លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំលោះបានផ្ទុះឡើង

ជំលោះបានផ្ទុះឡើង

ជំពូក​ទី​១១៥

ជំលោះ​បាន​ផ្ទុះ​ឡើង

ព្រះ​យេស៊ូ​បាន​បង្រៀន​មេ​រៀន​ដ៏​ល្អ​មួយ​នៅ​ល្ងាច​នោះ អំពី​កិច្ច​បំរើ​ដ៏​រាប​ទាប ដោយ​លាង​ជើង​របស់​ពួក​សាវ័ក។ ក្រោយ​មក ទ្រង់​បាន​ផ្ដើម​ធ្វើ​បុណ្យ​រំឭក​នៃ​ការ​សោយ​ទិវង្គត​របស់​ទ្រង់ ដែល​ជិត​មក​ដល់​ហើយ​នោះ។ ជា​ពិសេស​ដោយ​ដឹង​នូវ​អ្វី​ដែល​ទើប​តែ​បាន​ធ្វើ​ឡើង ឥឡូវ​នេះ​មាន​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​បាន​ផ្ទុះ​ឡើង។ ពួក​សាវ័ក​របស់​ទ្រង់​កំពុង​ឈ្លោះ​ប្រកែក​គ្នា​យ៉ាង​ខ្លាំង ដោយ​ចង់​ដឹង​ថា​នរណា​មាន​ឋានៈ​ធំ​ជាង​គេ! តាម​មើល​ទៅ នេះ​ជា​ការ​ទាស់​ទែង​គ្នា​ដែល​ពួក​គេ​មាន​មិន​ចេះ​ឈប់​ឡើយ។

សូម​នឹក​ចាំ​ដែរ ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​ផ្លាស់​ប្រែ​ទ្រង់​ទ្រាយ​នៅ​ឯ​ភ្នំ នោះ​ពួក​សាវ័ក​ប្រកែក​ទាស់​ទែង​គ្នា​ក្នុង​ចំណោម​ពួក​គេ ថា​នរណា​មាន​ឋានៈ​ធំ​ជាង​គេ។ ម្យ៉ាង​វិញ​ទៀត យ៉ាកុប​និង​យ៉ូហាន​បាន​ស្នើ​សុំ​នូវ​ឋានៈ​ធំ​ដុំ​ក្នុង​ព្រះ​រាជាណាចក្រ ហើយ​នេះ​នាំ​ឲ្យ​មាន​ទំនាស់​ក្នុង​ចំណោម​ពួក​សាវ័ក​ម្ដង​រួច​ទៅ​ហើយ។ ឥឡូវ​នេះ ក្នុង​រាត្រី​ចុង​ក្រោយ​នៅ​ជា​មួយ​ពួក​គេ គឺ​មាន​ការ​ប្រកែក​ទាស់​ទែង​គ្នា​ម្ដង​ទៀត ដូច្នេះ​ហើយ​ព្រះ​យេស៊ូ​ច្បាស់​ជា​សោក​សៅ​យ៉ាង​ខ្លាំង! តើ​ព្រះ​យេស៊ូ​ធ្វើ​យ៉ាង​ណា?

ព្រះ​យេស៊ូ​ឥត​បាន​ស្តី​បន្ទោស​ពួក​សាវ័ក​ចំពោះ​មារយាទ​របស់​ពួក​គេ​ទេ ម្ដង​នេះ​ទៀត ដោយ​ព្រះ​ទ័យ​អត់​ធ្មត់​នោះ​ព្រះ​យេស៊ូ​វែក​ញែក​នឹង​ពួក​គេ ដោយ​មាន​បន្ទូល​ថា៖ «អស់​ទាំង​ស្តេច​នៃ​សាសន៍​ដទៃ គេ​តែង​សោយ​រាជ្យ​លើ​បណ្ដា​រាស្ត្រ ហើយ​បណ្ដា​ជន​ហៅ​ពួក​អ្នក​មាន​អំណាច​លើ​គេ ថា​ជា​អ្នក​មាន​គុណ​ដែរ។ ប៉ុន្តែ មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ។ . . . ដ្បិត​តើ​អ្នក​ណា​ធំ​ជាង អ្នក​ដែល​អង្គុយ​នៅ​តុ ឬ​អ្នក​ដែល​បំរើ? តើ​មិន​មែន​ជា​អ្នក​ដែល​អង្គុយ​នៅ​តុ . . . ទេ​ឬ?»។ រួច​មក ព្រះ​យេស៊ូ​រំឭក​ពួក​គេ​អំពី​គំរូ​របស់​ទ្រង់ ដោយ​មាន​បន្ទូល​ថា៖ «ប៉ុន្តែ ខ្ញុំ​នៅ​កណ្ដាល​ពួក​អ្នក​រាល់​គ្នា ទុក​ដូច​ជា​អ្នក​បំរើ​វិញ»។

