៥៩ បង​ប្អូន​ស្រី​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចុះ​ឈ្មោះ​ក្នុង​សាលា​នោះ​ដែរ។ បង​ស្រី​អេតណា បោវើ រៀប​រាប់​អំពី​ពេល​ដែល​គាត់​ឮ​សេចក្ដី​ជូន​ដំណឹង​នោះ​នៅ​សន្និបាត។ គាត់​ប្រាប់​ថា​៖ ​«​ខ្ញុំ​ចាំ​ថា​បង​ប្អូន​ស្រី​ៗ​រំភើប​ចិត្ត​ខ្លាំង​ណាស់ ពេល​ឮ​ដំណឹង​នោះ។ ចាប់​ពី​ពេល​នោះ​ពួក​គេ​មាន​ឱកាស​រីក​ចម្រើន​ថែម​ទៀត​»។ អស់​ជា​ច្រើន​ឆ្នាំ​ បង​ប្អូន​ប្រុស​ស្រី​ជា​ច្រើន​នាក់​បាន​ចុះ​ឈ្មោះ​ក្នុង​សាលា​កិច្ច​បម្រើ​ផ្សាយ​ដើម្បី​ទទួល​ការ​បង្ហាត់​បង្រៀន​ពី​ព្រះ​យេហូវ៉ា។ នៅ​សព្វ​ថ្ងៃ​នេះ យើង​បន្ត​ទទួល​ការ​បង្ហាត់​បង្រៀន​ដូច​នោះ នៅ​កិច្ច​ប្រជុំ​ក្នុង​អំឡុង​សប្ដាហ៍។—សូម​អាន អេសាយ ៥៤:១៣

១៨, ១៩​. (​ក​) នៅ​សព្វ​ថ្ងៃនេះ តើ​តាម​របៀប​ណា​យើង​ទទួល​យោបល់​ល្អៗ​សម្រាប់​ប្រើ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ? (​ខ​) ហេតុ​អ្វី​យើង​ច្រៀង​នៅ​កិច្ច​ប្រជុំ​របស់​យើង? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ ការ​ច្រៀង​អំពី​សេចក្ដី​ពិត​»​)

១៨ ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ: សូម្បី​តែ​នៅ​ឆ្នាំ​១៩១៩ ក៏​មាន​កិច្ច​ប្រជុំ​សម្រាប់​រៀប​ចំ​ការ​ផ្សព្វ​ផ្សាយ​ដែរ។ នៅ​ពេល​នោះ មិន​មែន​បង​ប្អូន​ទាំង​អស់​គ្នា​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ទាំង​នោះ​ទេ គឺ​មាន​តែ​បង​ប្អូន​ដែល​ចែក​ចាយ​សៀវភៅ​ប៉ុណ្ណោះ។ សឹង​តែ​រាល់​ខែ​នៅ​ឆ្នាំ​១៩២៣ មាន​ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ​មួយ​ខែ​ម្ដង ហើយ​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ចូល​រួម។ នៅ​ឆ្នាំ​១៩២៨ ក្រុម​ជំនុំ​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ​មួយ​សប្ដាហ៍​ម្ដង។ នៅ​ឆ្នាំ​១៩៣៥ ទស្សនាវដ្ដី​ប៉ម​យាម បាន​លើក​ទឹក​ចិត្ត​ក្រុម​ជំនុំ​ទាំង​អស់​ឲ្យ​ដឹក​នាំ​ប្រជុំ​នោះ​ដោយ​ផ្អែក​លើ​ព័ត៌មាន​ដែល​បាន​ត្រូវ​បោះ​ពុម្ព​ក្នុង​ឯកសារ​ដែល​មាន​ចំណង​ជើង​ថា អ្នក​ដឹក​នាំ (​ក្រោយ​មក​មាន​ចំណង​ជើង​ថា អ្នក​ផ្ដល់​ព័ត៌មាន តែ​ក្រោយ​មក​ហៅ​ថា​កិច្ច​បម្រើ​ព្រះ​)។ មិន​យូរ​ក្រោយ​មក កិច្ច​ប្រជុំ​នោះ​បាន​មាន​ជា​ទៀង​ទាត់​នៅ​ក្រុម​ជំនុំ​នីមួយ​ៗ។

