ជំពូកទី១៧
លោកយេស៊ូបង្រៀននីកូដេមនៅពេលយប់
-
លោកយេស៊ូមានប្រសាសន៍ជាមួយនឹងនីកូដេម
-
អត្ថន័យនៃពាក្យ«កើតម្ដងទៀត»
នៅឆ្នាំ៣០ គ.ស. កាលដែលលោកយេស៊ូនៅក្រុងយេរូសាឡិមដើម្បីចូលរួមបុណ្យរំលង លោកបានធ្វើការអស្ចារ្យនិងសញ្ញាសម្គាល់ជាច្រើន។ ជាលទ្ធផល មនុស្សជាច្រើនជឿលើលោក។ នីកូដេមដែលជាផារិស៊ីម្នាក់និងជាសមាជិកតុលាការជាន់ខ្ពស់របស់ជនជាតិយូដា បានកោតស្ងើចចំពោះអ្វីដែលលោកយេស៊ូបង្រៀន ហើយគាត់ចង់រៀនថែមទៀត។ ហេតុនេះ គាត់ក៏ទៅជួបលោកយេស៊ូនៅពេលយប់។ គាត់ប្រហែលជាធ្វើដូច្នេះ ដោយសារគាត់ខ្លាចបាក់មុខក្នុងចំណោមអ្នកដឹកនាំជនជាតិយូដា។
នីកូដេមនិយាយទៅលោកយេស៊ូថា៖ «រ៉ាប៊ី យើងដឹងថាលោកជាអ្នកបង្រៀនដែលមកពីព្រះ ព្រោះគ្មានអ្នកណាអាចធ្វើសញ្ញាសម្គាល់ទាំងប៉ុន្មានដែលលោកធ្វើ លុះត្រាតែព្រះនៅជាមួយនឹងអ្នកនោះ»។ លោកយេស៊ូប្រាប់នីកូដេមថាដើម្បីចូលក្នុងរាជាណាចក្រព្រះ បុគ្គលម្នាក់ត្រូវ«កើតម្ដងទៀត»។—យ៉ូហាន ៣:២, ៣
ប៉ុន្តែ តើបុគ្គលម្នាក់អាចកើតម្ដងទៀតយ៉ាងដូចម្ដេច? ពេលឮដូច្នេះ នីកូដេមសួរលោកថា៖ «គាត់មិនអាចចូលក្នុងផ្ទៃម្ដាយម្ដងទៀតហើយកើតមកបានឡើយ មែនទេ?»។—យ៉ូហាន ៣:៤
នេះមិនមែនជាអត្ថន័យនៃពាក្យកើតម្ដងទៀតឡើយ។ លោកយេស៊ូពន្យល់ថា៖ «គ្មានអ្នកណាអាចចូលក្នុងរាជាណាចក្ររបស់ព្រះបានឡើយ លុះត្រាតែអ្នកនោះកើតពីទឹកនិងពីសកម្មពលរបស់ព្រះ»។ (យ៉ូហាន ៣:៥) ពេលលោកយេស៊ូបានទទួលការជ្រមុជទឹក សកម្មពលបរិសុទ្ធរបស់ព្រះបានមកសណ្ឋិតលើលោក ដូច្នេះលោកបាន«កើតពីទឹកនិងពីសកម្មពលរបស់ព្រះ»។ នៅពេលនោះ មានការប្រកាសមួយពីស្ថានសួគ៌ថា៖ «នេះជាបុត្រដែលជាទីស្រឡាញ់របស់ខ្ញុំ ជាទីពេញចិត្តខ្ញុំណាស់»។ (ម៉ាថាយ ៣:១៦, ១៧) តាមរបៀបនេះ ព្រះបានប្រកាសថា លោកបានរើសតាំងលោកយេស៊ូជាបុត្រ ឲ្យមានសេចក្ដីសង្ឃឹមចូលក្នុងរាជាណាចក្ររបស់បិតានៅស្ថានសួគ៌។ ក្រោយមកនៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ព្រះបានចាក់សកម្មពលបរិសុទ្ធទៅលើអ្នកឯទៀតដែលបានទទួលការជ្រមុជទឹក ក្នុងន័យនេះពួកគេបានកើតម្ដងទៀត ហើយបានត្រូវតែងតាំងជាបុត្ររបស់ព្រះ។—សកម្មភាព ២:១-៤
នីកូដេមពិបាកយល់នូវអ្វីដែលលោកយេស៊ូបង្រៀនអំពីរាជាណាចក្រព្រះ។ ដូច្នេះ លោកយេស៊ូប្រាប់ព័ត៌មានថែមទៀតអំពីតួនាទីពិសេសរបស់លោកក្នុងនាមជាបុត្ររបស់ព្រះនៅផែនដី។ លោកយេស៊ូមានប្រសាសន៍ថា៖ «ដូចម៉ូសេបានលើកសត្វពស់ឡើងនៅតំបន់ស្ងាត់ជ្រងំ នោះកូនមនុស្សក៏នឹងត្រូវលើកឡើងដូច្នោះដែរ ដើម្បីឲ្យអស់អ្នកដែលជឿលើលោក អាចមានជីវិតដែលគ្មានទីបញ្ចប់»។—យ៉ូហាន ៣:១៤, ១៥