ទោះ​ជា​ពួក​សាវ័ក​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ក៏​ដោយ ក៏​ពួក​គេ​នៅ​ជិត​ដិត​នឹង​ព្រះ​យេស៊ូ​ក្នុង​ពេល​ដែល​មាន​ការ​ល្បង​ល​ដែរ។ ដូច្នេះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «ខ្ញុំ​ក៏​ដំរូវ​នគរ​មួយ​ឲ្យ​អ្នក​រាល់​គ្នា ដូច​ជា​ព្រះ​វរបិតា​នៃ​ខ្ញុំ​បាន​ដំរូវ​នគរ​ឲ្យ​ខ្ញុំ​ដែរ»។ កិច្ច​ព្រម​ព្រៀង​ផ្ទាល់​ខ្លួន​នេះ​រវាង​ព្រះ​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​ដ៏​ស្មោះ នឹង​បង្រួប​បង្រួម​ពួក​គេ​ឲ្យ​គ្រប់​គ្រង​ជា​មួយ​នឹង​ទ្រង់។ ចំនួន​ដែល​នឹង​ត្រូវ​យក​ចូល​ក្នុង​កិច្ច​ព្រម​ព្រៀង​ក្នុង​ព្រះ​រាជាណាចក្រ​នេះ មាន​ចំនួន​កំណត់​តែ​១៤៤.០០០​នាក់​ប៉ុណ្ណោះ។

ថ្វី​បើ​ពួក​សាវ័ក​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ក្នុង​ការ​រួម​គ្រប់​គ្រង​ជា​មួយ​ព្រះ​គ្រីស្ទ​ក្នុង​ព្រះ​រាជាណាចក្រ​ក៏​ដោយ តែ​ឥឡូវ​នេះ ពួក​គេ​កំពុង​មាន​ភាព​ខ្សោយ​ខាង​វិញ្ញាណ។ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «នៅ​វេលា​យប់​នេះ​ឯង អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​រវាត​ចេញ​ដោយ​ព្រោះ​ខ្ញុំ»។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ពេត្រុស​ថា ទ្រង់​បាន​អធិស្ឋាន​ប្រយោជន៍​ឲ្យ​គាត់​ផង នោះ​ទ្រង់​ដាស់​តឿន​គាត់​ថា៖ «កាល​ណា​អ្នក​បាន​ប្រែ​ចិត្ត​វិល​មក​វិញ នោះ​ចូរ​ចំរើន​ឲ្យ​បង​ប្អូន​អ្នក​បាន​ខ្ជាប់​ខ្ជួន​ឡើង»។

ព្រះ​យេស៊ូ​ពន្យល់​ថា៖ «ឱ​កូន​រាល់​គ្នា​អើយ! ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​តែ​បន្ដិច​ទៀត​ទេ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​ដូច​ជា​ខ្ញុំ​បាន​ប្រាប់​ដល់​ពួក​សាសន៍​យូដា​រួច​ហើយ​ថា កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ ឥឡូវ​នេះ ខ្ញុំ​ក៏​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ ខ្ញុំ​ឲ្យ​សេចក្ដី​បញ្ញត្ត​១​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ​សារ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។

ពេត្រុស​ទូល​សួរ​ទ្រង់​ថា៖ «ព្រះ​អម្ចាស់​អើយ! តើ​ទ្រង់​យាង​ទៅ​ឯ​ណា?»។

ព្រះ​យេស៊ូ​ឆ្លើយ​ថា៖ «កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​ពុំ​អាច​នឹង​ទៅ​តាម ក្នុង​គ្រា​ឥឡូវ​នេះ​បាន​ទេ លុះ​គ្រា​ក្រោយ​ទើប​អ្នក​នឹង​ទៅ​បាន»។

ពេត្រុស​ទូល​ទ្រង់​ចង់​ដឹង​ថា៖ «ព្រះ​អម្ចាស់​អើយ! ហេតុ​អ្វី​បាន​ជា​ទូល​បង្គំ​ទៅ​តាម ក្នុង​គ្រា​នេះ​ពុំ​បាន? ទូល​បង្គំ​ស៊ូ​តែ​ប្ដូរ​ជីវិត​ជំនួស​ទ្រង់»។

ព្រះ​យេស៊ូ​មាន​បន្ទូល​សួរ​គាត់​ថា៖ «តើ​អ្នក​នឹង​ប្ដូរ​ជីវិត​ជំនួស​ខ្ញុំ​ឬ? . . . ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​នេះ គឺ​នៅ​ក្នុង​ពេល​យប់​នេះ​ឯង មុន​ដែល​មាន់​រងាវ​២​ដង នោះ​អ្នក​នឹង​ប្រកែក​គ្រប់​៣​ដង​ថា មិន​ស្គាល់​ខ្ញុំ!»។

ពេត្រុស​ទូល​តប​ថា៖ «ទោះ​បើ​ទូល​បង្គំ​ត្រូវ​ស្លាប់​ជា​មួយ​នឹង​ទ្រង់​ក៏​ដោយ គង់​តែ​មិន​ព្រម​ថា មិន​ស្គាល់​ទ្រង់​ឡើយ»។ ហើយ​ថ្វី​បើ​ពួក​សាវ័ក​ឯ​ទៀត​ឯកភាព​និយាយ​ដូច​នេះ តែ​ពេត្រុស​ទូល​អួត​ថា៖ «ទោះ​បើ​មនុស្ស​ទាំង​អស់​នឹង​រវាត​ចិត្ត ដោយ​ព្រោះ​ទ្រង់​ក៏​ដោយ គង់​តែ​ទូល​បង្គំ​មិន​ដូច្នោះ​ទេ!»។

