លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ភាពខ្នះខ្នែងចំពោះការថ្វាយបង្គំព្រះយេហូវ៉ា

ភាពខ្នះខ្នែងចំពោះការថ្វាយបង្គំព្រះយេហូវ៉ា

ជំពូក​ទី​១៦

ភាព​ខ្នះ​ខ្នែង​ចំពោះ​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា

កូន​ផ្សេង​ៗ​ទៀត​របស់​ម៉ារា​ដែល​ត្រូវ​ជា​ប្អូន​ប្រុស​ៗ​របស់​ព្រះ​យេស៊ូ​នោះ​មាន​ឈ្មោះ​ថា យ៉ាកុប យ៉ូសែប ស៊ីម្មាន និង​យូដាស។ មុន​នឹង​ពួក​គាត់​ទាំង​អស់​គ្នា​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ព្រះ​យេស៊ូ​និង​ពួក​សិស្ស​របស់​ទ្រង់​ទៅ​ក្រុង​កាពើណិម​ជិត​សមុទ្រ​កាលីឡេ នោះ​ពួក​គាត់​ប្រហែល​ជា​បាន​ឈប់​សំរាក​នៅ​ផ្ទះ​របស់​ខ្លួន​ក្នុង​ភូមិ​ណាសារ៉ែត​ជា​មុន​សិន ដើម្បី​ឲ្យ​គ្រួសារ​អាច​រៀបចំ​អីវ៉ាន់​ដែល​ពួក​គាត់​ត្រូវ​ការ។

ក៏​ប៉ុន្តែ ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​យាង​ទៅ​ក្រុង​កាពើណិម​មុន​គេ ជា​ជាង​ចាប់​ផ្ដើម​កិច្ច​បំរើ​របស់​ទ្រង់​នៅ​ក្នុង​ភូមិ​កាណា ភូមិ​ណាសារ៉ែត ឬ​ក៏​នៅ​កន្លែង​ផ្សេង​ៗ​ទៀត​នៅ​ម្ដុំ​តំបន់​ភ្នំ​នៃ​ស្រុក​កាលីឡេ​ទៅ​វិញ? ចំពោះ​ហេតុ​មួយ គឺ​ក្រុង​កាពើណិម​ជា​កន្លែង​ដែល​លេច​ធ្លោ​ជាង ហើយ​អាច​ឃើញ​យ៉ាង​ច្បាស់​ថា​ជា​ទី​ក្រុង​ដ៏​ធំ​ជាង​គេ​ដែរ។ ម្យ៉ាង​ទៀត ពួក​សិស្ស​ថ្មី​របស់​ទ្រង់​ភាគ​ច្រើន​រស់​នៅ​ក្នុង​ក្រុង​នោះ ឬ​ក៏​នៅ​ជិត​ៗ​កន្លែង​នោះ ដូច្នេះ​ហើយ​ពួក​សិស្ស​របស់​ទ្រង់​មិន​ចាំ បាច់​ចាក​ចេញ​ពី​ផ្ទះ​របស់​ពួក​គាត់ ដើម្បី ទទួល​ការ​ហ្វឹកហ្វឺន​ពី​ទ្រង់​នោះ​ឡើយ។

ក្នុង​កំឡុង​ពេល​ដែល​ស្នាក់​នៅ​ក្រុង​កាពើណិម​នោះ ព្រះ​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ដ៏​អស្ចារ្យ ដូច​ទ្រង់​បញ្ជាក់​ប្រាប់​ប៉ុន្មាន​ខែ​ក្រោយ​មក។ ក៏​ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​ទៀត ព្រះ​យេស៊ូ​និង​គូកន​របស់​ទ្រង់ នឹង​ត្រូវ​ធ្វើ​ដំណើរ​បន្ត​ទៅ​មុខ​ទៀត។ នេះ​ជា​និទាឃ​រដូវ ហើយ​ព្រះ​យេស៊ូ​និង​ពួក​សិស្ស​របស់​ទ្រង់​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​យេរូសាឡិម ដើម្បី​ធ្វើ​បុណ្យ​រំលង​នៅ​ឆ្នាំ​៣០ ស.យ.។ កាល​បាន​នៅ​ទី​នោះ​ហើយ ពួក​សិស្ស​របស់​ទ្រង់​ឃើញ​លក្ខណៈ​មួយ​អំពី​ព្រះ​យេស៊ូ ដែល​ពួក​គាត់​ប្រហែល​ជា​មិន​ធ្លាប់​ឃើញ​ពី​មុន​មក​ឡើយ។

