លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី៩

លទ្ធផលនៃកិច្ចផ្សព្វផ្សាយ: «វាលស្រូវ . . . ទុំល្មមច្រូតហើយ»

លទ្ធផលនៃកិច្ចផ្សព្វផ្សាយ: «វាលស្រូវ . . . ទុំល្មមច្រូតហើយ»

គោល​ចំណុច​នៃ​ជំពូក​នេះ

ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​គ្រាប់​ពូជ​នៃ​សេចក្ដី​ពិត​អំពី​រាជាណាចក្រ​ដុះ​លូត​លាស់

១, ២​. (​ក​) ហេតុ​អ្វី​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ងឿង​ឆ្ងល់? (​ខ​) តើ​លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​ការ​ច្រូត​ប្រមូល​ផល​អ្វី?

 ពេល​លោក​យេស៊ូ​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​ងើយ​ភ្នែក​មើល​វាល​ស្រូវ ឃើញ​ថា​ស្រូវ​នោះ​ទុំ​ល្មម​ច្រូត​ហើយ​»​ នោះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ងឿង​ឆ្ងល់។ ហេតុ​អ្វី? ពី​ព្រោះ​ពួក​គេ​មើល​ទៅ​កន្លែង​ដែល​លោក​យេស៊ូ​ចង្អុល ឃើញ​តែ​វាល​ស្រូវ​ព័ណ៌​ខៀវ​ដែល​ទើប​តែ​ចេញ​ពន្លក មិន​មែន​ទុំ​ល្មម​ច្រូត​ទេ។ ដូច្នេះ ពួក​គេ​ទំនង​ជា​ឆ្ងល់​ថា‹តើ​អ្វី​ទៅ​ដែល​ទុំ​ល្មម​ច្រូត​ហើយ​នោះ? យើង​នឹង​ត្រូវ​ចាំ​ជា​ច្រើន​ខែ​ទៀត ទើប​ស្រូវ​នេះ​ទុំ​ល្មម​ច្រូត​បាន›។—យ៉ូន. ៤:៣៥

ក៏​ប៉ុន្តែ លោក​យេស៊ូ​មិន​បាន​មាន​ប្រសាសន៍​អំពី​ការ​ច្រូត​ស្រូវ​មែន​ទែន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ឆ្លៀត​ឱកាស​នោះ​ដើម្បី​បង្រៀន​អ្នក​កាន់​តាម​លោក​នូវ​មេរៀន​ពីរ​ដ៏​សំខាន់ ស្តី​អំពី​ចម្រូត​ផ្សេង​ដែល​ជា​ន័យ​ធៀប​វិញ។ តើ​នោះ​ជា​អ្វី? នោះ​ជា​ការ​ច្រូត​ប្រមូល​មនុស្ស។ តើ​លោក​បាន​បង្រៀន​មេរៀន​អ្វី​ខ្លះ​អំពី​រឿង​នោះ? ដើម្បី​ដឹង សូម​ពិចារណា​កំណត់​ហេតុ​នោះ​យ៉ាង​ស៊ី​ជម្រៅ។

ការ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​មាន​សកម្មភាព និង​សេចក្ដី​សន្យា​អំពី​អំណរ

៣​. (​ក​) តើ​អ្វី​ប្រហែល​ជា​នាំ​ឲ្យ​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​វាល​ស្រូវ . . . ទុំ​ល្មម​ច្រូត​ហើយ​»​? (​សូម​មើល​កំណត់​សម្គាល់​) (​ខ​) តើ​តាម​របៀប​ណា​លោក​យេស៊ូ​បាន​បញ្ជាក់​អត្ថន័យ​នៃ​ពាក្យ​របស់​លោក?

លោក​យេស៊ូ​បាន​សន្ទនា​ជា​មួយ​នឹង​អ្នក​កាន់​តាម​លោក​អំពី​រឿង​នេះ នៅ​ចុង​ឆ្នាំ​៣០ គ.ស. នៅ​ជិត​ក្រុង​ស៊ីខា​របស់​ជន​ជាតិ​សាម៉ារី។ កាល​ដែល​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ចូល​ក្នុង​ក្រុង លោក​បាន​ចាំ​នៅ​អណ្ដូង​ទឹក​មួយ។ នៅ​ទី​នោះ​លោក​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​សេចក្ដី​ពិត​ដល់​ស្ត្រី​ម្នាក់។ នាង​ឆាប់​យល់​សារៈសំខាន់​នៃ​សេចក្ដី​បង្រៀន​របស់​លោក។ ពេល​ដែល​អ្នក​កាន់​តាម​លោក​ត្រឡប់​មក​វិញ ស្ត្រី​នោះ​បាន​ប្រញាប់​ទៅ​ក្រុង​ស៊ីខា​វិញ ដើម្បី​ប្រាប់​អ្នក​ស្រុក​អំពី​អ្វី​ដ៏​អស្ចារ្យ​ដែល​នាង​បាន​រៀន។ អ្វី​ដែល​នាង​ប្រាប់​អ្នក​ស្រុក​បាន​ធ្វើ​ឲ្យ​ពួក​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ រួច​មក​ពួក​គេ​ជា​ច្រើន​នាក់​បាន​ស្រូត​ទៅ​អណ្ដូង​ទឹក​នោះ ដើម្បី​ជួប​លោក​យេស៊ូ។ ប្រហែល​ជា​នៅ​ពេល​នោះ​ឯង ដែល​លោក​យេស៊ូ​មើល​ទៅ​ហួស​វាល​ស្រូវ ហើយ​ឃើញ​ជន​ជាតិ​សាម៉ារី​មួយ​ក្រុម​កំពុង​ដើរ​សំដៅ​មក​លោក រួច​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ងើយ​ភ្នែក​មើល​វាល​ស្រូវ ឃើញ​ថា​ស្រូវ​នោះ​ទុំ​ល្មម​ច្រូត​ហើយ​»។ a បន្ទាប់​មក ដើម្បី​បញ្ជាក់​ថា​លោក​មិន​មែន​សំដៅ​លើ​ការ​ច្រូត​ស្រូវ​មែន​ទែន​នោះ លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ច្រូត​កាត់​កំពុង . . . ប្រមូល​ផល​សម្រាប់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។—យ៉ូន. ៤:៥​-​៣០, ៣៦

៤​. (​ក​) តើ​មេរៀន​ពីរ​ដែល​លោក​យេស៊ូ​បាន​បង្រៀន​ស្តី​អំពី​ការ​ច្រូត​ប្រមូល​ផល​ជា​អ្វី? (​ខ​) តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ?

