លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៥៣

អ្នកគ្រប់គ្រងដែលមានអំណាចលើធម្មជាតិ

អ្នកគ្រប់គ្រងដែលមានអំណាចលើធម្មជាតិ

ម៉ាថាយ ១៤:២២​-​៣៦ ម៉ាកុស ៦:៤៥​-​៥៦ យ៉ូហាន ៦:១៤​-​២៥

  • បណ្ដា​ជន​ចង់​ឲ្យ​លោក​យេស៊ូ​ធ្វើ​ជា​ស្តេច

  • លោក​យេស៊ូ​ដើរ​លើ​ទឹក ហើយ​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់

ពេល​លោក​យេស៊ូ​ធ្វើ​អព្ភូតហេតុ​ផ្ដល់​អាហារ​ដល់​មនុស្ស​រាប់​ពាន់​នាក់ នោះ​ពិត​ជា​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ចិត្ត​ពួក​គេ។ ម្ល៉ោះ​ហើយ ពួក​គេ​សន្និដ្ឋាន​ថា​៖ ​«​អ្នក​នេះ​ប្រាកដ​ជា​អ្នក​ប្រកាស​ទំនាយ​»​ និង​ជា​មេស្ស៊ី​«​ដែល​ត្រូវ​ចូល​មក​ក្នុង​ពិភព​លោក​»​ ហើយ​ថា​លោក​ពិត​ជា​អ្នក​គ្រប់​គ្រង​ល្អ​ដែល​ពួក​គេ​ចង់​បាន​មែន។ (​យ៉ូហាន ៦:១៤; ចោទិយកថា ១៨:១៨​) ដូច្នេះ បណ្ដា​ជន​មាន​បំណង​ចាប់​លោក​យេស៊ូ ដើម្បី​ឲ្យ​លោក​ធ្វើ​ជា​ស្តេច​របស់​ពួក​គេ។

ក៏​ប៉ុន្តែ លោក​យេស៊ូ​ជ្រាប​អំពី​អ្វី​ដែល​ពួក​គេ​បម្រុង​នឹង​ធ្វើ។ ដូច្នេះ លោក​ក៏​ប្រាប់​ក្រុម​មនុស្ស​ឲ្យ​ត្រឡប់​ទៅ​វិញ ហើយ​បង្គាប់​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ចុះ​ទូក។ តើ​ពួក​គាត់​នឹង​ចុះ​ទូក​ទៅ​កន្លែង​ណា? ពួក​គាត់​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​បេតសេដា ហើយ​បន្ទាប់​មក​ទៅ​ក្រុង​កាពើណិម។ ប៉ុន្តែ លោក​យេស៊ូ​មិន​បាន​ទៅ​ជា​មួយ​នឹង​ពួក​គាត់​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ចេញ​ទៅ​ភ្នំ​តែ​ម្នាក់​ឯង​ដើម្បី​អធិដ្ឋាន​ទៅ​ព្រះ​នៅ​យប់​នោះ។

លុះ​មុន​ថ្ងៃ​រះ នៅ​មាន​ពន្លឺ​ខែ​ព្រឹម​ៗ​នៅ​ឡើយ លោក​យេស៊ូ​បាន​ឃើញ​ទូក​របស់​ពួក​អ្នក​កាន់​តាម​ពី​ចម្ងាយ។ លោក​ឃើញ​ខ្យល់​ព្យុះ​ដ៏​ខ្លាំង​កំពុង​បោក​ទឹក​រលក​ឲ្យ​កញ្ជ្រោល​ឡើង ហើយ​ឃើញ​ពួក​សាវ័ក​«​កំពុង​អុំទូក​ទាំង​លំបាក ដោយ​សារ​អុំ​បញ្ច្រាស​ខ្យល់​»។ (​ម៉ាកុស ៦:៤៨​) ដូច្នេះ លោក​យេស៊ូ​ក៏​ចុះ​ពី​ភ្នំ ហើយ​ចាប់​ផ្ដើម​ដើរ​លើ​ទឹក​សមុទ្រ ឆ្ពោះ​ទៅ​រក​ពួក​គាត់។ នៅ​ពេល​នោះ​«​ពួក​គាត់​បាន​អុំ​ប្រហែល​ប្រាំ​ឬ​ប្រាំ​មួយ​គីឡូ​ម៉ែត្រ​»។ (​យ៉ូហាន ៦:១៩​) ពួក​អ្នក​កាន់​តាម​ក្រឡេក​ទៅ​ឃើញ​លោក​យេស៊ូ​ដើរ​លើ​ទឹក​សមុទ្រ ហាក់​ដូច​ជា​ដើរ​ហួស​ពួក​គាត់ រួច​ពួក​គាត់​គិត​ថា ​«​ខ្លួន​កំពុង​យល់​សប្ដិ ហើយ​បាន​ស្រែក​ឡើង​»។—ម៉ាកុស ៦:៤៩