យោង​ទៅ​តាម​ក្រិត្យ​វិន័យ​របស់​ព្រះ ជន​ជាតិ​អ៊ីស្រាអែល​បាន​តម្រូវ​ឲ្យ​យក​សត្វ​មក​ថ្វាយ​ជា​យញ្ញ​បូជា។ ដូច្នេះ ដើម្បី​ងាយ​ស្រួល​ដល់​បណ្ដា​ជន នោះ​ពួក​អ្នក​លក់​ដូរ​ក៏​លក់​ដូរ​នៅ​ក្នុង​ទី​ក្រុង​យេរូសាឡិម​តែ​ម្ដង ដែល​ក្នុង​នោះ​គេ​លក់​សត្វ​ចតុប្បាទ​ឬ​សត្វ​ស្លាប​សំរាប់​ធ្វើ​យញ្ញ​បូជា។ ក៏​ប៉ុន្តែ ពួក​គេ​កំពុង​តែ​លក់​នៅ​ក្នុង​ព្រះ​វិហារ​តែ​ម្ដង គឺ​ពួក​គេ​បាន​បោក​ប្រាស់​បណ្ដា​ជន ដោយ​លក់​ក្នុង​តម្លៃ​មួយ​យ៉ាង​ថ្លៃ​បំផុត។

ដោយ​ការ​ក្រោធ​យ៉ាង​ខ្លាំង​នោះ ព្រះ​យេស៊ូ​ក៏​យក​ខ្សែ​ធ្វើ​ជា​រំពាត់ ហើយ​ដេញ​ពួក​អ្នក​លក់​ដូរ​ឲ្យ​ចេញ។ ទ្រង់​ក៏​ចាក់​ប្រាក់​របស់​ពួក​អ្នក​ដូរ​លុយ​ចោល ព្រម​ទាំង​ផ្កាប់​តុ​របស់​គេ​ផង។ ទ្រង់​តម្លើង​សំឡេង​ទៅ​ពួក​អ្នក​លក់​ព្រាប​ថា៖ «ចូរ​យក​របស់​ទាំង​នេះ​ចេញ​ទៅ! កុំ​ឲ្យ​យក​ដំណាក់​នៃ​ព្រះ​វរបិតា​ខ្ញុំ ធ្វើ​ជា​ផ្ទះ​ជំនួញ​ឡើយ!»។

នៅ​ពេល​ដែល​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​ឃើញ​ហេតុ​ការណ៍​នេះ នោះ​ពួក​គាត់​នឹក​ចាំ​នូវ​ទំនាយ​មួយ​អំពី​បុត្រា​របស់​ព្រះ​ដែល​ថា៖ «សេចក្ដី​ឧស្សាហ៍​ដល់​ដំណាក់​ទ្រង់ បាន​ស៊ី​បង្ហិន​ទូល​បង្គំ»។ ក៏​ប៉ុន្តែ ពួក​សាសន៍​យូដា​ទូល​សួរ​ថា៖ «ដែល​លោក​ធ្វើ​យ៉ាង​ដូច្នេះ នោះ​តើ​នឹង​សំដែង​ទី​សំគាល់​ណា ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង?»។ ព្រះ​យេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖ «ចូរ​បំផ្លាញ​ព្រះ​វិហារ​នេះ​ចុះ! រួច​ក្នុង​រវាង​៣​ថ្ងៃ ខ្ញុំ​នឹង​សង់​ឡើង​វិញ»។

ពួក​សាសន៍​យូដា​ស្មាន​ថា ព្រះ​យេស៊ូ​កំពុង​តែ​មាន​បន្ទូល​អំពី​ព្រះ​វិហារ​មែន​ទែន ដូច្នេះ​ហើយ​ពួក​គេ​ក៏​ទូល​សួរ​ថា៖ «គេ​សង់​ព្រះ​វិហារ​នេះ ពេញ ៤៦ ឆ្នាំ​គត់ តែ​លោក​នឹង​សង់​ឡើង​វិញ ក្នុង​រវាង ៣ ថ្ងៃ​ឬ?»។ ប៉ុន្តែ ព្រះ​យេស៊ូ​កំពុង​មាន​បន្ទូល​អំពី​ព្រះ​វិហារ ដែល​ជា​រូប​កាយ​របស់​ទ្រង់​ឯ​ណោះ​វិញ​ទេ។ ហើយ​បី​ឆ្នាំ​ក្រោយ​មក នោះ​ពួក​សិស្ស​របស់​ទ្រង់​ក៏​នឹក​ចាំ​ពាក្យ​បន្ទូល​នេះ​របស់​ទ្រង់ នៅ​ពេល​ដែល​ទ្រង់​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ។ យ៉ូហាន ២:១២​-​២២; ម៉ាថាយ ១៣:៥៥; លូកា ៤:២៣

ក្រោយ​ពី​ពិធី​មង្គល​ការ​នៅ​ភូមិ​កាណា តើ​ព្រះ​យេស៊ូ​យាង​ទៅ​កន្លែង​ណា​ខ្លះ?

ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​មាន​ព្រះ​ទ័យ​ក្រោធ? ហើយ​តើ​ទ្រង់​ធ្វើ​យ៉ាង​ណា?

តើ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​នឹក​ចាំ​អ្វី ពេល​ដែល​ឃើញ​ការ​ប្រព្រឹត្ត​របស់​ទ្រង់​នោះ?

តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​យ៉ាង​ណា​អំពី «ព្រះ​វិហារ​នេះ»? ហើយ​តើ​ទ្រង់​ចង់​មាន​ន័យ​យ៉ាង​ណា?