ស្តី​អំពី​ការ​ច្រូត​ប្រមូល​ផល​នោះ លោក​យេស៊ូ​បាន​បង្រៀន​មេរៀន​ពីរ​ដ៏​សំខាន់។ តើ​នោះ​ជា​អ្វី? ទី១ កិច្ច​ការ​ច្រូត​ប្រមូល​ផល​ជា​កិច្ច​ការ​ដែល​ត្រូវ​ធ្វើ​ជា​បន្ទាន់។ ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​ស្រូវ​នោះ​ទុំ​ល្មម​ច្រូត​ហើយ​»​ គឺ​ដើម្បី​ជំរុញ​ទឹក​ចិត្ត​អ្នក​កាន់​តាម​លោក​ឲ្យ​មាន​សកម្មភាព។ ម្យ៉ាង​ទៀត ដើម្បី​បញ្ជាក់​ឲ្យ​ពួក​គេ​ដឹង​ថា កិច្ច​ការ​នោះ​ជា​កិច្ច​ការ​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ជា​បន្ទាន់ នោះ​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ច្រូត​កាត់​កំពុង​ទទួល​ឈ្នួល . . . រួច​ហើយ​»។ ដូច្នេះ​ការ​ច្រូត​ប្រមូល​ផល​នោះ​បាន​ចាប់​ផ្ដើម​រួច​ហើយ។ អាស្រ័យ​ហេតុ​នេះ ពួក​គេ​មិន​គួរ​បង្អែ​បង្អង់​ឡើយ សូម្បី​តែ​បន្ដិច​ក៏​ដោយ! ទី២ អ្នក​ច្រូត​ប្រមូល​ផល​មាន​អំណរ។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា អ្នក​សាប​ព្រោះ​និង​អ្នក​ច្រូត​ប្រមូល​ផល​នឹង​«​អរ​សប្បាយ​ជា​មួយ​គ្នា​»។ (​យ៉ូន. ៤:៣៥​ខ, ៣៦​) លោក​ច្បាស់​ជា​បាន​អរ​សប្បាយ​ពេល​ដែល​ឃើញ​ថា​«​ជន​ជាតិ​សាម៉ារី​ជា​ច្រើន​នាក់ . . . ចាប់​ផ្ដើម​ជឿ​លើ​លោក​»។ ដូច​គ្នា​ដែរ អ្នក​កាន់​តាម​លោក​ក៏​នឹង​មាន​អំណរ​ខ្លាំង​ក្រៃ​លែង​ដែរ កាល​ដែល​ពួក​គេ​ខំ​ព្យាយាម​អស់​ពី​ចិត្ត​ក្នុង​កិច្ច​ការ​ច្រូត​ប្រមូល​ផល​នោះ។ (​យ៉ូន. ៤:៣៩​-​៤២​) កំណត់​ហេតុ​នេះ​ពី​សតវត្សរ៍​ទី១ មាន​អត្ថន័យ​សំខាន់​ណាស់​សម្រាប់​យើង ពី​ព្រោះ​នោះ​បញ្ជាក់​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ ក្នុង​អំឡុង​គ្រា​ច្រូត​ប្រមូល​ផល​ដ៏​អស្ចារ្យ​បំផុត។ តើ​ការ​ច្រូត​ប្រមូល​ផល​នៅ​សម័យ​យើង​បាន​ចាប់​ផ្ដើម​នៅ​ពេល​ណា? តើ​អ្នក​ណា​ចូល​រួម​ក្នុង​កិច្ច​ការ​នោះ? ហើយ​តើ​មាន​លទ្ធផល​អ្វី​ពី​កិច្ច​ការ​នោះ?

ស្តេច​របស់​យើង​នាំ​មុខ​ក្នុង​ការ​ច្រូត​ប្រមូល​ផល​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្ដិ​សាស្ត្រ

៥​. (​ក​) តើ​អ្នក​ណា​នាំ​មុខ​ក្នុង​ការ​ច្រូត​ប្រមូល​ផល​ទូ​ទាំង​ពិភព​លោក? (​ខ​) យោង​ទៅ​តាម​អ្វី​ដែល​យ៉ូហាន​ឃើញ​ក្នុង​គំនិត ហេតុ​អ្វី​យើង​ដឹង​ថា​កិច្ច​ការ​នោះ​ត្រូវ​ធ្វើ​ជា​បន្ទាន់?

ព្រះ​យេហូវ៉ា​បើក​បង្ហាញ​ឲ្យ​សាវ័ក​យ៉ូហាន​ឃើញ​ក្នុង​គំនិត​ថា លោក​បាន​តែង​តាំង​លោក​យេស៊ូ​ឲ្យ​នាំ​មុខ​កិច្ច​ការ​ប្រមូល​មនុស្ស​ទូ​ទាំង​ពិភព​លោក។ (​សូម​អាន ការ​បើក​បង្ហាញ ១៤:១៤​-​១៦) ក្នុង​ការ​បើក​បង្ហាញ​នោះ យ៉ូហាន​ឃើញ​លោក​យេស៊ូ​មាន​មកុដ ហើយ​កំពុង​កាន់​កណ្ដៀវ​ច្រូត​មួយ។ ដោយ​សារ​លោក​យេស៊ូ​មាន​«​មកុដ​មាស​លើ​ក្បាល​»​ នោះ​បញ្ជាក់​ថា​លោក​កំពុង​គ្រប់​គ្រង​ជា​ស្តេច។ ម្យ៉ាង​ទៀត ដោយ​សារ​លោក​យេស៊ូ​មាន‹កណ្ដៀវ​មុត​នៅ​ដៃ› នោះ​បញ្ជាក់​ថា​លោក​មាន​តួនាទី​ជា​អ្នក​ច្រូត​ប្រមូល​ផល។ ពេល​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​តាម​រយៈ​ទេវតា​មួយ​រូប​ថា​៖​«​ចម្រូត​នៅ​ផែន​ដី​គឺ​ទុំ​អស់​ហើយ​»​ នោះ​លោក​កំពុង​បញ្ជាក់​ថា​ការ​ច្រូត​ប្រមូល​ផល​ជា​កិច្ច​ការ​ដែល​ត្រូវ​ធ្វើ​ជា​បន្ទាន់។ ដូច្នេះ ​«​គ្រា​ដែល​ត្រូវ​ច្រូត​បាន​មក​ដល់​»​ ហេតុ​នេះ​មិន​ត្រូវ​បង្អែ​បង្អង់​ឡើយ! រួច​មក លោក​យេស៊ូ​លូក​ដៃ​ដែល​កាន់​កណ្ដៀវ​ទៅ​ច្រូត​ចម្រូត​នៅ​ផែន​ដី តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា​ដែល​ថា​៖ ​«​ចូរ​លូក​ដៃ​ដែល​កាន់​កណ្ដៀវ​ទៅ​»។ ចម្រូត​នោះ​ជា​មនុស្ស​នៅ​ផែន​ដី។ ការ​បើក​បង្ហាញ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​នេះ​រំលឹក​យើង​ម្ដង​ទៀត​ថា ​«​វាល​ស្រូវ . . . ទុំ​ល្មម​ច្រូត​ហើយ​»។ តើ​ការ​បើក​បង្ហាញ​នេះ​ជួយ​យើង​ឲ្យ​ដឹង​អំពី​ពេល​វេលា​ដែល​ការ​ច្រូត​ប្រមូល​ផល​នៅ​ទូ​ទាំង​ផែន​ដី​បាន​ចាប់​ផ្ដើម​ឬ? ពិត​ជា​ជួយ​យើង​ឲ្យ​ដឹង​មែន!

