លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១

អត្ថន័យ​នៃ«ការ​ស្រឡាញ់​ព្រះ»

អត្ថន័យ​នៃ«ការ​ស្រឡាញ់​ព្រះ»

​«​ការ​ស្រឡាញ់​ព្រះ មាន​ន័យ​ថា យើង​កាន់​តាម​បញ្ញត្ដិ​របស់​លោក ហើយ​បញ្ញត្ដិ​របស់​លោក​មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ​»។—យ៉ូហានទី១ ៥:៣

១, ២​. ហេតុ​អ្វី​បាន​ជា​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា?

តើ​អ្នក​ស្រឡាញ់​ព្រះ​ឬ​ទេ? ប្រសិនបើ​អ្នក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ហើយ អ្នក​ប្រាកដជា​នឹង​ឆ្លើយ​ថា អ្នក​ស្រឡាញ់​ព្រះ​មែន! អ្នក​ឆ្លើយ​ដូច្នេះ​ជា​ការ​ត្រឹម​ត្រូវ​ណាស់។ ជា​ការ​ធម្មតា​ទេ ដែល​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា។ តាម​ពិត ការ​ស្រឡាញ់​ព្រះ​ជា​ការ​តប​ឆ្លើយ​ទៅ​នឹង​សេចក្ដី​ស្រឡាញ់​ដែល​លោក​បាន​បង្ហាញ​ចំពោះ​យើង។ គម្ពីរ​ចែង​ថា​៖ ​«​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់ ពីព្រោះ​[​ព្រះ​យេហូវ៉ា​]​បាន​ស្រឡាញ់​យើង​ជា​មុន​»។—យ៉ូហានទី១ ៤:១៩

ព្រះ​យេហូវ៉ា​បាន​ផ្ដើម​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង​មុន។ លោក​បាន​ឲ្យ​ផែនដី​ដ៏​សែន​ស្អាត​នេះ​ធ្វើ​ជា​លំនៅ​របស់​យើង។ លោក​ក៏​ផ្គត់​ផ្គង់​អ្វី​ៗ​ដែល​យើង​ត្រូវ​ការ​សម្រាប់​ជីវិត​រស់​នៅ។ (​ម៉ាថាយ ៥:៤៣​-​៤៨​) សំខាន់​ជាង​នោះ​ទៅ​ទៀត ព្រះ​យេហូវ៉ា​ផ្ដល់​អ្វី​ៗ​ដែល​យើង​ត្រូវ​ការ​ដើម្បី​មាន​ចំណង​មិត្ដភាព​ជា​មួយ​នឹង​លោក។ ជា​ឧទាហរណ៍ លោក​ឲ្យ​គម្ពីរ ជា​បណ្ដាំ​របស់​លោក។ ម្យ៉ាង​ទៀត លោក​អញ្ជើញ​យើង​អធិដ្ឋាន ហើយ​ក៏​សន្យា​ថា​លោក​នឹង​ស្តាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង ព្រម​ទាំង​ឲ្យ​សកម្មពល​បរិសុទ្ធ​របស់​លោក​ដើម្បី​ជួយ​យើង។ (​ទំនុកតម្កើង ៦៥:២; លូកា ១១:១៣​) សំខាន់​បំផុត ព្រះ​យេហូវ៉ា​បាន​ចាត់​បុត្រ​ដែល​លោក​ស្រឡាញ់​ខ្លាំង​បំផុត​ឲ្យ​លោះ​យើង ដើម្បី​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​លោក​ស្រឡាញ់​យើង​ខ្លាំង​ណាស់!—សូម​អាន យ៉ូហាន ៣:១៦; រ៉ូម ៥:៨

៣​. (​ក​) ដើម្បី​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់ តើ​យើង​ត្រូវ​ធ្វើ​អ្វី? (​ខ​) តើ​យើង​ត្រូវ​ពិចារណា​អំពី​សំណួរ​សំខាន់​អ្វី? តើ​យើង​អាច​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​នោះ​នៅ​ឯ​ណា?

