លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

បញ្ចុះសពថ្ងៃសុក្រ តែថ្ងៃអាទិត្យផ្នូរនៅទទេ

បញ្ចុះសពថ្ងៃសុក្រ តែថ្ងៃអាទិត្យផ្នូរនៅទទេ

ជំពូក​ទី​១២៧

បញ្ចុះ​សព​ថ្ងៃ​សុក្រ តែ​ថ្ងៃ​អាទិត្យ​ផ្នូរ​នៅ​ទទេ

មក​ដល់​ឥឡូវ​នេះ គឺ​ជា​រសៀល​ថ្ងៃ​សុក្រ ហើយ​ថ្ងៃ​ឈប់​សំរាក​នៅ​ថ្ងៃ​ទី​១៥ ខែ​ណែសាន​នឹង​ចាប់​ផ្ដើម​ក្រោយ​ពី​ថ្ងៃ​លិច​ទៅ។ សព​របស់​ព្រះ​យេស៊ូ​គឺ​នៅ​ព្យួរ​លើ​បង្គោល​ឈើ​នៅ​ឡើយ ប៉ុន្តែ​ចោរ​ពីរ​នាក់​ដែល​នៅ​ជិត​ទ្រង់ គឺ​នៅ​តែ​មាន​ជីវិត​នៅ​ឡើយ។ គេ​ហៅ​រសៀល​ថ្ងៃ​សុក្រ​ថា​ជា​ថ្ងៃ​រៀបចំ ពីព្រោះ​នេះ​ជា​ពេល​ដែល​មនុស្ស​រៀបចំ​អាហារ និង​បង្ហើយ​នូវ​កិច្ច​ការ​ជា​បន្ទាន់ ដែល​មិន​អាច​ទុក​រហូត​ដល់​ក្រោយ​ថ្ងៃ​ឈប់​សំរាក​បាន​ទេ។

ថ្ងៃ​ឈប់​សំរាក​ដែល​នឹង​ចាប់​ធ្វើ គឺ​មិន​មែន​ជា​ថ្ងៃ​សំរាក​ធម្មតា​ទេ (ថ្ងៃ​ទី​ប្រាំ​ពីរ​ក្នុង​សប្ដាហ៍) ប៉ុន្តែ​ក៏​ជា​ថ្ងៃ​ឈប់​សំរាក‹ដ៏​ធំ›ដែរ។ ថ្ងៃ​ឈប់​សំរាក​នេះ​មាន​ឈ្មោះ​ដូច​នេះ ពីព្រោះ​ថ្ងៃ​ទី​១៥ ខែ​ណែសាន ជា​ថ្ងៃ​ទី​មួយ​នៃ​បុណ្យ​នំ​ប៉័ង​ឥត​ដំបែ​ដែល​មាន​គ្រប់​ប្រាំ​ពីរ​ថ្ងៃ (ហើយ​ត្រូវ​ជា​ថ្ងៃ​ឈប់​សំរាក ទោះ​ជា​ត្រូវ​ចំ​ថ្ងៃ​ណា​ក្នុង​សប្ដាហ៍​ក៏​ដោយ) ដែល​លើក​នេះ​ចំ​នឹង​ថ្ងៃ​ឈប់​សំរាក​ធម្មតា​ដែរ។