៦​. (​ក​) តើ​«​រដូវ​ច្រូត​កាត់​»​បាន​ចាប់​ផ្ដើម​នៅ​ពេល​ណា? (​ខ​) តើ​ការ​ច្រូត​«​ចម្រូត​នៅ​ផែន​ដី​»​បាន​ចាប់​ផ្ដើម​នៅ​ពេល​ណា? សូម​ពន្យល់។

នៅ​ការ​បើក​បង្ហាញ​ជំពូក​ទី​១៤ យ៉ូហាន​ឃើញ​លោក​យេស៊ូ​មាន​មកុដ (​ខ​១៤​) កាល​ដែល​លោក​មាន​តួនាទី​ជា​អ្នក​ច្រូត​ប្រមូល​ផល។ ដូច្នេះ នេះ​មាន​ន័យ​ថា​លោក​យេស៊ូ​បាន​ត្រូវ​តែង​តាំង​ជា​ស្តេច​នៅ​ឆ្នាំ​១៩១៤​រួច​ហើយ។ (​ដាន. ៧:១៣, ១៤​) មួយ​រយៈ​ពេល​ក្រោយ​នោះ លោក​យេស៊ូ​បាន​ត្រូវ​បង្គាប់​ឲ្យ​ចាប់​ផ្ដើម​ច្រូត​ប្រមូល​ផល(​ខ​១៥​)។ ឧទាហរណ៍​របស់​លោក​យេស៊ូ​ស្តី​អំពី​ការ​ច្រូត​ស្រូវ​សាលី ក៏​បញ្ជាក់​អំពី​លំដាប់​ព្រឹត្ដិការណ៍​ដូច​គ្នា​នេះ​ដែរ។ ពេល​នោះ​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ការ​ច្រូត​គឺ​ជា​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​»។ ដូច្នេះ គ្រា​ច្រូត​ប្រមូល​ផល​និង​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​បាន​ចាប់​ផ្ដើម​ព្រម​ពេល​គ្នា គឺ​នៅ​ឆ្នាំ​១៩១៤។ ក្រោយ​មក ‹នៅ​ក្នុង​រដូវ​នោះ› ការ​ច្រូត​ប្រមូល​ផល​បាន​ចាប់​ផ្ដើម។ (​ម៉ាថ. ១៣:៣០, ៣៩​) បើ​យើង​ពិចារណា​អំពី​អតីតកាល​វិញ យើង​អាច​យល់​ថា ការ​ច្រូត​ប្រមូល​ផល​បាន​ចាប់​ផ្ដើម​ប៉ុន្មាន​ឆ្នាំ​ក្រោយ​ពី​លោក​យេស៊ូ​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្តេច។ មុន​បង្អស់ ចាប់​តាំង​ពី​ឆ្នាំ​១៩១៤ រហូត​ដល់​ដើម​ឆ្នាំ​១៩១៩ លោក​យេស៊ូ​បាន​សម្រិត​សម្រាំង​អ្នក​កាន់​តាម​លោក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌។ (​ម៉ាឡ. ៣:១​-​៣; ១ពេ. ៤:១៧​) រួច​មក នៅ​ឆ្នាំ​១៩១៩​នោះ​ដែរ ការ​ច្រូត​ប្រមូល​ផល​«​នៅ​ផែន​ដី​»​បាន​ចាប់​ផ្ដើម។ ភ្លាម​ៗ លោក​យេស៊ូ​ចាប់​ផ្ដើម​ប្រើ​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​ដែល​លោក​ទើប​នឹង​តែង​តាំង​នោះ ដើម្បី​ជួយ​បង​ប្អូន​ឲ្យ​យល់​ថា​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ជា​កិច្ច​ការ​ដែល​ត្រូវ​ធ្វើ​ជា​បន្ទាន់។ សូម​ពិចារណា​អំពី​អ្វី​ដែល​បាន​កើត​ឡើង។

៧​. (​ក​) តើ​បង​ប្អូន​យើង​បាន​ពិចារណា​អំពី​អ្វី ទើប​ដឹង​ថា​ពួក​គេ​ត្រូវ​ផ្សព្វ​ផ្សាយ​ជា​បន្ទាន់? (​ខ​) តើ​បង​ប្អូន​របស់​យើង​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​អ្វី?

ទស្សនាវដ្ដី​ប៉ម​យាម ខែ​កក្កដា ឆ្នាំ​១៩២០ ចែង​ថា​៖ ​«​តាម​មើល​ទៅ យោង​ទៅ​តាម​បទ​គម្ពីរ ឯកសិទ្ធិ​ដ៏​ធំ​មួយ​បាន​ត្រូវ​ប្រគល់​ឲ្យ​ក្រុម​ជំនុំ ពោល​គឺ​ការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ​»។ ជា​ឧទាហរណ៍ ទំនាយ​របស់​អេសាយ​បាន​ជួយ​បង​ប្អូន​ឲ្យ​យល់​ថា ពួក​គេ​ត្រូវ​ប្រកាស​អំពី​រាជាណាចក្រ​របស់​ព្រះ​ទូ​ទាំង​ពិភព​លោក។ (​អេ. ៤៩:៦; ៥២:៧; ៦១:១​-​៣​) ពួក​គេ​មិន​បាន​ដឹង​ថា ពួក​គេ​អាច​ធ្វើ​កិច្ច​ការ​ដ៏​ធំ​ធេង​យ៉ាង​នោះ​តាម​របៀប​ណា​ទេ ប៉ុន្តែ​ពួក​គេ​បាន​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​បើក​ផ្លូវ​ឲ្យ​ពួក​គេ។ (​សូម​អាន អេសាយ ៥៩:១) ដោយ​យល់​ច្បាស់​ជាង​ថា កិច្ច​ផ្សព្វ​ផ្សាយ​ជា​កិច្ច​ការ​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ជា​បន្ទាន់ នោះ​បង​ប្អូន​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​បង្កើន​កិច្ច​ផ្សព្វ​ផ្សាយ។ ក្រោយ​ពី​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត តើ​បង​ប្អូន​បាន​ធ្វើ​យ៉ាង​ណា?

៨​. នៅ​ឆ្នាំ​១៩២១ បង​ប្អូន​យើង​បាន​យល់​ចំណុច​សំខាន់​ពីរ​យ៉ាង​ស្តី​អំពី​កិច្ច​ផ្សព្វ​ផ្សាយ តើ​ចំណុច​ទាំង​ពីរ​នោះ​ជា​អ្វី?

ទស្សនាវដ្ដី​ប៉ម​យាម ខែ​ធ្នូ ឆ្នាំ​១៩២១ បាន​សរសេរ​ថា​៖ ​«​នេះ​ជា​ឆ្នាំ​ប្រសើរ​ជាង​គេ ពី​ព្រោះ​ក្នុង​អំឡុង​ឆ្នាំ​១៩២១​នេះ ចំនួន​មនុស្ស​ដែល​បាន​ឮ​សេចក្ដី​ពិត​គឺ​ច្រើន​ជាង​ឆ្នាំ​មុន​ៗ​ទាំង​អស់​»។ ទស្សនាវដ្ដី​នោះ​បញ្ជាក់​ថែម​ទៀត​ថា​៖ ​«​នៅ​មាន​កិច្ច​ការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ . . . ចូរ​យើង​ធ្វើ​កិច្ច​ការ​នេះ​ដោយ​ចិត្ត​សប្បាយ​»។ សូម​កត់​សម្គាល់​ថា បង​ប្អូន​បាន​យល់​ចំណុច​សំខាន់​ពីរ​យ៉ាង​អំពី​កិច្ច​ផ្សព្វ​ផ្សាយ ដូច​លោក​យេស៊ូ​បាន​បញ្ជាក់​ឲ្យ​សាវ័ក​របស់​លោក​ដឹង​ដែរ គឺ​ថា​កិច្ច​ផ្សព្វ​ផ្សាយ ជា​កិច្ច​ការ​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ជា​បន្ទាន់ ហើយ​អ្នក​ដែល​ចូល​រួម​ក្នុង​កិច្ច​ការ​នោះ មាន​អំណរ។

