លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៣៩

វេទនាដល់ជំនាន់មនុស្សដែលមិនអើពើ

វេទនាដល់ជំនាន់មនុស្សដែលមិនអើពើ

ម៉ាថាយ ១១:១៦​-​៣០ លូកា ៧:៣១​-​៣៥

  • លោក​យេស៊ូ​ចាប់​ផ្ដើម​បន្ទោស​ក្រុង​មួយ​ចំនួន

  • លោក​ផ្ដល់​ការ​សម្រាល​ទុក្ខ​និង​កម្លាំង​ចិត្ត

លោក​យេស៊ូ​ចាត់​ទុក​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​ថា​ជា​អ្នក​បម្រើ​ដ៏​សំខាន់​របស់​ព្រះ។ ប៉ុន្តែ តើ​មនុស្ស​ភាគ​ច្រើន​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​យ៉ូហាន? លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ជំនាន់​នេះ​គឺ​ដូច​កូន​ក្មេង​ដែល​អង្គុយ​នៅ​ផ្សារ ហើយ​ស្រែក​ប្រាប់​កូន​ក្មេង​ឯ​ទៀត​ថា​៖ ‹យើង​បាន​ផ្លុំ​ខ្លុយ​ឲ្យ​ឯង​រាល់​គ្នា តែ​ឯង​មិន​បាន​រាំ​ទេ។ យើង​បាន​ទ្រហោ តែ​ឯង​រាល់​គ្នា​មិន​បាន​គក់​ទ្រូង​កើត​ទុក្ខ​ឡើយ›​»។—ម៉ាថាយ ១១:១៦, ១៧

តើ​លោក​យេស៊ូ​ចង់​មាន​ប្រសាសន៍​យ៉ាង​ណា? លោក​ចង់​បញ្ជាក់​ថា​៖ ​«​ពេល​ដែល​យ៉ូហាន​មក គាត់​មិន​បាន​ពិសា​អាហារ ពិសា​ស្រា ដូច​អ្នក​ឯ​ទៀត​ទេ តែ​គេ​និយាយ​ថា​៖ ‹គាត់​មាន​វិញ្ញាណ​កំណាច​ចូល›។ ពេល​ដែល​កូន​មនុស្ស​មក លោក​បាន​ពិសា​អាហារ ពិសា​ស្រា​ដូច​អ្នក​ឯ​ទៀត។ ក៏​ប៉ុន្តែ គេ​នៅ​តែ​និយាយ​ថា​៖ ‹មើល! បុរស​នេះ​ល្មោភ​ស៊ី ក៏​ជា​អ្នក​ផឹក​ស្រា ហើយ​ជា​មិត្ត​ភក្ដិ​របស់​អ្នក​យក​ពន្ធ​និង​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង!›​»។ (​ម៉ាថាយ ១១:១៨, ១៩​) យ៉ូហាន​បាន​រស់​នៅ​យ៉ាង​សាមញ្ញ​ជា​ណាសារ៉ែត សូម្បី​តែ​ស្រា​ក៏​គាត់​មិន​ពិសា​ដែរ តែ​មនុស្ស​ជំនាន់​នេះ​និយាយ​ថា​គាត់​មាន​វិញ្ញាណ​កំណាច​ចូល។ (​ជន​គណនា ៦:២, ៣; លូកា ១:១៥​) ចំណែក​ឯ​លោក​យេស៊ូ លោក​រស់​នៅ​ដូច​អ្នក​ឯ​ទៀត​ដែរ លោក​មាន​តុល្យភាព​ក្នុង​ការ​ពិសា​អាហារ ពិសា​ស្រា តែ​គេ​បែរ​ជា​ថា​លោក​ជា​អ្នក​ល្មោភ​ស៊ី និង​ល្មោភ​ផឹក​ទៅ​វិញ។ តាម​មើល​ទៅ​ពួក​គាត់​មិន​អាច​បំពេញ​ចិត្ត​មនុស្ស​ទាំង​នោះ​បាន​ឡើយ។

លោក​យេស៊ូ​បាន​ប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​កូន​ក្មេង​នៅ​ឯ​ផ្សារ​ដែល​មិន​ព្រម​រាំ ពេល​ដែល​កូន​ក្មេង​ឯ​ទៀត​បាន​ផ្លុំ​ខ្លុយ ឬ​ក៏​គក់​ទ្រូង​កើត​ទុក្ខ ពេល​ដែល​កូន​ក្មេង​ឯ​ទៀត​ទ្រហោ​យំ។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ទោះ​ជា​គេ​និយាយ​យ៉ាង​នោះ​ក៏​ដោយ អំពើ​សុចរិត​ដែល​មនុស្ស​ម្នាក់​ធ្វើ បង្ហាញ​ថា​អ្នក​នោះ​មាន​ប្រាជ្ញា​»។ (​ម៉ាថាយ ១១:១៦, ១៩​) ពិត​ណាស់ កិច្ច​ការ​ដែល​លោក​យេស៊ូ​និង​យ៉ូហាន​បាន​ធ្វើ​ជា​ភ័ស្តុតាង​យ៉ាង​ច្បាស់​ថា ការ​ចោទ​ប្រកាន់​របស់​មនុស្ស​ទាំង​នោះ​គឺ​មិន​ពិត​ទេ។