យោង​ទៅ​តាម​ច្បាប់​របស់​ព្រះ មិន​ត្រូវ​ព្យួរ​សព​លើ​បង្គោល​ឈើ​នៅ​ពេល​យប់​ទេ។ ដូច្នេះ ពួក​យូដា​សុំ​លោក​ពីឡាត់ ឲ្យ​គេ​បំបាក់​ជើង​របស់​អ្នក​ទោស​ដែល​ត្រូវ​ព្យួរ​ដើម្បី​ឲ្យ​ពួក​អ្នក​ទាំង​នោះ​ស្លាប់​ឆាប់។ ដូច្នេះ ពួក​ទាហាន​ក៏​បំបាក់​ជើង​ចោរ​ទាំង​ពីរ​នាក់​នោះ។ ប៉ុន្តែ ព្រះ​យេស៊ូ​ពុំ​បាន​ត្រូវ​គេ​បំបាក់​ជើង​ទ្រង់​ទេ ព្រោះ​ទ្រង់​ទំនង​ជា​បាន​សោយ​ទិវង្គត​ហើយ។ នេះ​គឺ​បាន​សម្រេច​នឹង​បទ​គម្ពីរ ដែល​ថា «គ្មាន​ឆ្អឹង​ទ្រង់​ណា​មួយ​ត្រូវ​បាក់​សោះ»។

ប៉ុន្តែ ដើម្បី​ឲ្យ​ប្រាកដ​ថា ព្រះ​យេស៊ូ​សោយ​ទិវង្គត​មែន នោះ​ទាហាន​ម្នាក់​យក​លំពែង​ចាក់​ត្រង់​ចំហៀង​ទ្រង់។ លំពែង​នោះ​ចាក់​ធ្លុះ​ក្បែរ​បេះ​ដូង​របស់​ទ្រង់ ហើយ​ក៏​មាន​ឈាម​និង​ទឹក​បាញ់​ចេញ​មក​ភ្លាម។ សាវ័ក​យ៉ូហាន​ដែល​ជា​សាក្សី រាយ​ការណ៍​ថា​នេះ​បាន​សម្រេច​បទ​គម្ពីរ​មួយ​ទៀត ដែល​ថា៖ «គេ​នឹង​មើល​ព្រះ​អង្គ​ដែល​គេ​បាន​ចាក់»។

យ៉ូសែប​ពី​ក្រុង​អើរីម៉ាថេ ជា​សមាជិក​ដែល​មាន​ឈ្មោះ​ល្អ​ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ក៏​មាន​វត្តមាន​នៅ​ឯ​កន្លែង​ប្រហារ​ជីវិត​នេះ​ដែរ។ លោក​បដិសេធ​ពុំ​បោះ​ឆ្នោត​គាំទ្រ​នូវ​ការ​ប្រព្រឹត្ត​ដ៏​អយុត្ដិធម៌​របស់​តុលាការ​ជាន់​ខ្ពស់ ប្រឆាំង​នឹង​ព្រះ​យេស៊ូ​ឡើយ។ តាម​ពិត យ៉ូសែប​ក៏​ជា​សិស្ស​របស់​ព្រះ​យេស៊ូ​ម្នាក់​ដែរ ទោះ​ជា​គាត់​ខ្លាច​ប្រាប់​គេ ថា​គាត់​ជា​សិស្ស​របស់​ទ្រង់​ក៏​ដោយ។ ប៉ុន្តែ ឥឡូវ​នេះ លោក​សម្ដែង​នូវ​ភាព​ក្លាហាន ហើយ​ទៅ​ជួប​លោក​ពីឡាត់​សុំ​យក​ព្រះ​សព​របស់​ព្រះ​យេស៊ូ។ លោក​ពីឡាត់​ហៅ​មេ​ទ័ព​មក​ជួប ហើយ​ក្រោយ​ពី​ទាហាន​បញ្ជាក់​ថា ព្រះ​យេស៊ូ​សោយ​ទិវង្គត​ហើយ នោះ​លោក​ក៏​អនុញ្ញាត​ឲ្យ​គេ​យក​ព្រះ​សព​ទ្រង់​ទៅ។