៩​. (​ក​) នៅ​ឆ្នាំ​១៩៥៤ តើ​ទស្សនាវដ្ដី​ប៉ម​យាម​បាន​សរសេរ​អ្វី​ស្តី​អំពី​កិច្ច​ការ​ច្រូត​ប្រមូល​ផល ហើយ​ហេតុ​អ្វី? (​ខ​) ក្នុង​អំឡុង​៥០​ឆ្នាំ​កន្លង​ទៅ​ហើយ​នេះ តើ​ចំនួន​អ្នក​ផ្សព្វ​ផ្សាយ​បាន​កើន​ឡើង​ច្រើន​យ៉ាង​ណា? (​សូម​មើល​តារាង​ដែល​មាន​ចំណង​ជើង​ថា​«​ ការ​រីក​ចម្រើន​ទូ​ទាំង​ពិភព​លោក​»​)

រវាង​ឆ្នាំ​១៩៣០​និង​ឆ្នាំ​១៩៤០ ក្រោយ​ពី​បង​ប្អូន​ដឹង​ថា​នឹង​មាន​មនុស្ស​មួយ​ក្រុម​ធំ​នៃចៀម​ឯ​ទៀត​ទទួល​យក​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ នោះ​ពួក​គេ​បាន​បង្កើន​កិច្ច​ផ្សព្វ​ផ្សាយ​ថែម​ទៀត។ (​អេ. ៥៥:៥; យ៉ូន. ១០:១៦; បប. ៧:៩​) តើ​មាន​លទ្ធផល​យ៉ាង​ណា? នៅ​ឆ្នាំ​១៩៣៤ មាន​អ្នក​ផ្សព្វ​ផ្សាយ​៤១.០០០​នាក់ តែ​មក​ដល់​ឆ្នាំ​១៩៥៣ ចំនួន​នោះ​បាន​កើន​ឡើង​ដល់​៥០០.០០០​នាក់! ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​១៩៥៤ បាន​បញ្ជាក់​អំពី​ការ​សន្និដ្ឋាន​ដ៏​ត្រឹម​ត្រូវ​របស់​អង្គ​ការ​ព្រះ​ដែល​ថា​៖ ​«​គឺ​សកម្មពល​របស់​ព្រះ​យេហូវ៉ា និង​ឥទ្ធិពល​នៃ​បណ្ដាំ​របស់​លោក ដែល​បាន​សម្រេច​កិច្ច​ការ​ច្រូត​ប្រមូល​ផល​ដ៏​អស្ចារ្យ​នេះ​ទូ​ទាំង​ពិភព​លោក​»។ bសាក. ៤:៦

 

ការ​រីក​ចម្រើន​ទូ​ទាំង​ពិភព​លោក

ប្រទេស

ឆ្នាំ​១៩៦២

ឆ្នាំ​១៩៨៧

ឆ្នាំ​២០១៣

អូស្ដ្រាលី

១៥.៩២៧

៤៦.១៧០

៦៦.០២៣

ប្រេស៊ីល

២៦.៣៩០

២១៦.២១៦

៧៥៦.៤៥៥

បារាំង

១៨.៤៥២

៩៦.៩៥៤

១២៤.០២៩

អ៊ីតាលី

៦.៩២៩

១៤៩.៨៧០

២៤៧.២៥១

ជប៉ុន

២.៤៩១

១២០.៧២២

២១៧.១៥៤

ម៉ិចស៊ិក

២៧.០៥៤

២២២.១៦៨

៧៧២.៦២៨

នីហ្សេរីយ៉ា

៣៣.៩៥៦

១៣៣.៨៩៩

៣៤៤.៣៤២

ហ្វីលីពីន

៣៦.៨២៩

១០១.៧៣៥

១៨១.២៣៦

សហរដ្ឋ​អាម៉េរិក

២៨៩.១៣៥

៧៨០.៦៧៦

១.២០៣.៦៤២

ហ្សំប៊ី

៣០.១២៩

៦៧.១៤៤

១៦២.៣៧០

 

ចំនួន​សិស្ស​គម្ពីរ​កំពុង​កើន​ឡើង

១៩៥០

២៣៤.៩៥២

១៩៦០

៦៤៦.១០៨

១៩៧០

១.១៤៦.៣៧៨

១៩៨០

១.៣៧១.៥៨៤

១៩៩០

៣.៦២៤.០៩១

២០០០

៤.៧៦៦.៦៣១

២០១០

៨.០៥៨.៣៥៩

លទ្ធផល​នៃ​ការ​ប្រមូល​ផល​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​តាម​រយៈ​ឧទាហរណ៍

១០, ១១​. តើ​ឧទាហរណ៍​អំពី​គ្រាប់​មូស្ដាត​បញ្ជាក់​ចំណុច​អ្វី​ខ្លះ​ស្តី​អំពី​ការ​ធំ​លូត​លាស់​នៃ​ដើម​នោះ?

១០ តាម​របៀប​ដែល​ធ្វើ​ឲ្យ​យើង​ស្រួល​ស្រមៃ​ឃើញ​ទិដ្ឋភាព លោក​យេស៊ូ​បាន​ប្រើ​ឧទាហរណ៍​ផ្សេង​ៗ​ស្តី​អំពី​រាជាណាចក្រ​របស់​ព្រះ ដើម្បី​ប្រកាស​ទុក​ជា​មុន​អំពី​លទ្ធផល​នៃ​កិច្ច​ការ​ច្រូត​ប្រមូល​ផល។ យើង​នឹង​ពិចារណា​ឧទាហរណ៍​អំពី​គ្រាប់​មូស្ដាត និង​អំពី​ដំបែ។ អ្វី​ដែល​លោក​បាន​ប្រកាស​ទុក​ជា​មុន​នោះ ក៏​បាន​កើត​ឡើង​នៅ​គ្រា​ចុង​បញ្ចប់​នេះ​ដែរ។ តើ​នោះ​បាន​កើត​ឡើង​តាម​របៀប​ណា? សូម​ពិចារណា។