១៩ នៅ​សព្វ​ថ្ងៃ​នេះ យើង​ទទួល​យោបល់​ល្អៗ​ពីកិច្ច​ប្រជុំ​ក្នុងអំឡុង​សប្ដាហ៍​ដែល​យើង​អាច​ប្រើ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ (ម៉ាថ. ១០:៥​-​១៣) បើ​អ្នក​មាន​លក្ខណៈ​គ្រប់​គ្រាន់​អាច​ទទួល​ឯកសារ​កំណត់​សម្រាប់​កិច្ច​ប្រជុំ​បាន តើ​អ្នក​សិក្សា​ឯកសារ​នោះ​ហើយ​អនុវត្ត​យោបល់​ក្នុង​នោះ​ពេល​អ្នក​ផ្សព្វ​ផ្សាយ​ឬ​ទេ?

កិច្ច​ប្រជុំ​សំខាន់​បំផុត​ជា​រៀង​រាល់​ឆ្នាំ

តាំង​ពី​សតវត្សរ៍​ទី១ គ.ស. គ្រិស្ត​សាសនិក​ពិត​ធ្លាប់​ជួប​ជុំ​គ្នា​ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​ធ្វើ​ពិធី​រំលឹក​មរណភាព​របស់​គ្រិស្ត (​សូម​មើល​វគ្គ​២០​)

២០​-​២២​. (​ក​) ហេតុ​អ្វី​យើង​រំលឹក​អំពី​មរណភាព​របស់​លោក​យេស៊ូ? (​ខ​) តើ​អ្នក​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ចូល​រួម​ពិធី​រំលឹក​រាល់​ឆ្នាំ?

២០ លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា ពួក​គេ​ត្រូវ​រំលឹក​មរណភាព​របស់​លោក រហូត​ដល់​លោក​មក​វិញ។ ពិធី​រំលឹក​មរណភាព​របស់​គ្រិស្ត​ជា​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ ដូច​បុណ្យ​រំលង​ដែរ។ (​១កូ. ១១:២៣​-​២៦​) រៀង​រាល់​ឆ្នាំ មនុស្ស​រាប់​លាន​នាក់​ចូល​រួម។ កិច្ច​ប្រជុំ​នោះ​រំលឹក​បង​ប្អូន​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​អំពី​ឯកសិទ្ធិ​ដែល​ពួក​គេ​មាន ពោល​គឺ​ឯកសិទ្ធិ​ទទួល​រាជាណាចក្រ​ជា​មត៌ក​ជា​មួយ​នឹង​គ្រិស្ត។ (​រ៉ូម ៨:១៧​) ចំណែក​ចៀម​ឯ​ទៀត​វិញ កិច្ច​ប្រជុំ​នេះ​ជួយ​ពួក​គេ​ឲ្យ​គោរព​ស្តេច​នៃ​រាជាណាចក្រ​ព្រះ​យ៉ាង​ជ្រាល​ជ្រៅ និង​ឲ្យ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​លោក។—យ៉ូន. ១០:១៦

