មេរៀនទី៥៩
យុវជនបួននាក់ស្ដាប់បង្គាប់ព្រះយេហូវ៉ា
ស្ដេចនេប៊ូក្នេសាបាននាំពួកអ្នកមានត្រកូលខ្ពស់របស់ស្រុកយូដាទៅក្រុងបាប៊ីឡូន ហើយតែងតាំងមន្ត្រីជាន់ខ្ពស់ម្នាក់ឈ្មោះអាសភិនណាស ឲ្យមើលការខុសត្រូវលើពួកគេ។ នេប៊ូក្នេសាបានបញ្ជាអាសភិនណាស ឲ្យជ្រើសរើសយុវជនណាដែលមានសុខភាពល្អ និងឆ្លាតជាងគេក្នុងចំណោមអ្នកទាំងនោះ។ យុវជនទាំងនេះនឹងត្រូវទទួលការបង្ហាត់បង្រៀនរយៈពេលបីឆ្នាំ ដើម្បីត្រៀមធ្វើកិច្ចការដ៏សំខាន់សម្រាប់ស្រុកបាប៊ីឡូន។ ពួកគេត្រូវរៀនអាន សរសេរ និងនិយាយភាសាអាកាឌរបស់ស្រុកបាប៊ីឡូន។ ពួកគេក៏ត្រូវបរិភោគអាហារដូចស្ដេច និងពួកមន្ត្រីដែរ។ ក្នុងចំណោមយុវជនទាំងនេះមាន ដានីយ៉ែល ហាណានា មីសាអែល និងអាសារៀ។ អាសភិនណាសបានដាក់ឈ្មោះថ្មីជាភាសាបាប៊ីឡូនឲ្យពួកគាត់គឺ ដានីយ៉ែលហៅថាបេលថេសាសា ហាណានាហៅថាសាដ្រាក់ មីសាអែលហៅថាមេសាក់ និងអាសារៀ
ហៅថាអាបេឌនេកោ។ តើការអប់រំនៅក្រុងបាប៊ីឡូននឹងធ្វើឲ្យពួកគាត់ឈប់បម្រើព្រះយេហូវ៉ាឬទេ?យុវជនទាំងបួននាក់នេះ តាំងចិត្តស្ដាប់បង្គាប់ព្រះយេហូវ៉ា។ ពួកគាត់ដឹងថាតាមច្បាប់របស់ព្រះយេហូវ៉ា អាហារខ្លះរបស់ស្ដេចបាប៊ីឡូន គឺមិនស្អាតបរិសុទ្ធ ហើយមិនគួរបរិភោគទេ។ ដូច្នេះ ពួកគាត់បាននិយាយទៅអាសភិនណាសថា៖ ‹សូមកុំឲ្យយើងបរិភោគអាហាររបស់ស្ដេចឡើយ›។ អាសភិនណាសប្រាប់ពួកគាត់ថា៖ ‹បើអ្នកមិនព្រមបរិភោគ ហើយស្ដេចឃើញថាអ្នកឈឺ នោះស្ដេចមុខជាសម្លាប់ខ្ញុំមិនខាន!›។
រួចមក ដានីយ៉ែលមានគំនិតមួយ។ គាត់ប្រាប់អ្នកមើលថែថា៖ ‹សូមឲ្យបន្លែនិងទឹកដល់ពួកយើងត្រឹម១០ថ្ងៃប៉ុណ្ណោះ រួចសូមប្រៀបធៀបពួកយើងជាមួយនឹងយុវជនដែលបរិភោគអាហាររបស់ស្ដេច›។ អ្នកមើលថែយល់ព្រមតាមពួកគាត់។
ដប់ថ្ងៃក្រោយមក ដានីយ៉ែលនិងមិត្តភក្តិបីនាក់ មើលទៅមានសុខភាពល្អជាងយុវជនឯទៀត។ ព្រះយេហូវ៉ាពេញចិត្តដែលពួកគាត់ស្ដាប់បង្គាប់លោក។ លោកថែមទាំងឲ្យដានីយ៉ែលមានប្រាជ្ញា ដើម្បីអាចកាត់ស្រាយការយល់ឃើញក្នុងគំនិត និងសុបិនផ្សេងៗ។
ក្រោយពីការបង្ហាត់បង្រៀនចប់សព្វគ្រប់ អាសភិនណាសបាននាំយុវជនទាំងនោះទៅជួបស្ដេចនេប៊ូក្នេសា។ ពេលស្ដេចនិយាយជាមួយនឹងពួកគាត់ ស្ដេចឃើញថាដានីយ៉ែល ហាណានា មីសាអែល និងអាសារៀ គឺមានប្រាជ្ញានិងវាងវៃជាងយុវជនឯទៀត។ ដូច្នេះ ស្ដេចបានឲ្យយុវជនទាំងបួននាក់នេះធ្វើជាមន្ត្រីក្នុងវិមានស្ដេច។ ពេលមានរឿងសំខាន់ៗ ស្ដេចច្រើនតែពិគ្រោះយោបល់ជាមួយពួកគាត់។ ព្រះយេហូវ៉ាបានឲ្យពួកគាត់មានប្រាជ្ញាច្រើនជាងគ្រូវេទមន្ត និងពួកអ្នកប្រាជ្ញទាំងអស់របស់ស្ដេច។
ទោះជារស់នៅប្រទេសក្រៅក៏ដោយ ដានីយ៉ែល ហាណានា មីសាអែល និងអាសារៀ មិនដែលភ្លេចថាខ្លួនជារាស្ត្ររបស់ព្រះយេហូវ៉ាទេ។ ចុះអ្នកវិញ ទោះជាពេលឪពុកម្ដាយមិននៅជាមួយក្ដី អ្នកនៅតែនឹកចាំព្រះយេហូវ៉ាជានិច្ចឬទេ?
«កុំឲ្យអ្នកណាមើលងាយអ្នកដោយសារអ្នកនៅក្មេងឡើយ។ ផ្ទុយទៅវិញ ចូរធ្វើជាគំរូល្អដល់ពួកអ្នកស្មោះត្រង់ក្នុងការនិយាយ ការប្រព្រឹត្ត សេចក្ដីស្រឡាញ់ ជំនឿ និងសេចក្ដីបរិសុទ្ធ»។—ធីម៉ូថេទី១ ៤:១២