១១ ឧទាហរណ៍​អំពី​គ្រាប់​មូស្ដាត។ បុរស​ម្នាក់​ដាំ​គ្រាប់​មូស្ដាត​មួយ។ ក្រោយ​មក គ្រាប់​នោះ​ដុះ​ឡើង​ក្លាយ​ទៅ​ជា​ដើម​ឈើ​មួយ​ដែល​ផ្ដល់​ជម្រក​ឲ្យ​សត្វ​ស្លាប។ (​សូម​អាន ម៉ាថាយ ១៣:៣១, ៣២) តើ​ឧទាហរណ៍​នេះ​បញ្ជាក់​ចំណុច​អ្វី​ខ្លះ​ស្តី​អំពី​ការ​ធំ​លូត​លាស់​នៃ​ដើម​មូស្ដាត​នោះ? (​១​) ទំហំ​ដែល​ដើម​នោះ​លូត​លាស់​គឺ​អស្ចារ្យ​ណាស់។ ​«​គ្រាប់​នោះ​ជា​គ្រាប់​តូច​បំផុត​លើ​ផែន​ដី​»​ ប៉ុន្តែ​ក្រោយ​មក​ដុះ​ឡើង​ទៅ​ជា​ដើម​ឈើ​មួយ​ដែល​«​បែក​មែក​ធំ​ៗ​»។ (​ម៉ាក. ៤:៣១, ៣២​) (​២​) គ្រាប់​នោះ​ប្រាកដជា​នឹង​ដុះ​ឡើង។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ‹ក្រោយ​ពី​គ្រាប់​នោះ​បាន​ត្រូវ​ដាំ​ហើយ គ្រាប់​នោះ​ដុះ​ឡើង›។ លោក​មិន​បាន​មាន​ប្រសាសន៍​ថា​«​វា​ប្រហែល​ជា​ដុះ​ឡើង​»​ទេ តែ​លោក​ប្រាប់​ថា​៖ ​«​គ្រាប់​នោះ​ដុះ​ឡើង​»។ នោះ​បញ្ជាក់​ថា​គ្មាន​អ្វី​អាច​ទប់​មិន​ឲ្យ​គ្រាប់​នោះ​ដុះ​ឡើង​ឡើយ។ (​៣​) ដើម​ឈើ​ដែល​កំពុងដុះ​លូត​លាស់​កាន់​តែ​ធំ​ទៅ​ៗ​នោះ ទាក់​ទាញ​សត្វ​ស្លាប ហើយ​ផ្ដល់​ជម្រក ដូច​ឧទាហរណ៍​នោះ​ចែង​ថា‹សត្វ​ស្លាប​នៅ​លើ​មេឃ​មក› ហើយ​«​ជ្រក​អាស្រ័យ​ក្នុង​ម្លប់​ដើម​នោះ​»។ តើ​តាម​របៀប​ណា​ចំណុច​បី​យ៉ាង​នេះ ជាប់​ទាក់​ទង​នឹង​ការ​ប្រមូល​មនុស្ស​នៅ​សព្វ​ថ្ងៃ​នេះ?

១២​. តើ​តាម​របៀប​ណា​ឧទាហរណ៍​ស្តី​អំពី​គ្រាប់​មូស្ដាត​ទាក់​ទង​នឹង​ការ​ច្រូត​ប្រមូល​ផល​នៅ​សព្វ​ថ្ងៃ​នេះ? (​សូម​មើល​ដែរ​នូវ​តារាង​ដែល​មាន​ចំណង​ជើង​ថា​«​ ចំនួន​សិស្ស​គម្ពីរ​កំពុង​កើន​ឡើង​»​)

១២ (​១​) ទំហំ​ដែល​ដើម​នោះ​លូត​លាស់: ឧទាហរណ៍​នោះ​បញ្ជាក់​អំពី​ការ​រីក​ចម្រើន​នៃ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត​និង​ការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ។ ចាប់​តាំង​ពី​ឆ្នាំ​១៩១៩ មនុស្ស​ដែល​ខ្នះ​ខ្នែង​ក្នុង​កិច្ច​ការ​ច្រូត​ប្រមូល​ផល​បាន​ត្រូវ​បង្រួប​បង្រួម​មក​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត​ដែល​បាន​ត្រូវ​រៀប​ចំ​ឡើង​វិញ។ នៅ​គ្រា​នោះ អ្នក​ផ្សព្វ​ផ្សាយ​មាន​តែ​បន្ដិច​ទេ តែ​ចំនួន​នោះ​បាន​កើន​ឡើង​យ៉ាង​លឿន។ តាម​ពិត ការ​រីក​ចម្រើន​ចាប់​តាំង​ពី​ដើម​សតវត្សរ៍​ទី​២០​មក​ដល់​សព្វ​ថ្ងៃ​នេះ គឺ​អស្ចារ្យ​ណាស់។ (​អេ. ៦០:២២​) (​២​) ប្រាកដជា​នឹង​មាន​ការ​លូត​លាស់: គ្មាន​អ្វី​ដែល​អាច​រា​រាំង​ការ​រីក​ចម្រើន​នៃ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត​ឡើយ។ ទោះ​ជា​ពួក​សត្រូវ​របស់​ព្រះ​បាន​ប្រឆាំង​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​គ្រាប់​ពូជ​នោះ​ចេះ​តែ​ធំ​លូត​លាស់​ជា​និច្ច។ (​អេ. ៥៤:១៧​) (​៣​) ជម្រក: ​«​សត្វ​ស្លាប​នៅ​លើ​មេឃ​»​ដែល​ជ្រក​អាស្រ័យ​នៅ​ដើម​ឈើ​នោះ​ជា​តំណាង​មនុស្ស​រាប់​លាន​នាក់​ពី​២៤០​ប្រទេស ដែល​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ និង​ដែល​បាន​ទទួល​យក​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ ដោយ​ទៅ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត។ (​អេស. ១៧:២៣​) នៅ​ក្នុង​ក្រុម​ជំនុំ ពួក​គេ​ទទួល​សេចក្ដី​បង្រៀន ការ​លើក​ទឹក​ចិត្ត និង​ការ​ការពារ។—អេ. ៣២:១, ២; ៥៤:១៣

ឧទាហរណ៍​អំពី​គ្រាប់​មូស្ដាត​បង្ហាញ​ថា អ្នក​ដែល​នៅ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត​ទទួល​ការ​ការពារ​និង​ជម្រក (​សូម​មើល​វគ្គ​១១, ១២​)

១៣​. ស្តី​អំពី​ការ​រីក​ចម្រើន តើ​ឧទាហរណ៍​អំពី​ដំបែ​បញ្ជាក់​ចំណុច​អ្វី​ខ្លះ?

១៣ ឧទាហរណ៍​អំពី​ដំបែ។ ក្រោយ​ពី​ស្ត្រី​ម្នាក់​ដាក់​ដំបែ​ក្នុង​ម្សៅ​មួយ​ដុំ ដំបែ​នោះ​ធ្វើ​ឲ្យ​ម្សៅ​ទាំង​អស់​នោះ​ដោរ​ឡើង។ (​សូម​អាន ម៉ាថាយ ១៣:៣៣) តើ​ឧទាហរណ៍​នេះ​បញ្ជាក់​ចំណុច​អ្វី​ខ្លះ​ស្តី​អំពី​ការ​រីក​ចម្រើន? សូម​ពិចារណា​ចំណុច​ពីរ។ (​១​) ការ​រីក​ចម្រើន​ធ្វើ​ឲ្យ​មាន​ការ​កែ​ប្រែ។ ដំបែ​នោះ​បាន​កើន​ឡើង​ក្នុង​ដុំ​ម្សៅ​«​ទាល់​តែ​ម្សៅ​ទាំង​អស់​នោះ​បាន​ដោរ​ឡើង​»។ (​២​) ការ​រីក​ចម្រើន​មាន​នៅ​គ្រប់​ទី​កន្លែង។ ដំបែ​នោះ​ធ្វើ​ឲ្យ​«​ម្សៅ​បី​រង្វាល់​»​ដោរ​ឡើង គឺ​ម្សៅ​ទាំង​អស់។ តើ​តាម​របៀប​ណា​ចំណុច​ពីរ​នេះ​ទាក់​ទង​នឹង​ការ​ច្រូត​ប្រមូល​ផល​នៅ​សព្វ​ថ្ងៃ​នេះ?