ព្រះ​យេស៊ូ​ធ្លាប់​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ទាំង​អស់ ពេល​ទ្រង់​ចាត់​ពួក​គេ​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​កាលីឡេ មិន​ឲ្យ​យក​ទាំង​កាបូប ទាំង​ថង់​យាម​ទៅ​ជា​មួយ​ទេ តែ​នៅ​ពេល​នេះ​ព្រះ​យេស៊ូ​មាន​បន្ទូល​សួរ​ថា៖ «នោះ​តើ​មាន​ខ្វះ​អ្វី​ឬ​ទេ?»។

ពួក​គេ​ទូល​ឆ្លើយ​ថា៖ «គ្មាន​ខ្វះ​អ្វី​ទេ!»។

ដូច្នេះ ទ្រង់​មាន​បន្ទូល​ថា៖ «ឥឡូវ​នេះ​វិញ អ្នក​ណា​ដែល​មាន​កាបូប មាន​យាម នោះ​ត្រូវ​តែ​យក​ទៅ​កុំ​ខាន ហើយ​អ្នក​ណា​ដែល​គ្មាន​ដាវ ក៏​ឲ្យ​អ្នក​នោះ​លក់​អាវ​ខ្លួន​ទៅ​ទិញ​មួយ​មក ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សេចក្ដី​នេះ​ដែល​បាន​ចែង​ទុក​មក​ថា ‹គេ​បាន​រាប់​ទ្រង់ ជា​ពួក​ទទឹង​ច្បាប់› នោះ​ត្រូវ​សំរេច​លើ​ខ្លួន​ខ្ញុំ ដ្បិត​គ្រប់​សេចក្ដី​ដែល​ដំរូវ​មក​ខ្ញុំ ត្រូវ​តែ​បាន​សំរេច​ទាំង​អស់»។

ព្រះ​យេស៊ូ​កំពុង​តែ​មាន​បន្ទូល​សំដៅ​ទៅ​ពេល​គេ​ព្យួរ​ទ្រង់​ជា​មួយ​ឧក្រិដ្ឋជន ឬ​ពួក​ទទឹង​ច្បាប់។ ហើយ​ទ្រង់​ក៏​បញ្ជាក់​ថា ពួក​អ្នក​កាន់​តាម​ទ្រង់​នឹង​ជួប​ប្រទះ​ការ​បៀត​បៀន​យ៉ាង​ខ្លាំង​ក្រោយ​មក។ ពួក​គេ​ទូល​ថា៖ «ព្រះ​អម្ចាស់​អើយ! មើល! នេះ​មាន​ដាវ​២​ហើយ»។

ទ្រង់​មាន​បន្ទូល​ថា៖ «អើ! ល្មម​ហើយ»។ ដូច​ជា​យើង​នឹង​ឃើញ ការ​ដែល​ពួក​គេ​យក​ដាវ​ទៅ​ជា​មួយ​នោះ បន្ដិច​ទៀត​និង​បើក​ឱកាស​ឲ្យ​ព្រះ​យេស៊ូ​បង្រៀន​ពួក​គេ​នូវ​មេ​រៀន​ដ៏​សំខាន់​មួយ​ទៀត។ ម៉ាថាយ ២៦:៣១​-​៣៥; ម៉ាកុស ១៤:២៧​-​៣១; លូកា ២២:២៤​-​៣៨; យ៉ូហាន ១៣:៣១​-​៣៨; វិវរណៈ ១៤:១​-​៣

ហេតុ​អ្វី​បាន​ជា​ជំលោះ​រវាង​ពួក​សាវ័ក ជា​ការ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ម្ល៉េះ?

តើ​ព្រះ​យេស៊ូ​ដោះ​ស្រាយ​ជំលោះ​នេះ​យ៉ាង​ណា?

តើ​កិច្ច​ព្រម​ព្រៀង​ដែល​ព្រះ​យេស៊ូ​ធ្វើ​ជា​មួយ​ពួក​សិស្ស​បាន​សម្រេច​អ្វី?

តើ​បញ្ជា​ថ្មី​អ្វី​ដែល​ព្រះ​យេស៊ូ​ប្រទាន​មក? ហើយ​តើ​នេះ​មាន​សារៈ​សំខាន់​យ៉ាង​ណា?

តើ​ពេត្រុស​បង្ហាញ​ទំនុក​ចិត្ត​ហួស​ហេតុ​យ៉ាង​ណា? ហើយ​តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​យ៉ាង​ណា?

ហេតុ​អ្វី​បាន​ជា​សេចក្ដី​បង្គាប់​របស់​ព្រះ​យេស៊ូ​ឲ្យ​កាន់​កាបូប​និង​ថង់​យាម គឺ​ខុស​ពី​បន្ទូល​ដែល​ទ្រង់​ធ្លាប់​ប្រទាន​នៅ​ពេល​មុន​ទៅ​វិញ?