ជំពូកទី៥
តើលោកយេស៊ូកើតនៅកន្លែងណា? តើលោកកើតនៅពេលណា?
-
លោកយេស៊ូកើតនៅក្រុងបេថ្លេហិម
-
ពួកគង្វាលទៅមើលទារកយេស៊ូ
សេសារ អូគូសដែលជាអធិរាជមហាអំណាចរ៉ូម បានចេញច្បាប់ឲ្យបណ្ដាជនទាំងអស់ទៅចុះបញ្ជី។ ដូច្នេះ យ៉ូសែបបាននាំម៉ារៀធ្វើដំណើរទៅស្រុកកំណើតរបស់គាត់នៅក្រុងបេថ្លេហិម ខាងត្បូងក្រុងយេរូសាឡិម។
មនុស្សជាច្រើនទៅក្រុងបេថ្លេហិមដើម្បីចុះបញ្ជី។ ដូច្នេះ ពេលទៅដល់ទីនោះ យ៉ូសែបនិងម៉ារៀគ្មានកន្លែងស្នាក់នៅទេ។ ហេតុនេះ ពួកគាត់ត្រូវស្នាក់នៅក្នុងក្រោលសត្វ។ លោកយេស៊ូបានកើតនៅកន្លែងនោះ។ ពេលលោកកើតមក ម៉ារៀរុំលោកនឹងចម្រៀកសំពត់ ហើយដាក់នៅក្នុងស្នូកដែលជាប្រអប់ដ៏ធំមួយសម្រាប់ដាក់ចំណីសត្វ។
ព្រះច្បាស់ជាបានបណ្ដាលឲ្យសេសារ អូគូសចេញច្បាប់នោះ។ ហេតុអ្វី? ពីព្រោះនេះដើម្បីឲ្យលោកយេស៊ូអាចកើតមកនៅក្រុងបេថ្លេហិមដែលជាស្រុករបស់ស្តេចដាវីឌដែលជាបុព្វបុរសរបស់លោក។ ទំនាយក្នុងគម្ពីរបានចែងជាយូរមកហើយថា អ្នកគ្រប់គ្រងដែលព្រះបានសន្យា នឹងកើតនៅក្រុងនោះ។—មីកា ៥:១
យប់ដែលលោកយេស៊ូកើតនោះជាពេលដ៏សំខាន់ណាស់! នាយប់នោះ ពួកគង្វាលកំពុងនៅឯវាលខាងក្រៅ ស្រាប់តែមានពន្លឺយ៉ាងភ្លឺចិញ្ចាចនៅជុំវិញពួកគេ។ ពន្លឺនោះគឺជាសិរីរុងរឿងរបស់ព្រះយេហូវ៉ា! ទេវតាមួយរូបរបស់ព្រះប្រាប់ពួកគង្វាលថា៖ «កុំខ្លាចឡើយ ព្រោះមើល! ខ្ញុំមកដើម្បីប្រកាសប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ស្តីអំពីអំណរក្រៃលែងដែលមនុស្សទាំងអស់នឹងមាន ពីព្រោះថ្ងៃនេះអ្នកដែលនឹងសង្គ្រោះអ្នករាល់គ្នា គឺគ្រិស្ត ដ៏ជាម្ចាស់ បានកើតមកនៅក្រុងរបស់ដាវីឌ។ នេះជាសញ្ញាសម្គាល់ឲ្យអ្នករាល់គ្នាដឹង គឺអ្នកនឹងឃើញកូនខ្ចីមួយ រុំដោយចម្រៀកសំពត់ ហើយកំពុងដេកនៅក្នុងស្នូក»។ រំពេចនោះ មានទេវតាជាច្រើនលេចមក ហើយនិយាយថា៖ «យើងសូមសរសើរតម្កើងព្រះដែលស្ថិតនៅស្ថានសួគ៌ ហើយនៅផែនដី សូមឲ្យមនុស្សជាទីគាប់ចិត្តលោកប្រកបដោយសេចក្ដីសុខសាន្ត»។—លូកា ២:១០-១៤
ពេលពួកទេវតាទាំងអស់ចេញទៅ ពួកគង្វាលនិយាយគ្នាថា៖ «ចូរយើងទៅក្រុងបេថ្លេហិមភ្លាម ហើយមើលអ្វីដែលបានកើតឡើងនៅទីនោះ តាមអ្វីដែលព្រះយេហូវ៉ាបានបើកសម្ដែងឲ្យយើងដឹង»។ (លូកា ២:១៥) រួចពួកគេរូតរះទៅទីនោះ ហើយក៏ឃើញទារកនោះកំពុងដេកនៅក្នុងស្នូក។ ពេលពួកគង្វាលរៀបរាប់អំពីអ្វីដែលទេវតាបានប្រាប់ពួកគេស្តីអំពីបុត្រតូចនោះ អស់អ្នកដែលបានឮអំពីអ្វីដែលពួកគង្វាលនិយាយ ក៏នឹកអស្ចារ្យក្នុងចិត្ត។ ម៉ារៀមានអំណរខ្លាំងណាស់ ហើយនាងចំណាំទុកពាក្យទាំងនោះ ព្រមទាំងបានរិះគិតក្នុងចិត្តអំពីអត្ថន័យផង។
សព្វថ្ងៃនេះ មនុស្សជាច្រើនជឿថាលោកយេស៊ូបានកើតនៅថ្ងៃទី២៥ ខែធ្នូ។ ប៉ុន្តែ នៅក្នុងតំបន់បេថ្លេហិម ខែធ្នូគឺជាខែភ្លៀងនិងមានអាកាសធាតុត្រជាក់ ជួនកាលក៏មានធ្លាក់ព្រឹលទៀតផង។ ក្នុងអំឡុងពេលនោះ ពួកគង្វាលច្បាស់ជាមិនស្នាក់នៅឯវាលពេលយប់ ដើម្បីមើលហ្វូងសត្វរបស់ពួកគេនោះទេ។ បន្ថែមទៅទៀត អធិរាជរ៉ូមក៏ទំនងជាមិនបញ្ជាឲ្យបណ្ដាជនដែលមានចិត្តចង់បះបោរ ធ្វើដំណើរទៅចុះឈ្មោះក្នុងរដូវរងានោះដែរ។ ដូច្នេះ យើងដឹងថាលោកយេស៊ូមិនបានកើតក្នុងខែធ្នូទេ។ លោកប្រហែលជាបានកើតនៅខែតុលា។