ជំពូកទី១២៣
លោកអធិដ្ឋានពេលដែលកើតទុក្ខយ៉ាងខ្លាំង
ម៉ាថាយ ២៦:៣០, ៣៦-៤៦ ម៉ាកុស ១៤:២៦, ៣២-៤២ លូកា ២២:៣៩-៤៦ យ៉ូហាន ១៨:១
-
លោកយេស៊ូនៅក្នុងសួនហ្គេតសេម៉ានី
-
ញើសរបស់លោកបានប្រែដូចជាតំណក់ឈាម
លោកយេស៊ូបញ្ចប់សេចក្ដីអធិដ្ឋានជាមួយនឹងពួកសាវ័កដ៏ស្មោះត្រង់របស់លោក។ បន្ទាប់មក «ក្រោយពីបានច្រៀងសរសើរព្រះហើយ លោកនិងពួកគាត់បានចេញទៅភ្នំដើមអូលីវ»។ (ម៉ាកុស ១៤:២៦) ពួកគាត់ធ្វើដំណើរទៅទិសខាងកើតឆ្ពោះទៅសួនមួយដែលគេហៅថាហ្គេតសេម៉ានី។ នេះគឺជាកន្លែងដែលលោកយេស៊ូទៅជាញឹកញយ។
ពេលពួកគាត់ទៅដល់សួនដ៏ស្អាតនេះដែលមានដើមអូលីវជាច្រើន នោះលោកយេស៊ូឲ្យពួកសាវ័ក៨នាក់ចាំនៅខាងក្រៅសួន។ ពួកគាត់ប្រហែលជាចាំនៅច្រកចូលមុខសួន ពីព្រោះលោកប្រាប់ពួកគាត់ថា៖ «អ្នករាល់គ្នាអង្គុយនៅទីនេះសិន ពេលខ្ញុំទៅអធិដ្ឋាននៅទីនោះ»។ រួចលោកនាំពេត្រុស យ៉ាកុប និងយ៉ូហានចូលទៅក្នុងសួន។ បន្ទាប់មក លោកក៏តាំងកើតទុក្ខយ៉ាងខ្លាំង ហើយប្រាប់ពួកគាត់បីនាក់ថា៖ «ខ្ញុំកំពុងកើតទុក្ខស្ទើរនឹងស្លាប់។ សូមនៅទីនេះ ហើយចាំយាមជាមួយនឹងខ្ញុំ»។—ម៉ាថាយ ២៦:៣៦-៣៨
លោកយេស៊ូដើរចេញឆ្ងាយពីពួកគាត់បន្ដិច ហើយលោក«ក្រាបខ្លួនដល់ដី រួចចាប់ផ្ដើមអធិដ្ឋាន»។ ក្នុងវេលាដ៏សំខាន់នេះ តើលោកនឹងអធិដ្ឋានទៅព្រះអំពីអ្វី? លោកអធិដ្ឋានថា៖ «បិតាអើយ! លោកអាចសម្រេចគ្រប់ការទាំងអស់បាន។ សូមដកពែងនេះចេញពីខ្ញុំ។ ប៉ុន្តែសូមឲ្យបំណងរបស់លោកបានសម្រេច មិនមែនបំណងរបស់ខ្ញុំទេ»។ (ម៉ាកុស ១៤:៣៥, ៣៦) តើលោកចង់មានន័យអ្វី? តើលោកកំពុងរាថយពីការបំពេញតួនាទីជាអ្នកបង់ថ្លៃលោះឬទេ? មិនមែនទេ!