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ទទួល​សេចក្ដី​ស្រឡាញ់​ពី​លោក​ជា​និច្ច។ ប៉ុន្ដែ ការ​ទទួល​សេចក្ដី​ស្រឡាញ់​ពី​លោក​ជា​និច្ច​ឬ​មិន​ទទួល​នោះ អាស្រ័យ​ទៅ​លើ​ការ​សម្រេច​ចិត្ដ​របស់​យើង។ បណ្ដាំ​របស់​ព្រះ​ទូន្មាន​យើង​ថា​៖ ​«​ចូរ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់ . . . ដើម្បី​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ (​យូដាស ២១​) ពាក្យ​ថា​«​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់​»​បង្កប់​អត្ថន័យ​ថា យើង​ត្រូវ​ធ្វើ​អ្វី​មួយ​ទើប​អាច​ទទួល​នូវ​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​ជា​និច្ច។ យើង​ត្រូវ​តប​ឆ្លើយ​ទៅ​នឹង​សេចក្ដី​ស្រឡាញ់​របស់​លោក ដោយ​វិធី​ជាក់​លាក់។ ហេតុ​នេះ យើង​គួរ​ពិចារណា​អំពី​សំណួរ​ដ៏​សំខាន់​មួយ​គឺថា ‹តើ​ខ្ញុំ​អាច​បង្ហាញ​ថា​ខ្ញុំ​ស្រឡាញ់​ព្រះ​យ៉ាង​ដូច​ម្ដេច?›។ ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ សាវ័ក​យ៉ូហាន​បាន​ឆ្លើយ​សំណួរ​នោះ​ដោយ​សរសេរ​ថា​៖ ​«​ការ​ស្រឡាញ់​ព្រះ មាន​ន័យ​ថា យើង​កាន់​តាម​បញ្ញត្ដិ​របស់​លោក ហើយ​បញ្ញត្ដិ​របស់​លោក​មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ​»។ (​យ៉ូហាន​ទី​១ ៥:៣​) យើង​គួរ​គិត​ឲ្យ​បាន​ជ្រៅ​ជ្រះ​អំពី​អត្ថន័យ​នៃ​ពាក្យ​នេះ ពីព្រោះ​យើង​ចង់​បង្ហាញ​ព្រះ​ថា​យើង​ស្រឡាញ់​លោក​ខ្លាំង​ណាស់។

អត្ថន័យ​នៃ​«​ការ​ស្រឡាញ់​ព្រះ​»

៤, ៥​. សូម​ប្រាប់​អំពី​របៀប​ដែល​អ្នក​ចាប់​ផ្ដើម​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា។

សាវ័ក​យ៉ូហាន​បាន​ចាប់​ផ្ដើម​ដោយ​សរសេរ​ថា​៖ ​«​ការ​ស្រឡាញ់​ព្រះ មាន​ន័យ​ថា . . . ​»។ យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​គាត់​បាន​ពន្យល់​ស្ដី​អំពី​ការ​ស្រឡាញ់​ព្រះ។ ប៉ុន្ដែ​មុន​នឹង​យើង​រៀន​អំពី​រឿង​នេះ សូម​នឹក​គិត​អំពី​ពេល​ដែល​អ្នក​ទើប​ចាប់​ផ្ដើម​ស្រឡាញ់​ព្រះ​យេហូវ៉ា។

ការ​ប្រគល់​ខ្លួន​ជូន​ព្រះ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក​ជា​ការ​ចាប់​ផ្ដើម​មាន​ជីវិត​រស់​នៅ​ដែល​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា​ដោយ​សេចក្ដី​ស្រឡាញ់

សូម​គិត​អំពី​ពេល​ដំបូង​ដែល​អ្នក​រៀន​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​លោក ហើយ​អ្នក​ចាប់​ផ្ដើម​មាន​ជំនឿ។ នៅ​ពេល​នោះ​អ្នក​យល់​ថា អ្នក​ជា​មនុស្ស​ដែល​កើត​មក​មាន​ភាព​ខុស​ឆ្គង​និង​នៅ​ដាច់​ឆ្ងាយ​ពី​ព្រះ។ ប៉ុន្ដែ តាម​រយៈ​គ្រិស្ដ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​លទ្ធភាព​ឲ្យ​អ្នក​ទទួល​បាន​នូវ​ភាព​ល្អ​ឥត​ខ្ចោះ​ដែល​អាដាម​បាត់បង់ ហើយ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ (​ម៉ាថាយ ២០:២៨; រ៉ូម ៥:​១២, ១៨​) អ្នក​ក៏​ចាប់​ផ្ដើម​យល់​ថា​ព្រះ​យេហូវ៉ា​បាន​លះ​បង់​ប្រយោជន៍​លោក​ដល់​កម្រិត​ណា ដោយ​បាន​ចាត់​បុត្រ​ដែល​លោក​ស្រឡាញ់​ខ្លាំង​បំផុត​ឲ្យ​មក​ស្លាប់​ដើម្បី​អ្នក។ នេះ​បាន​ធ្វើ​ឲ្យ​អ្នក​រំជួល​ចិត្ដ ហើយ​អ្នក​ចាប់​ផ្ដើម​ស្រឡាញ់​ព្រះ​ដែល​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​យ៉ាង​នេះ​ចំពោះ​អ្នក។—សូម​អាន យ៉ូហាន​ទី១ ៤:៩, ១០

៦​. តើ​អ្វី​បង្ហាញ​ថា​យើង​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ពិត​ប្រាកដ? ហើយ​តើ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​បាន​ជំរុញ​អ្នក​ឲ្យ​ធ្វើ​អ្វី?

