ជំពូកទី១១៥
លោកយេស៊ូរៀបចំសម្រាប់បុណ្យរំលងជាលើកចុងក្រោយ
ម៉ាថាយ ២៦:១-៥, ១៤-១៩ ម៉ាកុស ១៤:១, ២, ១០-១៦ លូកា ២២:១-១៣
-
យូដាសអ៊ីស្ការីយ៉ុតទទួលប្រាក់ដើម្បីក្បត់លោកយេស៊ូ
-
សាវ័កពីរនាក់រៀបចំសម្រាប់បុណ្យរំលង
លោកយេស៊ូបញ្ចប់ការបង្រៀននៅលើភ្នំដើមអូលីវ ដោយឆ្លើយសំណួររបស់សាវ័កបួននាក់ស្តីអំពីវត្តមានរបស់លោកនាអនាគត និងអំពីគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ។
ថ្ងៃទី១១ ខែណែសាន ពិតជាថ្ងៃដ៏មមាញឹកមែន! លោកយេស៊ូនិងពួកសាវ័កធ្វើដំណើរទៅស្នាក់នៅក្នុងភូមិបេថានីនាយប់នោះ។ ប្រហែលជានៅពេលនោះហើយដែលលោកយេស៊ូប្រាប់ពួកសាវ័កថា៖ «អ្នករាល់គ្នាដឹងថា នៅពីរថ្ងៃទៀតមានបុណ្យរំលង ហើយពេលនោះកូនមនុស្សនឹងត្រូវបញ្ជូនទៅឲ្យគេព្យួរលើបង្គោល»។—ម៉ាថាយ ២៦:២
នៅថ្ងៃអង្គារ ទី១១ ខែណែសាន លោកបានស្តីបន្ទោសពួកអ្នកដឹកនាំសាសនា ហើយបកអាក្រាតភាពទុច្ចរិតរបស់ពួកគេ។ ហេតុនេះ ពួកគេស្វែងរកឱកាសដើម្បីសម្លាប់លោក។ ដូច្នេះ តាមមើលទៅ នៅថ្ងៃពុធ ទី១២ ខែណែសាន លោកយេស៊ូចំណាយពេលដោយឡែកជាមួយនឹងពួកសាវ័កពេញមួយថ្ងៃ ហើយមិនបង្ហាញខ្លួនជាសាធារណៈទេ ដើម្បីកុំឲ្យមានអ្វីមករារាំងមិនឲ្យលោកធ្វើបុណ្យរំលងជាមួយនឹងពួកសាវ័កនៅថ្ងៃបន្ទាប់ក្រោយថ្ងៃលិច។ បុណ្យរំលងនៅថ្ងៃទី១៤ ខែណែសាន ជិតចាប់ផ្ដើមហើយ។
ប៉ុន្តែ ពួកសង្ឃនាយកនិងពួកបុរសចាស់ទុំមិនបាននៅស្ងៀមមុនបុណ្យរំលងឡើយ។ ពួកគេជុំគ្នានៅទីធ្លាផ្ទះរបស់សម្ដេចសង្ឃឈ្មោះកៃផាស។ ហេតុអ្វី? ពីព្រោះពួកគេខឹងយ៉ាងខ្លាំងដោយសារលោកយេស៊ូបានលាតត្រដាងភាពទុច្ចរិតរបស់ពួកគេ។ ឥឡូវ ពួកគេប្រឹក្សាគ្នា«រិះរកល្បិចកលដើម្បីចាប់ហើយសម្លាប់លោកយេស៊ូ»។ តើពួកគេនឹងធ្វើដូច្នេះយ៉ាងដូចម្ដេច ហើយតើនៅពេលណា? ពួកគេនិយាយគ្នាថា៖ «កុំធ្វើក្នុងអំឡុងពេលបុណ្យ ខ្លាចក្រែងបណ្ដាជនកើតចលាចល»។ (ម៉ាថាយ ២៦:៤, ៥) ពួកគេភ័យខ្លាចពីព្រោះបណ្ដាជនជាច្រើនពេញចិត្តនឹងលោកយេស៊ូ។
បន្ទាប់មក មានភ្ញៀវម្នាក់មកជួបពួកអ្នកដឹកនាំសាសនា។ ពួកគេច្បាស់ជាភ្ញាក់ផ្អើលណាស់ ពេលពួកគេឃើញយូដាសអ៊ីស្ការីយ៉ុតដែលជាសាវ័កម្នាក់របស់លោកយេស៊ូ។ នៅពេលនោះ សាថានបានធ្វើឲ្យយូដាសមានគំនិតក្បត់ម្ចាស់គាត់! យូដាសសួរពួកគេថា៖ «បើខ្ញុំបញ្ជូនអ្នកនោះមកឲ្យអ្នករាល់គ្នា តើនឹងឲ្យអ្វីមកម៉ាថាយ ២៦:១៥) ពេលឮដូច្នេះ ពួកអ្នកដឹកនាំសាសនាត្រេកអរណាស់ ហើយពួកគេ«ក៏ព្រមឲ្យប្រាក់ដល់គាត់»។ (លូកា ២២:៥) តើពួកគេឲ្យប្រាក់ចំនួនប៉ុន្មាន? ពួកគេព្រមឲ្យយូដាស៣០កាក់ធ្វើពីប្រាក់។ គួរឲ្យចាប់អារម្មណ៍មែនថាខ្ញុំបម្រើម្នាក់មានតម្លៃស្មើនឹង៣០កាក់ធ្វើពីប្រាក់។ (និក្ខមនំ ២១:៣២) ដូច្នេះ ពួកអ្នកដឹកនាំសាសនាបង្ហាញថាពួកគេមើលងាយមើលថោកលោកយេស៊ូ ដោយចាត់ទុកថាលោកមិនសូវមានតម្លៃទេ។ ឥឡូវ យូដាសចាប់ផ្ដើម«រកឱកាសល្អដើម្បីបញ្ជូនលោកទៅពួកគេពេលគ្មានបណ្ដាជន»។—លូកា ២២:៦
ខ្ញុំ?»។ (ថ្ងៃទី១៣ ខែណែសាន ចាប់ផ្ដើមក្រោយថ្ងៃលិចនៅថ្ងៃពុធ។ នេះជាយប់ទី៦ ហើយក៏ជាយប់ចុងក្រោយដែលលោកយេស៊ូស្នាក់នៅភូមិបេថានី។ នៅថ្ងៃបន្ទាប់ ពួកសាវ័កនឹងត្រូវបង្ហើយការរៀបចំសម្រាប់បុណ្យរំលង។ ជាឧទាហរណ៍ ត្រូវរកចៀម ហើយយកទៅសម្លាប់ ព្រមទាំងដុតទាំងមូលក្រោយថ្ងៃទី១៤ ខែណែសានចាប់ផ្ដើម។ តើពួកគាត់នឹងពិសាអាហារបុណ្យរំលងនៅកន្លែងណា ហើយតើអ្នកណានឹងរៀបចំអាហារនោះ? លោកយេស៊ូមិនទាន់ផ្ដល់ព័ត៌មានយ៉ាងល្អិតល្អន់ទេ។ ដូច្នេះ យូដាសមិនអាចប្រាប់ពួកសង្ឃនាយកបានឡើយ។
ទំនងជានៅពេលថ្ងៃនាថ្ងៃព្រហស្បតិ៍ក្នុងភូមិបេថានី លោកយេស៊ូចាត់ពេត្រុសនិងយ៉ូហានឲ្យទៅ ដោយមានប្រសាសន៍ថា៖ «ចូរទៅរៀបចំអាហារបុណ្យរំលងឲ្យយើងបរិភោគ»។ ពួកគាត់សួរថា៖ «តើលោកចង់ឲ្យយើងរៀបចំនៅកន្លែងណា?»។ លោកយេស៊ូពន្យល់ពួកគាត់ថា៖ «ពេលដែលអ្នកចូលក្នុងក្រុងនោះ បុរសម្នាក់ដែលកំពុងលីក្អមទឹកនឹងមកជួបអ្នក។ ចូរតាមគាត់ទៅក្នុងផ្ទះដែលគាត់ចូល។ អ្នកត្រូវប្រាប់ម្ចាស់ផ្ទះថា៖ ‹លោកគ្រូសួរថា៖ «តើបន្ទប់ដែលទុកឲ្យខ្ញុំបរិភោគអាហារបុណ្យរំលងជាមួយនឹងអ្នកកាន់តាមខ្ញុំនៅឯណា?»›។ អ្នកនោះនឹងបង្ហាញបន្ទប់ធំមួយនៅជាន់លើ។ ក្នុងបន្ទប់នោះគេបានដាក់ប្រដាប់ប្រដាសព្វគ្រប់រួចហើយ។ ចូររៀបចំសម្រាប់បុណ្យរំលងនៅទីនោះ»។—លូកា ២២:៨-១២
ម្ចាស់ផ្ទះនោះច្បាស់ជាអ្នកកាន់តាមម្នាក់របស់លោកយេស៊ូ។ គាត់ប្រហែលជាដឹងថាលោកយេស៊ូចង់ប្រើផ្ទះរបស់គាត់សម្រាប់បុណ្យរំលង។ ពេលដែលសាវ័កទាំងពីរនាក់នោះចូលទៅក្នុងក្រុងយេរូសាឡិម ពួកគាត់ឃើញថាអ្វីៗគឺដូចលោកយេស៊ូបានមានប្រសាសន៍មែន។ ដូច្នេះ ពួកគាត់នឹងធ្វើឲ្យប្រាកដថាចៀម និងអ្វីៗផ្សេងទៀតសម្រាប់អាហារបុណ្យរំលងបានត្រូវរៀបចំរួចជាស្រេចសម្រាប់មនុស្ស១៣នាក់ ពោលគឺលោកយេស៊ូនិងសាវ័ក១២នាក់។