លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៥៧

លោកយេស៊ូធ្វើឲ្យក្មេងស្រីម្នាក់ និងបុរសថ្លង់ម្នាក់ជាសះស្បើយ

លោកយេស៊ូធ្វើឲ្យក្មេងស្រីម្នាក់ និងបុរសថ្លង់ម្នាក់ជាសះស្បើយ

ម៉ាថាយ ១៥:២១​-​៣១ ម៉ាកុស ៧:២៤​-​៣៧

  • លោក​យេស៊ូ​ធ្វើ​ឲ្យ​កូន​ស្រី​របស់​ស្ត្រី​សញ្ជាតិ​ភេនីស៊ី​ម្នាក់​ជា​សះ​ស្បើយ

  • លោក​ធ្វើ​ឲ្យ​បុរស​គ​ថ្លង់​ម្នាក់​ជា​សះ​ស្បើយ

បន្ទាប់​ពី​បាន​ស្តី​បន្ទោស​ឲ្យ​ពួក​ផារិស៊ី​ដែល​បង្កើត​ទំនៀម​ទម្លាប់​ផ្សេង​ៗ​ដើម្បី​តែ​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​បាន​ចាក​ចេញ​ពី​តំបន់​នោះ។ រួច​មក លោក​ធ្វើ​ដំណើរ​អស់​ចម្ងាយ​រាប់​គីឡូ​ម៉ែត្រ​ទៅ​ទិស​ខាង​ជើង​ឆៀង​ខាង​លិច​ដើម្បី​ទៅ​ក្រុង​ទីរ៉ុស​និង​ក្រុង​ស៊ីដូន​ដែល​ស្ថិត​ក្នុង​តំបន់​ភេនីស៊ី។

ពេល​ទៅ​ដល់​តំបន់​នោះ​លោក​យេស៊ូ​បាន​រក​កន្លែង​ដើម្បី​ស្នាក់​នៅ តែ​លោក​មិន​ចង់​ឲ្យ​បណ្ដា​ជន​ដឹង​ថា​លោក​ស្នាក់​នៅ​កន្លែង​ណា​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​មិន​អាច​គេច​ពី​ភ្នែក​មនុស្ស​បាន​ឡើយ។ នៅ​ពេល​នោះ ស្ត្រី​ម្នាក់​ជា​ជន​ជាតិ​ក្រិច​ដែល​កើត​នៅ​តំបន់​នោះ​បាន​មក​រក​លោក​យេស៊ូ ហើយ​អង្វរ​សុំ​លោក​ថា​៖ ​«​លោក​ម្ចាស់ ជា​បុត្រ​ដាវីឌ​អើយ! សូម​មេត្ដា​ជួយ​ខ្ញុំ​ផង កូន​ស្រី​ខ្ញុំ​មាន​វិញ្ញាណ​កំណាច​ចូល​ធ្វើ​ទុក្ខ​យ៉ាង​ខ្លាំង​»។—ម៉ាថាយ ១៥:២២; ម៉ាកុស ៧:២៦

បន្ដិច​ក្រោយ​មក ពួក​អ្នក​កាន់​តាម​បាន​សុំ​លោក​ថា​៖ ​«​សូម​លោក​ប្រាប់​នាង​ឲ្យ​ទៅ​វិញ ពី​ព្រោះ​នាង​ចេះ​តែ​ស្រែក​ហើយ​ដើរ​តាម​យើង​»។ លោក​ពន្យល់​ពួក​គេ​អំពី​មូលហេតុ​ដែល​លោក​មិន​អើពើ​នឹង​នាង ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​មិន​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ឯ​អ្នក​ណា​ទេ ក្រៅ​ពី​ចៀម​ដែល​វង្វេង​ផ្លូវ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល​»។ ប៉ុន្តែ ស្ត្រី​នោះ​មិន​បាន​ឈប់​ស្រែក​និង​ដើរ​តាម​លោក​យេស៊ូ​ទេ។ ផ្ទុយ​ទៅ​វិញ នាង​ចូល​មក​ជិត​លោក ហើយ​លំឱន​កាយ​គោរព​លោក ដោយ​អង្វរ​ថា​៖ ​«​លោក​ម្ចាស់! សូម​ជួយ​ខ្ញុំ​ផង!​»។—ម៉ាថាយ ១៥:២៣​-​២៥