ប៉ុន្ដែ​ការ​មាន​អារម្មណ៍​ថា​ស្រឡាញ់​ព្រះ គ្រាន់តែ​ជា​ការ​ចាប់​ផ្ដើម​មាន​សេចក្ដី​ស្រឡាញ់​ពិត​ប្រាកដ​ចំពោះ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។ សេចក្ដី​ស្រឡាញ់​មិន​ត្រឹម​តែ​ជា​អារម្មណ៍​ប៉ុណ្ណោះ​ទេ ហើយ​ការ​ស្រឡាញ់​ព្រះ​យ៉ាង​ពិត​ប្រាកដ​ក៏​មិន​គ្រាន់តែ​ជា​ការ​និយាយ​ថា​«​ខ្ញុំ​ស្រឡាញ់​ព្រះ​យេហូវ៉ា​»​ដែរ។ ដូច​ជំនឿ​ពិត​ដែរ សេចក្ដី​ស្រឡាញ់​ដ៏​ពិត​ត្រូវ​បញ្ជាក់​ឲ្យ​ឃើញ​ដោយ​ការ​ប្រព្រឹត្ដ។ (​យ៉ាកុប ២:២៦​) ជា​ពិសេស យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ធ្វើ​អ្វី​ដែល​គាប់​ចិត្ដ​បុគ្គល​ដែល​យើង​ស្រឡាញ់។ ដូច្នេះ ពេល​ដែល​អ្នក​ចាប់​ផ្ដើម​ស្រឡាញ់​ព្រះ​យេហូវ៉ា នោះ​អ្នក​ក៏​កើត​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​មួយ​ដែរ ពោល​គឺ​ចង់​រស់​នៅ​តាម​របៀប​ដែល​គាប់​ចិត្ដ​បិតា​របស់​អ្នក​នៅ​ស្ថាន​សួគ៌។ តើ​អ្នក​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា​ឬ​ទេ? បើ​ដូច្នេះ ភាព​ស្មោះ​ត្រង់​និង​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​បែប​នេះ​បាន​ជំរុញ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត គឺ​អ្នក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក ហើយ​បាន​បង្ហាញ​ថា​អ្នក​បាន​ធ្វើ​ដូច្នេះ ដោយ​ទទួល​ការ​ជ្រមុជ​ទឹក។ (សូម​អាន រ៉ូម ១៤:៧, ៨) ដើម្បី​ធ្វើ​អ្វី​ដែល​អ្នក​បាន​សន្យា​នឹង​ព្រះ​យេហូវ៉ា​យ៉ាង​អស់ពី​ចិត្ដ នោះ​អ្នក​ត្រូវ​ធ្វើ​អ្វី​ដែល​សាវ័ក​យ៉ូហាន​បាន​សរសេរ​ក្រោយ​មក​ទៀត។

«​យើង​កាន់​តាម​បញ្ញត្ដិ​របស់​លោក​»

៧​. តើ​បញ្ញត្ដិ​របស់​ព្រះ​មាន​អ្វី​ខ្លះ? ហើយ​តើ​ការ​ធ្វើ​តាម​បញ្ញត្ដិ​ទាំង​នេះ​តម្រូវ​ឲ្យ​យើង​មាន​របៀប​រស់​នៅ​បែប​ណា?

យ៉ូហាន​ពន្យល់​អត្ថន័យ​នៃ​ការ​ស្រឡាញ់​ព្រះ​ថា​៖ ​«​យើង​កាន់​តាម​បញ្ញត្ដិ​របស់​លោក​»។ តើ​បញ្ញត្ដិ​របស់​លោក​មាន​អ្វី​ខ្លះ? ព្រះ​យេហូវ៉ា​ឲ្យ​បញ្ញត្ដិ​ជាក់​លាក់​មួយ​ចំនួន​តាម​រយៈ​បណ្ដាំ​របស់​លោក​ក្នុង​គម្ពីរ។ ជា​ឧទាហរណ៍ លោក​ហាម​មិន​ឲ្យ​ផឹក​ស្រា​ដល់​ស្រវឹង ប្រព្រឹត្ដ​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ គោរព​បូជា​រូប​ព្រះ លួច និង​កុហក​ជា​ដើម។ (​កូរិនថូសទី១ ៥:១១; ៦:១៨; ១០:១៤; អេភេសូរ ៤:២៨; កូឡុស ៣:៩​) ការ​ធ្វើ​តាម​បញ្ញត្ដិ​របស់​ព្រះ តម្រូវ​ឲ្យ​យើង​រស់​នៅ​សម​ស្រប​តាម​ខ្នាត​តម្រា​ដ៏​ច្បាស់​លាស់​ក្នុង​គម្ពីរ​ស្ដី​អំពី​សីលធម៌។

៨, ៩​. ក្នុង​ករណី​ដែល​គ្មាន​បញ្ញត្ដិ​ចំ​ៗ​ក្នុង​គម្ពីរ តើ​យើង​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ​ឲ្យ​យើង​ធ្វើ? សូម​ឲ្យ​ឧទាហរណ៍​មួយ។

