លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៧៩

លោកយេស៊ូធ្វើអព្ភូតហេតុជាច្រើន

លោកយេស៊ូធ្វើអព្ភូតហេតុជាច្រើន

លោក​យេស៊ូ​មក​ផែនដី ដើម្បី​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឫទ្ធានុភាព​បរិសុទ្ធ​ឲ្យ​លោក​យេស៊ូ​ធ្វើ​អព្ភូតហេតុ ដើម្បី​បង្ហាញ​ទុក​ជា​មុន​អំពី​អ្វី​ដែល​លោក​យេស៊ូ​នឹង​ធ្វើ ពេល​លោក​ទៅ​ជា​ស្ដេច។ លោក​យេស៊ូ​អាច​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ។ មិន​ថា​លោក​យេស៊ូ​ទៅ​កន្លែង​ណា​ទេ មនុស្ស​ឈឺ​តែង​មក​សុំ​ជំនួយ​ពី​លោក ហើយ​លោក​បាន​ធ្វើ​ឲ្យ​ពួក​គេ​គ្រប់​គ្នា​ជា​សះ​ស្បើយ។ មនុស្ស​ខ្វាក់​អាច​មើល​ឃើញ មនុស្ស​ថ្លង់​អាច​ស្ដាប់​ឮ មនុស្ស​ខ្វិន​អាច​ដើរ​បាន ហើយ​សូម្បី​តែ​មនុស្ស​ដែល​មាន​វិញ្ញាណ​កំណាច​ចូល ក៏​បាន​ជា​ឡើង​វិញ​ដែរ។ រីឯ​អ្នក​ខ្លះ​ទៀត​បាន​ជា​សះ​ស្បើយ ដោយ​គ្រាន់​តែ​ពាល់​ជាយ​សម្លៀក​បំពាក់​របស់​លោក​ប៉ុណ្ណោះ។ មនុស្ស​ម្នា​នាំ​គ្នា​ដើរ​តាម​លោក​យេស៊ូ​គ្រប់​ទី​កន្លែង។ ទោះ​ជា​លោក​ចង់​នៅ​ម្នាក់​ឯង​ក៏​ដោយ លោក​មិន​ដែល​បដិសេធ​អស់​អ្នក​ដែល​មក​រក​លោក​ទេ។

មាន​ថ្ងៃ​មួយ មនុស្ស​ខ្លះ​បាន​នាំ​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់​មក​ផ្ទះ​ដែល​លោក​យេស៊ូ​ស្នាក់​នៅ។ ប៉ុន្តែ ដោយ​សារ​ផ្ទះ​មាន​មនុស្ស​ច្រើន​កក​កុញ ទើប​មិន​អាច​ចូល​ទៅ​ខាង​ក្នុង​បាន។ ហេតុ​នេះ ពួក​គេ​បាន​ចោះ​ប្រឡោះ​មួយ​នៅ​លើ​ដំបូល ហើយ​សម្រូត​បុរស​នោះ​ចុះ​ទៅ​ឯ​លោក​យេស៊ូ។ រួច​មក លោក​យេស៊ូ​ប្រាប់​បុរស​នោះ​ថា​៖ ‹ចូរ​ក្រោក​ឡើង ហើយ​ដើរ​ទៅ​ចុះ›។ គ្រប់​គ្នា​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ជា​ខ្លាំង ពេល​បុរស​នោះ​ចាប់​ផ្ដើម​ដើរ។

នៅ​ពេល​មួយ​ទៀត កាល​លោក​យេស៊ូ​ចូល​ទៅ​ក្នុង​ភូមិ​មួយ មាន​បុរស​ឃ្លង់​១០​នាក់​ឈរ​ពី​ចម្ងាយ ហើយ​ស្រែក​ឡើង​ថា​៖ ‹លោក​យេស៊ូ សូម​ជួយ​យើង​ផង!›។ នៅ​សម័យ​នោះ អ្នក​កើត​ឃ្លង់​មិន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ជិត​មនុស្ស​ឯ​ទៀត​ទេ។ លោក​យេស៊ូ​ប្រាប់​បុរស​ទាំង​នោះ​ឲ្យ​ទៅ​វិហារ។ ស្រប​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា មនុស្ស​ឃ្លង់​ត្រូវ​ធ្វើ​ដូច្នោះ ក្រោយ​ជា​ពី​ជំងឺ។ នៅ​តាម​ផ្លូវ​ទៅ​វិហារ ពួក​គេ​បាន​ជា​សះ​ស្បើយ។ ប៉ុន្តែ ក្នុង​ចំណោម​១០​នាក់​មាន​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​ត្រឡប់​មក​អរគុណ​លោក​យេស៊ូ ហើយ​សរសើរ​តម្កើង​ព្រះ។