នៅសម័យមុន ជនជាតិអ៊ីស្រាអែលដែលបានត្រូវពស់ពិសចឹក ត្រូវក្រឡេកមើលរូបពស់ស្ពាន់ដើម្បីទទួលសេចក្ដីសង្គ្រោះ។ (ជនគណនា ២១:៩) ស្រដៀងគ្នាដែរ មនុស្សទាំងអស់ត្រូវបង្ហាញជំនឿលើបុត្ររបស់ព្រះដើម្បីឲ្យបានសង្គ្រោះពីសេចក្ដីស្លាប់ ហើយទទួលជីវិតដែលគ្មានទីបញ្ចប់។ បន្ទាប់មក លោកយេស៊ូបានលើកបញ្ជាក់អំពីតួនាទីរបស់ព្រះក្នុងរបៀបរៀបចំនេះ ហើយរបៀបដែលលោកបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្ស។ លោកប្រាប់នីកូដេមថា៖ «ព្រះស្រឡាញ់ពិភពលោកដល់ម្ល៉េះបានជាលោកបានឲ្យបុត្រតែមួយរបស់លោក ដើម្បីឲ្យអស់អ្នកដែលបង្ហាញជំនឿលើបុត្រនោះអាចមានជីវិតដែលគ្មានទីបញ្ចប់ ហើយមិនត្រូវបំផ្លាញឡើយ»។ (យ៉ូហាន ៣:១៦) ដូច្នេះ នៅក្រុងយេរូសាឡិម លោកបានបញ្ជាក់យ៉ាងច្បាស់ថាលោកគឺជាខ្សែរយៈដែលនាំមនុស្សជាតិឲ្យទទួលសេចក្ដីសង្គ្រោះ។ លោកយេស៊ូបានបញ្ជាក់ដូច្នេះប្រហែលជា៦ខែក្រោយពីលោកចាប់ផ្ដើមកិច្ចបម្រើផ្សាយ។
លោកយេស៊ូប្រាប់នីកូដេមថា៖ «ព្រះបានចាត់បុត្ររបស់លោកឲ្យចូលក្នុងពិភពលោក មិនមែនដើម្បីវិនិច្ឆ័យពិភពលោកទេ»។ នេះមានន័យថាព្រះបានបញ្ជូនលោកយេស៊ូមកផែនដីមិនមែនដើម្បីវិនិច្ឆ័យ និងដើម្បីផ្ដន្ទាទោសមនុស្សជាតិឲ្យត្រូវបំផ្លាញចោលនោះឡើយ។ ផ្ទុយទៅវិញ លោកយេស៊ូមានប្រសាសន៍ថាព្រះបានចាត់លោកឲ្យមក«ដើម្បីឲ្យពិភពលោកអាចត្រូវសង្គ្រោះតាមរយៈបុត្ររបស់លោក»។—យ៉ូហាន ៣:១៧
នីកូដេមមកជួបលោកយេស៊ូនៅពេលយប់ដោយសារគាត់ខ្លាចគេឃើញ។ ដូច្នេះ គួរឲ្យចាប់អារម្មណ៍មែនដែលលោកយេស៊ូបញ្ចប់ការសន្ទនាជាមួយនឹងនីកូដេមដោយមានប្រសាសន៍ថា៖ «នេះជាមូលដ្ឋានសម្រាប់ការវិនិច្ឆ័យ ពោលគឺ ពន្លឺ[ជាលោកយេស៊ូ ហើយលោកបង្ហាញពន្លឺតាមរយៈការប្រព្រឹត្តនិងសេចក្ដីយ៉ូហាន ៣:១៩-២១
បង្រៀនរបស់លោក]បានចូលក្នុងពិភពលោក តែមនុស្សបានស្រឡាញ់ភាពងងឹតជាជាងពន្លឺនោះ ព្រោះការប្រព្រឹត្តរបស់ពួកគេគឺទុច្ចរិត។ ព្រោះអ្នកណាដែលប្រព្រឹត្តអំពើអាក្រក់ជាទម្លាប់ អ្នកនោះស្អប់ពន្លឺ ហើយមិនមកឯពន្លឺឡើយ ដើម្បីកុំឲ្យការប្រព្រឹត្តរបស់ខ្លួនត្រូវលាតត្រដាង។ ប៉ុន្តែ អ្នកណាដែលប្រព្រឹត្តអំពើសុចរិត អ្នកនោះមកឯពន្លឺ ដើម្បីសឲ្យឃើញថាការប្រព្រឹត្តរបស់ខ្លួនគឺសមស្របតាមបំណងប្រាថ្នារបស់ព្រះ»។—ក្រោយពីនីកូដេមដែលជាផារិស៊ីនិងជាអ្នកបង្រៀនជនជាតិអ៊ីស្រាអែល បានឮអំពីតួនាទីរបស់លោកយេស៊ូក្នុងគោលបំណងរបស់ព្រះ គាត់ត្រូវសម្រេចចិត្តថាគាត់នឹងធ្វើយ៉ាងណាចំពោះអ្វីៗដែលគាត់បានរៀន។