ប៉ុន្ដែ ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ យើង​មិន​គ្រាន់តែ​ធ្វើ​តាម​បញ្ញត្ដិ​ចំ​ៗ​របស់​លោក​ប៉ុណ្ណោះ​ទេ ព្រោះ​ព្រះ​យេហូវ៉ា​មិន​ឲ្យ​ច្បាប់​តឹង​តែង​ដើម្បី​កាន់កាប់​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ធ្វើ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ឡើយ។ ដូច្នេះ រៀង​រាល់​ថ្ងៃ​យើង​ប្រហែលជា​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន​ដែល​គ្មាន​បញ្ញត្ដិ​ចំ​ៗ​ក្នុង​គម្ពីរ​ទេ។ ក្នុង​ករណី​បែប​នេះ តើ​យើង​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ​អ្វី? គម្ពីរ​បញ្ជាក់​ច្បាស់​អំពី​គំនិត​របស់​ព្រះ។ កាល​ដែល​យើង​សិក្សា​គម្ពីរ យើង​រៀន​ឲ្យ​ដឹង​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់​និង​អ្វី​ដែល​លោក​ស្អប់។ (សូម​អាន ទំនុក​តម្កើង ៩៧:១០; សុភាសិត ៦:១៦​-​១៩​) យើង​ចាប់​ផ្ដើម​យល់​អំពី​ការ​ប្រព្រឹត្ដ​និង​ចិត្ដ​គំនិត​ដែល​លោក​ចាត់​ទុក​ថា​ល្អ។ បើ​យើង​រៀន​កាន់​តែ​ច្រើន​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា​និង​ការ​ប្រព្រឹត្ដ​របស់​លោក នោះ​យើង​នឹង​អាច​ឲ្យ​គំនិត​របស់​លោក​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​មក​លើ​ការ​សម្រេច​ចិត្ដ​និង​ការ​ប្រព្រឹត្ដ​របស់​យើង។ យ៉ាង​នេះ ទោះ​បី​ជា​យើង​ជួប​នឹង​កាលៈទេសៈ​មួយ​ដែល​គ្មាន​បញ្ញត្ដិ​ចំ​ៗ​ក្នុង​គម្ពីរ​ក៏​ដោយ ក៏​យើង​អាច​យល់​«​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​»​ដែរ។—អេភេសូរ ៥:១៧

ជា​ឧទាហរណ៍ គម្ពីរ​គ្មាន​បញ្ញត្ដិ​ចំ​ៗ​ដែល​ចែង​ថា កុំ​មើល​កុន​ឬ​កម្មវិធី​ទូរទស្សន៍​ដែល​មាន​អំពើ​ឃោរឃៅ​ព្រៃផ្សៃ​ឬ​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​នោះ​ទេ។ ប៉ុន្ដែ តើ​យើង​ពិត​ជា​ត្រូវ​ការ​ច្បាប់​ចំ​ៗ​ដែល​ហាម​មិន​ឲ្យ​មើល​អ្វី​ៗ​បែប​នេះ​ឬ​ទេ? យើង​ស្គាល់​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​ទាំង​នេះ។ បណ្ដាំ​របស់​លោក​ចែង​ច្បាស់​ថា​៖ ​«​[​ព្រះ​យេហូវ៉ា​]​ស្អប់ . . . ពួក​អ្នក​ដែល​ចូល​ចិត្ដ​ខាង​សេចក្ដី​ច្រឡោត[​ឬ​«​អំពើ​ឃោរឃៅ​»​]​»។ (​ទំនុកតម្កើង ១១:​៥; ខ.ស.​) គម្ពីរ​ក៏​ចែង​ថា​៖ ​«​ព្រះ​នឹង​វិនិច្ឆ័យ​ទោស​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​ប្រាសចាក​សីលធម៌​»។ (​ហេប្រឺ ១៣:៤​) បើ​យើង​រំពឹង​គិត​អំពី​ប្រសាសន៍​ទាំង​នោះ​របស់​ព្រះ យើង​អាច​យល់​ច្បាស់​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា។ ដូច្នេះ យើង​សម្រេច​ចិត្ដ​មិន​មើល​អ្វី​ដែល​បង្ហាញ​យ៉ាង​ល្អិត​ល្អន់​និង​ជាក់​ស្ដែង​អំពី​អ្វី​ដែល​ព្រះ​របស់​យើង​ស្អប់​ទេ។ យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ​ពេល​ដែល​យើង​មិន​ព្រម​មើល​រឿង​អាក្រក់​ជួជាតិ​ឬ​ថោក​ទាប​ដែល​ពិភព​លោក​នេះ​ចង់​ឲ្យ​យើង​ចាត់​ទុក​ថា គ្រាន់តែ​ជា​រឿង​សម្រាប់​មើល​កម្សាន្ដ​ប៉ុណ្ណោះ។ *

១០, ១១​. ហេតុ​អ្វី​យើង​សម្រេច​ចិត្ដ​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា? ហើយ​តើ​យើង​ស្តាប់​បង្គាប់​ដល់​កម្រិត​ណា?