១៤​. តើ​តាម​របៀប​ណា​ឧទាហរណ៍​អំពី​ដំបែ​ទាក់​ទង​នឹង​ការ​ច្រូត​ប្រមូល​ផល​នៅ​សព្វ​ថ្ងៃ​នេះ?

១៤ (​១​) ការ​កែ​ប្រែ: ដំបែ​នោះ​ជា​តំណាង​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ ហើយ​ដុំ​ម្សៅ​នោះ​ជា​តំណាង​មនុស្សជាតិ​ទាំង​ឡាយ។ ក្រោយ​ពី​ម្សៅ​និង​ដំបែ​ត្រូវ​លាយ​គ្នា ដំបែ​នោះ​ធ្វើ​ឲ្យ​ម្សៅ​មាន​លក្ខណៈ​ខុស​ពី​មុន។ ដូច​គ្នា​ដែរ ក្រោយ​ពី​មនុស្ស​ទទួល​យក​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ ដំណឹង​ល្អ​នោះ​កែ​ប្រែ​ចិត្ត​របស់​ពួក​គេ​ឲ្យ​មាន​ចិត្ត​គំនិត​ខុស​ពី​មុន។ (​រ៉ូម ១២:២​) (​២​) មាន​នៅ​គ្រប់​ទី​កន្លែង: ការ​កើន​ឡើង​នៃ​ដំបែ​ក្នុង​ម្សៅ ជា​តំណាង​ការ​រីក​ចម្រើន​នៃ​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ ពេល​ដំបែ​កើន​ឡើង​ក្នុង​ម្សៅ តើ​វា​កើន​ឡើង​ដល់​កម្រិត​ណា? គឺ​កើន​ឡើង​រហូត​ដល់​មាន​ពេញ​ម្សៅ​នោះ។ ស្រដៀង​គ្នា​ដែរ ដំណឹង​ល្អ​អំពី​រាជាណាចក្រ​បាន​ឮ​ដល់​«​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែន​ដី​»។ (​សកម្ម. ១:៨​) ចំណុច​នេះ​ក៏​បញ្ជាក់​ថា​ដំណឹង​ល្អ​ក៏​នឹង​ឮ​ដល់​ប្រទេស​ដែល​ដាក់​បម្រាម​មិន​ឲ្យ​យើង​ផ្សព្វ​ផ្សាយ ទោះ​ជា​មនុស្ស​ប្រហែល​ជា​មិន​កត់​សម្គាល់​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង​នៅ​ប្រទេស​ទាំង​នោះ​ក៏​ដោយ។

១៥​. តើ​ទំនាយ​នៅ​អេសាយ ៦០:៥, ២២ បាន​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​នោះ​កើត​ឡើង​»​ និង​ប្រអប់​«​ របៀប​ដែល‹ពួក​មាន​គ្នា​តិច›បាន​ទៅ​ជា‹សាសន៍​១​យ៉ាង​ពូកែ›​»​)

១៥ ប្រហែល​ជា​៨០០​ឆ្នាំ​មុន​លោក​យេស៊ូ​បាន​ប្រាប់​ឧទាហរណ៍​ទាំង​នោះ ព្រះ​យេហូវ៉ា​បាន​ប្រកាស​ទុក​ជា​មុន​តាម​រយៈ​អេសាយ អំពី​ទំហំ​នៃ​កិច្ច​ការ​ច្រូត​ប្រមូល​ផល​នៅ​សព្វ​ថ្ងៃ​នេះ និង​អំពី​អំណរ​ដែល​កិច្ច​ការ​នោះ​នឹង​ផ្ដល់​ឲ្យ។ c ដោយ​ប្រើ​ពាក្យ​ដែល​យើង​ចាំ​មិន​ភ្លេច នោះ​ព្រះ​យេហូវ៉ា​បាន​រៀប​រាប់​អំពី​មនុស្ស​«​មក​ពី​ឆ្ងាយ​»​ ដែល​ចូល​មក​ហូរហែ​ក្នុង​អង្គ​ការ​របស់​លោក។ រួច​មក​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​«​ស្ត្រី​»​ម្នាក់។ នៅ​សព្វ​ថ្ងៃ​នេះ ស្ត្រី​នោះ​ជា​តំណាង​គ្រិស្ត​សាសនិក​នៅ​ផែន​ដី​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​ស្ត្រី​នោះ​ថា​៖ ​«​ឯង​នឹង​ឃើញ ហើយ​នឹង​មាន​សេចក្ដី​រីក​រាយ ចិត្ត​ឯង​នឹង​ខ្លាច ហើយ​រីក​ធំ​ឡើង ពី​ព្រោះ​សេចក្ដី​បរិបូរ​នៃ​សមុទ្រ នឹង​ត្រូវ​បង្វែរ​មក​ឯ​ឯង​វិញ ហើយ​អស់​ទាំង​របស់​ទ្រព្យ​នៃ​សាសន៍​ផ្សេង​ៗ នឹង​មក​ឯ​ឯង​»។ (​អេ. ៦០:១, ៤, ៥,​) ពាក្យ​ទាំង​នោះ​គឺ​ពិត​ណាស់! នៅ​សព្វ​ថ្ងៃ​នេះ អ្នក​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​យូរ​ហើយ ពិត​ជា​មាន​សេចក្ដី​រីក​រាយ កាល​ដែល​ឃើញ​ថា​ចំនួន​អ្នក​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​របស់​ពួក​គេ ដើម​ដំបូង​មាន​តិច​ទេ តែ​ឥឡូវ​មាន​រាប់​ពាន់​នាក់​វិញ។

មូលហេតុ​ដែល​អ្នក​បម្រើ​ទាំង​ឡាយ​របស់​ព្រះ​យេហូវ៉ា​អរ​សប្បាយ

១៦, ១៧​. តើ​មូលហេតុ​មួយ​ដែល​«​អ្នក​សាប​ព្រោះ​និង​អ្នក​ច្រូត​កាត់​អរ​សប្បាយ​ជា​មួយ​គ្នា​»​គឺ​ជា​អ្វី? (​សូម​មើល​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ របៀប​ដែល​ខិត្តប័ណ្ណ​ពីរ​បាន​ជំរុញ​ចិត្ត​មនុស្ស​ពីរ​នាក់​នៅ​តំបន់​អាម៉ាហ្សូន​»​)

១៦ យើង​បាន​រៀន​ពី​មុន​ថា លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​សាវ័ក​របស់​លោក​ថា​៖ ​«​អ្នក​ច្រូត​កាត់​កំពុង . . . ប្រមូល​ផល​សម្រាប់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​រួច​ហើយ ប្រយោជន៍​ឲ្យ​អ្នក​សាប​ព្រោះ​និង​អ្នក​ច្រូត​កាត់​អរ​សប្បាយ​ជា​មួយ​គ្នា​»។ (​យ៉ូន. ៤:៣៦​) ក្នុង​ការ​ច្រូត​ប្រមូល​ផល​ទូ​ទាំង​ពិភព​លោក​នេះ ហេតុ​អ្វី​យើង​«​អរ​សប្បាយ​ជា​មួយ​គ្នា​»​? មាន​មូលហេតុ​ជា​ច្រើន តែ​សូម​ពិចារណា​មូលហេតុ​បី។