២១ បង​រ៉ាសិល​និង​អ្នក​រួម​ការ​ងារ​ជា​មួយ​នឹង​គាត់​បាន​ទទួល​ស្គាល់​សារៈសំខាន់​នៃ​ការ​ធ្វើ​ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់ ហើយ​ក៏​បាន​ដឹង​ដែរ​ថា អ្នក​កាន់​តាម​គ្រិស្ត​ត្រូវ​ធ្វើ​ពិធី​នោះ​តែ​មួយ​ដង​ក្នុង​មួយ​ឆ្នាំ។ ទស្សនាវដ្ដី​ប៉ម​យាម ខែ​មេសា ឆ្នាំ​១៨៨០ បាន​បញ្ជាក់​ថា​៖ ​«​អស់​ប៉ុន្មាន​ឆ្នាំ​ហើយ ពួក​យើង​នៅ​ក្រុង​ភិតបឺក​មាន​ទម្លាប់ . . . ធ្វើ​បុណ្យ​រំលង[​ពិធី​រំលឹក​]ហើយ​បរិភោគ​អ្វី​ៗ​ដែល​ជា​តំណាង​រូប​កាយ​និង​ឈាម​របស់​លោក​ម្ចាស់​យើង​»។ មិន​យូរ​ក្រោយ​នោះ បង​ប្អូន​បាន​ធ្វើ​មហា​សន្និបាត​ពេល​ដែល​មាន​ពិធី​រំលឹក។ លើក​ទី១​ដែល​បង​ប្អូន​បាន​កត់​ត្រា​អំពី​មហា​សន្និបាត​បែប​នោះ គឺ​នៅ​ឆ្នាំ​១៨៨៩។ នៅ​ពេល​នោះ​មាន​២២៥​នាក់​ចូល​រួម ហើយ​២២​នាក់​បាន​ទទួល​ការ​ជ្រមុជ​ទឹក។

២២ សព្វ​ថ្ងៃ​នេះ យើង​មិន​ធ្វើ​ពិធី​រំលឹក​ជា​ផ្នែក​នៃ​កម្ម​វិធី​មហា​សន្និបាត​ទៀត​ទេ ប៉ុន្តែ​យើង​អញ្ជើញ​មនុស្ស​នៅ​កន្លែង​ណា​ដែល​យើង​រស់​នៅ ឲ្យ​ចូល​រួម​ជា​មួយ​នឹង​យើង​នៅ​សាល​ប្រជុំ​ឬ​អគារ​ផ្សេង​ទៀត​ដែល​យើង​ជួល។ នៅ​ឆ្នាំ​២០១៣ មនុស្ស​ជាង​១៩​លាន​នាក់​បាន​ចូល​រួម​ពិធី​រំលឹក​មរណភាព​របស់​លោក​យេស៊ូ។ ការ​ចូល​រួម​ពិធី​រំលឹក​និង​ការ​អញ្ជើញ​អ្នក​ឯ​ទៀត​ឲ្យ​ចូល​រួម​ជា​មួយ​នឹង​យើង​នៅ​រាត្រី​ដ៏​ពិសិដ្ឋ​បំផុត​នោះ ជា​ឯកសិទ្ធិ​ដ៏​ខ្ពង់​ខ្ពស់​ណាស់! តើ​អ្នក​ខ្នះ​ខ្នែង​អញ្ជើញ​មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត​ឬ​ទេ?

អ្វី​ដែល​ចិត្ត​គំនិត​របស់​យើង​បញ្ជាក់

២៣​. តើ​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​កិច្ច​ប្រជុំ​របស់​យើង?

២៣ អ្នក​ដែល​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​មិន​ចាត់​ទុក​បង្គាប់​ឲ្យ​ជួប​ជុំ​គ្នា​ថា​ជា​បន្ទុក​ធ្ងន់​នោះ​ទេ។ (​ហេ. ១០:២៤, ២៥; ១យ៉ូន. ៥:៣​) ជា​ឧទាហរណ៍ ស្តេច​ដាវីឌ​ចូល​ចិត្ត​ទៅ​កន្លែង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់។ (​ទំនុក. ២៧:៤​) ជា​ពិសេស គាត់​ចូល​ចិត្ត​ទៅ​ទី​នោះ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ដែល​ស្រឡាញ់​ព្រះ​ដែរ។ (​ទំនុក. ៣៥:១៨​) សូម​គិត​អំពី​គំរូ​របស់​លោក​យេស៊ូ។ កាល​ដែល​លោក​នៅ​ក្មេង​នៅ​ឡើយ លោក​ចង់​ទៅ​កន្លែង​គោរព​ប្រណិប័តន៍​បិតា​លោក​ខ្លាំង​ណាស់។—លូក. ២:៤១​-​៤៩

