ជំពូកទី២២
អ្នកកាន់តាមបួននាក់នឹងក្លាយទៅជាអ្នកនេសាទមនុស្ស
ម៉ាថាយ ៤:១៣-២២ ម៉ាកុស ១:១៦-២០ លូកា ៥:១-១១
-
លោកយេស៊ូអញ្ជើញអ្នកកាន់តាមឲ្យមករួមកិច្ចបម្រើពេញពេលជាមួយនឹងលោក
-
ពីអ្នកនេសាទត្រីទៅជាអ្នកនេសាទមនុស្ស
ក្រោយពីបណ្ដាជននៅក្រុងណាសារ៉ែតប៉ុនប៉ងសម្លាប់លោកយេស៊ូ លោកក៏បានទៅរស់នៅក្រុងកាពើណិមក្បែរសមុទ្រកាលីឡេវិញ។ សមុទ្រនោះក៏មានឈ្មោះថា«បឹងហ្គេណិសារ៉ែត»ដែរ។ (លូកា ៥:១) ដោយសារលោកបានទៅរស់នៅទីនោះ ទំនាយដែលបានចែងក្នុងសៀវភៅអេសាយបានកើតឡើងមែន គឺថាអ្នកស្រុកកាលីឡេដែលរស់នៅជិតសមុទ្រនឹងឃើញពន្លឺយ៉ាងធំ។—អេសាយ ៩:១, ២
នៅក្រុងកាពើណិមក្នុងតំបន់កាលីឡេ លោកយេស៊ូបានបន្តផ្សព្វផ្សាយថា៖ «រាជាណាចក្រស្ថានសួគ៌គឺជិតដល់ហើយ»។ (ម៉ាថាយ ៤:១៧) នៅទីនោះ លោកយេស៊ូបានរកឃើញអ្នកកាន់តាមលោកបួននាក់ ដែលធ្លាប់ធ្វើដំណើរជាមួយនឹងលោក តែពេលមកពីតំបន់យូឌាវិញ ពួកគាត់ក៏ត្រឡប់ទៅប្រកបរបរនេសាទម្ដងទៀត។ (យ៉ូហាន ១:៣៥-៤២) ម្ល៉ោះហើយ ឥឡូវជាពេលដែលពួកគាត់ត្រូវនៅជាប់ជាមួយនឹងលោកយេស៊ូ ដើម្បីលោកអាចបង្ហាត់បង្រៀនពួកគាត់ឲ្យបំពេញកិច្ចបម្រើផ្សាយ ក្រោយពីលោកលែងនៅជាមួយនឹងពួកគាត់ទៀត។
តើលោកយេស៊ូបានរកឃើញពួកគាត់យ៉ាងដូចម្ដេច? កាលដែលលោកដើរតាមឆ្នេរសមុទ្រ លោកបានឃើញស៊ីម៉ូនពេត្រុស និងអនទ្រេដែលជាប្អូនប្រុសគាត់ ព្រមទាំងអ្នកខ្លះដែលនៅជាមួយនឹងពួកគាត់ កំពុងសម្អាតសំណាញ់។ លោកយេស៊ូក៏ទៅជិត រួចឡើងទូករបស់ពេត្រុស ហើយសុំគាត់ឲ្យចេញទូកពីឆ្នេរ។ លុះទូករបស់ពួកគាត់ទៅឆ្ងាយបន្ដិច លោកយេស៊ូក៏អង្គុយចុះ រួចចាប់ផ្ដើមបង្រៀនសេចក្ដីពិតអំពីរាជាណាចក្រព្រះដល់បណ្ដាជនដែលជួបជុំគ្នានៅឯឆ្នេរសមុទ្រ។
លុះបង្រៀនចប់ហើយ លោកយេស៊ូមានប្រសាសន៍ទៅពេត្រុសថា៖ «ចូរចេញទៅកន្លែងទឹកជ្រៅ រួចអ្នករាល់គ្នាទម្លាក់អួនចាប់ត្រីនៅទីនោះ»។ ពេត្រុសឆ្លើយថា៖ «លោកគ្រូ យើងបានខំប្រឹងអស់មួយយប់ តែចាប់មិនបានអ្វីសោះ។ ប៉ុន្តែ ខ្ញុំនឹងទម្លាក់អួនតាមប្រសាសន៍លោក»។—លូកា ៥:៤, ៥
ពួកគាត់ក៏ទម្លាក់អួន ហើយចាប់ត្រីបានសន្ធឹកណាស់ រហូតដល់អួនរបស់ពួកគាត់ចាប់ផ្ដើមធ្លាយ! ភ្លាមនោះ ពួកគាត់ធ្វើសញ្ញាឲ្យដៃគូរបស់ពួកគាត់ដែលនៅក្នុងទូកផ្សេងទៀតមកជួយ។ អ្នកទាំងនោះក៏មក រួចពួកគាត់ដាក់ត្រីពេញទូកទាំងពីរ រហូតដល់ទូកទាំងនោះចាប់ផ្ដើមលិច។ ពេលឃើញដូច្នេះ ពេត្រុសក៏លុតជង្គង់នៅមុខលោកយេស៊ូ ហើយនិយាយថា៖ «លោកម្ចាស់ សូមចេញពីខ្ញុំទៅ ពីព្រោះខ្ញុំជាមនុស្សមានភាពខុសឆ្គង»។ លោកយេស៊ូមានប្រសាសន៍តបវិញថា៖ «កុំខ្លាចឡើយ។ ចាប់តាំងពីឥឡូវនេះទៅ អ្នកនឹងនេសាទមនុស្សវិញ»។—លូកា ៥:៨, ១០
លោកយេស៊ូប្រាប់ពេត្រុសនិងអនទ្រេថា៖ «ចូរមកតាមខ្ញុំចុះ! ហើយខ្ញុំនឹងធ្វើឲ្យអ្នកទៅជាអ្នកនេសាទមនុស្សវិញ»។ (ម៉ាថាយ ៤:១៩) លោកក៏បានអញ្ជើញអ្នកនេសាទពីរនាក់ទៀតដែរ គឺយ៉ាកុបនិងយ៉ូហានដែលជាកូនប្រុសរបស់សេបេដេ។ ពួកគាត់ក៏ធ្វើតាមសេចក្ដីអញ្ជើញនោះភ្លាម។ ហេតុនេះ ពួកគាត់ទាំងបួននាក់ក៏បោះបង់ចោលរបរនេសាទ ហើយក្លាយទៅជាអ្នកកាន់តាមដំបូង ដែលរួមកិច្ចបម្រើពេញពេលជាមួយនឹងលោកយេស៊ូ។