ដើម្បី​កុំ​ឲ្យ​ពួក​គាត់​ខ្លាច លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង គឺ​ខ្ញុំ​ទេ កុំ​ខ្លាច​ឡើយ​»។ ប៉ុន្តែ ពេត្រុស​និយាយ​ថា​៖ ​«​លោក​ម្ចាស់! បើ​ពិត​ជា​លោក​មែន សូម​បង្គាប់​ខ្ញុំ​ឲ្យ​ដើរ​លើ​ទឹក​ទៅ​ឯ​លោក​ផង​»។ នោះ​លោក​ក៏​បង្គាប់​ថា​៖ ​«​ចូរ​មក​ចុះ!​»។ ឮ​ដូច្នោះ​ពេត្រុស​ចេញ​ពី​ទូក ហើយ​ដើរ​លើ​ទឹក​ទៅ​រក​លោក​យេស៊ូ។ ប៉ុន្តែ​ដោយ​ក្រឡេក​មើល​ទៅ​ខ្យល់​ព្យុះ ពេត្រុស​ក៏​បាន​ភ័យ​ខ្លាច ហើយ​ចាប់​ផ្ដើម​លិច​ទៅ​ក្នុង​ទឹក។ រួច​គាត់​ស្រែក​ឡើង​ថា​៖ ​«​លោក​ម្ចាស់! សូម​ជួយ​សង្គ្រោះ​ខ្ញុំ​ផង!​»។ ភ្លាម​នោះ លោក​យេស៊ូ​បាន​លូក​ដៃ​ទៅ​ចាប់​ពេត្រុស ហើយ​សួរ​ថា​៖ ​«​អ្នក​មាន​ជំនឿ​តិច​អើយ! ហេតុ​អ្វី​បាន​ជា​ចាប់​ផ្ដើម​សង្ស័យ?​»។—ម៉ាថាយ ១៤:២៧​-​៣១

ក្រោយ​ពី​លោក​យេស៊ូ​និង​ពេត្រុស​បាន​ចូល​ក្នុង​ទូក​ហើយ ខ្យល់​ព្យុះ​ក៏​ស្ងប់​បាត់​ទៅ។ ពួក​អ្នក​កាន់​តាម​បាន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត ប៉ុន្តែ តើ​នេះ​គួរ​ធ្វើ​ឲ្យ​ពួក​គាត់​នឹក​អស្ចារ្យ​ឬ​ទេ? មិន​មែន​ទេ ពី​ព្រោះ​ប៉ុន្មាន​ម៉ោង​មុន​នោះ​លោក​យេស៊ូ​ទើប​តែ​បាន​ធ្វើ​អព្ភូតហេតុ​ដើម្បី​ចម្អែត​មនុស្ស​រាប់​ពាន់​នាក់ ដូច្នេះ​បើ​ពួក​គាត់​បាន​ទាញ​យក​មេ​រៀន​ពេល​ដែល​ឃើញ​«​ការ​អស្ចារ្យ​ស្តី​អំពី​នំ​ប៉័ង​»​ នោះ​ពួក​គាត់​មិន​គួរ​នឹក​អស្ចារ្យ​ដែល​លោក​យេស៊ូ​អាច​ដើរ​លើ​ទឹក​សមុទ្រ ហើយ​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់​នោះ​ឡើយ។ ឥឡូវ​ពួក​គាត់​លំឱន​កាយ​គោរព​លោក​ថា​៖ ​«​លោក​ពិត​ជា​បុត្រ​របស់​ព្រះ​មែន​»។—ម៉ាកុស ៦:៥២; ម៉ាថាយ ១៤:៣៣

មិន​យូរ​ប៉ុន្មាន ពួក​គាត់​ក៏​បាន​ទៅ​ដល់​តំបន់​ហ្គេណិសារ៉ែត ដែល​នៅ​ភាគ​ខាង​ត្បូង​ក្រុង​កាពើណិម។ តំបន់​ហ្គេណិសារ៉ែត​មាន​ទេសភាព​ដ៏​សែន​ស្អាត ហើយ​សម្បូរ​ទៅ​ដោយ​ដី​មាន​ជី​ជាតិ។ ពួក​គាត់​ក៏​បោះ​យុថ្កា​នៅ​ទី​នោះ រួច​ឡើង​មក​ឯ​ឆ្នេរ។ ពេល​ដែល​បណ្ដា​ជន​នៅ​ទី​នោះ​ឃើញ​លោក ក៏​ស្គាល់​ថា​ជា​លោក​យេស៊ូ ហើយ​ពួក​គេ​និង​អ្នក​ស្រុក​ដែល​នៅ​ជុំ​វិញ​តំបន់​នោះ ក៏​នាំ​អ្នក​ដែល​ឈឺ​មក​ជួប​លោក។ ពេល​អ្នក​ឈឺ​ទាំង​នេះ​គ្រាន់​តែ​ពាល់​ជាយ​សម្លៀក​បំពាក់​របស់​លោក​ប៉ុណ្ណោះ ពួក​គេ​ក៏​បាន​ជា​សះ​ស្បើយ។

នៅ​ចន្លោះ​ពេល​នោះ ក្រុម​មនុស្ស​ដែល​បាន​ឃើញ​លោក​យេស៊ូ​ធ្វើ​អព្ភូតហេតុ​ចម្អែត​មនុស្ស​រាប់​ពាន់​នាក់ ដឹង​ថា​លោក​បាន​ចាក​ចេញ​ហើយ។ ដូច្នេះ ពេល​ពួក​គេ​ឃើញ​ទូក​តូច​ៗ​ដែល​មក​ពី​តំបន់​ទិបេរៀស នោះ​ពួក​គេ​ក៏​ចុះ​ទូក​ទាំង​នោះ ហើយ​ចេញ​ដំណើរ​ទៅ​ក្រុង​កាពើណិម​ដើម្បី​រក​លោក​យេស៊ូ។ លុះ​ឃើញ​លោក​ហើយ ពួក​គេ​សួរ​លោក​ថា​៖ ​«​រ៉ាប៊ី តើ​លោក​អញ្ជើញ​មក​ទី​នេះ​ពី​កាល​ណា?​»។ (​យ៉ូហាន ៦:២៥​) ដោយ​មាន​មូលហេតុ​ត្រឹម​ត្រូវ លោក​យេស៊ូ​បាន​ស្តី​បន្ទោស​ពួក​គេ ដូច​ដែល​យើង​នឹង​ឃើញ​នៅ​ពេល​ក្រោយ​មក។