រត់គេចចេញពីអ្នកប្រើអំណាចផ្ដាច់ការ
ជំពូកទី៨
រត់គេចចេញពីអ្នកប្រើអំណាចផ្ដាច់ការ
លោកយ៉ូសែបដាស់ភរិយារបស់គាត់ម៉ារា ដើម្បីប្រាប់នាងនូវដំណឹងដ៏បន្ទាន់។ ទេវតារបស់ព្រះយេហូវ៉ាទើបបានលេចខ្លួនឲ្យគាត់ឃើញ ដោយពោលថា៖ «ចូរក្រោកឡើងនាំបុត្រតូច នឹងមាតាទ្រង់ រត់ទៅឯស្រុកអេស៊ីព្ទទៅ ឲ្យនៅស្រុកនោះទាល់តែយើងប្រាប់ ដ្បិតហេរ៉ូឌនឹងរកសំឡាប់បុត្រតូច»។
ពួកគាត់ទាំងបីនាក់ក៏រត់គេចចេញទៅភ្លាម។ ហើយនេះគឺទាន់ពេលល្មម ពីព្រោះស្តេចហេរ៉ូឌបានដឹងថា ពួកហោរបានបញ្ឆោតទ្រង់ហើយបានភៀសខ្លួនចេញពីស្រុកនេះទៅហើយ។ សូមចាំថា ពួកគេបានត្រូវបញ្ជាឲ្យមករាយការណ៍ប្រាប់ទ្រង់វិញ ពេលដែលពួកគេបានរកឃើញព្រះយេស៊ូហើយនោះ។ ស្តេចហេរ៉ូឌមានព្រះទ័យក្រេវក្រោធជាខ្លាំង។ ដូច្នេះ ដើម្បីប៉ុនប៉ងធ្វើគុតដល់ព្រះយេស៊ូ នោះទ្រង់បានចេញបញ្ជាឲ្យគេសម្លាប់ក្មេងប្រុសៗចាប់ពីអាយុពីរឆ្នាំចុះក្រោមទាំងអស់ ដែលរស់នៅក្នុងភូមិបេថ្លេហិម និងនៅក្នុងក្រវល់ស្រុកនោះ។ ទ្រង់បានដឹងអាយុនេះដោយសំអាងទៅលើពត៌មានដែលទ្រង់បានទទួលពីពួកហោរពីទិសខាងកើតដែលបានមកនៅពេលមុននោះ។
ការសម្លាប់រង្គាលចំពោះក្មេងប្រុសៗទាំងអស់ គឺជាអ្វីមួយដ៏គួរឲ្យរន្ធត់មែន! ពួកទាហានរបស់ស្តេចហេរ៉ូឌចូលទៅចាប់ក្មេងៗពីផ្ទះនិមួយៗដោយប្រើកម្លាំងបាយ។ ហើយនៅពេលដែលពួកគេរកឃើញក្មេងប្រុសណាមួយ នោះពួកគេចាប់ទាញក្មេងកន្ដ្រាក់ចេញពីរង្វង់ដៃម្ដាយយ៉ាងឃោរឃៅ។ យើងពុំដឹងថាពួកគេបានសម្លាប់កូនង៉ាប៉ុន្មាននាក់នោះទេ តែទំនួញយំសោកនិងការកាន់ទុក្ខយ៉ាងខ្លាំងរបស់ម្ដាយទាំងឡាយ គឺសម្រេចទំនាយមួយនៅក្នុងព្រះគម្ពីរដែលទាយដោយព្យាការីយេរេមា។
នៅក្នុងពេលចន្លោះនោះ លោកយ៉ូសែបនិងគ្រួសាររបស់គាត់ បានរត់ភៀសខ្លួនដោយសុវត្ថិភាពទៅស្រុកអេស៊ីប ហើយឥឡូវនេះពួកគាត់រស់នៅទីនោះ។ ប៉ុន្តែមានយប់មួយ តាមរយៈសុបិន នោះទេវតារបស់ព្រះយេហូវ៉ាក៏លេចខ្លួនឲ្យយ៉ូសែបឃើញម្ដងទៀត។ ទេវតានេះពោលថា៖ «ចូរក្រោកឡើង នាំបុត្រតូច នឹងមាតាទ្រង់ ទៅនៅឯស្រុកអ៊ីស្រាអែលវិញទៅ! ដ្បិតអស់ពួកអ្នកដែលរកសំឡាប់បុត្រតូច បានស្លាប់អស់ហើយ»។ ដូច្នេះដើម្បីសម្រេចទំនាយមួយទៀតក្នុងព្រះគម្ពីរដែលចែងថា បុត្រារបស់ព្រះនឹងត្រូវហៅចេញពីស្រុកអេស៊ីប នោះគ្រួសារនេះក៏ត្រឡប់មកស្រុកកំណើតរបស់ខ្លួនវិញ។
តាមមើលទៅ យ៉ូសែបមានបំណងចង់រស់នៅក្នុងស្រុកយូដា ជាកន្លែងដែលគេធ្លាប់រស់នៅក្នុងភូមិបេថ្លេហិម មុនគេបានរត់ទៅស្រុកអេស៊ីបនោះ។ ក៏ប៉ុន្តែគាត់ឮថា ឥឡូវនេះ បុត្រដ៏អាក្រក់របស់ស្តេចហេរ៉ូឌ នាមអើខេឡោសសោយរាជ្យជាស្តេចនៅស្រុកយូដា។ ហើយនៅក្នុងសុបិនមួយទៀត ព្រះយេហូវ៉ាបានព្រមានប្រាប់គាត់អំពីគ្រោះថ្នាក់។ ដូច្នេះ លោកយ៉ូសែបនិងគ្រួសាររបស់គាត់ក៏ធ្វើដំណើរទៅទិសខាងជើង ហើយតាំងទីលំនៅក្នុងភូមិណាសារ៉ែតស្រុកកាលីឡេ។ នៅក្នុងសហគមន៍នេះហើយដែលព្រះឱរសយេស៊ូបានធំឡើង ដែលឆ្ងាយពីមណ្ឌលសាសនាយូដា។ ម៉ាថាយ ២:១៣-២៣; យេរេមា ៣១:១៥; ហូសេ ១១:១
▪ នៅពេលដែលពួកហោរពុំត្រឡប់មកវិញ តើអំពើដ៏អាក្រក់អ្វីដែលស្តេចហេរ៉ូឌបានប្រព្រឹត្ត? ប៉ុន្តែតើព្រះឱរសយេស៊ូបានត្រូវការពារយ៉ាងដូចម្ដេច?
▪ ពេលត្រឡប់មកពីស្រុកអេស៊ីបវិញ ហេតុអ្វីក៏យ៉ូសែបមិនស្នាក់នៅក្នុងភូមិបេថ្លេហិមម្ដងទៀត?
▪ តើទំនាយណាខ្លះនៅក្នុងព្រះគម្ពីរ ដែលបានត្រូវសម្រេចក្នុងកំឡុងពេលនោះ?