១៧ មូលហេតុ​ទី១​គឺ យើង​អរ​សប្បាយ​ពេល​ឃើញ​ថា​ព្រះ​យេហូវ៉ា​កំពុង​រួម​ចំណែក​ក្នុង​កិច្ច​ការ​នេះ។ ពេល​ដែល​យើង​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ យើង​កំពុង​ព្រោះ​ពូជ។ (​ម៉ាថ. ១៣:១៨, ១៩​) ពេល​ដែល​យើង​ជួយ​អ្នក​ណា​ម្នាក់​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត យើង​កំពុង​ប្រមូល​ផល។ យើង​ទាំង​អស់​គ្នា​មាន​អំណរ​ខ្លាំង​ក្រៃ​លែង​ពេល​ឃើញ​របៀប​ដ៏​អស្ចារ្យ​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ពូជ​រាជាណាចក្រ​«​ចេញ​ពន្លក​ហើយ​ធំ​ឡើង​»។ (​ម៉ាក. ៤:២៧, ២៨​) គ្រាប់​ពូជ​ខ្លះ​ដែល​យើង​ព្រោះ​នោះ ប្រហែល​ជា​ចេញ​ពន្លក​នៅ​ពេល​ក្រោយ ហើយ​អ្នក​ឯ​ទៀត​ជា​អ្នក​ប្រមូល​ផល​វិញ។ អ្នក​ប្រហែល​ជា​ធ្លាប់​មាន​បទ​ពិសោធន៍​ដូច​បង​ស្រី​ចូន ជា​គ្រិស្ត​សាសនិក​នៅ​ប្រទេស​អង់គ្លេស​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​៦០​ឆ្នាំ​មុន។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ធ្លាប់​ជួប​មនុស្ស​ដែល​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​បាន​ដាំ​គ្រាប់​ពូជ​ក្នុង​ចិត្ត​របស់​ពួក​គេ ពេល​ដែល​ខ្ញុំ​បាន​ផ្សព្វ​ផ្សាយ​ដល់​ពួក​គេ​ច្រើន​ឆ្នាំ​មុន។ ដោយ​ខ្ញុំ​មិន​បាន​ដឹង សាក្សី​ឯ​ទៀត​បាន​សិក្សា​គម្ពីរ​ជា​មួយ​នឹង​ពួក​គេ​ក្រោយ​មក ហើយ​បាន​ជួយ​ពួក​គេ​ឲ្យ​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។ ខ្ញុំ​រីក​រាយ​ណាស់​ដែល​គ្រាប់​ពូជ​ដែល​ខ្ញុំ​បាន​ដាំ បាន​ធំ​លូត​លាស់ ហើយ​មាន​អ្នក​ដែល​បាន​ប្រមូល​ផល​»។—សូម​អាន កូរិនថូស​ទី១ ៣:៦, ៧

១៨​. យោង​ទៅ​តាម​កូរិនថូស​ទី១ ៣:៨ តើ​មាន​មូលហេតុ​អ្វី​ដែល​យើង​អាច​អរ​សប្បាយ?

១៨ មូលហេតុ​ទី២​ដែល​នាំ​ឲ្យ​យើង​មាន​អំណរ​ជា​និច្ច​ក្នុង​កិច្ច​ការ​ប្រមូល​ផល​គឺ យើង​ចាំ​ពាក្យ​របស់​ប៉ូល​ដែល​ថា​៖ ‹មនុស្ស​ម្នាក់​ៗ​នឹង​ទទួល​រង្វាន់​តាម​ការ​ខំ​ប្រឹង​របស់​ពួក​គេ​រៀង​ៗ​ខ្លួន›។ (​១កូ. ៣:៨​) ពួក​គេ​ទទួល​រង្វាន់​ដោយ​សារ​ការ​ខំ​ប្រឹង​របស់​ខ្លួន មិន​មែន​ដោយ​សារ​លទ្ធផល​នៃ​ការ​ខំ​ប្រឹង​របស់​ខ្លួន​ទេ។ ចំណុច​នេះ​ពិត​ជា​លើក​ទឹក​ចិត្ត​បង​ប្អូន​ដែល​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ដែល​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍។ ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា សាក្សី​ម្នាក់​ៗ​«​មាន​ផល​ផ្លែ​ជា​ច្រើន​»​ បើ​ពួក​គេ​ខំ​ប្រឹង​អស់​ពី​ចិត្ត​ក្នុង​ការ​ព្រោះ​គ្រាប់​ពូជ។ ដូច្នេះ ពួក​គេ​មាន​មូលហេតុ​អរ​សប្បាយ។—យ៉ូន. ១៥:៨; ម៉ាថ. ១៣:២៣

១៩​. (​ក​) តើ​តាម​របៀប​ណា​ទំនាយ​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ២៤:១៤ ទាក់​ទង​នឹង​អំណរ​របស់​យើង? (​ខ​) ទោះ​ជា​យើង​មិន​បាន​ជួយ​អ្នក​ណា​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​ក្ដី តើ​យើង​ត្រូវ​ចាំ​អំពី​អ្វី?

១៩ មូលហេតុ​ទី៣​គឺ យើង​អរ​សប្បាយ​ដោយ​សារ​យើង​កំពុង​បំពេញ​កិច្ច​ការ​ដែល​បាន​ត្រូវ​ទាយ​ទុក​ជា​មុន។ សូម​ពិចារណា​អំពី​ចម្លើយ​របស់​លោក​យេស៊ូ ពេល​ដែល​ពួក​សាវ័ក​សួរ​លោក​ថា​៖ ​«​តើ​អ្វី​ជា​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​វត្តមាន​របស់​លោក និង​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក?​»។ លោក​ឆ្លើយ​ថា លក្ខណៈ​មួយ​នៃ​សញ្ញា​សម្គាល់​នោះ គឺ​ជា​កិច្ច​ផ្សព្វ​ផ្សាយ​ទូ​ទាំង​ពិភព​លោក។ តើ​លោក​យេស៊ូ​កំពុង​បញ្ជាក់​អំពី​ការ​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​ឬ? មិន​មែន​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំងឡាយ​បាន​ឮ[​ជា​ការ​បញ្ជាក់​]​»។ (​ម៉ាថ. ២៤:៣, ១៤; ក​.​ស​.​) ដូច្នេះ ការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ ដែល​ប្រៀប​ដូច​ជា​ការ​ព្រោះ​គ្រាប់​ពូជ​នោះ គឺ​ជា​លក្ខណៈ​មួយ​នៃ​សញ្ញា​សម្គាល់។ ហេតុ​នេះ ពេល​យើង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ យើង​ចាំ​ថា​យើង​កំពុង​ធ្វើ​ជា​សាក្សី​«​បញ្ជាក់​»​ ទោះ​ជា​យើង​មិន​បាន​ជួយ​អ្នក​ណា​ម្នាក់​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​ក៏​ដោយ។ d ទោះ​ជា​មនុស្ស​ស្ដាប់​ឬ​មិន​ស្ដាប់​ក្ដី យើង​កំពុង​ធ្វើ​អ្វី​ដែល​លោក​យេស៊ូ​បាន​ប្រកាស​ទុក​ជា​មុន​នោះ ហើយ​កំពុង​ធ្វើ​ជា​«​អ្នក​រួម​ការ​ងារ​ជា​មួយ​នឹង​ព្រះ​»។ (​១កូ. ៣:៩​) នេះ​ជា​មូលហេតុ​ដ៏​ល្អ​ណាស់ ដែល​យើង​អរ​សប្បាយ!