យ៉ូសែប​យក​ព្រះ​សព​រុំ​នឹង​សំពត់​ទេស​ឯក ដើម្បី​រៀបចំ​បញ្ចុះ​សព។ លោក​នីកូដេម​ដែល​ជា​សមាជិក​ម្នាក់​ទៀត​នៃ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ក៏​បាន​ជួយ​យ៉ូសែប​ដែរ។ លោក​នីកូដេម​ក៏​មិន​បាន​សារភាព​ថា លោក​មាន​ជំនឿ​លើ​ព្រះ​យេស៊ូ​ដូច​យ៉ូសែប​ដែរ ព្រោះ​លោក​ខ្លាច​បាត់​បង់​នូវ​ឋានៈ​របស់​លោក។ តែ​ឥឡូវ​នេះ លោក​នីកូដេម​យក​ជ័រ​ល្វីង​ទេស​លាយ​នឹង​គ្រឿង​ក្រអូប​ដ៏​ថ្លៃ ប្រហែល​ជា​៣៣​គីឡូ​ក្រាម​មក​ជា​មួយ​ដែរ។ ពួក​គាត់​រុំ​សព​របស់​ព្រះ​យេស៊ូ​នឹង​សំពត់​ទេស​ឯក ជា​មួយ​នឹង​គ្រឿង​ក្រអូប​ទាំង​នេះ តាម​ទំនៀម​ទម្លាប់​របស់​ជនជាតិ​យូដា​ក្នុង​ការ​រៀបចំ​បញ្ចុះ​សព។

រួច​មក គេ​ដាក់​សព​របស់​ព្រះ​យេស៊ូ​ក្នុង​ផ្នូរ​ថ្មី ដែល​ជា​កម្មសិទ្ធិ​របស់​យ៉ូសែប នៅ​ក្នុង​សួន​ឧទ្យាន​មួយ​នៅ​ក្បែរ​នោះ។ នៅ​ទី​បំផុត គេ​ប្រមៀល​ថ្ម​មួយ​យ៉ាង​ធំ​មក​បិទ​សន្ធប់​ខ្ទប់​មាត់​ផ្នូរ​នោះ។ ការ​រៀបចំ​បញ្ចុះ​សព​គឺ​ធ្វើ​ឡើង​ដោយ​ប្រញាប់​ប្រញាល់ ដើម្បី​ឲ្យ​រួច​មុន​ថ្ងៃ​ឈប់​សំរាក។ ដូច្នេះ ម៉ារា​ម៉ាក់ដាឡា និង​ម៉ារា​ជា​ម្ដាយ​យ៉ាកុប ដែល​ប្រហែល​ជា​បាន​ជួយ​នឹង​ការ​រៀបចំ​នេះ ពួក​គាត់​ក៏​ប្រញាប់​ទៅ​ផ្ទះ​វិញ​ដើម្បី​រៀបចំ​គ្រឿង​ក្រអូប​នឹង​ប្រេង​អប់​ថែម​ទៀត។ ក្រោយ​ពី​ថ្ងៃ​ឈប់​សំរាក ពួក​គេ​បំរុង​នឹង​លាប​ប្រេង​ក្រអូប​លើ​សព​របស់​ព្រះ​យេស៊ូ​ម្ដង​ទៀត​ដើម្បី​តំកល់​សព​ឲ្យ​បាន​យូរ។

ថ្ងៃ​ស្អែក ដែល​ជា​ថ្ងៃ​សៅរ៍ (គឺ​ថ្ងៃ​ឈប់​សំរាក) នោះ​ពួក​សង្គ្រាជ​និង​ពួក​ផារីស៊ី​នាំ​គ្នា​ទៅ​ជួប​លោក​ពីឡាត់ ហើយ​ពោល​ថា៖ «លោក! យើង​ខ្ញុំ​នឹក​ចាំ​ពី​ពាក្យ​ដែល​អា​កំភូត​នោះ​បាន​និយាយ ពី​កាល​នៅ​រស់​នៅ​ឡើយ​ថា ‹ក្រោយ​មក​៣​ថ្ងៃ ខ្ញុំ​នឹង​រស់​ឡើង​វិញ›។ ដូច្នេះ សូម​លោក​បង្គាប់​ឲ្យ​គេ​ប្រុង​ប្រយ័ត​ផ្នូរ​នោះ ដរាប​ដល់​គំរប់​៣​ថ្ងៃ ក្រែង​ពួក​សិស្ស​របស់​វា​មក​លួច​យក​ខ្មោច​វា​ទាំង​យប់​ទៅ រួច​ប្រាប់​ដល់​បណ្ដា​ជន​ថា វា​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ បើ​យ៉ាង​នោះ សេចក្ដី​កំភូត​ជាន់​ក្រោយ​នេះ នឹង​បាន​អាក្រក់​ជាង​ជាន់​មុន​ទៅ​ទៀត»។

