លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៥៥

ទេវតាព្រះយេហូវ៉ាការពារហេសេគា

ទេវតាព្រះយេហូវ៉ាការពារហេសេគា

ចក្រភព​អាស៊ីរី​ដណ្ដើម​យក​បាន​កុលសម្ព័ន្ធ​១០​នៃ​រាជាណាចក្រ​អ៊ីស្រាអែល។ ឥឡូវ សានហេរីប​ស្ដេច​ស្រុក​អាស៊ីរី ចង់​កាន់​កាប់​កុលសម្ព័ន្ធ​ពីរ​នៃ​រាជាណាចក្រ​យូដា​ទាំង​មូល។ គាត់​ចាប់​ផ្ដើម​វាយ​យក​ក្រុង​ម្ដង​មួយ​ៗ​ក្នុង​ស្រុក​យូដា ហើយ​ក្រុង​ដែល​គាត់​ចង់​បាន​បំផុត គឺ​ក្រុង​យេរូសាឡិម។ ប៉ុន្តែ សានហេរីប​មិន​បាន​ដឹង​ថា ព្រះ​យេហូវ៉ា​កំពុង​ការ​ពារ​ក្រុង​យេរូសាឡិម​ទេ។

ស្ដេច​ហេសេគា​ស្រុក​យូដា​បាន​បង់​ប្រាក់​ជា​ច្រើន​ដល់​សានហេរីប ដើម្បី​កុំ​ឲ្យ​គាត់​វាយ​យក​ក្រុង​យេរូសាឡិម។ ទោះ​ជា​សានហេរីប​បាន​ទទួល​ប្រាក់​ក៏​ដោយ គាត់​នៅ​តែ​បញ្ជូន​កង​ទ័ព​ដ៏​ខ្លាំង​ក្លា​ឲ្យ​ទៅ​វាយ​ប្រហារ​ក្រុង​យេរូសាឡិម។ បណ្ដា​ជន​ក្នុង​ក្រុង​ភ័យ​ខ្លាច​ជា​ខ្លាំង ព្រោះ​កង​ទ័ព​អាស៊ីរី​មក​កាន់​តែ​ជិត​ក្រុង​ហើយ។ ប៉ុន្តែ ហេសេគា​បាន​ប្រាប់​បណ្ដា​ជន​ថា​៖ ‹កុំ​ភ័យ​ខ្លាច​ឡើយ។ ពិត​មែន​តែ​កង​ទ័ព​អាស៊ីរី​ខ្លាំង តែ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​យើង​ខ្លាំង​ជាង​ពួក​គេ›។

សានហេរីប​បាន​ចាត់​រ៉ាបសាកេ ឲ្យ​ទៅ​ចំអក​មើល​ងាយ​បណ្ដា​ជន​នៅ​ក្រុង​យេរូសាឡិម។ រ៉ាបសាកេ​ឈរ​នៅ​ខាង​ក្រៅ​ក្រុង ហើយ​ស្រែក​ថា​៖ ‹ព្រះ​យេហូវ៉ា​មិន​អាច​ជួយ​ពួក​អ្នក​បាន​ទេ។ កុំ​ចាញ់​ពាក្យ​បោក​បញ្ឆោត​របស់​ហេសេគា! គ្មាន​ព្រះ​ណា​អាច​ជួយ​ពួក​អ្នក​ឲ្យ​រួច​ពី​ដៃ​របស់​យើង​បាន​ឡើយ›។

ហេសេគា​សួរ​ព្រះ​យេហូវ៉ា​ថា​គាត់​គួរ​ធ្វើ​យ៉ាង​ណា។ ព្រះ​យេហូវ៉ា​ឆ្លើយ​ថា​៖ ‹កុំ​ភ័យ​ខ្លាច​ដោយ​សារ​សម្ដី​របស់​រ៉ាបសាកេ។ សានហេរីប​នឹង​មិន​បាន​ក្រុង​យេរូសាឡិម​ទេ›។ បន្ទាប់​មក ហេសេគា​បាន​ទទួល​សំបុត្រ​មួយ​ចំនួន​ពី​សានហេរីប។ ក្នុង​សំបុត្រ​ទាំង​នោះ​ថា​៖ ‹ចូរ​បោះ​បង់​ចោល​ទៅ។ ព្រះ​យេហូវ៉ា​មិន​អាច​សង្គ្រោះ​អ្នក​បាន​ទេ›។ ហេសេគា​បាន​អធិដ្ឋាន​ថា​៖ ‹ឱ​ព្រះ​យេហូវ៉ា​អើយ សូម​សង្គ្រោះ​យើង​ផង ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​ដឹង​ថា លោក​ជា​ព្រះ​ពិត​តែ​មួយ›។ ព្រះ​យេហូវ៉ា​តប​ទៅ​គាត់​ថា​៖ ‹ស្ដេច​អាស៊ីរី​គ្មាន​ថ្ងៃ​ចូល​មក​ក្នុង​ក្រុង​យេរូសាឡិម​បាន​ឡើយ។ ខ្ញុំ​នឹង​ការ​ពារ​ក្រុង​របស់​ខ្ញុំ›។

សានហេរីប​ជឿ​ជាក់​ថា ក្រុង​យេរូសាឡិម​នឹង​ក្លាយ​ជា​របស់​គាត់​ក្នុង​ពេល​ឆាប់​ៗ។ ប៉ុន្តែ នៅ​យប់​មួយ ព្រះ​យេហូវ៉ា​បាន​ចាត់​ទេវតា​មួយ​រូប ឲ្យ​ទៅ​ជំរំ​ទ័ព​ពួក​អាស៊ីរី​ដែល​នៅ​ខាង​ក្រៅ​ក្រុង ហើយ​ទេវតា​នោះ​បាន​សម្លាប់​ទ័ព​អាស៊ីរី​អស់​១៨៥.០០០​នាក់! ស្ដេច​សានហេរីប​បាត់​បង់​ទាហាន​ដ៏​ខ្លាំង​ក្លា​ទាំង​អស់​របស់​ខ្លួន។ គាត់​បរាជ័យ​យ៉ាង​ធ្ងន់​ធ្ងរ ដូច្នេះ​គាត់​ត្រូវ​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ។ ព្រះ​យេហូវ៉ា​បាន​ការ​ពារ​ហេសេគា​និង​ក្រុង​យេរូសាឡិម ដូច​ដែល​លោក​បាន​សន្យា​មែន។ បើ​ពេល​នោះ​អ្នក​រស់​នៅ​ក្នុង​ក្រុង​យេរូសាឡិម តើ​អ្នក​នឹង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ឬ​ទេ?

​«​ទេវតា​របស់​ព្រះ​យេហូវ៉ា​ការ​ពារ​អស់​អ្នក​ដែល​កោត​ខ្លាច​លោក ហើយ​សង្គ្រោះ​ពួក​គេ​»។—ចម្រៀង​សរសើរ​ព្រះ ៣៤:៧