លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៨១

សុន្ទរកថានៅលើភ្នំ

សុន្ទរកថានៅលើភ្នំ

បន្ទាប់​ពី​ជ្រើស​រើស​សាវ័ក​១២​នាក់ លោក​យេស៊ូ​បាន​ចុះ​ពី​ភ្នំ ហើយ​មក​ដល់​កន្លែង​ដែល​មនុស្ស​ជា​ច្រើន​ប្រមូល​ផ្ដុំ​គ្នា។ ពួក​គេ​មក​ពី​ស្រុក​កាលីឡេ តំបន់​យូឌា ក្រុង​ទីរ៉ុស ក្រុង​ស៊ីដូន ស្រុក​ស៊ីរី និង​ពី​ត្រើយ​ម្ខាង​នៃ​ទន្លេ​យ៉ូដាន់។ ពួក​គេ​ក៏​បាន​នាំ​មនុស្ស​ឈឺ និង​ពួក​អ្នក​មាន​វិញ្ញាណ​កំណាច​ចូល មក​ជួប​លោក​យេស៊ូ​ដែរ។ លោក​បាន​ធ្វើ​ឲ្យ​ពួក​គេ​ទាំង​អស់​ជា​សះ​ស្បើយ។ បន្ទាប់​មក លោក​អង្គុយ​នៅ​វាល​លើ​ភ្នំ ហើយ​ចាប់​ផ្ដើម​បង្រៀន​ពួក​គេ។ លោក​យេស៊ូ​ពន្យល់​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ បើ​យើង​ចង់​ទៅ​ជា​មិត្ត​របស់​ព្រះ។ យើង​ត្រូវ​រៀន​ស្រឡាញ់​ព្រះ​យេហូវ៉ា ដោយ​ទទួល​ស្គាល់​ថា យើង​ត្រូវ​ការ​ការ​ណែនាំ​ពី​លោក។ ប៉ុន្តែ យើង​មិន​អាច​ស្រឡាញ់​ព្រះ​បាន​ទេ បើ​យើង​មិន​ស្រឡាញ់​អ្នក​ឯ​ទៀត។ យើង​ត្រូវ​មាន​យុត្តិធម៌ និង​សប្បុរស​ចំពោះ​មនុស្ស​គ្រប់​គ្នា រួម​ទាំង​សត្រូវ​របស់​យើង​ផង។

លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ‹បើ​អ្នក​ស្រឡាញ់​តែ​មិត្ត​ភក្តិ​របស់​ខ្លួន​ប៉ុណ្ណោះ គឺ​មិន​គ្រប់​គ្រាន់​ទេ តែ​អ្នក​ក៏​ត្រូវ​ស្រឡាញ់​ទាំង​សត្រូវ​របស់​ខ្លួន​ដែរ ហើយ​អភ័យ​ទោស​ឲ្យ​គេ​អស់​ពី​ចិត្ត។ បើ​អ្នក​ណា​ម្នាក់​ឈឺ​ចិត្ត​ដោយ​សារ​អ្នក ចូរ​ប្រញាប់​ទៅ​សុំ​ទោស​អ្នក​នោះ។ អ្នក​ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ ដូច​ដែល​អ្នក​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​អ្នក›។

លោក​យេស៊ូ​ក៏​បាន​ផ្ដល់​ឱវាទ​ល្អ​អំពី​រឿង​លុយ​កាក់​ដែរ។ លោក​មាន​ប្រសាសន៍​ថា​៖ ‹ការ​ធ្វើ​ជា​មិត្ត​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា គឺ​ប្រសើរ​ជាង​ការ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន។ ចោរ​អាច​លួច​ទ្រព្យ​សម្បត្តិ​របស់​អ្នក​បាន តែ​គ្មាន​អ្នក​ណា​ម្នាក់​អាច​លួច​យក​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​បាន​ឡើយ។ ឈប់​ព្រួយ​បារម្ភ​ថា តើ​នឹង​បាន​អ្វី​បរិភោគ ផឹក ឬ​ស្លៀក​ពាក់? ចូរ​សង្កេត​មើល​សត្វ​ស្លាប ព្រះ​តែង​តែ​មាន​អាហារ​គ្រប់​គ្រាន់​សម្រាប់​ពួក​វា។ ការ​ខ្វល់​ខ្វាយ​នឹង​មិន​ជួយ​អ្នក​ឲ្យ​រស់​ថែម​មួយ​ថ្ងៃ​ទេ។ សូម​ចាំ​ថា ព្រះ​យេហូវ៉ា​ដឹង​ច្បាស់​អំពី​អ្វី​ដែល​អ្នក​ត្រូវ​ការ›។

បណ្ដា​ជន​មិន​ដែល​ឮ​អ្នក​ណា​បង្រៀន​ដូច​លោក​យេស៊ូ​ឡើយ។ ពួក​អ្នក​ដឹក​នាំ​សាសនា​មិន​បាន​បង្រៀន​ពួក​គេ​អំពី​រឿង​ទាំង​នេះ​ទេ។ ហេតុ​អ្វី​លោក​យេស៊ូ​ជា​គ្រូ​ដ៏​ល្អ​ប្រសើរ? ពីព្រោះ​អ្វី​ៗ​ដែល​លោក​បង្រៀន គឺ​មក​ពី​ព្រះ​យេហូវ៉ា។

​«​ចូរ​យក​នឹម​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ​ចុះ ពីព្រោះ​ខ្ញុំ​ស្លូត ក៏​មាន​ចិត្ត​រាប​ទាប​ផង នោះ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​»។—ម៉ាថាយ ១១:២៩