​«​ចាប់​តាំង​ពី​ទី​ថ្ងៃ​រះ​រហូត​ដល់​ទី​ថ្ងៃ​លិច​»​

២០, ២១​. (​ក​) តើ​តាម​របៀប​ណា​ពាក្យ​នៅ​ទំនុក​តម្កើង ១១៣:៣ កំពុង​ក្លាយ​ទៅ​ជា​ការ​ពិត​នៅ​សព្វ​ថ្ងៃ​នេះ? (​ខ​) ស្តី​អំពី​កិច្ច​ការ​ច្រូត​ប្រមូល​ផល តើ​អ្នក​បាន​តាំង​ចិត្ត​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី?

២០ នៅ​សតវត្សរ៍​ទី១ លោក​យេស៊ូ​បាន​ជួយ​ពួក​សាវ័ក​របស់​លោក​ឲ្យ​យល់​ថា​កិច្ច​ការ​ច្រូត​ប្រមូល​ផល​គឺ​ជា​កិច្ច​ការ​ដែល​ត្រូវ​ធ្វើ​ជា​បន្ទាន់។ ចាប់​តាំង​ពី​ឆ្នាំ​១៩១៩​មក លោក​យេស៊ូ​បាន​ជួយ​អ្នក​កាន់​តាម​លោក​នៅ​សម័យ​យើង​ឲ្យ​យល់​សេចក្ដី​ពិត​នេះ​ដែរ។ ជា​លទ្ធផល រាស្ត្រ​របស់​ព្រះ​បាន​បង្កើន​សកម្មភាព​របស់​ពួក​គេ។ កិច្ច​ការ​ច្រូត​ប្រមូល​ផល​ពុំ​អាច​ត្រូវ​រា​រាំង​បាន​ឡើយ។ ដូច​គម្ពីរ​ចែង​នៅ​ទំនុក​តម្កើង ១១៣:៣ កិច្ច​ផ្សព្វ​ផ្សាយ​កំពុង​ត្រូវ​ធ្វើ​ឡើង​«​ចាប់​តាំង​ពី​ទី​ថ្ងៃ​រះ​រហូត​ដល់​ទី​ថ្ងៃ​លិច​»។ (​ទំនុក. ១១៣:៣​) ពិត​ណាស់ ចាប់​តាំង​ពី​ទី​ថ្ងៃ​រះ​រហូត​ដល់​ទី​ថ្ងៃ​លិច គឺ​ថា​ពី​ទិស​ខាង​កើត​រហូត​ដល់​ទិស​ខាង​លិច ទោះ​ជា​យើង​រស់​នៅ​កន្លែង​ណា​ក៏​ដោយ​លើ​ផែន​ដី​នេះ អ្នក​សាប​ព្រោះ​និង​អ្នក​ច្រូត​ប្រមូល​ផល​ធ្វើ​ការ​ជា​មួយ​គ្នា​និង​អរ​សប្បាយ​ជា​មួយ​គ្នា។ ម្យ៉ាង​ទៀត ពី​ថ្ងៃ​រះ​រហូត​ដល់​ថ្ងៃ​លិច គឺ​ថា​ពី​ព្រឹក​រហូត​ដល់​ល្ងាច ពេញ​មួយ​ថ្ងៃ យើង​ធ្វើ​កិច្ច​ការ​នេះ​ជា​បន្ទាន់។

២១ កាល​ដែល​យើង​ពិចារណា​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​១០០​ឆ្នាំ​កន្លង​ទៅ​ហើយ​នេះ យើង​អាច​ឃើញ​ថា​អ្នក​បម្រើ​ព្រះ​មួយ​ក្រុម​តូច​បាន​ក្លាយ​ទៅ​ជា​«​សាសន៍​១​យ៉ាង​ពូកែ​»។ នេះ​ពិត​ជា​ធ្វើ​ឲ្យ​ចិត្ត​យើង​«​រីក​ធំ​ឡើង​»​ ពោល​គឺ​ពោរ​ពេញ​ទៅ​ដោយ​អំណរ។ (​អេ. ៦០:៥, ២២​) សូម​ឲ្យ​អំណរ​និង​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា ដែល​ជា​«​ម្ចាស់​នៃ​កិច្ច​ការ​ប្រមូល​ផល​»​ ជំរុញ​ចិត្ត​យើង​ម្នាក់​ៗ​ឲ្យ​បន្ត​រួម​ចំណែក​ក្នុង​ការ​បង្ហើយ​កិច្ច​ការ​ប្រមូល​ផល​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្ដិសាស្ត្រ!—លូក. ១០:២

a ក្នុង​គម្ពីរ​ខ្លះ ពាក្យ​នេះ​បាន​ត្រូវ​បក​ប្រែ​ថា​«​ស​ល្មម​ច្រូត​ហើយ​»។ នេះ​ប្រហែល​ជា​សំដៅ​លើ​អាវ​វែង​ព័ណ៌​ស​របស់​បណ្ដា​ជន​សាម៉ារី ដែល​លោក​យេស៊ូ​បាន​ឃើញ ពេល​ពួក​គេ​ដើរ​សំដៅ​មក​លោក។

b ដើម្បី​រៀន​ថែម​ទៀត​អំពី​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​ឆ្នាំ​ទាំង​នោះ ហើយ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​បន្ទាប់​ពី​នោះ យើង​សូម​លើក​ទឹក​ចិត្ត​បង​ប្អូន​ឲ្យ​អាន​ទំព័រ​៤២៥​-​៥២០ ក្នុង​សៀវភៅ​សាក្សី​ព្រះ​យេហូវ៉ា ពួក​អ្នក​ប្រកាស​រាជាណាចក្រ​របស់​ព្រះ (​Jehovah’s Witnesses—Proclaimers of God’s Kingdom​) ដែល​រៀប​រាប់​អំពី​កិច្ច​ការ​ច្រូត​ប្រមូល​ផល​ក្នុង​ចន្លោះ​ឆ្នាំ​១៩១៩​ដល់​ឆ្នាំ​១៩៩២។

c ដើម្បី​បាន​ព័ត៌មាន​ល្អិត​ល្អន់​អំពី​ទំនាយ​នេះ សូម​មើល​សៀវភៅ​Isaiah’s Prophecy—Light for All Mankind II ទំព័រ​៣០៣​-​៣២០។

d និស្សិត​គម្ពីរ​សម័យ​មុន​បាន​យល់​សេចក្ដី​ពិត​ដ៏​សំខាន់​នេះ។ ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​១៨៩៥ បាន​សរសេរ​ថា​៖ ​«​ទោះ​បី​ជា​យើង​ច្រូត​បាន​ស្រូវ​សាលី​តែ​បន្ដិច​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​បញ្ជាក់​យ៉ាង​ច្រើន​អំពី​សេចក្ដី​ពិត . . . យើង​ទាំង​អស់​គ្នា​អាច​ផ្សាយ​ដំណឹង​ល្អ​បាន​»។