លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៩៧

កូនេលាសទទួលឫទ្ធានុភាពបរិសុទ្ធ

កូនេលាសទទួលឫទ្ធានុភាពបរិសុទ្ធ

នៅ​ក្រុង​សេសារៀ មាន​មន្ត្រី​រ៉ូម​ជាន់​ខ្ពស់​ម្នាក់​ឈ្មោះ​កូនេលាស។ គាត់​មិន​មែន​ជា​ជន​ជាតិ​យូដា​ទេ តែ​ជន​ជាតិ​យូដា​គោរព​គាត់ ពីព្រោះ​គាត់​មាន​ចិត្ត​ទូលាយ ជួយ​ជន​ក្រី​ក្រ និង​អ្នក​ខ្វះ​ខាត។ កូនេលាស​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា ហើយ​អធិដ្ឋាន​ទៅ​លោក​ជា​និច្ច។ នៅ​ថ្ងៃ​មួយ មាន​ទេវតា​មួយ​រូប​លេច​មក​ប្រាប់​កូនេលាស​ថា​៖ ‹ព្រះ​បាន​ឮ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក។ ដូច្នេះ ចូរ​ចាត់​បុរស​ខ្លះ​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉ា ដើម្បី​អញ្ជើញ​ពេត្រុស​ឲ្យ​មក​ជួប​អ្នក›។ ភ្លាម​ៗ​នោះ កូនេលាស​បាន​ចាត់​បុរស​បី​នាក់​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉ា ដែល​នៅ​ខាង​ត្បូង​ក្រុង​សេសារៀ ចម្ងាយ​ប្រហែល​៥០​គីឡូ​ម៉ែត្រ។

ដំណាល​គ្នា​នោះ នៅ​ក្រុង​យ៉ុបប៉ា ព្រះ​បាន​ឲ្យ​ពេត្រុស​ឃើញ​ក្នុង​គំនិត។ គាត់​ឃើញ​សត្វ​ខ្លះ​ដែល​ជន​ជាតិ​យូដា​ហាម​បរិភោគ តែ​ឮ​សំឡេង​មួយ​ប្រាប់​ឲ្យ​បរិភោគ​សត្វ​ទាំង​នោះ។ ប៉ុន្តែ ពេត្រុស​បដិសេធ​ថា​៖ ‹ខ្ញុំ​មិន​ដែល​បរិភោគ​សត្វ​មិន​ស្អាត​ទេ›។ រួច​មក សំឡេង​នោះ​ប្រាប់​គាត់​ថា​៖ ‹កុំ​ហៅ​សត្វ​ទាំង​នោះ​ថា​មិន​ស្អាត​ឡើយ។ ព្រះ​បាន​ធ្វើ​ឲ្យ​ពួក​វា​ស្អាត​ហើយ›។ សំឡេង​នោះ​ប្រាប់​ទៀត​ថា​៖ ‹បុរស​បី​នាក់​កំពុង​ឈរ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​អ្នក។ ចូរ​ទៅ​ជា​មួយ​នឹង​ពួក​គេ›។ ពេត្រុស​ចេញ​ទៅ​មាត់​ទ្វារ ហើយ​សួរ​ពួក​គេ​ថា​៖ ‹តើ​ពួក​អ្នក​មក​ទី​នេះ​មាន​ការ​អ្វី?›។ ពួក​គេ​ឆ្លើយ​ថា​៖ ‹មេ​ទ័ព​រ៉ូម​ឈ្មោះ​កូនេលាស បាន​ឲ្យ​ពួក​យើង​មក​អញ្ជើញ​អ្នក​ទៅ​ផ្ទះ​របស់​គាត់​នៅ​ក្រុង​សេសារៀ›។ ពេត្រុស​បាន​អញ្ជើញ​បុរស​ទាំង​នោះ ឲ្យ​ស្នាក់​នៅ​ផ្ទះ​គាត់​មួយ​យប់។ លុះ​ស្អែក​ឡើង គាត់​និង​បុរស​ទាំង​នោះ​ចេញ​ទៅ​ក្រុង​សេសារៀ រួម​ជា​មួយ​នឹង​បង​ប្អូន​ខ្លះ​ពី​ក្រុង​យ៉ុបប៉ា។

ពេល​កូនេលាស​ឃើញ​ពេត្រុស គាត់​លំឱន​កាយ​នៅ​ទាប​ជើង​របស់​ពេត្រុស។ ប៉ុន្តែ ពេត្រុស​និយាយ​ថា​៖ ‹ចូរ​ក្រោក​ឡើង! ខ្ញុំ​ក៏​ជា​មនុស្ស​ដូច​អ្នក​ដែរ។ ព្រះ​បាន​ប្រាប់​ខ្ញុំ​ឲ្យ​មក​ផ្ទះ​របស់​អ្នក ទោះ​ជា​ជន​ជាតិ​យូដា​មិន​ទៅ​ផ្ទះ​ជន​ជាតិ​ដទៃ​ក៏​ដោយ។ ឥឡូវ​សូម​ប្រាប់​ខ្ញុំ ហេតុ​អ្វី​បាន​ជា​អ្នក​អញ្ជើញ​ខ្ញុំ​មក?›។

កូនេលាស​ប្រាប់​ពេត្រុស​ថា​៖ ‹បួន​ថ្ងៃ​មុន ពេល​ខ្ញុំ​កំពុង​អធិដ្ឋាន​ទៅ​ព្រះ ទេវតា​មួយ​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ចាត់​គេ​ទៅ​អញ្ជើញ​អ្នក​មក​ផ្ទះ​ខ្ញុំ។ សូម​បង្រៀន​យើង​អំពី​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា›។ ពេត្រុស​និយាយ​ថា​៖ ‹ឥឡូវ​ខ្ញុំ​យល់​ច្បាស់​ថា ព្រះ​មិន​រើស​មុខ​ឡើយ។ លោក​ទទួល​អស់​អ្នក​ដែល​ចង់​គោរព​ប្រណិប័តន៍​លោក›។ ពេត្រុស​បាន​បង្រៀន​ពួក​គេ​នូវ​អ្វី​ៗ​ជា​ច្រើន​អំពី​លោក​យេស៊ូ។ ពេល​នោះ ឫទ្ធានុភាព​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​កូនេលាស និង​អស់​អ្នក​ដែល​នៅ​ទី​នោះ​ជា​មួយ​គាត់ ហើយ​ពួក​គេ​គ្រប់​គ្នា​បាន​ទទួល​ការ​ជ្រមុជ​ទឹក។

​«​នៅ​គ្រប់​ប្រជាជាតិ អ្នក​ណា​ដែល​កោត​ខ្លាច​[​ព្រះ​] ហើយ​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម​ត្រូវ លោក​ពេញ​ចិត្ត​អ្នក​នោះ​»។—សកម្មភាព ១០:៣៥