១០ តើ​អ្វី​ជា​មូលហេតុ​សំខាន់​បំផុត​ដែល​យើង​ធ្វើ​តាម​បញ្ញត្ដិ​របស់​ព្រះ? ជា​រៀង​រាល់​ថ្ងៃ ហេតុ​អ្វី​យើង​ចង់​ប្រព្រឹត្ដ​សម​ស្រប​តាម​គំនិត​របស់​ព្រះ? យើង​ធ្វើ​ដូច្នេះ​មិន​គ្រាន់តែ​ដើម្បី​ឲ្យ​រួច​ពី​ទោស ឬ​ដើម្បី​កុំ​ឲ្យ​ទទួល​ផល​វិបាក​ដូច​មនុស្ស​ដែល​មិន​ព្រម​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ប៉ុណ្ណោះ​ទេ។ (​កាឡាទី ៦:៧​) ប៉ុន្ដែ​យើង​ចាត់​ទុក​ការ​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា​ជា​ឱកាស​ដើម្បី​បង្ហាញ​លោក​ថា​យើង​ស្រឡាញ់​លោក។ ដូច​កូន​ចង់​ធ្វើ​ឲ្យ​ឪពុក​ពេញ​ចិត្ដ យើង​ក៏​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ​នឹង​យើង​ដែរ។ (​ទំនុកតម្កើង ៥:១២​) ព្រះ​យេហូវ៉ា​ជា​បិតា​របស់​យើង ហើយ​យើង​ស្រឡាញ់​លោក។ គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​មាន​អំណរ​ខ្លាំង​ជាង​ការ​ដឹង​ថា​យើង​កំពុង​រស់​នៅ​តាម​របៀប​ដែល​«​គាប់​ព្រះ​ហឫទ័យ​»​ព្រះ​យេហូវ៉ា​ទេ។—សុភាសិត ១២:២, ខ.ស.

១១ ដូច្នេះ យើង​មិន​ស្តាប់​បង្គាប់​ព្រះ​ទាំង​ទើស​ទាល់​នោះ​ទេ ហើយ​យើង​ក៏​មិន​ដាក់​ល័ក្ខខ័ណ្ឌ​ដែរ។ * យើង​មិន​ជ្រើស​រើស​បញ្ញត្ដិ​ដែល​យើង​ចង់​ធ្វើ​តាម ហើយ​បដិសេធ​បញ្ញត្ដិ​ដែល​យើង​មិន​ចង់​ធ្វើ​តាម​នោះ​ទេ។ ម្យ៉ាង​ទៀត យើង​មិន​គ្រាន់តែ​ស្តាប់​បង្គាប់​ពេល​ដែល​មិន​រំខាន​ដល់​អ្វី​ដែល​យើង​ចង់​ធ្វើ​ឬ​ពេល​ដែល​ស្រួល​ធ្វើ​តាម​ប៉ុណ្ណោះ​ទេ។ ផ្ទុយ​ទៅ​វិញ យើង​«​ស្តាប់​បង្គាប់​យ៉ាង​ស្មោះ​អស់ពី​ចិត្ដ​»។ (​រ៉ូម ៦:១៧​) យើង​មាន​អារម្មណ៍​ដូច​អ្នក​តែង​ទំនុកតម្កើង​ក្នុង​គម្ពីរ​ដែល​ថា​៖ ​«​ទូល​បង្គំ​នឹង​មាន​ចិត្ដ​រីករាយ ដោយ​សារ​សេចក្ដី​បង្គាប់​របស់​ទ្រង់ ជា​សេចក្ដី​ដែល​ទូល​បង្គំ​បាន​ស្រឡាញ់​»។ (​ទំនុកតម្កើង ១១៩:៤៧​) យើង​ស្រឡាញ់​បង្គាប់​របស់​ព្រះ​យេហូវ៉ា ហើយ​ចូល​ចិត្ដ​ស្តាប់​បង្គាប់​លោក។ យើង​ទទួល​ស្គាល់​ថា​លោក​សម​នឹង​ទទួល​ការ​ស្តាប់​បង្គាប់​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​ក្នុង​គ្រប់​ការ​ទាំង​អស់ ហើយ​លោក​ក៏​តម្រូវ​ឲ្យ​យើង​ធ្វើ​ដូច្នេះ​ដែរ។ (​ចោទិយកថា ១២:៣២​) យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​អំពី​យើង ដូច​អ្វី​ដែល​គម្ពីរ​ចែង​អំពី​ណូអេ។ ណូអេ​មាន​ភាព​ស្មោះ​ត្រង់​នឹង​ព្រះ ហើយ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក​ដោយ​ស្តាប់​បង្គាប់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ គម្ពីរ​ចែង​អំពី​ណូអេ​ថា​៖ ​«​ណូអេ​ក៏​ធ្វើ . . . តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ​បាន​បង្គាប់ គាត់​ធ្វើ​ការ​នោះ​សំ​រេច​ទាំង​អស់​»។—លោកុប្បត្ដិ ៦:២២

១២​. តើ​នៅ​ពេល​ណា​ដែល​ការ​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​លោក​មាន​ចិត្ដ​រីករាយ?

