លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៩៩

អ្នកយាមគុករៀនអំពីព្រះ

អ្នកយាមគុករៀនអំពីព្រះ

នៅ​ក្នុង​ក្រុង​ភីលីព ក្មេង​ស្រី​បម្រើ​ម្នាក់​មាន​វិញ្ញាណ​កំណាច​ចូល ហើយ​វា​បាន​ធ្វើ​ឲ្យ​នាង​ចេះ​ទាយ។ ដូច្នេះ នាង​រក​ប្រាក់​បាន​យ៉ាង​ច្រើន​ឲ្យ​ពួក​ម្ចាស់​របស់​នាង។ ពេល​ប៉ូល​និង​ស៊ីឡាស​មក​ដល់​ក្រុង​ភីលីព នាង​បាន​ដើរ​តាម​ពួក​គាត់​អស់​ជា​ច្រើន​ថ្ងៃ។ វិញ្ញាណ​កំណាច​បាន​ធ្វើ​ឲ្យ​នាង​ស្រែក​ឡើង​ថា​៖ ​«​បុរស​ទាំង​នេះ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​»។ នៅ​ទី​បំផុត ប៉ូល​និយាយ​ទៅ​វិញ្ញាណ​កំណាច​នោះ​ថា​៖ ‹ដោយ​នូវ​នាម​លោក​យេស៊ូ ខ្ញុំ​បង្គាប់​អ្នក​ឲ្យ​ចេញ​ពី​នាង​ទៅ!›។ វា​ក៏​ចេញ​ពី​នាង។

លុះ​ពួក​ម្ចាស់​របស់​ក្មេង​ស្រី​នោះ​ឃើញ​ថា ពួក​គេ​មិន​អាច​រក​ប្រាក់​ពី​នាង​បាន​ទៀត នោះ​ពួក​គេ​ខឹង​ខ្លាំង​ណាស់។ ពួក​គេ​នាំ​គ្នា​ទៅ​ចាប់​ទាញ​ប៉ូល​និង​ស៊ីឡាស​យក​ទៅ​ឯ​ពួក​អាជ្ញាធរ​ស៊ីវិល ហើយ​ប្រាប់​ថា​៖ ‹បុរស​ទាំង​នេះ​កំពុង​ធ្វើ​ខុស​ច្បាប់ ហើយ​នាំ​ឲ្យ​មាន​ភាព​ចលាចល​ក្នុង​ក្រុង​ទាំង​មូល!›។ ដូច្នេះ ពួក​អាជ្ញាធរ​បាន​បញ្ជា​គេ​ឲ្យ​វាយ​ប៉ូល​និង​ស៊ីឡាស ហើយ​បញ្ជូន​ទៅ​គុក។ អ្នក​យាម​បាន​ដាក់​ពួក​គាត់​នៅ​ក្នុង​គុក​ងងឹត​បំផុត ថែម​ទាំង​ដាក់​ខ្នោះ​ជើង​ពួក​គាត់​ទៀត​ផង។

នៅ​ក្នុង​គុក ប៉ូល​និង​ស៊ីឡាស​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា ហើយ​អ្នក​ទោស​ឯ​ទៀត​កំពុង​ស្ដាប់។ ប្រហែល​ជា​ពាក់​កណ្ដាល​អធ្រាត្រ ស្រាប់​តែ​កើត​មាន​រញ្ជួយ​ដី​យ៉ាង​ខ្លាំង​ធ្វើ​ឲ្យ​កក្រើក​ពេញ​គុក។ ចំណែក​ឯ​ទ្វារ​គុក​ក៏​របើក ហើយ​ច្រវាក់​និង​ខ្នោះ​ដែល​ដាក់​ពួក​អ្នក​ទោស​ក៏​របូត។ អ្នក​យាម​ប្រញាប់​រត់​ចូល​ទៅ​មើល​ខាង​ក្នុង​គុក ក៏​ឃើញ​ទ្វារ​បើក​ចំហ។ ដូច្នេះ គាត់​ហូត​ដាវ​បម្រុង​នឹង​សម្លាប់​ខ្លួន ដោយ​គិត​ស្មាន​ថា​អ្នក​ទោស​ទាំង​អស់​រត់​បាត់​ហើយ។

ប៉ុន្តែ ពេល​នោះ​ប៉ូល​ស្រែក​ឃាត់​គាត់​ថា​៖ ​«​កុំ​ធ្វើ​បាប​ខ្លួន​ឡើយ! ព្រោះ​យើង​ទាំង​អស់​គ្នា​នៅ​ឯ​នេះ​ទេ!​»។ អ្នក​យាម​គុក​រត់​ទៅ​ក្រាប​នៅ​មុខ​ប៉ូល​និង​ស៊ីឡាស ហើយ​សួរ​ពួក​គាត់​ថា​៖ ​«​តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ?​»។ ពួក​គាត់​ប្រាប់​ថា​៖ ‹អ្នក​និង​ពួក​អ្នក​ផ្ទះ​របស់​អ្នក​ត្រូវ​មាន​ជំនឿ​លើ​លោក​យេស៊ូ›។ រួច​មក ប៉ូល​និង​ស៊ីឡាស​បាន​បង្រៀន​ពួក​គេ​អំពី​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។ បន្ទាប់​មក អ្នក​យាម​គុក​និង​ពួក​អ្នក​ផ្ទះ​ទាំង​អស់​របស់​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក

​«​មនុស្ស​នឹង​ចាប់​អ្នក​រាល់​គ្នា​ថែម​ទាំង​បៀតបៀន ក៏​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​សាលា​ប្រជុំ​និង​ទៅ​គុក។ អ្នក​រាល់​គ្នា​នឹង​ត្រូវ​គេ​នាំ​ទៅ​ឯ​ស្ដេច​និង​ពួក​អភិបាល ព្រោះ​តែ​ឈ្មោះ​ខ្ញុំ។ ក៏​ប៉ុន្តែ ការ​នោះ​នឹង​ហុច​ឱកាស​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​សាក្សី​»។—លូកា ២១:១២, ១៣