លោក​ពីឡាត់​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​មាន​អ្នក​យាម​ល្បាត​ស្រាប់​ហើយ ដូច្នេះ ចូរ​ទៅ​រក្សា​ឲ្យ​មាំ​មួន​តាម​ចិត្ត​ចុះ!»។ រួច​មក ពួក​គេ​ទៅ​បំបិទ​ផ្នូរ​ឲ្យ​ជិត​ថែម​ទៀត និង​ដាក់​ទាហាន​រ៉ូម​ឲ្យ​នៅ​យាម​ផង។

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ម៉ារា​ជា​អ្នក​ស្រុក​ម៉ាក់ដាឡា និង​ម៉ារា​ម្ដាយ​របស់​យ៉ាកុប សាឡូមេ យ៉ូអាន់ និង​ស្ត្រី​ឯ​ទៀត នាំ​គ្នា​យក​គ្រឿង​ក្រអូប​នេះ​ទៅ​ផ្នូរ​ដើម្បី​លាប​ព្រះ​សព​ព្រះ​យេស៊ូ។ ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ ពួក​គេ​និយាយ​គ្នា​ថា៖ «តើ​មាន​អ្នក​ណា នឹង​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​ឲ្យ​យើង?»។ ប៉ុន្តែ ពេល​មក​ដល់ ពួក​គេ​ឃើញ​ថា​ដី​ក៏​បាន​កក្រើក​យ៉ាង​ខ្លាំង ហើយ​មាន​ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ។ អ្នក​យាម​ទៅ​ណា​បាត់​ហើយ​ៗ​ផ្នូរ​ក៏​នៅ​ទទេ​ដែរ។ ម៉ាថាយ ២៧:៥៧–២៨:២; ម៉ាកុស ១៥:៤២–១៦:៤; លូកា ២៣:៥០–២៤:៣, ១០; យ៉ូហាន ១៩:១៤, យ៉ូន. ១៩:៣១–២០:១; យ៉ូន. ១២:៤២; លេវីវិន័យ ២៣:៥​-​៧; ចោទិយកថា ២១:២២, ២៣; ទំនុក​ដំកើង ៣៤:២០; សាការី ១២:១០

ហេតុ​អ្វី​គេ​ហៅ​ថ្ងៃ​សុក្រ​ថា​ជា ថ្ងៃ​រៀបចំ? ហើយ​តើ​ថ្ងៃ​ឈប់​សំរាក‹ដ៏​ធំ›ជា​អ្វី?

តើ​បទ​គម្ពីរ​អ្វី​ដែល​បាន​សម្រេច​ទាក់​ទង​នឹង​ព្រះ​សព​ព្រះ​យេស៊ូ?

តើ​លោក​យ៉ូសែប​និង​លោក​នីកូដេម​បាន​ធ្វើ​អ្វី ដើម្បី​ជួយ​បញ្ចុះ​សព​ព្រះ​យេស៊ូ? ហើយ​ពួក​គេ​មាន​ទំនាក់​ទំនង​អ្វី​នឹង​ព្រះ​យេស៊ូ?

តើ​ពួក​សង្ឃ​ស្នើ​សុំ​អ្វី​ពី​លោក​ពីឡាត់ ហើយ​លោក​តប​ឆ្លើយ​យ៉ាង​ដូច​ម្ដេច?

តើ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ព្រឹក​ព្រលឹម​ថ្ងៃ​អាទិត្យ?