មេរៀនទី៧១
ព្រះយេហូវ៉ាការពារលោកយេស៊ូ
មនុស្សនៅតំបន់ខាងកើតនៃស្រុកអ៊ីស្រាអែលជឿថា ផ្កាយអាចជួយដឹកនាំពួកគេបាន។ នាយប់មួយ មានបុរសមួយក្រុមនៅតំបន់ខាងកើត បានឃើញអ្វីមួយមានពន្លឺផ្លេកៗដូចជាផ្កាយ កំពុងរំកិលនៅលើមេឃ។ ដូច្នេះ ពួកគេបានធ្វើដំណើរតាមផ្កាយនោះ។ បន្ទាប់មក «ផ្កាយ»បាននាំពួកគេទៅដល់ក្រុងយេរូសាឡិម។ ពួកគេសួរអ្នកក្រុងនោះថា៖ ‹តើកូនដែលនឹងធ្វើជាស្ដេចរបស់ជនជាតិយូដានៅឯណា? យើងមកដើម្បីលំឱនកាយគោរពលោក›។
ពេលស្ដេចហេរ៉ូឌនៃក្រុងយេរូសាឡិមឮថានឹងមានស្ដេចថ្មី នោះគាត់ព្រួយបារម្ភជាខ្លាំង។ គាត់បានសួរពួកសង្ឃនាយកថា៖ ‹តើស្ដេចនោះកើតនៅឯណា?›។ ពួកគេឆ្លើយថា៖ ‹ពួកអ្នកប្រកាសទំនាយប្រាប់ថា កូននោះនឹងកើតនៅក្រុងបេថ្លេហិម›។ ដូច្នេះ ហេរ៉ូឌបានហៅពួកបុរសដែលមកពីតំបន់ខាងកើត ហើយប្រាប់ថា៖ ‹ចូរទៅក្រុងបេថ្លេហិម ហើយរកកូនតូចនោះ។ រួចត្រឡប់មកប្រាប់ខ្ញុំវិញ ដើម្បីខ្ញុំអាចទៅលំឱនកាយគោរពកូននោះដែរ›។ ប៉ុន្តែ ហេរ៉ូឌនិយាយកុហកទេ។
«ផ្កាយ»ចាប់ផ្ដើមផ្លាស់ទីម្ដងទៀត ហើយនាំផ្លូវពួកបុរសទាំងនោះទៅដល់ក្រុងបេថ្លេហិម។ «ផ្កាយ»បានឈប់នៅលើផ្ទះមួយ ហើយពួកបុរសនាំគ្នាចូលទៅក្នុងផ្ទះនោះ ក៏បានជួបកូនតូចយេស៊ូនិងម៉ារៀដែលជាម្ដាយ។ ពួកគេលំឱនកាយគោរពកូនតូចនោះ ហើយជូនអំណោយផ្សេងៗដូចជាមាស ម្សៅក្រអូប និងជ័រល្វីងទេស។ តើព្រះយេហូវ៉ាបានចាត់បុរសទាំងនោះឲ្យទៅជួបលោកយេស៊ូឬ? មិនមែនទេ។
នៅយប់នោះ ព្រះយេហូវ៉ាបានប្រាប់យ៉ូសែបក្នុងសុបិនថា៖ ‹ហេរ៉ូឌចង់សម្លាប់កូនតូចយេស៊ូ។ ចូរនាំប្រពន្ធនិងកូនរត់ទៅស្រុកអេហ្ស៊ីប ហើយស្នាក់នៅទីនោះ រហូតដល់ខ្ញុំប្រាប់ថាមានសុវត្ថិភាពចាំត្រឡប់មកវិញ›។ យ៉ូសែបប្រញាប់នាំក្រុមគ្រួសារចេញទៅស្រុកអេហ្ស៊ីប។
ព្រះយេហូវ៉ាប្រាប់ពួកបុរសពីតំបន់ខាងកើត កុំឲ្យត្រឡប់ទៅជួបហេរ៉ូឌវិញ។ ពេលដឹងថាពួកគេមិនត្រឡប់មកវិញ ហេរ៉ូឌខឹងខ្លាំងណាស់។ ហេរ៉ូឌនៅតែរកលោកយេស៊ូមិនឃើញ ដូច្នេះគាត់បានចេញបញ្ជាឲ្យសម្លាប់ក្មេងប្រុសទាំងអស់នៅក្រុងបេថ្លេហិម ដែលមានអាយុស្រករនឹងលោកយេស៊ូ។ ប៉ុន្តែ លោកយេស៊ូមានសុវត្ថិភាពនៅក្នុងស្រុកអេហ្ស៊ីបហើយ!
ក្រោយពីហេរ៉ូឌស្លាប់ ព្រះយេហូវ៉ាប្រាប់យ៉ូសែបថា៖ ‹ចូរនាំក្រុមគ្រួសារត្រឡប់ទៅវិញ›។ ហេតុនេះ យ៉ូសែប ម៉ារៀ និងលោកយេស៊ូបានត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញ ហើយពួកគាត់រស់នៅក្នុងក្រុងណាសារ៉ែត។
«ដូចគ្នាដែរពាក្យដែលចេញពីមាត់ខ្ញុំទៅ . . . នឹងបានសម្រេចគ្រប់ជំពូក»។—អេសាយ ៥៥:១១