ពីមុន ពេលលោកយេស៊ូនៅស្ថានសួគ៌ លោកបានឃើញថាមនុស្សដែលត្រូវជនជាតិរ៉ូមប្រហារជីវិតគឺទទួលសេចក្ដីវេទនាខ្លាំងណាស់។ ឥឡូវនេះលោកជាមនុស្សដែលមានអារម្មណ៍ ហើយអាចមានការឈឺចាប់ ដូច្នេះលោកមិនចង់ជួបប្រទះអ្វីដែលនឹងកើតឡើងចំពោះលោកឡើយ។ ក៏ប៉ុន្តែ អ្វីដែលសំខាន់ជាងនោះទៅទៀតគឺលោកកើតទុក្ខយ៉ាងខ្លាំង ដោយសារលោកដឹងថាការស្លាប់របស់លោកដូចជាឧក្រិដ្ឋជនម្នាក់ដែលអាចនាំឲ្យនាមរបស់បិតាលោកទទួលការអាប់ឱន។ នៅប៉ុន្មានម៉ោងទៀត លោកនឹងត្រូវគេព្យួរនៅបង្គោលហាក់ដូចជាលោកជាអ្នកដែលបានប្រមាថព្រះ។
ក្រោយពីលោកយេស៊ូបានអធិដ្ឋានយ៉ាងយូរ លោកត្រឡប់ទៅឯសាវ័កបីនាក់នោះវិញ ហើយឃើញពួកគាត់កំពុងដេកលក់។ លោកមានប្រសាសន៍ទៅពេត្រុសថា៖ «តើអ្នករាល់គ្នាមិនអាចចាំយាមជាមួយនឹងខ្ញុំសូម្បីតែមួយម៉ោងទេឬ? ចូរចាំយាមហើយអធិដ្ឋានជានិច្ច ដើម្បីកុំឲ្យចាញ់សេចក្ដីល្បួងឡើយ»។ លោកយេស៊ូជ្រាបថាពួកសាវ័កក៏មានក្ដីទុក្ខព្រួយដែរ។ ម្យ៉ាងទៀត នោះជាពេលយប់ជ្រៅហើយ។ លោកមានប្រសាសន៍បន្ថែមថា៖ «ចិត្តបានប្រុងប្រៀបជាស្រេចពិតមែន ប៉ុន្តែសាច់ឈាមគឺខ្សោយណាស់»។—ម៉ាថាយ ២៦:៤០, ៤១
បន្ទាប់មក លោកយេស៊ូចេញទៅអធិដ្ឋានជាលើកទី២ ហើយសុំព្រះឲ្យដក«ពែងនេះ»ចេញពីលោក។ នៅពេលដែលលោកត្រឡប់មកវិញ នោះលោកឃើញពួកសាវ័កបីនាក់កំពុងដេកលក់ម្ដងទៀត។ នៅពេលនោះពួកគាត់គួរតែអធិដ្ឋានដើម្បីកុំឲ្យចាញ់សេចក្ដីល្បួង។ ហេតុនេះ កាលដែលលោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ នោះពួកគាត់«មិនដឹងឆ្លើយយ៉ាងណាទេ»។ (ម៉ាកុស ១៤:៤០) រួចមក លោកយេស៊ូចេញទៅលុតជង្គង់អធិដ្ឋានជាលើកទី៣។
លោកយេស៊ូថប់បារម្ភយ៉ាងខ្លាំងអំពីការនាំឲ្យនាមរបស់បិតាលោកទទួលការអាប់ឱនដោយសារលោកនឹងស្លាប់ដូចជាអ្នកទោសម្នាក់។ យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាកំពុងស្ដាប់សេចក្ដីអធិដ្ឋានរបស់បុត្រលោក ដូច្នេះនៅពេលមួយព្រះចាត់ទេវតាមួយរូបឲ្យមកដើម្បីពង្រឹងកម្លាំងចិត្តរបស់បុត្រលោក។ ទោះជាយ៉ាងលូកា ២២:៤៤
នោះក្ដី លោកយេស៊ូមិនបានឈប់អង្វរសុំបិតារបស់លោកទេ តែលោកបន្ត«អធិដ្ឋានដោយចិត្តខ្នះខ្នែងជាងមុនទៅទៀត»។ នៅពេលនេះលោកយេស៊ូកើតទុក្ខយ៉ាងខ្លាំង។ លោកជ្រាបថាបើលោកមិនបង្ហាញភាពស្មោះត្រង់រហូតដល់ទីបញ្ចប់ទេ នោះលោកនិងមនុស្សជាតិដែលបង្ហាញជំនឿ អាចបាត់បង់ជីវិតដែលគ្មានទីបញ្ចប់។ លោកត្រូវរ៉ាប់រងបន្ទុកដ៏ធ្ងន់យ៉ាងណាទៅ! ដូច្នេះ«ញើសរបស់លោកបានប្រែដូចជាតំណក់ឈាមស្រក់ចុះដល់ដី»។—ប៉ុន្តែ ពេលដែលលោកយេស៊ូត្រឡប់មកឯពួកសាវ័កជាលើកទី៣ លោកឃើញពួកគាត់កំពុងដេកលក់ម្ដងទៀត។ រួចលោកមានប្រសាសន៍ថា៖ «ហេតុអ្វីអ្នករាល់គ្នាកំពុងដេកយកកម្លាំងនៅពេលដ៏សំខាន់នេះ? មើល! ពេលដែលកូនមនុស្សនឹងត្រូវបញ្ជូនទៅក្នុងកណ្ដាប់ដៃមនុស្សប្រព្រឹត្តអំពើខុសឆ្គងគឺជិតដល់ហើយ។ ចូរក្រោកឡើង យើងនាំគ្នាទៅ។ មើល! អ្នកដែលក្បត់ខ្ញុំបានមកជិតដល់ហើយ»។—ម៉ាថាយ ២៦:៤៥, ៤៦