លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

រឿងប្រៀបប្រដូចអំពីពិធីមង្គលការ

រឿងប្រៀបប្រដូចអំពីពិធីមង្គលការ

ជំពូក​ទី​១០៧

រឿង​ប្រៀប​ប្រដូច​អំពី​ពិធី​មង្គល​ការ

តាម​រយៈ​រឿង​ប្រៀប​ប្រដូច​ពីរ​ទៀត នោះ​ព្រះ​យេស៊ូ​លាត​ត្រដាង​មុខ​មាត់​ពួក​ស្ក្រែប​និង​ពួក​សង្គ្រាជ ដូច្នេះ​ពួក​គេ​ចង់​ធ្វើ​គុត​ទ្រង់។ ប៉ុន្តែ ព្រះ​យេស៊ូ​នៅ​មាន​រឿង​លាត​ត្រដាង​មុខ​មាត់​ពួក​គេ​ទៀត។ ទ្រង់​ក៏​មាន​បន្ទូល​ប្រាប់​ពួក​គេ​នូវ​រឿង​ប្រៀប​ប្រដូច​មួយ​ទៀត ដោយ​ថា៖

«នគរ​ស្ថាន​សួគ៌​ប្រៀប​ដូច​ជា​ស្តេច​១​អង្គ ដែល​រៀប​វិវាហមង្គល​ឲ្យ​ព្រះ​រាជបុត្រា ទ្រង់​ចាត់​ពួក​មហាតលិក​ឲ្យ​ទៅ​ហៅ​ពួក​ភ្ញៀវ ដែល​ទ្រង់​បាន​អញ្ជើញ​មក​ក្នុង​មង្គល​ការ​នោះ ប៉ុន្តែ អ្នក​ទាំង​នោះ​មិន​ព្រម​មក​ទេ»។

ព្រះ​យេហូវ៉ា​ជា​ព្រះ​មហា​ក្សត្រ​ដែល​រៀបចំ​ពិធី​មង្គល​ការ​សំរាប់​បុត្រា​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូ​គ្រីស្ទ។ នៅ​ទី​បំផុត កូន​ក្រមុំ​ដែល​ជា​អ្នក​ចាក់​ប្រេង​តាំង​ដែល​កាន់​តាម​ទ្រង់​មាន​ចំនួន​១៤៤.០០០​នាក់ នឹង​រួម​គ្រប់​គ្រង​ជា​មួយ​នឹង​ព្រះ​យេស៊ូ​នៅ​ស្ថាន​សួគ៌។ អនុ​រាស្ត្រ​របស់​ព្រះ​មហា​ក្សត្រ​នេះ​គឺ​ជា​សាសន៍​អ៊ីស្រាអែល ដែល​បាន​នាំ​ចូល​ក្នុង​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ​ក្នុង​ឆ្នាំ​១៥១៣ ម.​ស.យ. ដែល​បាន​ទទួល​នូវ​ឱកាស​ឲ្យ​ក្លាយ​ទៅ​ជា‹ព្រះ​រាជាណាចក្រ​ដែល​សុទ្ធ​តែ​ជា​សង្ឃ›។ ដូច្នេះ​ហើយ នៅ​គ្រា​នោះ ពួក​គេ​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​ពិធី​មង្គល​ការ។

