មេរៀនទី៧៤
លោកយេស៊ូទៅជាមេស្ស៊ី
យ៉ូហានបន្តប្រកាសថា៖ ‹អ្នកដែលធំជាងខ្ញុំកំពុងមក›។ ពេលលោកយេស៊ូអាយុប្រហែល៣០ឆ្នាំ លោកធ្វើដំណើរពីស្រុកកាលីឡេទៅទន្លេយ៉ូដាន់ ជាកន្លែងដែលយ៉ូហានកំពុងជ្រមុជទឹកឲ្យបណ្ដាជន។ លោកយេស៊ូចង់ឲ្យយ៉ូហានជ្រមុជទឹកឲ្យលោក តែយ៉ូហាននិយាយថា៖ ‹ខ្ញុំមិនសមនឹងជ្រមុជទឹកឲ្យលោកទេ គឺខ្ញុំទេដែលត្រូវការលោកជ្រមុជទឹកឲ្យ›។ លោកយេស៊ូប្រាប់យ៉ូហានថា៖ ‹ព្រះយេហូវ៉ាចង់ឲ្យអ្នកជ្រមុជទឹកឲ្យខ្ញុំ›។ ដូច្នេះ ពួកគាត់ទាំងពីរនាក់ចុះទៅក្នុងទន្លេយ៉ូដាន់ ហើយយ៉ូហានបានពន្លិចលោកយេស៊ូទៅក្នុងទឹក។
បន្ទាប់ពីលោកយេស៊ូងើបឡើងពីទឹក លោកបានអធិដ្ឋាន។ ភ្លាមនោះមេឃក៏បើកចំហ ហើយឫទ្ធានុភាពរបស់ព្រះដែលមានរាងដូចជាសត្វព្រាប ចុះមកសណ្ឋិតលើលោកយេស៊ូ។ ពេលនោះព្រះយេហូវ៉ាមានប្រសាសន៍ពីស្ថានសួគ៌ថា៖ «អ្នកជាបុត្រជាទីស្រឡាញ់របស់ខ្ញុំ។ ខ្ញុំពេញចិត្តអ្នកណាស់»។
ពេលឫទ្ធានុភាពរបស់ព្រះយេហូវ៉ាសណ្ឋិតលើលោកយេស៊ូ នោះលោកបានទៅជាគ្រិស្តឬមេស្ស៊ី។ ឥឡូវ លោកនឹងចាប់ផ្ដើមធ្វើកិច្ចការដែលព្រះយេហូវ៉ាបានឲ្យលោកធ្វើនៅផែនដី។
ក្រោយពីលោកយេស៊ូទទួលការជ្រមុជទឹកហើយភ្លាម លោកចេញទៅតំបន់ស្ងាត់ជ្រងំ ហើយនៅទីនោះអស់៤០ថ្ងៃ។ ពេលលោកត្រឡប់មកវិញ លោកបានទៅជួបយ៉ូហាន។ កាលដែលយ៉ូហានឃើញលោកយេស៊ូដើរឆ្ពោះមករកគាត់ នោះគាត់និយាយថា៖ ‹នោះជាកូនចៀមរបស់ព្រះ ដែលនឹងដកយកភាពខុសឆ្គងរបស់ពិភពលោក›។ យ៉ូហាននិយាយដូច្នេះដើម្បីឲ្យបណ្ដាជនដឹងថា លោកយេស៊ូគឺជាមេស្ស៊ី។ តើអ្នកដឹងថានៅក្នុងតំបន់ស្ងាត់ជ្រងំ មានអ្វីកើតឡើងចំពោះលោកយេស៊ូទេ? យើងនឹងមើលនៅមេរៀនបន្ទាប់។
«មានសំឡេងមួយមកពីលើមេឃថា៖ ‹អ្នកជាបុត្រជាទីស្រឡាញ់របស់ខ្ញុំ។ ខ្ញុំពេញចិត្តអ្នកណាស់›»។—ម៉ាកុស ១:១១