មេរៀនទី១០១
ប៉ូលត្រូវបញ្ជូនទៅក្រុងរ៉ូម
ពេលបញ្ចប់ដំណើរផ្សព្វផ្សាយលើកទី៣ ប៉ូលមកក្រុងយេរូសាឡិមវិញ។ នៅទីនោះ គាត់ត្រូវគេចាប់ខ្លួន និងដាក់គុក។ ពេលយប់ លោកយេស៊ូបានប្រាប់ប៉ូលក្នុងគំនិតថា៖ ‹អ្នកនឹងទៅក្រុងរ៉ូម ហើយផ្សព្វផ្សាយនៅទីនោះ›។ ប៉ូលបានត្រូវបញ្ជូនពីក្រុងយេរូសាឡិមទៅក្រុងសេសារៀ។ គាត់ជាប់គុកនៅក្រុងនោះអស់ពីរឆ្នាំ។ ពេលកំពុងជំនុំជម្រះនៅចំពោះមុខអភិបាលភេស្ទុស ប៉ូលនិយាយថា៖ ‹សូមបញ្ជូនខ្ញុំទៅក្រុងរ៉ូម ដើម្បីឲ្យសេសារវិនិច្ឆ័យក្ដីខ្ញុំ›។ ភេស្ទុសនិយាយថា៖ «ដោយសារអ្នកបានសុំលើករឿងក្ដីទៅសេសារ អ្នកប្រាកដជានឹងជួបសេសារ»។ ដូច្នេះ ប៉ូលបានត្រូវដឹកតាមសំពៅទៅក្រុងរ៉ូម ហើយគ្រិស្តសាសនិកពីរនាក់ គឺលូកានិងអារីស្តាក ក៏ទៅជាមួយនឹងគាត់ដែរ។
សំពៅបានជួបនឹងខ្យល់ព្យុះដ៏សាហាវមួយ ដែលអូសបន្លាយអស់ជាច្រើនថ្ងៃ។ គ្រប់គ្នានៅលើសំពៅគិតថា ពួកគេនឹងស្លាប់។ ប៉ុន្តែ ប៉ូលប្រាប់ថា៖ ‹អ្នករាល់គ្នាអើយ! មានទេវតាមួយរូបប្រាប់ខ្ញុំនៅក្នុងសុបិនថា៖ «ប៉ូល កុំខ្លាចឡើយ។ អ្នកនឹងទៅដល់ក្រុងរ៉ូម ហើយគ្រប់គ្នាដែលជិះសំពៅជាមួយអ្នក នឹងមានសុវត្ថិភាព»។ ដូច្នេះ ចូរក្លាហានឡើង! យើងនឹងមិនស្លាប់ទេ›។
បន្ទាប់ពីព្យុះបានបក់បោកអស់១៤ថ្ងៃ ពួកគេបានឃើញដីគោក។ នោះគឺជាកោះម៉ល់តា។ ពេលនោះ សំពៅបានប៉ះនឹងអ្វីមួយដែលនៅខាងក្រោមទឹក ហើយសំពៅក៏បែកជាបំណែកៗ។ ប៉ុន្តែ អ្នកជិះទាំង២៧៦នាក់បានទៅដល់គោកដោយសុវត្ថិភាព។ អ្នកខ្លះហែលទឹកទៅ រីឯអ្នកខ្លះទៀតតោងបំណែកសំពៅបណ្ដែតខ្លួន រហូតទៅដល់ច្រាំង។ អ្នកកោះម៉ល់តាបានជួយពួកគេ ដោយបង្កាត់ភ្លើងឲ្យពួកគេកម្ដៅខ្លួន។
បីខែក្រោយមក ពួកទាហានបាននាំប៉ូលទៅក្រុងរ៉ូមតាមសំពៅមួយទៀត។ បងប្អូនជាច្រើននាក់បានមកជួបប៉ូលនៅទីនោះ។ កាលប៉ូលឃើញបងប្អូន គាត់អរគុណព្រះយេហូវ៉ា ហើយមានកម្លាំងចិត្តឡើងវិញ។ ទោះជាប៉ូលជាអ្នកទោសក៏ដោយ គាត់បានត្រូវអនុញ្ញាតឲ្យស្នាក់នៅក្នុងផ្ទះជួល ក្រោមការយាមការពាររបស់ទាហានម្នាក់។ ប៉ូលស្នាក់នៅផ្ទះជួលអស់ពីរឆ្នាំ។ អំឡុងពេលនោះ មានមនុស្សជាច្រើនមកជួបគាត់ ហើយគាត់បានប្រាប់ពួកគេអំពីរាជាណាចក្ររបស់ព្រះ និងបង្រៀនអំពីលោកយេស៊ូ។ ប៉ូលក៏បានសរសេរសំបុត្រទៅក្រុមជំនុំជាច្រើននៅតំបន់អាស៊ីប៉ែកខាងលិច និងតំបន់យូឌាដែរ។ ពិតណាស់ ព្រះយេហូវ៉ាបានប្រើប៉ូលឲ្យផ្សព្វផ្សាយដំណឹងល្អដល់ប្រជាជាតិនានា។
«ក្នុងគ្រប់ការទាំងអស់ យើងបង្ហាញឲ្យឃើញថាយើងជាអ្នកបម្រើរបស់ព្រះ ដោយស៊ូទ្រាំអ្វីៗជាច្រើន ដោយរងទុក្ខវេទនា ដោយខ្វះខាត ដោយមានទុក្ខលំបាក»។—កូរិនថូសទី២ ៦:៤