ប៉ុន្តែ សេចក្ដី​អញ្ជើញ​ដំបូង​ដល់​អ្នក​ដែល​បាន​អញ្ជើញ គឺ​បាន​ធ្វើ​ឡើង​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នា​ឆ្នាំ​២៩ ស.យ. ពេល​ព្រះ​យេស៊ូ​និង​ពួក​សិស្ស​របស់​ទ្រង់ (ពួក​មហាតលិក) ចាប់​ផ្ដើម​កិច្ច​ការ​របស់​ពួក​គេ នោះ​គឺ​ជា​ការ​ផ្សព្វ​ផ្សាយ​ព្រះ​រាជាណាចក្រ។ ប៉ុន្តែ ពួក​អ៊ីស្រាអែល​ខាង​សាច់​ឈាម​ដែល​បាន​ទទួល​សេចក្ដី​អញ្ជើញ​ដោយ​ពួក​មហាតលិក​ពី​ឆ្នាំ​២៩ ស.យ.ទៅ​ដល់​ឆ្នាំ​៣៣ ស.យ. នោះ​មិន​ព្រម​មក​ទេ។ ដូច្នេះ​ព្រះ​ក៏​ប្រទាន​ដល់​មនុស្ស​ក្នុង​សាសន៍​នេះ​នូវ​ឱកាស​មួយ​ទៀត។ ព្រះ​យេស៊ូ​រៀប​រាប់​ថា៖

«ទ្រង់​ក៏​ចាត់​ពួក​មហាតលិក​ឯ​ទៀត​ឲ្យ​ទៅ​ដោយ​បន្ទូល​ថា ចូរ​ឯង​ប្រាប់​ពួក​ភ្ញៀវ​ថា ឥឡូវ គ្រឿង​ជប់​លៀង​បាន​រៀប​ជា​ស្រេច​ហើយ គេ​បាន​សំឡាប់​គោ នឹង​សត្វ​បំប៉ន​យ៉ាង​ធាត់​ៗ ហើយ​ក៏​រៀបចំ​គ្រប់​ទាំង​អស់​រួច​ជា​ស្រេច ចូរ​មក​បរិភោគ​ការ​ចុះ!»។ សេចក្ដី​អញ្ជើញ​ទី​ពីរ ហើយ​ជា​លើក​ចុង​ក្រោយ​សំរាប់​ពួក​ភ្ញៀវ បាន​ចាប់​ផ្ដើម​នៅ​បុណ្យ​ថ្ងៃ​ទី​៥០​នៅ​ឆ្នាំ​៣៣ ស.យ. ពេល​ដែល​វិញ្ញាណ​បរិសុទ្ធ​បាន​ចាក់​មក​លើ​ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ។ សេចក្ដី​អញ្ជើញ​នេះ​មាន​រហូត​ដល់​ឆ្នាំ​៣៦ ស.យ.។

ប៉ុន្តែ ពួក​ជន​ជាតិ​អ៊ីស្រាអែល​ភាគ​ច្រើន បដិសេធ​ចោល​នឹង​សេចក្ដី​អញ្ជើញ​នេះ​ដែរ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «តែ​អ្នក​ទាំង​នោះ​ធ្វេស​ប្រហែស​វិញ ម្នាក់​ក៏​ទៅ​ឯ​ចំការ​ខ្លួន ម្នាក់​ទៀត​ទៅ​ឯ​ការ​ជំនួញ អ្នក​ឯ​ទៀត​ក៏​ចាប់​ពួក​មហាតលិក​ត្មះ​តិះ​ដៀល ហើយ​សំឡាប់​ចោល​ទៅ»។ ព្រះ​យេស៊ូ​មាន​បន្ទូល​ទៀត​ថា៖ «កាល​ស្តេច​បាន​ឮ នោះ​ទ្រង់​មាន​ព្រះ​ទ័យ​ក្រេវ​ក្រោធ ក៏​ចាត់​ទ័ព​ឲ្យ​ទៅ​បំផ្លាញ​ពួក​មនុស្ស​ដែល​សំឡាប់​គេ​នោះ ព្រម​ទាំង​ដុត​ទី​ក្រុង​របស់​គេ​ចោល​អស់»។ នេះ​បាន​កើត​ឡើង​នៅ​ឆ្នាំ​៧០ ស.យ. ពេល​ពួក​រ៉ូម​បាន​កំទេច​ចោល​ក្រុង​យេរូសាឡិម ហើយ​ក៏​បំផ្លាញ​ពួក​មនុស្ស​ដែល​សម្លាប់​គេ​នោះ។

