លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​១៤

ខ្ញុំបម្រើម្នាក់បានស្តាប់បង្គាប់ព្រះ

ខ្ញុំបម្រើម្នាក់បានស្តាប់បង្គាប់ព្រះ

យ៉ូសែប​ជា​កូន​ប្រុស​ទី​១១​របស់​យ៉ាកុប។ បង​ប្រុស​ៗ​របស់​យ៉ូសែប​ដឹង​ថា ឪពុក​ស្រឡាញ់​យ៉ូសែប​ជាង​គេ។ តើ​អ្នក​គិត​ថា​ពួក​គេ​មាន​អារម្មណ៍​យ៉ាង​ណា? ពួក​គេ​ច្រណែន​យ៉ូសែប ហើយ​ស្អប់​គាត់។ ជួន​កាល យ៉ូសែប​សុបិន​ឃើញ​ប្លែក​ៗ ហើយ​ក៏​ប្រាប់​ដល់​បង​ៗ​របស់​គាត់។ ពេល​ស្ដាប់​ហើយ ពួក​គេ​គិត​ថា​សុបិន​ទាំង​នោះ​មាន​ន័យ​ថា នៅ​ថ្ងៃ​ណា​មួយ​ពួក​គេ​នឹង​ត្រូវ​ក្រាប​គោរព​យ៉ូសែប។ ដូច្នេះ ពួក​គេ​ស្អប់​គាត់​កាន់​តែ​ខ្លាំង!

មាន​ថ្ងៃ​មួយ បង​ៗ​របស់​យ៉ូសែប​កំពុង​ឃ្វាល​ចៀម​នៅ​ជិត​ក្រុង​ស៊ីគឹម។ យ៉ាកុប​បាន​ឲ្យ​យ៉ូសែប​ទៅ​សួរ​សុខ​ទុក្ខ​បង​ៗ។ កាល​ដែល​ពួក​គេ​ឃើញ​យ៉ូសែប​ពី​ចម្ងាយ ពួក​គេ​ក៏​និយាយ​គ្នា​ថា​៖ ‹នុ៎ះ​ន៏! មេ​យល់សប្ដិ​មក​ហើយ ចូរ​យើង​សម្លាប់​គាត់​ចោល!›។ ពួក​គេ​បាន​ចាប់​គាត់ ហើយ​បោះ​ទៅ​ក្នុង​អណ្ដូង​ជ្រៅ​មួយ។ ប៉ុន្តែ យូដា​និយាយ​ថា​៖ ‹កុំ​សម្លាប់​គាត់​អី! ចូរ​យើង​លក់​គាត់​ឲ្យ​ធ្វើ​ជា​ទាសករ​វិញ›។ ដូច្នេះ ពួក​គេ​ក៏​លក់​យ៉ូសែប​ទៅ​ឲ្យ​ឈ្មួញ​ជន​ជាតិ​ម៉ាឌាន ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេហ្ស៊ីប ក្នុង​តម្លៃ​ប្រាក់​២០​ដុំ។

បន្ទាប់​មក បង​ៗ​ទាំង​នោះ​បាន​យក​អាវ​របស់​យ៉ូសែប​ទៅ​ជ្រលក់​ក្នុង​ឈាម​ពពែ រួច​ផ្ញើ​អាវ​នោះ​ទៅ​ឲ្យ​ឪពុក ហើយ​សួរ​ថា​៖ ‹តើ​នេះ​ជា​អាវ​របស់​កូន​លោក​ឪពុក​មែន​ឬ​មិន​មែន?›។ ពេល​ឃើញ​អាវ​ប្រឡាក់​ឈាម យ៉ាកុប​គិត​ថា សត្វ​សាហាវ​បាន​សម្លាប់​យ៉ូសែប​ហើយ។ យ៉ាកុប​យំ​ស្ដាយ​យ៉ូសែប​ជា​ខ្លាំង ហើយ​គ្មាន​អ្នក​ណា​អាច​ជួយ​សម្រាល​ទុក្ខ​គាត់​បាន​ទេ។

នៅ​ស្រុក​អេហ្ស៊ីប គេ​បាន​លក់​យ៉ូសែប​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ឈ្មោះ ប៉ូទីផា។ ប៉ុន្តែ ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​យ៉ូសែប។ ប៉ូទីផា​បាន​ឃើញ​យ៉ូសែប​ជា​មនុស្ស​ដែល​ពូកែ​ធ្វើ​ការ និង​អាច​ទុក​ចិត្ត​បាន។ មិន​យូរ​ប៉ុន្មាន ប៉ូទីផា​បាន​តែង​តាំង​យ៉ូសែប​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​គាត់។

ប្រពន្ធ​ប៉ូទីផា​សង្កេត​ឃើញ​ថា យ៉ូសែប​មាន​រូប​រាង​សង្ហា និង​មាន​រាង​កាយ​មាំ​មួន។ ម្ល៉ោះ​ហើយ រៀង​រាល់​ថ្ងៃ នាង​បាន​សុំ​យ៉ូសែប​ឲ្យ​មក​ដេក​ជា​មួយ​នឹង​នាង។ តើ​យ៉ូសែប​នឹង​ធ្វើ​យ៉ាង​ណា? គាត់​បាន​បដិសេធ ដោយ​និយាយ​ថា​៖ ‹ទេ! នេះ​ជា​ការ​មិន​ត្រឹម​ត្រូវ​ឡើយ។ ចៅហ្វាយ​ខ្ញុំ​បាន​ទុក​ចិត្ត​ខ្ញុំ ហើយ​លោក​ស្រី​ជា​ប្រពន្ធ​របស់​គាត់។ បើ​ខ្ញុំ​ដេក​ជា​មួយ​លោក​ស្រី នោះ​ខ្ញុំ​នឹង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ចំពោះ​ព្រះ​ហើយ!›។

នៅ​ថ្ងៃ​មួយ​ទៀត ប្រពន្ធ​ប៉ូទីផា​បាន​ព្យាយាម​បង្ខំ​យ៉ូសែប​ឲ្យ​ដេក​ជា​មួយ​នឹង​នាង។ នាង​ចាប់​ទាញ​អាវ​របស់​គាត់ តែ​គាត់​បាន​រត់​ចេញ​ទៅ។ ពេល​ប៉ូទីផា​ត្រឡប់​មក​ផ្ទះ​វិញ នាង​និយាយ​កុហក​ថា យ៉ូសែប​បាន​ចាប់​រំលោភ​នាង។ នេះ​ធ្វើ​ឲ្យ​ប៉ូទីផា​ខឹង​ខ្លាំង​ណាស់ រហូត​ដល់​ចាប់​យ៉ូសែប​ដាក់​គុក។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​បាន​ភ្លេច​យ៉ូសែប​ទេ។

​«​ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន​ក្រោម​ដៃ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ ដើម្បី​ឲ្យ​លោក​តម្កើង​អ្នក​រាល់​គ្នា​នៅ​ពេល​កំណត់​»។—ពេត្រុស​ទី១ ៥:៦