មេរៀនទី១០២
យ៉ូហានបានទទួលការបើកបង្ហាញ
កាលសាវ័កយ៉ូហានជាប់គុកនៅកោះប៉ាត់ម៉ុស លោកយេស៊ូបានបើកបង្ហាញឲ្យគាត់ឃើញនិមិត្តរូបចំនួន១៦ ឬរូបភាពអំពីអនាគត។ ការបើកបង្ហាញទាំងនោះបញ្ជាក់អំពីរបៀបដែលព្រះយេហូវ៉ានឹងធ្វើឲ្យនាមលោកបានបរិសុទ្ធ រាជាណាចក្រលោកនឹងមកដល់ ហើយបំណងប្រាថ្នាលោកនឹងសម្រេចនៅផែនដីដូចនៅស្ថានសួគ៌ដែរ។
នៅក្នុងការបើកបង្ហាញមួយ យ៉ូហានឃើញព្រះយេហូវ៉ាអង្គុយលើបល្ល័ង្កដ៏រុងរឿងនៅស្ថានសួគ៌ ហើយជុំវិញនោះ មានអ្នកចាស់ទុំ២៤នាក់ស្លៀកសម្លៀកបំពាក់ពណ៌ស និងពាក់មកុដមាសនៅលើក្បាល។ ពីបល្ល័ង្កនោះ មានផ្លេកបន្ទោរនិងផ្គរលាន់។ អ្នកចាស់ទុំ២៤នាក់លំឱនកាយនៅចំពោះមុខព្រះយេហូវ៉ា ហើយគោរពប្រណិប័តន៍លោក។ នៅក្នុងការបើកបង្ហាញមួយទៀត យ៉ូហានឃើញមនុស្សមួយក្រុមធំដែលមកពីគ្រប់ប្រជាជាតិ គ្រប់ជនជាតិ និងគ្រប់ភាសាកំពុងគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ លោកយេស៊ូជាកូនចៀមកំពុងឃ្វាលពួកគេ ហើយនាំពួកគេទៅឯទឹកដែលផ្ដល់ជីវិត។ នៅក្នុងការបើកបង្ហាញមួយទៀត យ៉ូហានបានឃើញលោកយេស៊ូចាប់ផ្ដើមគ្រប់គ្រងជាស្ដេចនៅស្ថានសួគ៌ ជាមួយនឹងអ្នកចាស់ទុំ២៤នាក់។ ក្នុងការបើកបង្ហាញជាបន្ទាប់ យ៉ូហានឃើញលោកយេស៊ូកំពុងច្បាំងនឹងនាគដែលជាសាថាន និងពួកវិញ្ញាណកំណាចរបស់វា។ លោកយេស៊ូបានបោះទម្លាក់ពួកវាទៅផែនដី។
បន្ទាប់មក យ៉ូហានបានឃើញទិដ្ឋភាពដ៏អស្ចារ្យមួយ គឺកូនចៀមនិង១៤៤.០០០នាក់ឈរនៅលើភ្នំស៊ីយ៉ូន។ រួចមក គាត់ឃើញទេវតាមួយរូបហោះជុំវិញផែនដី ទាំងប្រាប់មនុស្សឲ្យកោតខ្លាចព្រះនិងសរសើរតម្កើងលោក។
នៅក្នុងការបើកបង្ហាញបន្ទាប់មកទៀត សង្គ្រាមអាម៉ាគេដូនបានផ្ទុះឡើង។ ក្នុងសង្គ្រាមនោះ លោកយេស៊ូនិងកងទ័ពរបស់លោក បានវាយឈ្នះពិភពលោកដ៏អាក្រក់របស់សាថាន។ នៅក្នុងការបើកបង្ហាញចុងក្រោយ យ៉ូហានឃើញស្ថានសួគ៌និងផែនដីពោរពេញទៅដោយសេចក្ដីសុខសាន្ត។ សាថាននិងពួកអ្នកគាំទ្រវាបានត្រូវបំផ្លាញចោលទាំងស្រុង។ គ្រប់គ្នានៅស្ថានសួគ៌និងផែនដីចាត់ទុកនាមព្រះយេហូវ៉ាគឺបរិសុទ្ធ ហើយគោរពប្រណិប័តន៍តែលោកប៉ុណ្ណោះ។
«ខ្ញុំនឹងធ្វើឲ្យអ្នកនិងស្ត្រីក្លាយទៅជាសត្រូវនឹងគ្នា ព្រមទាំងពូជអ្នកនិងពូជនាងដែរ។ ពូជនាងនឹងកិនក្បាលអ្នក ហើយអ្នកនឹងចឹកកែងជើងគាត់»។—ដើមកំណើត ៣:១៥