បើ​យើង​ចង់​ប្រជុំ​គ្នា​យ៉ាង​ខ្លាំង នោះ​បង្ហាញ​ថា​រាជាណាចក្រ​របស់​ព្រះ​គឺ​ជា​អ្វី​ដែល​ពិត​ប្រាកដ​មែន​ចំពោះ​យើង

២៤​. ពេល​ដែល​យើង​ចូល​រួម​កិច្ច​ប្រជុំ តើ​យើង​មាន​ឱកាស​ធ្វើ​អ្វី​ខ្លះ?

២៤ ពេល​ដែល​យើង​ចូល​រួម​កិច្ច​ប្រជុំ យើង​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​យើង​ស្រឡាញ់​លោក ហើយ​បង្ហាញ​ថា​យើង​ចង់​លើក​ទឹក​ចិត្ត​បង​ប្អូន​រួម​ជំនឿ​របស់​យើង។ ម្យ៉ាង​ទៀត នេះ​ក៏​បង្ហាញ​ថា​យើង​ចង់​រៀន​ឲ្យ​ចេះ​រស់​នៅ​ជា​រាស្ត្រ​នៃ​រាជាណាចក្រ​របស់​ព្រះ ពី​ព្រោះ​នៅ​កិច្ច​ប្រជុំ សន្និបាត និង​មហា​សន្និបាត យើង​ទទួល​ការ​បង្ហាត់​បង្រៀន​អំពី​រឿង​នោះ។ បន្ថែម​ទៅ​ទៀត កិច្ច​ប្រជុំ​របស់​យើង​ជួយ​យើង​ឲ្យ​មាន​ការ​ប៉ិន​ប្រសប់​និង​មាន​កម្លាំង​ចិត្ត​ដែល​ចាំ​បាច់​ដើម្បី​ស៊ូ​ទ្រាំ​ក្នុង​កិច្ច​ការ​សំខាន់​បំផុត​មួយ​ដែល​រាជាណាចក្រ​របស់​ព្រះ​កំពុង​ធ្វើ​នៅ​សព្វ​ថ្ងៃ​នេះ ពោល​គឺ​ការ​បង្រៀន​មនុស្ស​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្តេច។ (​សូម​អាន ម៉ាថាយ ២៨:១៩, ២០) ជា​ការ​ពិត​ណាស់​ថា បើ​យើង​ចង់​ប្រជុំ​គ្នា​យ៉ាង​ខ្លាំង នោះ​បង្ហាញ​ថា​រាជាណាចក្រ​របស់​ព្រះ​គឺ​ជា​អ្វី​ដែល​ពិត​ប្រាកដ​មែន​ចំពោះ​យើង។ សូម​ឲ្យ​យើង​ចាត់​ទុក​ជា​និច្ច​ថា កិច្ច​ប្រជុំ​របស់​យើង​ជា​អ្វី​ដែល​មាន​តម្លៃ​ខ្ពស់!

a ក្រៅ​ពី​កិច្ច​ប្រជុំ​ក្រុម​ជំនុំ ក្រុម​គ្រួសារ​នីមួយ​ៗ​ឬ​បង​ប្អូន​ម្នាក់​ៗ​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​លៃ​ទុក​ពេល​សម្រាប់​ការ​សិក្សា​ផ្ទាល់​ខ្លួន​ឬ​ជា​ក្រុម​គ្រួសារ។

b នៅ​ឆ្នាំ​២០១៣ មាន​គម្រោង​សុន្ទរកថា​សាធារណៈ​ជាង​១៨០។