ក្រោយ​ពី​លោក​យេស៊ូ​បាន​លើក​បញ្ជាក់​ថា​មនុស្ស​ជំនាន់​នោះ​មិន​បាន​អើពើ​ទេ លោក​ក៏​ចាប់​ផ្ដើម​បន្ទោស​ក្រុង​ខូរ៉ាស៊ីន ក្រុង​បេតសេដា និង​ក្រុង​កាពើណិម ជា​កន្លែង​ដែល​លោក​បាន​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា បើ​លោក​បាន​ធ្វើ​ការ​អស្ចារ្យ​ដូច​នោះ​ក្នុង​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន​នា​តំបន់​ភេនីស៊ី នោះ​អ្នក​ក្រុង​ទាំង​នោះ​មុខ​ជា​បាន​ប្រែ​ចិត្ត​ជា​មិន​ខាន។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា លោក​បាន​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន​ក្នុង​ក្រុង​កាពើណិម​ជា​កន្លែង​ដែល​លោក​ធ្លាប់​រស់​នៅ​អស់​មួយ​រយៈ​ពេល។ ទោះ​ជា​ដូច្នោះ​ក៏​ដោយ មនុស្ស​ភាគ​ច្រើន​នៅ​ទី​នោះ​មិន​បាន​ប្រែ​ចិត្ត​ទេ។ ដូច្នេះ លោក​មាន​ប្រសាសន៍​អំពី​ក្រុង​នោះ​ថា​៖ ​«​នៅ​ថ្ងៃ​វិនិច្ឆ័យ​សេចក្ដី ក្រុង​សូដុម​នឹង​ទទួល​ទោស​ស្រាល​ជាង​អ្នក​»។—ម៉ាថាយ ១១:២៤

បន្ទាប់​មក លោក​យេស៊ូ​សរសើរ​តម្កើង​បិតា​លោក​ដែល​បាន​លាក់​សេចក្ដី​បង្រៀន​ដ៏​មាន​តម្លៃ​«​ពី​អ្នក​ប្រាជ្ញ​និង​អ្នក​ចេះ​ដឹង​»​ ប៉ុន្តែ​បាន​បើក​សម្ដែង​សេចក្ដី​បង្រៀន​ទាំង​នេះ​ដល់​អ្នក​ដែល​មាន​ចិត្ត​រាប​ទាប ដែល​ប្រៀប​ដូច​ជា​កូន​តូច​ៗ​វិញ។ (​ម៉ាថាយ ១១:២៥​) លោក​បាន​អញ្ជើញ​មនុស្ស​ដូច​នោះ ដោយ​មាន​ប្រសាសន៍​ដ៏​ទាក់​ទាញ​ចិត្ត​ថា​៖ ​«​អស់​អ្នក​ដែល​ធ្វើ​ការ​នឿយ​ហត់​ហើយ​មាន​បន្ទុក​ធ្ងន់​អើយ! ចូរ​មក​ឯ​ខ្ញុំ​ចុះ ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ ចូរ​យក​នឹម​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​ស្លូត ក៏​មាន​ចិត្ត​រាប​ទាប​ផង នោះ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ ពី​ព្រោះ​នឹម​របស់​ខ្ញុំ​ស្រួល​ពាក់ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល​»។—ម៉ាថាយ ១១:២៨​-​៣០

តើ​លោក​យេស៊ូ​បាន​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ពួក​គេ​យ៉ាង​ដូច​ម្ដេច? ពួក​អ្នក​ដឹក​នាំ​សាសនា​បាន​ដាក់​បន្ទុក​យ៉ាង​ធ្ងន់​ទៅ​លើ​បណ្ដា​ជន ដោយ​តម្រូវ​ឲ្យ​ពួក​គេ​ធ្វើ​តាម​ទំនៀម​ទម្លាប់​របស់​មនុស្ស។ ជា​ឧទាហរណ៍ ពួក​គេ​បាន​បង្កើត​ច្បាប់​យ៉ាង​តឹងរ៉ឹង​ស្តី​អំពី​ការ​កាន់​ថ្ងៃ​ឈប់​សម្រាក។ ប៉ុន្តែ លោក​យេស៊ូ​បាន​ជួយ​បណ្ដា​ជន​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ ដោយ​បង្រៀន​សេចក្ដី​ពិត​អំពី​ព្រះ​ដល់​ពួក​គេ ដែល​មិន​ទាក់​ទង​នឹង​ទំនៀម​ទម្លាប់​របស់​មនុស្ស​ទេ។ ម្យ៉ាង​ទៀត លោក​បាន​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​បាន​ត្រូវ​ពួក​អាជ្ញាធរ​ជិះ​ជាន់ ហើយ​ក៏​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ពួក​អ្នក​ដែល​បន្ទោស​ខ្លួន​យ៉ាង​ខ្លាំង​ដោយ​សារ​កំហុស​ពី​អតីតកាល​ដែរ។ បន្ថែម​ទៅ​ទៀត លោក​យេស៊ូ​បាន​បង្ហាញ​នូវ​របៀប​ដែល​ពួក​គេ​អាច​ទទួល​ការ​អភ័យ​ទោស​ពី​ព្រះ​ចំពោះ​ភាព​ខុស​ឆ្គង និង​របៀប​ដែល​ពួក​គេ​អាច​មាន​សេចក្ដី​សុខ​សាន្ត​ជា​មួយ​នឹង​ព្រះ។

អស់​អ្នក​ដែល​ព្រម​ទទួល​សេចក្ដី​អញ្ជើញ​របស់​លោក​យេស៊ូ ឬ​ពាក់​នឹម​ដ៏​ស្រួល​របស់​លោក អាច​ប្រគល់​ខ្លួន​ជូន​ព្រះ ហើយ​បម្រើ​បិតា​នៅ​ស្ថាន​សួគ៌​ដែល​ប្រកប​ដោយ​សេចក្ដី​អាណិត​មេត្ដា។ ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​ពួក​គេ​ឲ្យ​ទទួល​ការ​សម្រាល​ទុក្ខ​និង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ ពី​ព្រោះ​បញ្ញត្ដិ​របស់​ព្រះ​មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ។—យ៉ូហាន​ទី១ ៥:៣