រួច​មក ព្រះ​យេស៊ូ​បាន​ពន្យល់​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ចន្លោះ​គ្រា​នោះ «រួច​ទ្រង់[ស្តេច]មាន​បន្ទូល​ទៅ​ពួក​មហាតលិក​ថា ‹ការ​បាន​រៀបចំ​ជា​ស្រេច តែ​ពួក​ភ្ញៀវ​មិន​គួរ​នឹង​មក​បរិភោគ​ទេ ដូច្នេះ ចូរ​ទៅ​ឯ​ផ្លូវ​ប្រសព្វ អញ្ជើញ​អស់​អ្នក​ណា​ដែល​ប្រទះ​ឃើញ ឲ្យ​គេ​មក​បរិភោគ​វិញ›»។ ពួក​មហាតលិក​បាន​ធ្វើ​ដូច្នេះ ហើយ«ប្រមូល​អស់​អ្នក​ណា​ដែល​ប្រទះ​ឃើញ ទាំង​អាក្រក់ ទាំង​ល្អ​មក នោះ​រោង​ការ​មាន​ភ្ញៀវ​ពេញ​ព្រៀប»។

កិច្ច​ការ​ប្រមូល​ភ្ញៀវ​នេះ​នៅ​តាម​ផ្លូវ​ក្រៅ​ទី​ក្រុង​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​៣៦ ស.យ.។ កូនេលាស​ដែល​ជា​មេ​ទ័ព​សាសន៍​រ៉ូម​និង​ក្រុម​គ្រួសារ​របស់​លោក គឺ​ក្រុម​ដំបូង​ក្នុង​ចំណោម​សាសន៍​ដទៃ​ដែល​មិន​កាត់​ស្បែក​បាន​ប្រមូល​ឲ្យ​ចូល។ ការ​ប្រមូល​យក​ពួក​សាសន៍​ដទៃ ដែល​ពួក​អ្នក​ទាំង​នេះ​មក​ជំនួស​អស់​អ្នក​ដែល​បដិសេធ​នឹង​សេចក្ដី​អញ្ជើញ​ដំបូង គឺ​មាន​បន្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

គឺ​នៅ​កំឡុង​សតវត្ស​ទី​២០ ដែល​រោង​ការ​បាន​ពេញ​ព្រៀប។ ព្រះ​យេស៊ូ​រៀប​រាប់​នូវ​អ្វី​ដែល​កើត​ឡើង​ពេល​នោះ ដោយ​មាន​បន្ទូល​ថា៖ «ស្តេច​ក៏​យាង​ចូល​ទៅ​ទត​មើល​ពួក​ភ្ញៀវ ទ្រង់​ឃើញ​មាន​មនុស្ស​ម្នាក់​នៅ​ទី​នោះ ដែល​មិន​បាន​ពាក់​អាវ​ផាយ ក៏​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា សំឡាញ់​អើយ! ដូច​ម្ដេច​បាន​ជា​អ្នក​ចូល​មក​ក្នុង​ទី​នេះ ឥត​ពាក់​អាវ​ផាយ​ដូច្នេះ? អ្នក​នោះ​រក​ឆ្លើយ​អ្វី​មិន​បាន​ឡើយ ទើប​ទ្រង់​បង្គាប់​ទៅ​ពួក​មហាតលិក​ថា ចូរ​ចង​ជើង​ចង​ដៃ​វា​បោះ​ចោល​ទៅ​ឯ​ទី​ងងឹត​ខាង​ក្រៅ​ទៅ នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ»។

