លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការពន្យល់បន្ថែម

ការសម្គាល់«បាប៊ីឡូនដ៏ជាធំ»

ការសម្គាល់«បាប៊ីឡូនដ៏ជាធំ»

អ្វីជាច្រើនក្នុងសៀវភៅវិវរណៈគឺជានិមិត្ដរូប។ (វិវរណៈ ១:១) ជាឧទាហរណ៍ សៀវភៅវិវរណៈរៀបរាប់អំពីស្រីម្នាក់ដែលមានឈ្មោះ«បាប៊ីឡូនដ៏ជាធំ»កត់លើថ្ងាសនាង ហើយក៏ប្រាប់ថាស្រីនេះអង្គុយលើ‹មនុស្សផងទាំងឡាយ និងគ្រប់សាសន៍›។ (វិវរណៈ ១៧:១, ៥, ១៥) គ្មានស្រីពិតប្រាកដណាម្នាក់អាចធ្វើដូច្នេះបានឡើយ ហេតុនេះស្រីដែលមានឈ្មោះបាប៊ីឡូនដ៏ធំនោះត្រូវជានិមិត្ដរូបវិញ។ តើស្រីសំផឹងជានិមិត្ដរូបនេះតំណាងអ្វី?

វិវរណៈ ១៧:១៨ ប្រាប់ថាស្រីជានិមិត្ដរូបនេះគឺ«ទីក្រុងដ៏ធំដែលមានអំណាចលើស្ដេចទាំងប៉ុន្មាននៅផែនដី»។ ពាក្យ«ទីក្រុង»នាំឲ្យគិតអំពីមនុស្សមួយក្រុមដែលបានត្រូវចាត់តាំងដើម្បីសម្រេចគោលដៅមួយ។ ដោយសារ«ទីក្រុងដ៏ធំ»នេះមានអំណាចលើ«ស្ដេចទាំងប៉ុន្មាននៅផែនដី» ស្រីនេះដែលមានឈ្មោះបាប៊ីឡូនដ៏ធំជានិមិត្ដរូបនៃស្ថាប័នមួយដែលមានអំណាចទូទាំងពិភពលោក។ តើនេះជាស្ថាប័នបែបណា? គឺជាស្ថាប័នខាងសាសនា។ សូមកត់សម្គាល់គម្ពីរទៀតនៅសៀវភៅវិវរណៈដែលនាំឲ្យយើងសន្និដ្ឋានថាបាប៊ីឡូនដ៏ធំពុំមែនជាស្ថាប័ននយោបាយពាណិជ្ជកម្មឡើយ។

ស្រីដែលមានឈ្មោះបាប៊ីឡូនដ៏ធំមិនមែនជាស្ថាប័ននយោបាយទេ ពីព្រោះព្រះបន្ទូលរបស់ព្រះចែងថា «ពួកស្ដេចនៅផែនដី»ស្ថាប័ននយោបាយផ្សេង«បានសហាយស្មន់»នឹងស្រីនោះ។ ស្រីនោះបានសហាយស្មន់ក្នុងន័យថាវាបានបង្កើតឲ្យមានបក្សសម្ព័ន្ធជាមួយនឹងអ្នកគ្រប់គ្រងនៅផែនដី ហើយចំណុចនេះពន្យល់មូលហេតុដែលព្រះគម្ពីរពណ៌នាហៅវាថា«ស្រីសំផឹងដ៏ធំ»។—វិវរណៈ ១៧:១, ២; យ៉ាកុប ៤:៤

បាប៊ីឡូនដ៏ធំក៏មិនអាចជាស្ថាប័នដែលទាក់ទងនឹងពិភពពាណិជ្ជកម្មនោះ។ នេះគឺពីព្រោះ«ពួកជំនួញ»ដែលក្នុងព្រះគម្ពីរតំណាងពិភពពាណិជ្ជកម្មនោះ ពួកគេនឹងយំសោកស្ដាយវាពេលដែលវាត្រូវបំផ្លាញចោល។ តាមពិតព្រះគម្ពីររៀបរាប់ថាទាំងពួកស្ដេចទាំងពួកជំនួញ«ឈរពីចំងាយ»មើលបាប៊ីឡូនដ៏ធំ។ (វិវរណៈ ១៨:៣, ៩, ១០, ១៥-១៧) ដូច្នេះគឺសមហេតុសមផលមែនដែលយើងសន្និដ្ឋានថាបាប៊ីឡូនដ៏ធំមិនមែនជាស្ថាប័ននយោបាយពិភពពាណិជ្ជកម្មឡើយ តែគឺជាស្ថាប័នសាសនាវិញ។

យើងក៏អាចដឹងថាបាប៊ីឡូនដ៏ធំទាក់ទងនឹងសាសនាដោយសារឃ្លាដែលថា វានាំអស់ទាំងសាសន៍ឲ្យវង្វេងដោយ«មន្ដអាគម»របស់វា។ (វិវរណៈ ១៨:២៣) ដោយសារមន្ដអាគមសព្វបែបយ៉ាងជាប់ទាក់ទងនឹងសាសនាហើយក៏មកពីពួកបិសាចនោះ គឺមិនចម្លែកឡើយដែលព្រះគម្ពីរពណ៌នាថាបាប៊ីឡូនដ៏ធំជា«លំនៅនៃពួកអារក្ស»។ (វិវរណៈ ១៨:២; ចោទិយកថា ១៨:១០-១២) ព្រះគម្ពីរក៏រៀបរាប់ថាស្ថាប័ននេះប្រឆាំងសាសនាពិតយ៉ាងខ្លាំងហើយក៏បៀតបៀន«ពួកហោរា»និង«ពួកបរិសុទ្ធ»។ (វិវរណៈ ១៨:២៤) តាមពិតបាប៊ីឡូនដ៏ធំស្អប់សាសនាពិតដល់ម៉្លេះដែលវាបៀតបៀន«ពួកអ្នកដែលធ្វើបន្ទាល់ពីព្រះយេស៊ូ»យ៉ាងឃោរឃៅ ហើយក៏សំឡាប់ពួកគេចោលទៀតផង។ (វិវរណៈ ១៧:៦) ដូច្នេះយើងអាចឃើញច្បាស់ហើយថា ស្រីនេះដែលមានឈ្មោះបាប៊ីឡូនដ៏ធំតំណាងសាសនាមិនពិតទាំងឡាយទូទាំងពិភពលោក ដែលរួមទាំងសាសនាណាដែលមិនថ្វាយបង្គំព្រះយេហូវ៉ា។