មាន​ស្ត្រី​ម្នាក់​ដែល​ឈឺ​ធ្ងន់​អស់​១២​ឆ្នាំ ចង់​បាន​ជំនួយ​យ៉ាង​ខ្លាំង​ពី​លោក​យេស៊ូ។ ដូច្នេះ នាង​បាន​ចូល​ទៅ​ឯ​ក្រុម​មនុស្ស​ដែល​កំពុង​ដើរ​ពី​ក្រោយ​លោក។ រួច​មក នាង​ពាល់​ជាយ​សម្លៀក​បំពាក់​របស់​លោក ហើយ​នាង​ក៏​ជា​សះ​ស្បើយ​មួយ​រំពេច។ លោក​យេស៊ូ​សួរ​ថា​៖ ​«​តើ​អ្នក​ណា​បាន​ពាល់​ខ្ញុំ?​»។ ស្ត្រី​នោះ​ភ័យ​តក់​ស្លុត​ណាស់។ ប៉ុន្តែ នាង​បាន​ចេញ​មក ហើយ​ជម្រាប​លោក​អំពី​ការ​ពិត។ លោក​យេស៊ូ​សម្រាល​ទុក្ខ​នាង ដោយ​មាន​ប្រសាសន៍​ថា​៖ ‹កូន​ស្រី​អើយ សូម​ទៅ​ឲ្យ​បាន​សេចក្ដី​សុខ›។

អ្នក​ទទួល​ខុស​ត្រូវ​សាលា​ប្រជុំ​ម្នាក់​ឈ្មោះ​យ៉ែរ៉ូស បាន​អង្វរ​លោក​យេស៊ូ​ថា​៖ ‹សូម​លោក​មក​ផ្ទះ​របស់​ខ្ញុំ! កូន​ស្រី​ខ្ញុំ​ឈឺ​ធ្ងន់​ណាស់›។ ប៉ុន្តែ មុន​ពេល​លោក​ទៅ​ដល់​ផ្ទះ​យ៉ែរ៉ូស កូន​ស្រី​របស់​គាត់​បាន​ស្លាប់​ហើយ។ ពេល​ទៅ​ដល់ លោក​ឃើញ​មនុស្ស​ជា​ច្រើន​កំពុង​យំ​កើត​ទុក្ខ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​គាត់។ លោក​ប្រាប់​ពួក​គេ​ថា​៖ ‹ឈប់​យំ​ទៅ! ក្មេង​ស្រី​នេះ​កំពុង​ដេក​លក់​ទេ›។ រួច​មក លោក​ចាប់​ដៃ​ក្មេង​ស្រី​នេះ​ឡើង ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​នាង​តូច​អើយ! ចូរ​ក្រោក​ឡើង!​»។ ភ្លាម​នោះ នាង​ក៏​ក្រោក​ឡើង ហើយ​លោក​យេស៊ូ​ប្រាប់​ឪ​ពុក​ម្ដាយ​នាង ឲ្យ​យក​អាហារ​មក​ឲ្យ​នាង​បរិភោគ។ សូម​ស្រមៃ​ទៅ​មើល តើ​ឪ​ពុក​ម្ដាយ​របស់​នាង​សប្បាយ​ចិត្ត​ខ្លាំង​យ៉ាង​ណា!

​«​ព្រះ​បាន​រើស​តាំង​លោក​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ​និង​ឫទ្ធិ​អំណាច។ លោក​បាន​ធ្វើ​ដំណើរ​ពាស​ពេញ​ស្រុក​ដោយ​ធ្វើ​អំពើ​ល្អ និង​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ត្រូវ​មេ​កំណាច​បៀតបៀន​បាន​ជា​សះ​ស្បើយ ពីព្រោះ​ព្រះ​នៅ​ជា​មួយ​នឹង​លោក​»។—សកម្មភាព ១០:៣៨