១២ ពេល​ដែល​យើង​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា​ដោយ​ស្មោះ​ស្ម័គ្រ តើ​លោក​មាន​អារម្មណ៍​យ៉ាង​ណា? បណ្ដាំ​របស់​លោក​ចែង​ថា យើង​ធ្វើ​ឲ្យ​‹ចិត្ដ​លោក​បាន​រីក​រាយ›​ពេល​ដែល​ធ្វើ​ដូច្នេះ។ (​សុភាសិត ២៧:១១​) ពេល​យើង​ស្តាប់​បង្គាប់​ម្ចាស់​ដ៏​ឧត្ដម​បំផុត​ក្នុង​សកលលោក​ទាំង​មូល តើ​លោក​ពិត​ជា​មាន​ចិត្ដ​រីករាយ​ឬ​ទេ? លោក​ពិត​ជា​មាន​ចិត្ដ​រីករាយ​មែន! ហើយ​មាន​មូលហេតុ​សំខាន់​ដែល​លោក​មាន​អារម្មណ៍​ដូច្នេះ។ ព្រះ​យេហូវ៉ា​បង្កើត​យើង​ឲ្យ​មាន​ចិត្ដ​សេរី។ នេះ​មាន​ន័យ​ថា​យើង​អាច​ធ្វើ​ការ​សម្រេច​ចិត្ដ​ដោយ​ខ្លួន​យើង គឺ​អាច​សម្រេច​ចិត្ដ​ស្តាប់​បង្គាប់​ព្រះ ឬ​អាច​សម្រេច​ចិត្ដ​មិន​ស្តាប់​បង្គាប់​លោក។ (​ចោទិយកថា ៣០:​១៥, ១៦, ១៩, ២០​) ពេល​ដែល​យើង​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា​ដោយ​ស្មោះ​ស្ម័គ្រ ពីព្រោះ​យើង​មាន​ចិត្ដ​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក នោះ​យើង​ធ្វើ​ឲ្យ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​មាន​ចិត្ដ​រីករាយ​ក្រៃ​លែង។ (​សុភាសិត ១១:២០​) ម្យ៉ាង​ទៀត ពេល​យើង​ធ្វើ​ដូច្នេះ នោះ​មាន​ន័យ​ថា​យើង​កំពុង​ជ្រើស​រើស​របៀប​រស់​នៅ​ដ៏​ល្អ​បំផុត។

«​បញ្ញត្ដិ​របស់​លោក​មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ​»

១៣, ១៤​. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​‹បញ្ញត្ដិ​របស់​ព្រះ​មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ›? ហើយ​តើ​ឧទាហរណ៍​អ្វី​អាច​ជួយ​យើង​យល់​អំពី​ចំណុច​នោះ?

១៣ សាវ័ក​យ៉ូហាន​បាន​សរសេរ​អ្វី​មួយ​ដែល​លើក​ទឹក​ចិត្ដ​យើង​ខ្លាំង​ណាស់ ស្ដី​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ធ្វើ។ គាត់​សរសេរ​ថា​៖ ​«​បញ្ញត្ដិ​របស់​លោក​មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ​»។ អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ពី​យើង​មិន​មែន​ហួស​ហេតុ​ឬ​តឹង​តែង​ពេក​នោះ​ទេ។ * ច្បាប់​របស់​លោក​មិន​មែន​ជា​អ្វី​ដែល​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​គ្មាន​សមត្ថភាព​ធ្វើ​តាម​ឡើយ។

១៤ សូម​គិត​អំពី​ឧទាហរណ៍​នេះ។ មិត្ដ​ជិត​ស្និទ្ធ​សុំ​ឲ្យ​អ្នក​ជួយ​គាត់​រើ​ផ្ទះ។ គាត់​មាន​អីវ៉ាន់​ច្រើន​ដែល​ត្រូវ​លើក​យក​ទៅ។ អីវ៉ាន់​ខ្លះ​ស្រាល​ល្មម​ឲ្យ​មនុស្ស​ម្នាក់​អាច​លើក​បាន តែ​អីវ៉ាន់​ឯ​ទៀត​ធ្ងន់​ហើយ​ត្រូវ​មាន​ពីរ​នាក់​ទើប​លើក​រួច។ មិត្ដ​របស់​អ្នក​ជ្រើស​រើស​អីវ៉ាន់​ដែល​គាត់​ចង់​ឲ្យ​អ្នក​យក។ តើ​គាត់​នឹង​សុំ​ឲ្យ​អ្នក​លើក​អីវ៉ាន់​ដែល​គាត់​ដឹង​ថា​ធ្ងន់​ពេក​សម្រាប់​អ្នក​ឬ​ទេ? គាត់​មិន​ធ្វើ​ដូច្នេះ​ទេ។ គាត់​មិន​ចង់​ឲ្យ​អ្នក​ខំ​លើក​ម្នាក់​ឯង​រួច​មាន​ការ​ភ្លាត់​ឬ​ថ្លោះ​នាំ​ឲ្យ​ឈឺ​ទេ។ ស្រដៀង​គ្នា​ដែរ ព្រះ​ស្រឡាញ់​យើង ហើយ​ក៏​សប្បុរស​ដែរ លោក​មិន​សុំ​ឲ្យ​យើង​ធ្វើ​តាម​បញ្ញត្ដិ​ដែល​ពិបាក​ពេក​សម្រាប់​យើង​ឡើយ។ (​ចោទិយកថា ៣០:១១​-​១៤​) លោក​នឹង​មិន​ដែល​សុំ​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​ជា​បន្ទុក​ធ្ងន់​ដូច្នេះ​ទេ។ ព្រះ​យេហូវ៉ា​ជ្រាប​អំពី​កម្រិត​សមត្ថភាព​របស់​យើង ព្រោះ​«​ទ្រង់​ស្គាល់​រាង​កាយ​របស់​យើង ក៏​នឹក​ចាំ​ថា យើង​គ្រាន់តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ​»។—ទំនុកតម្កើង ១០៣:១៤

១៥​. ហេតុ​អ្វី​យើង​អាច​ជឿ​ជាក់​ថា​បញ្ញត្ដិ​របស់​ព្រះ​យេហូវ៉ា គឺ​ដើម្បី​ឲ្យ​យើង​ទទួល​ប្រយោជន៍​ល្អ​បំផុត?