បុរស​ដែល​ឥត​ស្លៀក​សំលៀក​បំពាក់​សំរាប់​មង្គល​ការ តំណាង​ពួក​គ្រីស្ទាន​ក្លែង​ក្លាយ​ពី​ពិភព​គ្រីស្ទ​សាសនា។ ព្រះ​ទ្រង់​មិន​ដែល​ទទួល​ស្គាល់​ពួក​អ្នក​ទាំង​នេះ ថា​ពួក​គេ​មាន​អត្តសញ្ញាណ​ត្រឹម​ត្រូវ​ជា​ពួក​អ៊ីស្រាអែល​ខាង​វិញ្ញាណ​ឡើយ។ ព្រះ​ទ្រង់​មិន​ដែល​ចាក់​វិញ្ញាណ​បរិសុទ្ធ​លើ​ពួក​គេ ជា​អ្នក​ទទួល​ព្រះ​រាជាណាចក្រ​ជា​មរតក​ឡើយ។ ដូច្នេះ នឹង​ត្រូវ​បោះ​ចោល​ទៅ​ទី​ងងឹត​ខាង​ក្រៅ​ឲ្យ​ទទួល​សេចក្ដី​ហិន​វិនាស។

ព្រះ​យេស៊ូ​បញ្ចប់​រឿង​ប្រៀប​ប្រដូច​របស់​ទ្រង់ ដោយ​មាន​បន្ទូល​ថា៖ «ដ្បិត​បាន​ហៅ​មនុស្ស​ជា​ច្រើន តែ​រើស​បាន​តិច​ទេ»។ មែន​ហើយ គឺ​បាន​អញ្ជើញ​ភ្ញៀវ​ជា​ច្រើន​ពី​សាសន៍​អ៊ីស្រាអែល ឲ្យ​ក្លាយ​ទៅ​ជា​សមាជិក​នៃ​កូន​ក្រមុំ​របស់​ព្រះ​គ្រីស្ទ ប៉ុន្តែ​មាន​តែ​ពួក​អ៊ីស្រាអែល​ខាង​សាច់​ឈាម​មួយ​ចំនួន​តូច​ទេ ដែល​បាន​ត្រូវ​រើស​យក​នោះ។ ពួក​ភ្ញៀវ​ដែល​មាន​ចំនួន​១៤៤.០០០​នាក់​បាន​ទទួល​រង្វាន់​នៅ​ស្ថាន​សួគ៌ ភាគ​ច្រើន​ជា​សាសន៍​ដទៃ​ទេ។ ម៉ាថាយ ២២:១​-​១៤; និក្ខមនំ ១៩:១​-​៦; វិវរណៈ ១៤:១​-​៣

តើ​ជន​មួយ​ក្រុម​ដំបូង​ដែល​បាន​ត្រូវ​អញ្ជើញ​ឲ្យ​មក​ពិធី​មង្គល​ការ​ជា​អ្នក​ណា? ហើយ​តើ​ពេល​ណា​ដែល​ត្រូវ​ផ្ដល់​សេចក្ដី​អញ្ជើញ​ឲ្យ​ពួក​គេ​នោះ?

តើ​សេចក្ដី​អញ្ជើញ​ដំបូង​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​ណា? ហើយ​តើ​ពួក​ណា​ជា​ពួក​មហាតលិក​ដែល​ទៅ​អញ្ជើញ​នោះ?

តើ​សេចក្ដី​អញ្ជើញ​ទី​ពីរ​មាន​ឡើង​នៅ​ពេល​ណា? ហើយ​តើ​ត្រូវ​បាន​អញ្ជើញ​អ្នក​ណា​ក្រោយ​មក?

តើ​បុរស​ដែល​ឥត​ស្លៀក​សំលៀក​បំពាក់​សំរាប់​មង្គល​ការ​តំណាង​អ្នក​ណា?

តើ​មនុស្ស​ជា​ច្រើន​ដែល​បាន​ត្រូវ​អញ្ជើញ​ជា​អ្នក​ណា? ចុះ​អ្នក​តិច​ដែល​បាន​រើស​យក​ជា​អ្នក​ណា?