លោក​យេស៊ូ​ទំនង​ជា​សាកល្បង​ជំនឿ​របស់​ស្ត្រី​នោះ ដោយ​លើក​ឡើង​អំពី​ទស្សនៈ​មិន​ល្អ​របស់​ជន​ជាតិ​យូដា​ចំពោះ​ជន​ជាតិ​ដទៃ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​គឺ​មិន​ត្រឹម​ត្រូវ​ទេ បើ​យក​នំ​ប៉័ង​របស់​កូន​ក្មេង ហើយ​បោះ​ទៅ​ឲ្យ​ឆ្កែ​តូច​ៗ​វិញ​»។ (​ម៉ាថាយ ១៥:២៦​) ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​«​ឆ្កែ​តូច​ៗ​»​ ឬ​កូន​ឆ្កែ លោក​មិន​បាន​បន្ទាប​បន្ថោក​ជន​ជាតិ​ដទៃ​ទេ តែ​លោក​កំពុង​បង្ហាញ​ចិត្ត​អាណិត​មេត្ដា​ចំពោះ​ពួក​គេ​វិញ។ បន្ថែម​ទៀត លោក​យេស៊ូ​ក៏​បង្ហាញ​អារម្មណ៍​បែប​នោះ​តាម​រយៈ​ទឹក​មុខ និង​សំឡេង​ដ៏​ទន់ភ្លន់​របស់​លោក​ដែរ។

ជា​ជាង​ខឹង​លោក​យេស៊ូ ស្ត្រី​នោះ​បាន​បង្ហាញ​ថា​នាង​យល់​ប្រសាសន៍​របស់​លោក​ស្តី​អំពី​គំនិត​ប្រកាន់​ពូជ​សាសន៍​របស់​ជន​ជាតិ​យូដា។ រួច​នាង​និយាយ​ទៅ​កាន់​លោក​យេស៊ូ​ដោយ​ចិត្ត​រាប​ទាប​ថា​៖ ​«​មែន​ហើយ​លោក! ប៉ុន្តែ​តាម​ការ​ពិត ឆ្កែ​តូច​ៗ​ស៊ី​កម្ទេច​នំ​ប៉័ង​ដែល​ជ្រុះ​ពី​តុ​របស់​ម្ចាស់​វា​»។ ដោយ​ឃើញ​ចិត្ត​ស្មោះ​របស់​នាង លោក​យេស៊ូ​តប​ឆ្លើយ​ទៅ​នាង​ថា​៖ ​«​នាង​អើយ! នាង​មាន​ជំនឿ​ខ្លាំង​ណាស់ សូម​ឲ្យ​នាង​បាន​ដូច​ប្រាថ្នា​ចុះ​»។ (​ម៉ាថាយ ១៥:២៧, ២៨​) រំពេច​នោះ កូន​ស្រី​របស់​នាង​បាន​ជា​សះ​ស្បើយ​មែន សូម្បី​តែ​កូន​របស់​នាង​មិន​បាន​នៅ​ទី​នោះ​ក៏​ដោយ។ ពេល​ស្ត្រី​នោះ​ទៅ​ផ្ទះ​វិញ នាង​បាន​ឃើញ​ថា កូន​ស្រី​របស់​នាង​ដែល​កំពុង​ដេក​នៅ​លើ​គ្រែ បាន​ជា​សះ​ស្បើយ ពី​ព្រោះ​«​វិញ្ញាណ​កំណាច​នោះ​បាន​ចេញ​ពី​កូន​ហើយ​»​!—ម៉ាកុស ៧:៣០

លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​បាន​ធ្វើ​ដំណើរ​ពី​តំបន់​ភេនីស៊ី ឆ្ពោះ​ទៅ​តំបន់​ខាង​លើ​ទន្លេ​យ៉ូដាន់។ ពួក​គាត់​ទំនង​ជា​បាន​ឆ្លង​កាត់​ទន្លេ​យ៉ូដាន់​ដែល​ប្រហែល​ជា​ស្ថិត​នៅ​ភាគ​ខាង​ជើង​សមុទ្រ​កាលីឡេ ហើយ​បន្ត​ដំណើរ​ទៅ​តំបន់​ដេកាប៉ូល។ នៅ​ទី​នោះ លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​បាន​ឡើង​ភ្នំ​មួយ ប៉ុន្តែ​បណ្ដា​ជន​បាន​ឃើញ​ពួក​គាត់ ហើយ​ពួក​គេ​ក៏​នាំ​មនុស្ស​ខ្វិន ពិការ ងងឹត​ភ្នែក គ និង​អ្នក​ដែល​ឈឺ​មក​ជួប​លោក​យេស៊ូ ហើយ​ក៏​ដាក់​អ្នក​ឈឺ​ទាំង​នោះ​ក្បែរ​ជើង​លោក រួច​លោក​បាន​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ។ ដោយ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ចំពោះ​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ នោះ​ពួក​គេ​ក៏​បាន​សរសើរ​តម្កើង​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។

នៅ​ពេល​នោះ លោក​បាន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ចំពោះ​បុរស​គ​ថ្លង់​ម្នាក់។ អ្នក​អាច​យល់​ថា​គាត់​ច្បាស់​ជា​មាន​អារម្មណ៍​ភិត​ភ័យ​ណាស់ កាល​ដែល​គាត់​ស្ថិត​ក្នុង​ចំណោម​ក្រុម​មនុស្ស​ដ៏​ធំ។ លោក​យេស៊ូ​ប្រហែល​ជា​បាន​កត់​សម្គាល់​នូវ​អារម្មណ៍​របស់​បុរស​នោះ ដូច្នេះ​លោក​បាន​នាំ​គាត់​ចេញ​ឆ្ងាយ​ពី​បណ្ដា​ជន។ កាល​ដែល​ពួក​គាត់​នៅ​ដាច់​ដោយ​ឡែក​ពី​គេ លោក​យេស៊ូ​ធ្វើ​សញ្ញា​ប្រាប់​បុរស​នោះ​ពី​អ្វី​ដែល​លោក​បម្រុង​នឹង​ធ្វើ​សម្រាប់​គាត់។ លោក​យេស៊ូ​ដាក់​ម្រាម​ដៃ​របស់​លោក​ក្នុង​ត្រចៀក​គាត់ បន្ទាប់​ពី​បាន​ស្ដោះ​ទឹក​មាត់ លោក​ក៏​ពាល់​អណ្ដាត​របស់​គាត់ ហើយ​ងើយ​ភ្នែក​ទៅ​លើ​មេឃ រួច​មាន​ប្រសាសន៍​ថា​៖ ​«​អេផាថា​»​ ដែល​មាន​ន័យ​ថា​«​ចូរ​បើក​ឡើង​»។ រំពេច​នោះ បុរស​នោះ​ក៏​អាច​ស្ដាប់​ឮ ហើយ​អាច​និយាយ​បាន​ផង​ដែរ។ ប៉ុន្តែ លោក​យេស៊ូ​បង្គាប់​គាត់​កុំ​ឲ្យ​ប្រាប់​អ្នក​ឯ​ទៀត​ឲ្យ​សោះ ពី​ព្រោះ​លោក​ចង់​ឲ្យ​បណ្ដា​ជន​ទាំង​នោះ​មាន​ជំនឿ​លើ​លោក​ដោយ​សារ​អ្វី​ដែល​ពួក​គេ​បាន​ឃើញ​និង​ឮ​ដោយ​ផ្ទាល់។—ម៉ាកុស ៧:៣២​-​៣៦

ឫទ្ធានុភាព​របស់​លោក​យេស៊ូ​ក្នុង​ការ​ធ្វើ​ឲ្យ​មនុស្ស​បាន​ជា​សះ​ស្បើយ ពិត​ជា​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​បណ្ដា​ជន។ ពួក​គេ​«​ភ្ញាក់​ផ្អើល​ក្រៃ​លែង​»​ រួច​ពួក​គេ​និយាយ​ថា​៖ ​«​លោក​បាន​ធ្វើ​អ្វី​ៗ​ទាំង​អស់​យ៉ាង​ល្អ​ប្រសើរ សូម្បី​តែ​មនុស្ស​ថ្លង់​លោក​ក៏​ធ្វើ​ឲ្យ​ស្ដាប់​ឮ ហើយ​មនុស្ស​គ​លោក​ក៏​ធ្វើ​ឲ្យ​និយាយ​បាន​ដែរ​»។—ម៉ាកុស ៧:៣៧