១៥ បញ្ញត្ដិ​របស់​ព្រះ​យេហូវ៉ា​ប្រាកដជា​មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ តែ​ផ្ទុយ​ទៅ​វិញ បញ្ញត្ដិ​ទាំង​នោះ​គឺ​ដើម្បី​ឲ្យ​យើង​ទទួល​ប្រយោជន៍​ច្រើន​បំផុត។ (សូម​អាន អេសាយ ៤៨:១៧) ហេតុ​នេះ​ម៉ូសេ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ដ​តាម​អស់​ទាំង​ច្បាប់​ទាំង​នេះ ហើយ​ឲ្យ​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សប្បាយ​ជា​ដរាប ហើយ​ឲ្យ​ទ្រង់​បាន​ថែ​រក្សា​ទុក​ជីវិត​យើង​រាល់​គ្នា ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ​»។ (​ចោទិយកថា ៦:២៤, យើង​កែ​ជា​អក្សរ​ទ្រេត​) យើង​ក៏​អាច​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​ឲ្យ​ច្បាប់​មក​យើង ដើម្បី​ឲ្យ​យើង​ទទួល​ប្រយោជន៍​ល្អ​បំផុត គឺ​ទទួល​ប្រយោជន៍​ជា​យូរ​អង្វែង ពោល​គឺជា​រៀង​រហូត។ បើ​យើង​ពិចារណា​ទៅ គឺ​ច្បាស់​ជា​ដូច្នោះ​មែន មែន​ទេ? ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​គ្មាន​កម្រិត​ឡើយ។ (​រ៉ូម ១១:៣៣​) ដូច្នេះ លោក​ជ្រាប​អំពី​អ្វី​ដែល​ផ្ដល់​ប្រយោជន៍​ល្អ​បំផុត​ចំពោះ​យើង។ ព្រះ​យេហូវ៉ា​ក៏​ជា​គំរូ​ប្រសើរ​បំផុត​អំពី​សេចក្ដី​ស្រឡាញ់​ដែរ។ (​យ៉ូហានទី១ ៤:៨​) សេចក្ដី​ស្រឡាញ់​ជា​ធាតុ​ពិត​របស់​លោក ហើយ​មាន​ឥទ្ធិពល​ទៅ​លើ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​ប្រព្រឹត្ដ​និង​មាន​ប្រសាសន៍។ សេចក្ដី​ស្រឡាញ់​ជា​មូលដ្ឋាន​នៃ​បញ្ញត្ដិ​ទាំង​អស់​ដែល​លោក​ឲ្យ​ពួក​អ្នក​បម្រើ​របស់​លោក។

១៦​. ទោះ​ជា​មាន​ឥទ្ធិពល​ពី​ពិភព​លោក​ដ៏​អាក្រក់​ជួជាតិ​នេះ ហើយ​មាន​ភាព​ខុស​ឆ្គង​ក៏​ដោយ ហេតុ​អ្វី​យើង​នៅ​តែ​អាច​ស្តាប់​បង្គាប់​ព្រះ?

១៦ នេះ​មិន​មាន​ន័យ​ថា​ការ​ស្តាប់​បង្គាប់​ព្រះ​ជា​អ្វី​ដ៏​ស្រួល​ធ្វើ​នោះ​ទេ។ យើង​ត្រូវ​ខំ​ប្រឹង​ព្យាយាម​កុំ​ឲ្យ​ចាញ់​ឥទ្ធិពល​នៃ​ពិភព​លោក​ដ៏​អាក្រក់​ជួជាតិ​នេះ ដែល​«​នៅ​ក្រោម​អំណាច​របស់​មេកំណាច​»។ (​យ៉ូហានទី១ ៥:១៩​) យើង​ក៏​ត្រូវ​ត​ទល់​នឹង​ភាព​ខុស​ឆ្គង​របស់​យើង ដែល​នាំ​ឲ្យ​យើង​ទន់​ទោរ​ទៅ​រក​អ្វី​ដែល​ខុស​ច្បាប់​របស់​ព្រះ។ (​រ៉ូម ៧:២១​-​២៥​) ប៉ុន្ដែ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​អ្វី​ៗ​ទាំង​នេះ​បាន។ ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ពួក​អ្នក​ដែល​ចង់​បង្ហាញ​ថា​ពួក​គេ​ស្រឡាញ់​លោក ដោយ​ស្តាប់​បង្គាប់​លោក។ លោក​ឲ្យ​សកម្មពល​បរិសុទ្ធ​របស់​លោក​«​ដល់​អ្នក​ណា​ដែល​ស្តាប់​បង្គាប់​លោក​ជា​អ្នក​គ្រប់​គ្រង​»។ (​សកម្មភាព ៥:៣២​) សកម្មពល​នោះ​ធ្វើ​ឲ្យ​យើង​បង្កើត​ផល​ដ៏​អស្ចារ្យ ពោល​គឺ​គុណ​សម្បត្ដិ​ដែល​ជួយ​យើង​ឲ្យ​ស្តាប់​បង្គាប់​ព្រះ។—កាឡាទី ៥:​២២, ២៣

១៧, ១៨​. (​ក​) តើ​យើង​នឹង​រៀន​អ្វី​ក្នុង​សៀវភៅ​នេះ? ហើយ​កាល​ដែល​យើង​រៀន តើ​យើង​គួរ​ចាំ​ចំណុច​អ្វី​ខ្លះ? (​ខ​) តើ​យើង​នឹង​រៀន​អ្វី​ក្នុង​ជំពូក​បន្ទាប់?

១៧ ក្នុង​សៀវភៅ​នេះ យើង​នឹង​រៀន​អ្វី​ដែល​ព្រះ​យេហូវ៉ា​បង្រៀន​ស្ដី​អំពី​របៀប​យើង​គួរ​ប្រព្រឹត្ដ ហើយ​នឹង​រៀន​អំពី​ទស្សនៈ​របស់​លោក​ចំពោះ​ការ​សម្រេច​ចិត្ដ​ដែល​យើង​ត្រូវ​ធ្វើ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ កាល​ដែល​យើង​រៀន​អ្វី​ៗ​ទាំង​នេះ យើង​ត្រូវ​ចាំ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន។ សូម​ចាំ​ថា ព្រះ​យេហូវ៉ា​មិន​បង្ខំ​យើង​ឲ្យ​ធ្វើ​តាម​ច្បាប់​និង​គោលការណ៍​របស់​លោក​ទេ តែ​លោក​ចង់​ឲ្យ​យើង​ស្តាប់​បង្គាប់​ដោយ​ស្មោះ​ពី​ចិត្ដ។ កុំ​ភ្លេច​ថា ព្រះ​យេហូវ៉ា​កំពុង​សុំ​ឲ្យ​យើង​រស់​នៅ​តាម​របៀប​ដែល​នាំ​ឲ្យ​យើង​ទទួល​ពរ​ច្រើន​អនេក​នៅ​ពេល​ឥឡូវ​នេះ និង​នៅ​អនាគត​ផង​ដែរ។ ហើយ​សូម​ឲ្យ​យើង​ចាត់​ទុក​ការ​ស្តាប់​បង្គាប់​ជា​ឱកាស​ពិសេស​ដើម្បី​បង្ហាញ​ឲ្យ​ព្រះ​យេហូវ៉ា​ឃើញ​ថា​យើង​ស្រឡាញ់​លោក​ខ្លាំង​ណាស់។

១៨ ដើម្បី​ជួយ​យើង​យល់​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​បង្កើត​យើង​ឲ្យ​មាន​សមត្ថភាព​វិនិច្ឆ័យ។ ក៏​ប៉ុន្ដែ ជំពូក​បន្ទាប់​នឹង​ពន្យល់​ថា យើង​ត្រូវ​បង្ហាត់​សមត្ថភាព​វិនិច្ឆ័យ​នោះ ទើប​យើង​អាច​ទុក​ចិត្ដ​វា​បាន។

^ វគ្គ 9 សូម​មើល​ជំពូក​ទី​៦​ក្នុង​សៀវភៅ​នេះ​ដើម្បី​ដឹង​អំពី​របៀប​ជ្រើស​រើស​ការ​កម្សាន្ដ​ដ៏​ល្អ

^ វគ្គ 11 សូម្បី​តែ​ពួក​វិញ្ញាណ​អាក្រក់​ក៏​អាច​ស្តាប់​បង្គាប់​ទាំង​ទើស​ទាល់​ដែរ។ ពេល​ខ្លះ កាល​លោក​យេស៊ូ​បញ្ជា​ពួក​វិញ្ញាណ​កំណាច​ឲ្យ​ចេញ​ពី​មនុស្ស ពួក​វិញ្ញាណ​កំណាច​ទាំង​នោះ​បាន​ត្រូវ​បង្ខំ​ឲ្យ​ទទួល​ស្គាល់​អំណាច​របស់​លោក ហើយ​ស្តាប់​បង្គាប់ ទោះ​ជា​មិន​ចង់​ស្តាប់​ក៏​ដោយ។—ម៉ាកុស ១:​២៧; ៥:៧​-​១៣

^ វគ្គ 13 ពាក្យ​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​បន្ទុក​ធ្ងន់​»​នៅ​យ៉ូហានទី១ ៥:៣ បាន​ត្រូវ​បក​ប្រែ​ថា​«​ជិះ​ជាន់​»​ក្នុង​កំណត់​សម្គាល់​នៅ​សកម្មភាព ២០:២៩, ៣០ ដែល​រៀប​រាប់​អំពី​ពួក​អ្នក​ក្បត់​ជំនឿ​ដែល​បាន​សង្កត់​សង្កិន​អ្នក​ឯ​ទៀត​ដោយ​«​និយាយ​បង្ខុស​សេចក្ដី​ពិត​»​ ហើយ​ព្យាយាម​បំភាន់​ពួក​គេ។